សំណួរ
១. តើប្អូនត្រូវធ្វើដូចម្តេចដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ?
២. ចូរពន្យល់ពីការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍។
៣. ចូរពន្យល់ពីការផ្តន្ទាទោសចំពោះជនបរទេសទាក់ទងនិងការអនុវត្តច្បាប់អន្តោប្រវេសន៍។
៤. ជនបរទេសអន្តោប្រវេសន៍អាចទទួលឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជាដោយបានបំពេញតាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រាទី៨ច្បាប់នេះ។ តើក្រៅពីលក្ខខណ្ឌនេះត្រូវមានកាតព្វកិច្ចអ្វីខ្លះទៀត ?
ចម្លើយ
១. ដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ត្រូវ ៖
- គោរពនិងអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ជាប្រចាំឱ្យបានល្អប្រសើរ
- បើដឹងថាមានជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់
- មិនត្រូវសមគំនិតលាក់បាំងជនបរទេសណា ដែលត្រូវសមត្ថកិច្ចតាមចាប់ខ្លួន ពីការបង្កភាពមិនប្រក្រតីផ្សេងៗក្នុងប្រទេសកម្ពុជា
- ត្រូវស្វែងយល់ឱ្យបានច្បាស់ពីច្បាប់អន្តោប្រវេសន៍និងរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្លួន។
២. ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍មានដូចជា ៖
ក. ការជាប់ពន្ធនាគារ
- ត្រូវជាប់ពន្ធនាគារពី៣ទៅ៦ខែចំពោះជនដែលផ្តល់ជំនួយឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងប្រទេសកម្ពុជា
- ត្រូវផ្តន្ទាទោសដាក់គុកពី ៦ខែដល់១ឆ្នាំ ចំពោះមន្ត្រីឬភ្នាប់ងាររាជការមានសមត្ថកិច្ចរូបណា ដែលសមគំនិត ឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើស
- ត្រូវផ្តន្ទាទោសដាក់គុកពី៥ ដល់១០ឆ្នាំចំពោះអ្នកដែលសមគំនិតជាមួយជនបរទេសក្នុងការក្លែងបន្លំសរសេរត្រួតកោសលប់ ឱ្យគេខ្ចី ឬមួយសរសេរឈ្មោះក្លែងក្លាយក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារ កិច្ចសន្យា ឬមួយក៏ប្រើប្រាស់ឯកសារដែលមានឈ្មោះផ្សេងពីខ្លួន ឬធ្វើបណ្តឹងក្លែងបន្លំសុំឯកសារខាងលើ។
ខ. ទោសពិន័យជាប្រាក់
- ពិន័យអន្តរកាណ៍ជាប្រាក់ពី ១០ ០០០ទៅ៣០ ០០០រៀលចំពោះម្ចាស់ ឬអ្នកកាន់កាប់ លំនៅឋាន ណាដែលពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចស្តីពីការស្នាក់នៅរបស់ ជនបរទេសនៅក្នុងលំនៅឋានរបស់ខ្លួន។
- ក្នុងករណីមិនរាងចាល គឺត្រូវពិន័យអន្តរកាណ៍ជាប្រាក់ពី៣០ ០០០ ដល់ ