សំណួរ
១. តើកំណើនយ៉ាងឆាប់រហ័សនៃចំនួនប្រជាជនសរុបនៅលើពិភពលោកក្នុងសតវត្សទី២០បានបង្កើនកង្វល់ដល់ភពផែនដីដែរឬទេ ?
២. តើប្រទេសឬតំបន់ណាខ្លះដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេបំផុត ? ចូររកឱ្យបានយ៉ាងហោចណាស់១០ ។
៣. តើយើងត្រូវមានមធ្យោបាយអ្វីខ្លះដោះស្រាយបញ្ហាបរិស្ថានដែលកើតពីកំណើនប្រជាជនពិភពលោក ?
៤. តើយើងត្រូវមានមធ្យោបាយអ្វីខ្លះដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជននេះ ?
៥. តើកំណើនប្រជាជនផ្តល់ការលំបាកអ្វីខ្លះដល់សង្គមមនុស្ស ? ចូរពន្យល់។
ចម្លើយ
១. ការកើនឡើងចំនួនប្រជាជនសរុបនៅលើពិភពលោកបច្ចុប្បន្ន និងការកើនឡើងនូវការប្រើប្រាស់ធនធាននឹងនាំមកនូវការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី ដូចជាការកើនឡើងនៃកម្រិតនៃឧស្ម័នកាបូនិក ក្នុងបរិយាកាសការកើនឡើងនូវកម្ពៅក្នុងសកលលោក និងការបំពុលបរិស្ថាន។
២. ប្រទេសឬតំបន់ដែលមានដង់ស៊ីតេខ្ពស់ជាងគេបំផុតមាន ៖
- ម៉ាណាកូ ១៦ ៧៧៩នាក់ក្នុង គីឡូម៉ែត្រការេ
- សិង្ហបុរី ៦ ៥៣៥នាក់ក្នុង គីឡូម៉ែត្រការេ
- បុរីវាទីកង់ ១ ៨៧៣នាក់ក្នុងគីឡូម៉ែត្រការេ
- ម៉ាល់ឌីវ ១ ២៩៣នាក់ក្នុង គីឡូម៉ែត្រការេ
- ម៉ាល់តា ១ ២៧៩នាក់ក្នុងគីឡូម៉ែត្រការេ
- បារ៉ែន ១ ០៨៩នាក់ក្នុងគីឡូម៉ែត្រការេ
- បង់ក្លាដែស ១ ០៦៩នាក់ក្នុង គីឡូម៉ែត្រការេ
- ប៉ាលេស្ទីន ៧០២នាក់ក្នុងគីឡូម៉ែត្រការេ
- ណូរូ ៦៦៣នាក់ក្នុងគីឡូម៉ែត្រការេ
- តៃវ៉ាន់ ៦៣៤នាក់ក្នុងគីឡូម៉ែត្រការេ។
៣. ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងពីកំណើនប្រជាជនយើងត្រូវ ៖
- កាត់បន្ថយកាកសំណល់ ឬសំរាមនិងកាត់បន្ថយការបំពុល ឬការធ្វើឱ្យកខ្វក់បរិស្ថានការផលិតឡើងវិញនូវសម្ភារដែលជាកាកសំណល់ផ្សេងៗដែលអាចនាំទៅរកការកាត់បន្ថយកាកសំណល់ឧស្សាហកម្ម ដែលប្រកបដោយគ្រោះថ្នាក់។ លើសពីនេះការផលិតរថយន្តប្រភេទថ្មី ដែលមានកម្រិតនៃការបំបុលអាកាសទាបនិងប្រើប្រាស់ជាតិគីមីណាដែលធ្វើខូចសុខភាពដី។
- ពង្រីកប្រភពថាមពលថ្មីដូចជាថាមពលវារីអគ្គិសនីថាមពលខ្យល់ ជំនួយការប្រើ ប្រេងឥន្ធនៈ ឧស្ម័ន និងធ្យូងថ្មហើយនឹងពង្រីកការកែច្នៃម៉ាស៊ីនរថយន្ត ដោយប្រើអាគុយ ឬឧស្ម័ន។
- រៀបចំផែនការសម្រាប់តុល្យភាពសេដ្ឋកិច្ច នយោបាយនិងសង្គម ដើម្បីឈានទៅដល់សភាពមួយដែលមានតុល្យភាពសកល ការធ្វើឱ្យមានលំនឹងនូវចំនួនមនុស្សសរុបនៅលើពិភពលោកការកំណត់ផលិតផលឧស្សាហកម្មសម្រាប់បម្រើតម្រូវការរបស់មនុស្សការបញ្ឈប់ការធ្វើឱ្យហិនហោចធម្មជាតិ កម្រិតនៃការបំពុលបរិស្ថានការបង្កើនចំណីអាហារសម្រាប់មនុស្សជាតិ។ ជាទិដ្ឋភាពនយោបាយ កម្មវិធីនេះគួរតែបង្កើត អាជ្ញាធរសកលមួយសម្រាប់ធ្វើការបង្ខំឱ្យមានសមភាពជាងមុនក្នុងការចែកចាយផលិតផល។
