ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មុខងារសាសនានៅសង្គម សាសនាជាភ្នាក់ងារដ៏មានឥទ្ធិពលនៃការត្រួតពិនិត្យសង្គមហើយបានបំពេញមុខងារ សំខាន់មួយចំនួនដូចខាងក្រោម ៖
១. សេវាកម្មសង្គមតាមរយៈសាសនា សាសនាបញ្ជាក់នូវ ទំនោររបស់មនុស្ស នៅក្នុងសង្គម ។ គេសង្កេតឃើញថា មានវត្តមានអាទិទេពនៅត្រង់គោរពបូជា ចំពោះវត្ថុសក្ដិសិទ្ធិ ដើម្បីសុំសេចក្ដីសុខសប្បាយ និងដើម្បីបំពេញបំណងនៃអំណាចអាទិទេពដែលជាមរតក របស់សង្គម ។ សេចក្ដីស្រសាញ់ និងការធ្វើទានត្រូវ បានចាត់ទុកថាមានសារៈសំខាន់នៅក្នុងសាសនាទាំងឡាយ ។ តួយ៉ាងដូចជា ព្រះគ្រិស្ដធ្វើទានចំពោះ អ្នកក្រីក្ររហូតដល់ធ្វើពលិកម្មលើឈើឆ្កាង ដើម្បីទទួលរងទុក្ខទោសជំនួសមនុស្ស និងសត្វ ។ ចំណែកឯព្រះពុទ្ធវិញបានខិតខំអប់ទូន្មាន កុំឪ្យប្រព្រឹត្តនូវអំពើបាបត្រូវមាន មេត្តា ករុណា និងឧបេក្ខា ។ សាសនាជានិច្ចកាលត្រូវបានបង្កើតនូវអត្ថន័យដែលចងភ្ជាប់ជាមួយសង្គម ។
២. សាសនា និងការអប់រំ សាសនាក៏បានបម្រើផងដែរ ដល់ការអប់រំ ។ នៅក្នុងប្រទេសជាច្រើនលើពិភពលោក ការរីកសាយ នៃការអប់រំបានដើរតួនាទីសំខាន់ តាមរយៈសកម្មភាពនិងយុទ្ធនាការនៃស្ថាប័នសាសនាដូចជា អ្នកថែរក្សា ព្រះវិហារគ្រឹស្ដមូស្ល៊ីម ។ ប្រាសាទនិងវត្តអារាមគឺត្រូវបានចង់ភ្ជាប់ជាមួយនឹងការពង្រីកវិស័យការអប់រំ ។ មិនតែប៉ុណ្ណោះសាសនាក៏លើកទឹកចិត្តដល់មនុស្សដែលរស់នៅតាមសហគមន៍ឪ្យធ្វើការប្រឹងប្រែងពង្រីកការអប់រំទៅដល់សមាជិករបស់គេ ព្រមទាំងជំរុញឪ្យមានការអប់រំថ្នាក់ខ្ពស់ ។
៣. សាសនា និងក្ដីមេត្តា នៅក្នុងសង្គម មានការព្យាបាលតាមរយៈទំនៀមទំលាប់ប្រពៃណីក្នុងនាមជាសាសនា ។ បុព្វហេតុនៃការព្យាបាលប្រភេទនេះគឺមនុស្សដែលកាន់សាសនាខ្ជាប់ខ្លួនជាអ្នកជួយព្យាបាលជំងឺ ដែលជាផ្នែកនៃសក្ការៈបូជា ។ ក្នុងផ្នែកនេះសាសនាបានដើរតួនាទីសំខាន់ សម្រាប់ជាការជួយគ្នាវិញទៅមក នៅពេលគេមានគ្រោះអាសន្ដ (ប្រើប្រាស់សាសនា ក្នុងការជួយអ្នកដទៃ) ។
៤. សាសនា និងការធ្វើទេយ្យទាន សាសនាទាក់ទងទៅនិងការធ្វើទេយ្យទាន(ធ្វើទាន) ។ សាសនាសំខាន់ៗនៅលើពិភពលោកដូចជា គ្រឹស្ដសាសនា ព្រះពុទ្ធ សាសនា មូស្ល៊ីម ជាដើម ទទួលបាននូវសារៈសំខាន់និងតម្លៃក្នុងការធ្វើទេយ្យ ទាន ។ ជាក់ស្ដែង ដូចជា មូស្ល៊ីម បានបរិច្ចាកនូវទេយ្យទាន ពីចំណែកនៃប្រាក់ ចំណូលរបស់ខ្លូនដើម្បីជួយដល់អ្នកក្រីក្រនៅក្នុងសង្គម ។ ដូចគ្នានឹងសាសនាព្រះពុទ្ធការធ្វើទេយ្យទានដល់អ្នកក្រីក្រ គឺជាការជួយដល់សង្គម ។ មនុស្សភាគច្រើនធ្វើទេយ្យទានតាមរយៈសាសនា ។
៥. សាសនា និងជីដូនជីតា សាសនាទាំងអស់បញ្ចាក់ពីសារៈសំខាន់នៃភាពសក្ដិសិទ្ធនិងជីដូនជីតា ។ ពិធីបុណ្យសាសនា ភាគច្រើនធ្វើឡើងដើម្បីរំលឹកដល់ព្រះឬជីដូន ជីតារបស់គេដែលបានចែកឋានទៅនិងបួសសួងសូមឪ្យព្រលឹងជីដូនជីតា របស់គេជួយឪ្យពួកគេសទទួលបាននូវសេចក្ដីសុខ រកស៊ីមានបានដើម្បីបន្ដនិរន្ដរភាពវង្សត្រកូល របស់ពួកគេ ។
៦. សាសនា និងអហិង្សា អ្នកបង្កើតសាសនាសំខាន់ៗ លើពិភពលោកបានទូន្មានឪ្យប្រព្រឹត្តតែអំពើល្អ ធ្វើនូវសេចក្ដី ស្រលាញ់និងអហិង្សារវាងគ្នានិងគ្នា ។ យេស៊ូ និងព្រះពុទ្ធ បានអនុវត្តនូវអំពើអហិង្សា ដែលជាអាទិទេពដ៏ខ្ពង់ខ្ពស់បំផុត ទទួលរងនូវការឈឺចាប់ជាច្រើនដោយភាពគ្មានមេត្តា ។ ដូចនេះទើបបុគ្គលទាំងនេះអនុវត្តនូវគោលការណ៍សច្ចៈភាពអហិង្សា ព្រមទាំងបង្កើត ឪ្យមានភាពជាបងប្អូននៅក្នុងសង្គម ក្នុងគោលបំណងបង្កើតជាគ្រួសារតែមួយនៅលើ ពិភពលោក ។ (វង្ស អែមសំអាន ២០០៦) ។