Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ផ្អែកតាមលក្ខខណ្ឌច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាត្រាទី៣។ តើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបានសិទ្ធិអ្វីខ្លះ ?

២. ចូរពន្យល់ពីទោសទណ្ឌទាក់ទងនិងការក្លែងបន្លំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែរ។

៣. តើជនបរទេសត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន ?

៤. ចូរពន្យល់ពីការទទួលបានសញ្ជាតិខ្មែរពីកំណើត និងដោយអាពាហ៍ពិពាហ៍។

៥. ហេតុអ្វីបានជារាជរដ្ឋាភិបាលបង្កើតច្បាប់សញ្ជាតិនេះឡើង ?

ចម្លើយ

១. តាមមាត្រាទី៣ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបាន ៖

  • ត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត
  • មិនអាចបាត់បង់សញ្ជាតិដោយឯកឯង។

២. ទោសទណ្ឌទាក់ទងនិងការក្លែងបន្លំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែរ ៖

  • ជនបរទេសណាដែលប្រើប្រាស់ និងកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់១០ឆ្នាំ (មាត្រាទី២០) ។
  • ជនដែលក្លែងធ្វើការកោសលុប សរសេរត្រួត ឬឱ្យគេសរសេរឈ្មោះក្លែងក្លាយ នៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជាឬមួយប្រើប្រាស់ឯកសារ ទាំងនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ(មាត្រាទី២១)។
  • មន្ត្រីភ្នាក់ងាររាជការ ឬជនដែលសមគំនិត ជួយលាក់បាំងឬផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវផ្តន្ទាទោសដូចគ្នានឹងជនដែលកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនខុស ច្បាប់ ដូចមានចែងនៅក្នុងមាត្រាទី២០ និងមាត្រាទី២១ នៃច្បាប់នេះដែរ(មាត្រាទី២២)។

៣. ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបានត្រូវមានលក្ខខណ្ឌដូចជា ៖

ក. លក្ខខណ្ឌទូទៅ

  • មានលិខិតបញ្ជាក់ថាមានគំនិតមាយាទ និងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅ សង្កាត់ដែលខ្លួនរស់នៅ
  • មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
  • មានលិខិតបញ្ជាក់ថា ជននោះមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់ នៅជាប់ចំនួនប្រាំពីរឆ្នាំដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅដែលចេញឱ្យក្នុងក្របខ័ណ្ឌនៃច្បាប់ជនអន្តោប្រវេសន៍
  • មានទីលំនៅក្នុងប្រទេសកម្ពុជា នៅពេលដាក់ពាក្យសុំសញ្ជាតូបនីយកម្ម
  • ចេះនិយាយភាសាខ្មែរចេះសរសេរអក្សរខ្មែរនិងយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងច្បាស់ថាខ្លួនបានរស់នៅក្នុងសង្គមខ្មែរបាន ដោយសុខដុមព្រមទាំងទទួលបានទំនៀមទម្លាប់និងប្រពៃណីល្អរបស់ខ្មែរ។
  • មានបញ្ញានិងកាយសម្បទា ដែលមិននាំឱ្យគ្រោះថ្នាក់និងនាំឱ្យមានបន្ទុកដល់ជាតិ។

ខ. លក្ខខណ្ឌគុណសម្បត្តិ ៖ ជនបរទេសដែលបានធ្វើអំណោយជាប្រាក់ ដល់ថវិកាជាតិចាប់ពី មួយពាន់លានរៀលឡើងទៅឬបានបង្ហាញនូវភស្តុតាងថាខ្លួនបានផ្តល់គុណសម្បត្តិ ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ការស្តារ​ និងកសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាជនបរទេសនោះ អាចធ្វើពាក្យសុំចូលសញ្ជាតិខ្មែរក្នុងករណី ដែលជននោះបំពេញបានចំណុចមួយចំនួនក្នុងលក្ខខណ្ឌទូទៅ។

គ. លក្ខខណ្ឌសហព័ន្ធ ៖ ជនបរទេសដែលមានសហព័ន្ធឬកូនដែលមានអាយុក្រោម១៨ឆ្នាំ ដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ។ បែបបទនិងនីតិវិធីនៃការសុំសញ្ជាតិខ្មែរ ការសម្រេចផ្តល់សញ្ជាតិខ្មែរ ត្រូវកំណត់ដោយច្បាប់ និងជនដែលបានអនុញ្ញាតឱ្យចូលសញ្ជាតិខ្មែរត្រូវធ្វើសម្បថ នៅចំពោះមុខ តុលាការកំពូល។

៤. ការទទួលបានសញ្ញាណខ្មែរពីកំណើតនិងដោយអាពាហ៍ពិពាហ៍ ៖

ក. ត្រូវទទួលបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • កូនដែលកើតពីឪពុក ឬម្តាយបរទេសដែលកើតនិងរស់នៅស្របច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា
  • កូនដែលកើតពីម្តាយឬឪពុកដែលើមិនស្គាល់និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា

ខ. ត្រូវបានសញ្ជាតិខ្មែរទោះបីកើតនៅទីណាក៏ដោយ

  • កូនមានខាន់ស្លាដែលកើតពីឪពុក ឬម្តាយដែលមានសញ្ជាតិខ្មែរ
  • កូនឥតខាន់ស្លាដែលកើតពីឪពុកម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់
  • កូនដែលឪពុកម្តាយ មិនទទួលស្គាល់កាលបើតុលាការចេញសាលក្រមថាកូននោះ ពិតជាកើតពីឪពុកឬម្តាយដែលមានសញ្ជាតិជាខ្មែរ។

គ. សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ៖ ស្រ្តីឬបរុសបរទេសដែលយកប្តីឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែស្រ្តីឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។ បែបបទនិងនីតិវិធីនៃការទាមទារសញ្ជាតិខ្មែរ និងការផ្តល់សញ្ជាតិខ្មែរត្រូវសម្រេចតាមច្បាប់កំណត់។ ប្រជាពលរដ្ឋខ្មែរមិនបាត់បង់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ ជាមួយជនបរទេសឡើយ។

៥. បានជារាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើងព្រោះដើម្បី ៖

  • កំណត់ឱ្យបានច្បាស់ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន
  • ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួនដោយមិនមានជនណាអាចដកសញ្ជាតិបាន
  • ការពារមិនឱ្យជនណាអាចនិរទេស បញ្ជូនប្រជាពលរដ្ឋខ្មែរឱ្យទៅនៅក្រៅប្រទេស ដោយគ្មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមកឡើយ។
  • ការពារមិនឱ្យបាត់បង់ ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ខ្មែរ
  • ងាយស្រួលក្នុងការគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលផ្លាស់ប្តូរទីកន្លែងរស់នៅ ជាពិសេសនៅឯបរទេសដើម្បីឱ្យពួកគេទទួលបាននូវ ការគាំពារតាមគ្រប់មធ្យោបាយការទូតពីរដ្ឋ និងការពារមិនឱ្យបាត់បង់សញ្ជាតិដោយឯកឯង។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login