ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយៈពេល៣ថ្ងៃ ។ ក្នុងពិធីនេះមានពិធីភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនា គឺពិធីពូនភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ ។
- ភ្នំខ្សាច់តំណាងឱ្យមហាបរពិត្រនៃលោកធាតុប្រចាំប្រទេសឥណ្ឌាគឺមានកំពូល៥ ដែលភ្នំកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុ និងកំពូល៤ទៀត តំណាងឱ្យទ្វីបទាំង ៤ជាសត្តបរិព័ទ្ធ ព័ទ្ធព័ន្ធជាបរិវារជុំវិញភ្នំព្រះសុមេរុ ។
- ការពូនភ្នំខ្សាច់ជាការកសាង “វាលុកចេតិយ” ដែលតំណាងឱ្យ”ព្រះចូឡាមណីចេតិយ” ដែលជាចេតិយសម្រាប់តម្កល់ព្រះកេសាស្នៀតព្រះកេសា និងព្រះបង្កូមកែវរបស់ព្រះពុទ្ធនៅឋានត្រៃត្រឹង្ស” ។
- តាមធម៌ទេសនាអំពី “អនិសង្សាវាលុកចេតិយ” បានចែង”បើចង់រួចចកម្មពៀរ គប្បីសាងវាលុកចេតិយគឺធ្វើបុណ្យឆ្លង ហើយនឹងរួចកម្មពៀរនោះហោង” ។
- ការពូនភ្នំខ្សាច់ឬកសាងវាលុកចេតិយអាចរំដោះនូវកម្មពៀរទាំងឡាយដែលគេបានកសាងកន្លងមកដោយទូទាត់នឹងចំនួនគ្រាប់ខ្សាច់ដែលមានច្រើនរាប់មិនអស់នេះ ។ ពូនភ្នំខ្សាច់ និងឆ្លងភ្នំខ្សាច់ ផ្តាច់កម្មពៀរ ។
- មានគ្រួសារខ្លះមានជំនឿថា ការពូនភ្នំខ្សាច់គឺជាពិធីរំដោះគ្រោះ
- គេដើរប្រទក្សិណ ៣ ជុំ និងអធិដ្ឋាន ដើម្បីរំដោះគ្រោះ
- នៅថ្ងៃបង្ហើយ(ថ្ងៃឡើងស័ក)គេនាំគ្នាឆ្លងភ្នំខ្សាច់ដោយធ្វើពិធីផ្សឹកវាលុកចេតិយភ្នំខ្សាច់នេះឱ្យមកជាខ្សាច់ធម្មតាវិញ ដើម្បីយកខ្សាច់ប្រើការ ។