វត្តអារាមនៃព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរយើង ។
- គឺជាកន្លែងអប់រំមនុស្សអោយធ្វើល្អ ក្នុងងការពិសោធន៍គ្នាទៅវិញទៅមក ក្នុងការងារផលិតកម្ម រឺក្នុងការកសាងជាតិ ។
- គឺជាកន្លែងផ្ទុកនូវសម្បត្តិវប្បធម៌ និងបច្ចេកទេសរបស់ជាតិ ។ នៅក្នុងសម័យអាណានិគមបារាំង វប្បធម៌ អក្សរសាស្រ្តជាតិត្រូវបានរត់ទៅជ្រកកោណនៅទីវត្ត ។
- ក្នុងសម័យលង្វែក និងឧត្តុង្គ វត្តអារាម គឺសាលាពហុបច្ចេកទេសមួយ ដែលបង្រៀនគ្រប់មុខវិជ្ជា សំរាប់បណ្តុះបណ្តាលកូនខ្មែរ ។
- គឺជាកន្លែងរំងាប់ទុក្ខ ដើម្បីកសាងចិត្តគំនិតអោយស្អាតផូរផង់ ។
- ពេលខ្លះ វត្តអារាមជាមន្ទីរពេទ្យព្យាបាលជំងឺ ដែលមានព្រះសង្ឃជាអ្នកព្យាបាល ។
- វត្តអារាមជានិមិត្តរូបនៃជនជាតិខ្មែរ ដែលជនជាតិខ្មែរនៅទីណាត្រូវតែមានវត្តអារាមនេះឯង ។
- ជាគោលជំហរ និងជាគ្រឹះទ្រទ្រង់ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អរិយធម៌ ជាតិខ្មែរអោយគង់វង្សចីរកាលជាអមតៈ ។
- ជាថ្នាលបណ្តុះពូជធារ នៃកុសលផលបុណ្យគ្រប់យ៉ាងតាមរយៈការធ្វើបុណ្យ រក្សាសីល និងសេចក្តីភាវនា ។
- ជាកន្លែងដែលទទួលកូនខ្មែរ អោយស្នាក់នៅ សិក្សារៀនសូត្រ និងស្វែងយល់ពីប្រពៃណីទំនៀមទំលាប់ជាតិ ពោលគឺពេលសាលារៀនពុំទាន់មានសំបូរដូចសព្វថ្ងៃ មនុស្សជាច្រើនបានចូលបួសរៀននៅវត្ត ។