សំណួរ
១. កត្តាអ្វីដែលនាំអោយអរិយធម៌អង្គរុងរឿង ? កត្តាចំបងគឺអ្វី ?
២. តើវីរក្សត្រអង្គណាបានបង្រួលបង្រួម និងបង្កើតតក្រុងអង្គរមុនគេ ? ចូរប្រាប់ឈ្មោះនិងទីកន្លែងដែលព្រះអង្គបានផ្លាស់ប្តូររាជធានីតាមលំដាប់រហូតមកដល់រាជធានីអង្គរចុងក្រោយនៅឆ្នាំណា ? សតវត្សទីប៉ុន្មាន ? មូលហេតុអ្វី ?
៣. ខេត្តណាមួយនៃប្រទេសកម្ពុជា ដែលសំបូរទៅដោយប្រាសាទបុរាណ ? ចូរប្រាប់ឈ្មោះប្រាសាទដ៏ល្បីល្បាញជាងគេអោយបានពីរ ព្រមទាំងបញ្ជាក់អត្ថន័យប្រាសាទនីមួយៗផង ។
៤. ប្រាសាទអង្គរវត្ត កសាងឡើងដោយព្រះរាជាអង្គណា ? គ្រិស្តសករាជទីប៉ុន្មាន ? កសាងឡើងដោយព្រះរាជាអង្គណា ? នៅគ្រិស្តសករាជទីប៉ុន្មាន ? ត្រូវនឹងពុទ្ធសតវត្សទីប៉ុន្មាន ? តើកំពូលប្រាសាទនេះជានិមិត្តរូបនៃអ្វី ?
៥. តើមូលហេតុអ្វីខ្លះ ដែលធ្វើអោយសម័យអង្គរចុះអន់ថយទៅ ?
៦. តើស្តេចអង្គណាបានបោះបង់ទីក្រុងអង្គរ ? នៅឆ្នាំណា ? ដោយមូលហេតុអ្វី ? ហើយបានមកបោះទីក្រុងនៅឯណាខ្លះមុនមកភ្នំពេញ ?
ចម្លើយ
១. សម័យអង្គរ “សតវត្សទី៩-១៣” ដែលធ្វើអោយអរិយធម៌រុងរឿងគឺអាស្រ័យដោយកត្តា ៖
ក. កត្តាមនុស្ស
- អ្នកដឹកនាំគេ និងអ្នកត្រូវគេដឹកនាំមានសាមគ្គីឯកភាពទស្សនៈជាតិតែមួយ “ជាតិនិយម” ។
- មានប្រជាធិបតេយ្យក្នុងការដឹកនាំគ្រប់គ្រង ។
- មានគំនិតច្នៃប្រឌិតខ្ពស់ ។
- មានជំនឿជឿជាក់លើអ្នកដឹកនាំ “គោរពលទ្ធិទេវរាជ ពុទ្ធរាជ” ។
- ឧទាហរណ៍ ៖ ស្តេចជ័យវរ្ម័នចាក់គ្រឹះនយោបាយ សាសនានាំអោយស្តេចក្រោយបន្តមកទៀត ដឹកនាំទៅរកការរីកចំរើន កសាងសេដ្ឋកិច្ចផ្អែកលើនយោបាយ ទឹក បណ្តេញផ្លូវទឹកបារាយណ៍ ។
ខ. កត្តាភូមិសាស្រ្ត
- ដីមានជីជាតិ សំបូរទៅដោយសម្បត្តិធម្មជាតិ “ត្រី ព្រៃឈើ សត្វ វាលទំនាប សំរាប់ដំនាំស្រូវ” ។
- ផ្លូវគមនាគមន៍ ជើងទឹកល្អប្រសើរ សំរាប់ការរស់នៅ និងពាណិជ្ជកម្ម ។
គ. កត្តាប្រវត្តិសាស្រ្ត
- អាណាចក្រខ្មែរ មានអំណាចនិងឥទ្ធិពលជាប្រទេសចក្រភពមួយ ។
- សរុបសេចក្តីទៅ កត្តាមនុស្ស ជាកត្តាចំបងដែលធ្វើអោយអរិយធម៌រុងរឿង ។
២. វីរក្សត្រដែលបានបង្រួបបង្រួម និងបង្កើតក្រុងអង្គរមុនគេ គឺព្រះបាទជ័យវរ្ម័នទី២ ។ ឈ្មោះ និងរាជធានីដែលព្រះអង្គបានផ្លាស់ប្តូររាជធានី តាមលំដាប់រហូតដល់រាជធានីអង្គរចុងក្រោយ ៖
- ឥន្រ្ទបុរៈ នៅខាងកើតខេត្តកំពង់ចាម
- កុតិ ស្ថិតនៅជិតបន្ទាយក្តីសព្វថ្ងៃ
- ហរិហរាល័យ ក្នុងស្រុករលួស ខេត្តសៀមរាប
- អមរេន្ទ្របុរៈ ចំកន្លែងប្រាសាទអកយំ ដែលលេចកប់ក្នុងទំនប់បារាយណ៍ទឹកថ្លា
- មហេន្ទ្របុរៈ នៅលើភ្នំគូលែន ជារាជធានីចុងក្រោយកសាងនៅគ.ស ៨០៨ ស.វទី ៩ ។ មូលហេតុដែលនាំអោយមានការលើកយកភ្នំគូលែនជារាជធានីបណ្តាលមកពីគេចង់លើកយកភ្នំគូលែន ដើម្បីតាងជាភ្នំព្រះសុមេរុ ដែលមានទេវៈជាច្រើននៅជុំវិញព្រះឥន្ទ្រស្ថិតលើភ្នំនោះនិងអោយមានឯកភាពជាតិ កសាងប្រទេស ។