- ការដោះស្រាយបញ្ហាបរិស្ថានតាមបែបព្រះពុទ្ធសាសនាដោយត្រូវអប់រំមនុស្សគ្រប់រូបឱ្យបោះបង់ចោលនូវសេចក្តីលោភលន់ ហើយត្រូវតាំងចិត្តរស់នៅក្នុងជីវិតសាមញ្ញបំផុត។
៤. ដើម្បីដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជនពិភពលោកត្រូវ ៖
- ផ្តោតការយកចិត្តទុកដាក់ទៅលើការអប់រំ អំពីវិបាកនៃកំណើននេះ
- អប់រំប្រជាជន ឱ្យចេះធ្វើផែនការគ្រួសារដោយប្រើវិធីនិងមធ្យោបាយគ្រប់គ្រងកំណើនដូចជាការប្រើប្រាស់ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ដៃ កងដាក់ស្បូនការចង់ដៃស្បូនការចងបំពងមេជីវិត និងវិធីផ្សេងទៀតសម្រាប់ពន្យារ ឬបញ្ឈប់កំណើត។
- ពង្រីកការអប់រំដើម្បីឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តភាព
- ត្រូវចូលរួមការពារកុំឱ្យមានការបំពុល ឬធ្វើឱ្យកខ្វក់បរិស្ថាន
- ចូលរួមចំណែកសន្សំសំចៃទឹកស្អាត សម្រាប់ផឹកម្ហូបអាហារ ថាមពលនិងធនធានដទៃទៀត
- ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងការបំផ្លាញធនធានកម្រផ្សេងៗ
- ចូលរួមកាត់បន្ថយភាពក្រីក្រ
- ទប់ស្កាត់អំពើលួចឆក់ប្លន់ ចាប់ជំរិតភេរវកម្មការជួញដូរគ្រឿងញៀនទំនាស់ និងការប៉ះទង្គិចគ្នាក្នុងការដណ្តើមធនធាននិងទប់ស្កាត់ជំងឺតម្កាត់ផ្សេងៗទៀត។
៥. កំណើនប្រជាជនផ្តល់ការលំបាកជាច្រើនដល់សង្គមមនុស្សដូចជា ៖
- ការខ្វះទឹកស្អាតសម្រាប់ផឹក និងប្រើប្រាស់ ខ្វះថាមពលការបង្កើតការបំពុល ឬការធ្វើឱ្យកខ្វក់ ខ្យល់ ទឹក ដីការរំខានដោយសំឡេង ការកាប់បំផ្លាញព្រៃឈើនិងការធ្វើឱ្យខូចប្រព័ន្ធអេកូឡស៊ីដែលជួយឱ្យមានលំនឹងរវាងអុកស៊ីសែននិងឧស្ម័នកាបូនិច្ច នៅក្នុងបរិយាកាស។
- ការកើនឡើងកម្តៅ នៅលើពិភពលោកបាត់បង់ដ៏ដែលអាចដាំដំណាំបាននិងការខ្សោះជីជាតិដីបំផ្លាញសត្វព្រៃ។
- ការកើនឡើងនៃវិស័យឧស្សាហកម្មនាំឱ្យមានការបំពុលកាន់តែខ្លាំង
- ការកើនភាពក្រីក្រ ការទ្រុឌទ្រោមសុខភាព និងជំងឺដែលធ្វើឱ្យមនុស្សមានអាយុខ្លី
- ការកើនឡើងនូវអំពើលួចប្លន់ ចាប់ជំរិត ភេរវកម្មការជួញដូរគ្រឿងញៀនអំពើអសីលធម៌ ទៅលើកុមារនិងទារកទំនាស់ និងការប៉ះទង្គិចគ្នាក្នុងការដណ្តើមធនធាន ។
- ធ្វើឱ្យខ្វះខាតស្បៀងអាហារ សម្រាប់បរិភោគឬស្លាប់ដោយអត់អាហារ និងខ្វះខាតកន្លែងរស់នៅ។
- សេរីភាពបុគ្គលថយចុះការរឹតបណ្តឹងខាងច្បាប់កើតឡើង។