ទោះបីវប្បធម៌ និងសង្គមធម៌ជាមែកធាងនៃអអរិយធម៌ក៏ដោយក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នាអំពីការរីកចម្រើននៃអរិយធម៌ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗតាមការយល់ឃើញរបស់គេជាក់ស្តែងដូចជាមតិខាងក្រោម ៖
- មតិទី១ ៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជាបុព្វហេតុនៃការជឿនលឿនរបស់មនុស្ស ។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនាអក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្សឱ្យមានកម្រិតជីវភាពខ្ពស់មានចរិយាថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ ។
- មតិទី២ ៖គេយល់ថាកម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញពោលគឺសង្គមធម៌ជាបុព្វហេតុនៃ ការជឿនលឿនព្រោះសង្គមធម៌អាចកែប្រែផ្លាស់ប្តូរទាំងទស្សនៈ ទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់ មនុស្សម្នាក់ៗផងរបស់សង្គមទាំងមូលផង ។ យ៉ាងណាមិញប្រដាប់ប្រើប្រាស់របៀបបង្កបង្កើនផល និងចែកផល ច្បាប់សង្គមវិធីរៀបចំសង្គមព្រមទាំងមនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ ។ ដូចនេះការផ្លាស់ប្តូរសង្គមកិច្ច នយោបាយ ទស្សនៈចិត្តគំនិត ចំណង់ចំណូលចិត្តក៏ផ្លាស់ប្តូរទៅតាមនោះដែរ ។ ដូចជាវណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌ ។ រួមសេចក្តីមកថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះមានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និងធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមក៏ដូចគ្នាដែរ ។ជាការពិតវប្បធម៌និងសង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមកបំពេញឱ្យគ្នាទៅវិញទៅមកដូចកាយ និងចិត្តនោះដែរ ។