សំណួរ
១. តើអ្នកមានយោបល់ដូចម្តេច ដើម្បីឱ្យប្រជាពលរដ្ឋចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ ?
២. តើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានឥរិយាបថ និងសុជីវធម៌ក្នុងពេលកំពុងបើកបរដូចម្តចខ្លះ ?
៣. ដើម្បីឱ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប តើមនុស្សត្រូវតាមាគ៌ាប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
៤. តើការស្រលាញ់រាប់អាន ការគោរពនិងការជួយទុក្ខធុរៈអ្នកដទៃមានប្រយោជន៍អ្វីខ្លះ ដល់រូបអ្នក ?
៥. តើទានមានន័យដូចម្តេច ? ទានមានប៉ុន្មានប្រភេទ ?
ចម្លើយ
១. ដើម្បីឱ្យប្រជាពលរដ្ឋយើងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍យើងមានគោលការណ៍ដូចតទៅ ៖
- ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹង អំពើច្បាប់ចរាចរណ៍ និងរបៀបធ្វើចរាចរណ៍
- ត្រូវរៀនសូត្រ បើកបរយានជំនិះ និងប្រឡងសមត្ថភាពទទួលប័ណ្ណបើកបរ
- ត្រូវមានវិធានការឱ្យមានប្រសិទ្ធិភាព ទៅលើអ្នកបំពានលើច្បាប់ចរាចរណ៍
- ត្រូវដាក់ទណ្ឌកម្ម និងពិន័យឱ្យបានតឹងរឹងបំផុតចំពោះអ្នកមិនគោរពច្បាប់ និងអ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍
- មិនអនុញ្ញាតឱ្យអ្នកបើកបរ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្មានមួកការពារ
- ហាមបើកបរចំពោះអនីតិជន និងអ្នកគ្មានសមត្ថភាពលគ្មានប័ណ្ណបើកបរ
- ជួសជុលផ្លូវខូតខាតទាំងឡាយ ឱ្យត្រូវតាមបច្ចេកទេស
- រៀបចំស្លាកសញ្ញាតាមដងផ្លូវឱ្យបានគ្រប់គ្រាន់ ។
២. អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានឥរិយាបថ និងសុជីវធម៌ ដូចតទៅ ៖
ក. សុវជីធម៌ក្នុងការបើកបរ ៖
- ត្រូវបន្ថយល្បឿននៅពេលដែលមានយានយន្តដទៃទៀតសុំជែង ត្រូវអែបស្តាំទុកលទ្ធភាពឱ្យយានយន្តដែលនៅក្រោមមានធុរៈប្រញាប់ទៅមុន ។
- នោកន្លែងមានទឹកដក់ ឬភក់ជ្រាំ មានធូលីហុយ ឬដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿនដើម្បីកុំឱ្យភក់ ឬទឹក ខ្ទាចប្រឡាក់អ្នកដំណើរដែលនៅជិតនោះ ។
- មិនត្រូវខាកស្តោះ ឬបោះសម្រាមចេញក្រៅ ដែលជាហេតុនាំឱ្យប៉ះពាល់ ឬរំខានដល់អ្នកដំណើរដូចគ្នាទេ ។
ខ. ឥរិយាបថក្នុងការបើកបរ ៖
- ត្រូវចេះអត់ឳន ឬអនុគ្រោះចំពោះការខុសឆ្គងបន្តិចបន្តួច នៃអ្នកបើកបរដូចគ្នា
- ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាស្ងប់ស្ងៀម ខន្តី អត់ធ្មត់ ចិត្តទូលាយ និងរាក់ទាក់
- ទោះជាយើងស្ថិតក្នុងសភាពត្រូវច្បាប់ក៏ដោយ មិនត្រូវប្រកាន់ទិដ្ឋិមាន រឹងតឹ្អងអាងយកតែត្រូវ ឬប្រើអំពើហិង្សាឡើយ
- គោរពច្បាប់ចរាចរណ៍
- មិនប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ។
៣. ដើម្បីឱ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប គេត្រូវប្រតិបត្តិតាមមាគ៌ា៨យ៉ាងរបស់ព្រះពុទ្ធជាម្ចាស់ ហៅថា “អដ្ឋង្គិកមគ្គ” គឺ
- សម្មាទិដ្ឋិ ៖ ការយល់ឃើញត្រឹមត្រូវ
- សម្មាសង្កប្បៈ ៖ ការត្រិះរិះត្រឹមត្រូវ
- សម្មាវាចា ៖ ពាក្យសម្តីត្រឹមត្រូវ
- សម្មាអាជីវៈ ៖ ការប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ
- សម្មាវាយាម ៖ ការព្យាយាមក្នុងផ្លូវត្រឹមត្រូវ
- សម្មាសតិ ៖ ការភ្ញាក់រលឹកលត្រឹមត្រូវ
- សម្មាសមាធិ ៖ ការតាំងចិត្តត្រឹមត្រូវ
- សម្មាកម្មន្ត ៖ ការងារត្រឹមត្រូវ ។
៤. ផលប្រយោជន៍នៃការរាប់អាន ការគោរព និងការរជួយទុក្ខធុរៈអ្នកដទៃ មាន ៖
- ទទួលបានការរាប់អាន ការគោរព ការជួយយកអាសារ ពីអ្នកដទៃតបមកវិញ (ការឱ្យតម្លៃ)
- មានមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការល្អ
- ទទួលការគាំទ្រពីមិត្តភិក្ត
- ទទួលបានកិត្តិយស និងសេចក្តីថ្លៃថ្នូរ
- កសាងបានសង្គមមួយល្អ អាចធ្វើឱ្យបានសុខទាំងអស់គ្នា ។
៥. ទានមានន័យថាការលះបង់នូវប្រយោជន៍ឬសេចក្តីផ្ទាល់ខ្លួនឱ្យដល់អ្នកដទៃ ជាអំពើបុណ្យ អំពើជាកុសល ។ ទានមាន ៣ ប្រភេទគឺ ៖
- អាមិសទាន ៖ គឺការឱ្យនូវលុយ សម្លៀកបំពាក់ គ្រឿងឧបភោគ លំនៅស្ថាន ថ្នាំកែរោគ ឬរបស់របរប្រើប្រាស់ផ្សេងៗ ។
- ធម្មទាន ៖ គឺផ្តល់ឳវាទ ផ្តល់ជាចំណេះដឹង អប់រំណែនាំអំពីខុសត្រូវបង្ហាត់បង្រៀនការផ្សព្វផ្សាយព្រះធម៌ជាដើម ។
- អភ័យទាន ៖ គឺការចេះជួយយោគយល់គ្នា អត់ឪនអធ្យាស្រ័យ មិនយកទោស ឬមិនចាប់កំហុស ។