៣. ខេត្តមួយនៃប្រទេសកម្ពុជា ដែលសំបូរទៅដោយប្រាសាទបុរាណគឺខេត្តសៀមរាប ។ ឈ្មោះប្រាសាទដែលល្បីជាងគេគឺ ៖
- ប្រាសាទអង្គរវត្ត រីអង្គរតូច កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសសំរាប់លទ្ធិទេវរាជ
- ប្រាសាទបាយ័ន រីអង្គរធំ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសសំរាប់លទ្ធិពុទ្ធរាជ (ពុទ្ធសាសនាមហាយាន) ។
៤. ប្រាសាទអង្គរវត្ត កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ។ នៅគ្រិស្តសករាជ (១១១៣-១១៥០) និងនៅពុទ្ធសតវត្សទី១៧ រី១៨ ។ និមិត្តរូបនៃកំពូលប្រាសាទ ៖
+ កំពូល៣តំណាងអោយ
- ព្រះអាទិទេព៣ អង្គ ក្នុងសាសនាព្រាហ្មណ៍ (ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ)
- គម្ពីរត្រៃវេទមាន ៖ គម្ពីរឬគ្វេទ គម្ពីរសាមវេទ គម្ពីរយជុវេទ ។
+ កំពូល ៥ តំណាងអោយ
- តាមជំនឿនៃលទ្ធិព្រាហ្មណ៍ ៖ កំពូលកណ្តាលដែលខ្ពស់ជាងគេ ជានិមិត្តរូបនៃភ្នំព្រះសុមេរុព័ន្ធជុំវិញដោយមហាទ្វីបទាំង៤ (បុព្វវិទេហទ្វីប ជម្ពូទ្វីប អបរគោយានទ្វីប ឧត្តរកុរុទ្វីបនិងមហាសមុទ្ទ) ។
+ តាមទស្សនៈមនុស្សនិយម
- តំនាងអោយម្រាមទាំងប្រាំនៃបាត់ដៃរបស់ពលករ
- តំណាងអោយព្រលឹងទាំង ៥ បង្កប់ពីក្រោយស្នាដៃមាន (បញ្ញា ព្យាយាមក្នុងពលកម្ម ភាពអំនត់ ទេពកោសល្យ និម្មិតកម្មសិល្បៈ) ។
៥. មូលហេតុដែលនាំអោយសម័យអង្គរចុះអន់ថយទៅ គឺបណ្តាលមកពីសម័យអង្គរ ចាប់ចុះដុនដាបពីសតវត្សទី១៣ រហូតដល់ការចាកចោលអង្គរ ពាក់កណ្តាលសតវត្សទី១៥ ៖
- ការធ្លាក់ចុះនៃពិធីទេវរាជ ៖ ដើមឡើងពិធីទេវរាជ ជាកំលាំងមួយដ៏សំខាន់ ក្នុងការបង្រួបបង្រួមជាតិ និងជំរុញអោយសម័យអង្គររុងរឿង តែចាប់ពីសតវត្សទី១២មក ពិធីទេវរាជធ្លាក់ចុះ ។
- ជំលោះផ្ទៃក្នុង ធ្វើអោយមានសង្រ្គាមជាហូរហែរវាងរាជវង្សានុវង្ស និងរវាងសាសនា “ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា” ។
- ការកសាងប្រាសាទធំៗ និងច្រើនហួសហេតុ ដែលធ្វើអោយប្រជាពលរដ្ឋអស់ធនធានយ៉ាងច្រើន ។
៦. ស្តេចដែលបានបោះបង់ទីក្រុងអង្គរ គឺព្រះបាតពញាយ៉ាត នៅឆ្នាំ ១៤៣១ មុនគ.ស ។ មូលហេតុដែលនាំអោយព្រះអង្គសំរេចព្រះទ័យចាកចោលក្រុងអង្គរ ព្រោះ ៖
- ព្រះអង្គទើបតែបានកំចាត់សៀមរាបអស់ពីនគរ ហើយត្រូវឡើងគ្របរាជ្យជាព្រះមហាក្សត្រ ។
- ក្នុងការស្តារ និងកសាងជាតិឡើងវិញ ត្រូវជួបប្រទះនឹងការលំបាកជាច្រើន ដោយតំបន់អង្គរ ត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមជាច្រើនលើច្រើនសា ធ្វើអោយបណ្តាញផ្លូវទឹកសំរាប់បង្កើនផលត្រូវរីងស្ងួត ។
- សៀមនៅតែមានបំណងចូលមកលុកលុយក្រុងអង្គរ ដើម្បីពង្រីកទឹកដីនៃរាជាណាចក្ររបស់គេ ។
- ព្រះអង្គទ្រង់ព្រះតំរិះថា ត្រូវតែចេញពីក្រុងអង្គរ ហើយកសាងរាជធានីនៅកន្លែងណាមួយអោយឆ្ងាយពីសៀមបន្តិច ។ ទីបំផុតព្រះអង្គទ្រង់សំរេចព្រះទ័យមកតាំងរាជធានីនៅមូលដ្ឋានចាស់របស់ព្រះអង្គវិញ គឺស្រីសន្ធរត្រង់តំបន់ឈ្មោះទួលបាសាន ។