2018-09-04 22:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ៖ រឿងកុលាបប៉ៃលិន គឺជាអក្សរសិល្ប៏ទំនើបបែបប្រលោមលោក និពន្ធឡើងដោយលោក ញ៉ុក ថែម នៅក្នុងសម័យអាណានិគមបារាំង ។ ក្រោយពីបានសិក្សារឿងនេះចប់ មានមតិមួយលើកឡើងថា « ចៅចិត្រក្នុងរឿងកុលាបប៉ៃលិន ជាយុវជនថ្លៃថ្នូរ » ។
តើចំណុចត្រង់ណាខ្លះ ដែលបញ្ជក់ឱ្យឃើញថា ចៅចិត្រ ជាយុវជនថ្លៃថ្នូរ ?
ដើម្បីជាជំនួយដល់ការបំភ្លឺចំពោះបញ្ហាខាងលើ ជាបឋមគប្បីស្វែងយល់ពាក្យ « យុវជនថ្លៃថ្នូរ » ជាមុនសិន ។ យុវជនថ្លៃថ្នូរ គឺជាយុវជនដែលមាន កិត្តិយស មានតម្លៃខ្ពស់ធ្វើឱ្យអ្នកដទៃទុកចិត្តស្រឡាញ់រាប់អានហើយចាត់ទុកថា ជាមនុស្សត្រឹមត្រូវ ។ ចំពោះមតិប្រធានមានន័យថា ចៅចិត្រក្នុងរឿងកុលាប ប៉ៃលិនជាយុវជនមួយរូប ដែលមានកិត្តិយសនិងតម្លៃខ្ពស់ស័ក្តិសមជាកុលបុត្រដ៏ប្រពៃ ។
ជាការជាក់ស្ដែង នៅក្នុងវ័យសិក្សាក្រោមការគ្រប់គ្រងរបស់តាចឺមជាឪពុក ចៅចិត្រពុំដែលប្រព្រឹតអំពើរផ្តេសផ្ដាសធ្វើឱ្យឪពុកពិបាកចិត្តម្ដងណា ឡើយ ។ អាស្រ័យដោយសេចក្ដីព្យាយាមក្នុងកាសិក្សា ចៅចិត្របានប្រឡងជាប់ប្រកាសនីយបត្រដែលជាសញ្ញាបត្រមួយដ៏មានតម្លៃក្នុងសម័យនោះព្រមជា មួយនេះដែរ ចៅចិត្របានខិតខំរៀនសូត្រចំណេះបច្ចេកទេសខាងបើកបរ និងជួសជុលរថយន្តបន្ថែមទៀត ។ នេះបញ្ជាក់ឱ្យឃើញថា ចៅចិត្រគឺជាយុវជនចេះដឹងមួយរូបគួរឱ្យសរសើរ ។ នៅពេលដែលតាចឺមធ្លាក់ខ្លួនមានជំងឺជាទម្ងន់ ចៅចិត្រយកចិត្តទុកដាក់ថែទាំបម្រើឪពុកតាំងពីបាយទឹក ម្ហូប នំចំណីព្រមទាំងទៅ អញ្ជើញលោកគ្រូពេទ្យមកពិនិត្យព្យាបាលថែមទៀត ។ ជាពិសេសទៅទៀតក្រោយពេលតាចឺមចែកឋានទៅ ចៅចិត្របានរៀបចំធ្វើបុណ្យសពឪពុកតាម ទំនៀមទម្លាប់ប្រពៃណីជាតិយើង ។ នេះបញ្ជាក់ថា ចៅចិត្រជាកូនកតញ្ញូមួយរូបដែលបានបំពេញកិច្ចតបស្នងសងគុណឪពុកទៅតាមលទ្ធភាពរបស់ខ្លួន ។ ក្រោយពីឪពុកស្លាប់ចោលទៅ ចៅចិត្រពុំអស់សង្ឃឹមក្នុងជីវីតឡើយ ។ គ្រប់កាលៈទេសៈ ចៅចិត្រតែងយកបណ្ដាំ « អត្តាហិ អត្តានោ នាថោ » របស់ ឪពុកមកអនុវត្តជានិច្ច ពោលគឺពឹងផ្អែកលើសមត្ថភាពខ្លួនឯងជាធំ ។ ចំពោះបញ្ហាការងារចៅចិត្រពុំមានការរើសអើង ឬប្រកាន់ថា ការងារនេះថោកទាប ឬការងារនោះថ្លៃថ្នូរឡើយ ។ ពិតមែនតែចៅចិត្រមានប្រកាសនីបត្រ ដែលបញ្ជាក់ថាគេមានចំណេះវិជ្ជាកម្រិតវប្បធម៏ទូទៅយ៉ាងបង្គូរ ប៉ុន្តែ ចៅចិត្របានសម្រេចចិត្តចូលធ្វើជាកម្មករជីកត្បូងនៅផ្ទះលោកហ្លួងរតនសម្បត្តិ ដោយមិនគិតថា ជាការងារតូចតាចឡើយ ។ ក្នុងឋានៈជាកម្មករជីកត្បូងចៅចិត្របានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លូនបានល្អដោយមិនទាមទាការ ឈប់សម្រាកថ្ងៃអាទិត្យឬថ្ងៃបុណ្យឡើយ ។ ទោះបីការងារនោះលំបាកធ្ងន់ធ្ងរ ប្រឡាក់ភក់ ហាលថ្ងៃ ហាលភ្លៀង ហាលខ្យល់ក៏ដោយ ក៏ចៅចិត្រនៅតែតស៊ូ ព្យាយាមក្នុងការងារដោយគ្មានធ្វេសប្រហែស ។ នេះហើយដែលធ្វើឱ្យចៅហ្វាយនាយនិងកម្មករដទៃទៀតស្រឡាញរាប់អាន ។ សេចក្ដីថ្លៃថ្នូរនេះគឺជាកិត្តិយស មួយដែលចៅចិត្រទទួលបាន ព្រោះកម្មករទាំងនោះពុំបានមើលស្រាលចៅចិត្រទេ ផ្ទុយទៅវិញគេបានរាប់អាននិងឱ្យតម្លៃ ហើយទទួលស្គាល់នូវសមត្ថភាព ពិតរបស់ចៅចិត្រ ។ ចំពោះបញ្ហាស្នេហាវិញចៅចិត្រតែងតែប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរជានិច្ច ។ គេបានចាប់ចិត្តស្រឡាញ់ ឃុននារី ដែលជាបុត្រីបណ្តូលចិត្តតែមួយគត់ របស់លោហ្លួងរតនសម្បត្តិ ។ ប៉ុន្តែគេពុំដែលប្រព្រឹត្តអំពើពុំគប្បីចំពោះនាងឡើយ ។ ទន្ទឹមនឹងអាកប្បកិរិយាដ៏សមរម្យនេះចៅចិត្របានបង្ហាញឱ្យឃើញនូវភក្ដី ភាពរបស់ខ្លួនដ៏ស្មោះចំពោះគ្រួសារនាងថែមទៀត ។ ជាក់ស្ដែងនៅពេលមានអាសន្នត្រូវចោប្លន់នៅពាក់កណ្តាលព្រៃ និង នៅផ្ទះលោកហ្លួងរតនសម្បត្តិ ចៅចិត្រ បានយកអាយុជីវិតរបស់ខ្លួនទៅប្ដូរដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ចៅហ្វានាយ ។ ដោយមើលឃើញថា ចៅចិត្រជាយុវជនមួយរូបដែលមានចំណេះវិជ្ជា និងមានសីលធម៏ល្អមិនពាលាអាវ៉ាសែទើបលោក ហ្លួងរតនសម្បត្តិសម្រេចិត្តឱ្យចៅចិត្ររៀបការនិងនាងឃុននារីជាគូស្វាមីភរិយា ។ ចាប់ពីពេលនោះ មកចៅចិត្រក៏បានក្លាយខ្លួនជាកូនប្រសាលោកហ្លួងរតនសម្បត្តិនិងជាថៅកែត្បូងនៅស្រុកប៉ៃលិន ។ ការឡើងឋានៈពីទាបទៅខ្ពស់ដ៏ឆាប់រហ័សនេះ គឺជាកិត្តិយសមួយដែលចៅចិត្រសមនឹងទទួលបាន ។
រួមសេចក្ដីមក ចៅចិត្រថ្វីត្បិតតែគ្មានទ្រព្យសម្បត្តិ គ្មានបុណ្យស័ក្តិប៉ុន្តែមានចំណេះវិជ្ជាជ្រៅជ្រះដឹងគុណនិងនិងស្ដាប់តាឱវាទរបស់ឪពុកនិងមិនរើសអើងការងារមិនពាលាអាវ៉ាសែ មិនរំលាភសិទ្ធនារីភេទហើយមានភក្ដីភាពចំពោះចៅហ្វាយនាយក៏ដូចជាកម្មករដទៃទៀត ។ គុណសម្បត្តិនេះបញ្ជាក់ថាចៅចិត្រជាយុវជនថ្លៃថ្នូរពិតប្រាកដមែន ។
សរុបសេចក្ដីមក ឆ្លងតាមការបកស្រាយនិងការបង្ហាញខាងលើរួចមក យើងអាចវាយតម្លៃជាចុងក្រោយថា ចៅចិត្រជាយុវជនថ្លៃថ្នូរមួយរូប ដែលចេះកសាងខ្លួនឯងដោយឈរនៅលើចំណេះដឹងជ្រៅជ្រះនិងសីលធម៏ល្អឱ្យក្លាយជាមនុស្សដែលមានគេស្រឡាញ់ រាប់អានគ្រប់គ្នា ។ អាស្រ័យហេតុនេះយុវជននិងយុវនារីទាំងឡាយគប្បីខិតខំរៀនសូត្របង្កើនចំណេះដឹងនិងកសាងខ្លួនឱ្យសមជាពលរដ្ឋល្អហើយចៀសវាងនូវអំពើណាដែលមិនថ្លៃថ្នូរ ហើយប្រព្រឹត្តនូវអំពើថ្លៃថ្នូរទើបប្រទេសយើងអាចរីកចម្រើនជឿនលឿនបាន ៕