សំណួរ
១. ដើម្បីសំរេចនូវសិទ្ធិទទួលការអប់រំ ចំណេះទូទៅមូលដ្ឋាន៩ឆ្នាំ តើសាមគ្គីខ្លួន និងអ្នកពាក់ព័ន្ធ (បុគ្គល រឺស្ថាប័ន) នីមួយៗមានករណីយកិច្ចដូចម្តេចខ្លះ ?
២. ពាក្យថា “អាស៊ាន” មានន័យជាខេមរភាសាដូចម្តេច ? ជាភាសាអង់គ្លេសដូចម្តេច ? ហើយកើតឡើងនៅពេលណា ? ពេលនោះមានសមាជិកប៉ុន្មាន ? តើប្រទេសណាខ្លះ ? បច្ចុប្បន្នមានសមាជិកប៉ុន្មាន ? ប្រទេសផ្សេងទៀតបានចូលជាសមាជិកនៅពេលណា ?
៣. អង្គការសមាគមអាស៊ានមានគោលការណ៍ និងវត្ថុបំណងដូចម្តេច ? ប្រទេសមួយអាចក្លាយជាសមាជិកសមាគមនេះបានដោយវិធីណា ? កម្ពុជាយើងចូលជាសមាជិកអាស៊ាន ? ដើម្បីអ្វី ?
៤. តើប្រទេសជាសមាជិកអាស៊ាន មានតួនាទី និងភារកិច្ចដូចម្តេចខ្លះ ?
៥. តើ ATF មានន័យដូចម្តេចជាខេមរភាសា ? ជាភាសាអង់គ្លេស ?
៦. តើ ATF ធ្លាប់បានប្រារព្ធនៅទីក្រុងភ្នំពេញដែរ ឬទេ ? ប្រើធ្លាប់ តើបានធ្វើនៅថ្ងៃខែឆ្នាំណា? មានគោលបំណងអ្វីខ្លះ ?
ចម្លើយ
១. ពាក្យថា “អាស៊ាន” មានន័យ ៖
- ជាខេមរភាសា ៖ អាស៊ាន = សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
- ជាភាសាអង់គ្លេស ASEAN ៖ Association of south East Asia Nations ។
- អង្គការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងយោងតាមសេចក្តីប្រកាសនៅក្រុងបាងកក ថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៦៧ ។ នៅពេលនោះប្រទេសជាសមាជិកអាស៊ានមាន ៥គឺ ៖ ថៃ ម៉ាលេស្យា ភីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី ។
- បច្ចុប្បន្ន ប្រទេសដែលជាសមាជិកមាន ១០ ពោលគឺបន្ថែមប្រទេស ៥ ទៀត នៅអាស៊ី ៖
- ប្រទេសព្រុយនេ (៨ មករា ១៩៨៤)
- ប្រទេសវៀតណាម (២៨ កក្កដា ១៩៩៥)
- ប្រទេសមីយ៉ាន់ម៉ា (២៣ កក្កដា ១៩៩៧)
- ប្រទេសឡាវ (២៣ កក្កដា ១៩៩៧)
- ប្រទេសកម្ពុជា (៣០ មេសា ១៩៩៩) ។
២. អង្គការសមាគមអាស៊ានមានគោលការណ៍និងវត្ថុបំនងដូចតទៅ ៖
- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ក្នុងតំបន់ដោយឈរលើស្មារតីសមភាព និងសមធម៌ ។
- ជំរុញអោយមានស្ថិរភាព សន្តិសុខ និងសន្តិភាព ក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និងគោលការណ៍ច្បាប់ដទៃទៀតក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងក្នុងធម្មនុញ្ញសហប្រជាជាតិ ។
- ជំរុញកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកលើការងារជាផលប្រយោជន៍រួមក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌បច្ចេកទេស វិទ្យាសាស្រ្ត និងរដ្ឋបាល ។
- ជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែមានប្រសិទ្ធភាពខាងវិស័យកសិកម្ម ឧស្សាហកម្ម ។ ពង្រីកពាណិជ្ជកម្ម រួមមានការសិក្សាអំពីបញ្ហាពាណិជ្ជកម្មអន្តរជាតិលើមុខទំនិញប្រើប្រាស់កំនែលំអលើមធ្យោបាយគមនាគមន៍ដឹកជញ្ជូន និងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ ។
- ជំរុញអោយមានការសិក្សាស្រាវជ្រាវអំពីតំបន់អាស៊ីអាគ្នេយ៍ ។
- រក្សាកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់នៅក្នុងតំបន់ ។
ប្រទេសមួយអាចក្លាយជាសមាជិកសមាគមអាស៊ានបានលុះត្រាតែ ៖
ក. គោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដីអត្តសញ្ញាណជាតិរបស់គ្នាទៅវិញទៅមក ។
ខ. រដ្ឋនីមួយៗមានសិទ្ធិគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសរបស់ខ្លួន ដោយពុំមានការលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអំពើវិទ្ធង្សនា និងការបង្ខិតបង្ខំពីប្រទេសដទៃ ។
គ. មិនលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ។
ឃ. ដោះស្រាយរាល់ទំនាស់ ឬជំលោះផ្សេងៗដោយសន្តិវិធី ។
ង. ជៀងវាងការគំរាមកំហែង និងការប្រើកំលាំង ។
ច. សហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតសិទ្ធិ ។
កម្ពុជាខិតខំយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន ដើម្បី ៖
- រឹតចំនងសាមគ្គីភាពជាមួយប្រទេសអាស៊ីអាគ្នេយ៍ជាបងប្អូន
- អភិវឌ្ឍប្រទេសជាតិបានឆាប់រហ័ស
៣. ប្រទេសជាសមាជិកអាស៊ាន មានតួនាទី ៖
- ការបង់ភាគទានជាសមាជិក ក្នុងទឹកប្រាក់ ១ លានដូឡាសហរដ្ឋអាមេរិច
- បង់មូលនិធិវិទ្យាសាស្រ្ត ៥ម៉ឺងដូឡា សហរដ្ឋអាមេរិច
- បង់ថ្លៃចំណាយរដ្ឋបាលប្រហែលជិត ៦សែនដូឡា សហរដ្ឋអាមេរិច
- ចូលរួមប្រជុំនានារបស់អាស៊ានប្រហែលជិត ៣០០លើកក្នុង១ឆ្នាំ ។
+ភារកិច្ចចំពោះមុខរបស់អាស៊ាន ៖
- អភិវឌ្ឍសេដ្ឋកិច្ចសេរី និងការប្រឹងប្រែងជំរុញល្បឿននៃដំណើរ កំនែទំរង់ និងទំនើបកម្ម សំរាប់លើកស្ទួយវឌ្ឍនភាពសេដ្ឋកិច្ច ។
- ទំនាក់ទំនងល្អរវាងប្រទេសអាស៊ាននិងមហាអំណាចសេដ្ឋកិច្ចពិភពលោក ដូចជា ជប៉ុន សហរដ្ឋអាមេរិច សហគមអឺរ៉ុប និងអូស្រ្តាលីជាដើម ។
៥. ATF មានន័យជាខេមរភាសា ៖ “វេទិកាទេសចរណ៍អាស៊ាន” ។ ជាភាសាអង់គ្លេស ៖ “ASEAN TOURISM FORUM “ ។
៦. ATF ធ្លាក់បានប្រារព្ធនៅទីក្រុងភ្នំពេញនៅថ្ងៃទី២០ ដល់ ២៨ មករា ឆ្នាំ២០០៣ ។ គោលបំណងរបស់ ATF នៅភ្នំពេញគឺ ៖
- ពង្រឹងអត្តសញ្ញា អាស៊ាន
- បង្កើត និងបង្កើនការទទួលភ្ញៀវ ទេសចរណ៍
- ជំរុញការផ្សព្វផ្សាយ និងការហូរចូលនៃភ្ញៀវទេសចរណ៍អាស៊ាន
- ជំរុញ និងសំរបសំរួលដល់ការធ្វើដំណើរក្នុងប្រទេសអាស៊ាន
- ពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងក្រុមហ៊ុន ស្ថាប័នសាធារណៈ និងឯកជន នៃបណ្តាប្រទេសជាសមាជិកអាស៊ាន
- ជំរុញសហប្រតិបត្តិការក្នុងតំបន់ដើម្បីអភិវឌ្ឍទេសចរណ៍អាស៊ាន ។