2018-09-04 22:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កាលពីសម័យនៃព្រះមហាឥសីកស្សបៈ មានភរិយាពីររូបគឺនាងកាឌ្រុ និងនាងវីនីតា។ នាង កាឌ្រុ បានផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើផែនដីនេះ។ ចំណែកឯនាង វីនីតាបានផ្តល់កំណើតឲ្យសត្វគ្រុឌដ៏មានអំណាចឬទ្ធានុភាព។
ថ្ងៃមួយនាងកាឌ្រុ និងនាងវីនីតា បានលេងល្បែងភ្នាល់គ្នាដោយទាយពណ៌កន្ទុយសេះក្បាល៧អាចហោះបានដែលកើតចេញពីការកូរសមុទ្រទឹកដោះ។ នាង កាឌ្រុ បានទាយថាកន្ទុយសេះមានពណ៌ខ្មៅ រីឯនាង វីនីតាថាពណ៌ស។ ពួកគេបានភ្នាល់គ្នាថានរណាក៏ដោយឲ្យតែចាញ់គឺត្រូវតែបម្រើអ្នកឈ្នះ។ នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាង វីនីតាដោយប្រើ ឲ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ។
ដូច្នេះហើយ នាងវីនីតាត្រូវបម្រើនាងកាឌ្រុ និងកូន។ នាងកាឌ្រុ បានធ្វើបាបនាង វីនីតាយ៉ាងខ្លាំងក្លា។ប៉ុន្តែក្រោយមកពពួកនាគថានឹងយល់ព្រមដោះលែងគ្រុឌ និងម្តាយ ប្រសិនជាគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទបាន។ គ្រុឌបាន ប្រឹងប្រែងយ៉ាងខ្លាំង ហើយទីបំផុតទទួលបានទឹកអម្រឹត ហើយបានរំដោះខ្លួន និងម្តាយពីទាសភាពរបស់នាគ និងនាងកាឌ្រុ។ក្រោយមកគ្រុឌ និងម្តាយបានដឹងពីល្បិចនេះ ហើយបានដាក់បណ្តាសាដល់នាងកាឌ្រុ ថារាល់កូនរបស់នាងកាឌ្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីរបស់កូនខ្លួន។ និយាយកាលដែលគ្រុឌទៅលួចយកទឹកអម្រឹតពីព្រះឥន្ទ គ្រុឌបានសំដែងឬទ្ធីចេស្តារយ៉ាងអស្ចារ្យ និងមានភាពស្មោះត្រង់ រហូតបានដឹងដល់ព្រះវិស្ណុ ហើយព្រះវិស្ណុបានផ្តល់ពរជ័យ ព្រមទាំងយកគ្រុឌធ្វើជាយានជំនិះរបស់ព្រះអង្គ។ អនុភាពហោះហើររបស់គ្រុឌគឺលឿនជារន្ទះ ហើយកម្លាំងខ្យល់ពីស្លាបរបស់គ្រុឌគឺខ្លាំងលើព្យុះសង្ឃរានានា។ ព្រះឥន្ទបានមកស្កាត់ផ្លូវគ្រុឌ ប៉ុន្តែអ្នកទាំងពីរមិនប្រយុទ្ធគ្នានោះទេ ដោយ គ្រុឌសន្យាថានឹងប្រគល់ទឹកអម្រឹតដល់ព្រះឥន្ទវិញក្រោយពេលប្រគល់ឲ្យនាគហើយនោះ ហើយព្រះឥន្ទសន្យាថានឹងធ្វើឲ្យបណ្តាសារបស់គ្រុឌ និងម្តាយក្លាយជាការពិត។ នៅពេលយកទឹកអម្រឹតមកដល់មុខនាគ ហើយនោះ គ្រុឌបានប្រើល្បិចប្រាប់ដល់នាគថាចាំបាច់ត្រូវធ្វើពិធីសិនមុនពេលផឹកទឹកអម្រឹតនេះ ហើយនៅពេលដែលពួកនាគកំពុងធ្វើពិធីនោះព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញតែកំពប់ទឹកខ្លះនៅលើស្មៅ។ នៅពេលដែលឃើញទឹកកំពប់នៅលើស្មៅហើយ ពួកនាគទាំងឡាយខំ ប្រឹងលិទ្ធទឹកអម្រិតទាំងនោះរហូតដល់អណ្តាតប្រេះជាពីរ ដោយសារស្មៅ រហូតដល់សព្វថ្ងៃនេះ។ ព្រះវិស្ណុបានផ្តល់វេហារទាំងមូលជាទីលំនៅរបស់គ្រុឌ ហើយរៀបការគ្រុឌជាមួយនាងឧណាតី។ គ្រុឌនិងនាងឧណាតីមានកូនពីរនាក់គឺសម្ប៉ាទិ និងជតាយុ ដែលកូនទាំងពីរនេះមានតួនាទីផងដែរនៅក្នុងរឿង រាមាយាណៈ។ ក្រៅពីយានជំនិះរបស់ព្រះវិស្ណុ គ្រុឌគឺជាបរិវារដ៏ស្មោះត្រង់ ដែលត្រូវបានគេឲ្យឈ្មោះថា បរិវារជាន់ខ្ពស់ រីឯហនុមានគឺជាបរិវារជាន់ទាប។