សំណួរ
១. តើភ្នំពេញទៅប្រាសាទអង្គរ (ផ្លូវជាតិលេខ៦) មានចម្ងាយប៉ុន្មានគីឡូម៉ែត្រ ? តាមផ្លូវនេះដល់ភូមិកំពង់ក្តីមានស្ពានបុរាណមួយ ។ តើស្ពាននោះឈ្មោះអ្វី ?
២. តាមពុទ្ធសាសនា តើក្នុងមួយខែមានថ្ងៃសីលប៉ុន្មានដង ? ថ្ងៃណាខ្លះ ? សីលមានប៉ុន្មានយ៉ាង ? សីលអ្វីខ្លះ ?
៣. ចូរបង្ហាញទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងពុទ្ធសាសនា ។
៤. តើនិមិត្តសញ្ញារបស់រដ្ឋនីមួយៗមានអ្វីខ្លះ ? តើសញ្ញាជាតិខ្មែរយើងមានអត្ថន័យដូចម្តេច ?
៥. ថ្ងៃទី ៣០ មេសា កន្លងទៅនេះ ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិមួយនៅទីវាលព្រះមេរុ ។ តើពិធីនេះឈ្មោះអ្វី ? មានអត្ថន័យដូចម្តេច ?
៦. តើអនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្តេចខ្លះ ?
ចម្លើយ
១. ភ្នំពេញទៅប្រាសាទអង្គរ (ផ្លូវជាតិលេខ៦) មានចម្ងាយ ៣២០គីឡូម៉ែត្រ ។ ស្ពាននោះឈ្មោះ “ស្ពានព្រះផ្ទិស (ឬប្រាប់ទិស ឬស្ពានកំពង់ក្តី ឬបុព្វទិស) ។
២. តាមពុទ្ធសាសនា មួយខែមានថ្ងៃសីលបួនដង គឺ ថ្ងៃ៨កើត ថ្ងៃ១៥កើត (ពេញបូរមី) ថ្ងៃ៨រោច និងថ្ងៃខែដាច់ (១៤រោច ឬ១៥រោច) ។ សីលមានបីយ៉ាងគឺសីលប្រាំ សីលប្រាំបី (សម្រាប់គ្រហស្ថ ) និងសីលដប់ (សម្រាប់ដូនជី តាជី និងព្រះសង្ឃ) ។
៣. ទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនា ៖
+ សិទ្ធិមនុស្ស
- ការគោរពសិទ្ធិអ្នកដទៃ
- ការគោរពសិទ្ធិជាម្ចាស់កម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ សិទ្ធិកសាងគ្រួសារ និងសិទ្ធិរស់នៅក្នុងភាពសុខសាន្តរបស់មនុស្ស
- សិទ្ធិរស់នៅក្នុងសេចក្តីថ្លៃថ្នូរ
- សិទ្ធិក្នុងការបញ្ជូនព័ត៌មានពិត និងច្បាស់លាស់
+ ពុទ្ធសាសនា
- មិនបៀតបៀនជីវិតមនុស្សសត្វទាំងអស់ដោយផ្ទាល់ឬដោយប្រយោល
- ការមិនប៉ះពាល់កេងប្រវ័ញ្ចគៃបន្លំទ្រព្យសម្បត្តិអ្នកដទៃ
- មិនប៉ះពាល់បំពានខុសច្បាប់ ឬប្រពៃណីលើប្រពន្ធកូនអ្នកដទៃ
- ការមិននិយាយកុហក មិនញុះញាង់ បំបែកបំបាក់សាមគ្គីភាពអ្នកដទៃ
- ការវៀរចាកសេពសុរា និងគ្រឿងស្រវឹង គឺការលះបង់ លោភៈ ទោសៈ និងមោហៈដែលជាប្រធាននៃសេចក្តីវិនាស ។
៤. និមិត្តសញ្ញារបស់រដ្ឋនីមួយៗមានដូចជា ទង់ជាតិភ្លេងជាតិ និងសញ្ញាជាតិ ។ សញ្ញាជាតិរបស់ខ្មែរយើងគឺព្រះសង្ហារដែលមានអត្ថន័យដូចខាងក្រោម ៖
- ពន្លឺឆព្វនរង្សីនៅលើតំណាងឱ្យអរិយធម៌ខ្មែរ
- ស្វេត្រឆ័ត្រទាំងពីរតំណាងឱ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រយានី ជាអ្នករក្សាប្រជារាស្រ្ត
- ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និងយុត្តិធម៌
- រាជសីលទាំងពីរ ជានិមិត្តរូបនៃកម្លាំងទ័ពរបស់ប្រជារាស្រ្តខ្មែរ នៅជុំវិញព្រះរាជបល្ល័ង្ក
- ពាក្យថា “ព្រះចៅក្រុងកម្ពុជា”តំនាងឱ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា ។
៥. ពិធីនេះមានឈ្មោះថា “ព្រះរាជពិធិច្រត់ព្រះនង្គ័ល” ហើយពិធីនេះមានអត្ថន័យដូចតទៅ ៖
- និមិត្តរូបនៃការចាប់ផ្តើម ការងារស្រែចម្ការរបស់ប្រជាជនកសិករយើង
- ការយកព្រះទ័យទុកដាក់ របស់ព្រះមហាក្សត្រខ្មែរលើវិស័យកសិកម្មដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមជាតិកម្ពុជា
- ការជំរុញនិងលើកទឹកចិត្ត ប្រជាកសិករ ក្នុងការងារស្រែចម្ការ (តាមរយៈគោឧសភរាជ សោយកសិផល) ។
៦. ផលវិបាកនៃអនក្ខរភាព ៖
ក. ចំពោះបុគ្គល
- បាត់ម្ចាស់ការក្នុងការរស់នៅ
- គ្មានចំណេះពិបាកក្នុងការរកការងារធ្វើ
- ការងារច្រើនប្រើដោយកម្លាំងកាយ ទទួលបានប្រាក់កម្រៃទាប និងសមាមាត្រនឹងថាមពលដែលបញ្ចេញ
- សុខភាពទ្រុឌទ្រោម ជំងឺ ស្ថានភាពជីវភាពលំបាក អំពើហិង្សា គ្រួសារខ្វះសុភមង្គល ។
ខ. ចំពោះសហគមន៍ជាតិ
- ខ្វះធនធានធម្មជាតិមនុស្សក្នុងការអភិវឌ្ឍប្រទេស
- បាត់បង់ឯករាជ្យភាព បាត់ម្ចាស់ការក្នុងការអភិវឌ្ឍសហគមន៍
- សេដ្ឋកិច្ចសង្គមអន់ថយ ពឹងផ្អែកលើជំនួយបរទេសធ្វើឱ្យអត្តសញ្ញាណជាតិត្រូវបំផ្លិចបំផ្លាញបន្តិចម្តងៗ
- ប្រទេសជាតិធ្លាក់ក្នុងនឹកអាណានិគមបរទេស ។