នីតិអន្តរជាតិ និងនីតិជាតិមានន័យដូចខាងក្រោម ៖
ក.នីតិអន្តរជាតិគឺជាគោលការណ៍ច្បាប់ជាមូលដ្ឋានសំដៅធានាប្រក្រីតីភាពក្នុងការអនុវត្តទំនាក់ទំនងជាអន្តរជាតិ ។ នីតិអន្តរជាតិចែកជាពីររួមមាន ៖
ក១.នីតិអន្តរជាតិសាធារណៈគឺជានីតិសម្រាប់គ្រប់ទំនាក់ទំនងរវាងរដ្ឋមួយទៅរដ្ឋមួយទៀតក៏ដូចជា រដ្ឋមួយទៅនឹងអង្គការអន្តរជាតិនានា ។
ក២.នីតិអន្តរជាតិឯកជនគឺជាសំណុំវិធានអនុវត្តចំពោះបុគ្គលឯកជនក្នុងទំនាក់ទំនងអន្តរជាតិ ។
ខ. នីតិជាតិ គឹជាគោលការណ៍ច្បាប់ជាមូលដ្ឋាននៅក្នុងស្រុក ឬប្រទេសមួយសម្រាប់អនុវត្ត ។ នីតិអន្តរជាតិ ចែកចេញជាពីររួមមាន ៖
ខ១.នីតិសាធារណៈ គឺជាវិធានទាំងឡាយណាដែលមាននៅក្នុងរដ្ឋសំដៅរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គការស្ថាប័នសាធារណៈព្រមទាំងសម្រាប់គ្រប់គ្រងទំនាក់ទំនងរវាងអង្គការ និងបុគ្គលិករដ្ឋជាមួយពលរដ្ឋនិងពលរដ្ឋរបស់ខ្លួន ។ នីតិសាធារណៈចែកជា ៖
- នីតិធម្មនុញ្ញ ឬរដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលជាច្បាប់គ្រឹះ ឬជាគោលនយោបាយសាធារណៈកំពូលនៅក្នុងប្រទេសហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។
- នីតិរដ្ឋបាល គឺជាវិធានទាំងឡាយសម្រាប់រៀបចំ និងប្រព្រឹត្តទៅរបស់អាជ្ញាធររដ្ឋ និងជាវិធានកំណត់នូវទំនាក់ទំនងរវាងអាជ្ញារដ្ឋ និងពលរដ្ឋរបស់ខ្លួន ពោលគឺច្បាប់រដ្ឋបាល គឺជាច្បាប់សម្រាប់ផ្នែកប្រតិបត្តិអនុវត្ត ។
- នីតិហិរញ្ញវត្ថុ គឺជាវិធានទាំងឡាយ សំដៅធានាការគ្រប់គ្រង និងរៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិងនីតិវិធីរបស់វា ។
- នីតិព្រហ្មទណ្ឌ គឺជាវិធានទាំងឡាយ សំដៅផ្តន្ទាទោសជនដែលប្រព្រឹត្ត ឬមានចេតនាប្រព្រឹត្តអំពើទុច្ចរឹតសំដៅធ្វើឱ្យសង្គមគ្មានសវត្ថិភាពរបៀបរៀបរយសង្គម ។
ខ២. នីតិជាតិឯកជន គឺជាវិធានទាំងឡាយ សំដៅធានាការគ្រប់គ្រងទំនាក់ទំនងបុគ្គល និងបុគ្គលរវាងនីតិបុគ្គលឯកជន និងនីតិបុគ្គលឯកជន ។
- នីតិរដ្ឋប្បវេណីគឺជាវិធានសម្រាប់អនុវត្តរបស់ប្រជាពលរដ្ឋក្នុងគ្រប់ករណីទាំងអស់ លើកលែងតែមានបទប្បញ្ញត្តិពិសេសផ្សេងទៀត ។
- នីតិការងារ គឺជានីតិពិសេសជាមែនធាងដែលកើតចេញពីនីតិរដ្ឋប្បវេណី ដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងម្ចាស់ សហគ្រាស និងកម្មករ ។
- នីតិនិរភ័យសង្គមគឺជាវិធានទាំងឡាយដែលទាក់ទងនឹងការធានារ៉ាប់រងដល់អ្នកធ្វើការងារជាម្ចាស់និងកម្មករនៅពេលមានជំងឺការសម្រាលកូនការចិញ្ចឹមកូននៅពេលមានគ្រោះថ្នាក់ពីការងារ ឬនៅពេលបាត់បង់ ការងារជាដើម ។
- នីតិពាណិជ្ជកម្មគឺជានីតិដែលស្ថិតនៅក្នុងនីតិកិច្ចការជំនួញហើយមាននីតិក្រុមហ៊ុនក្នុងនោះ ។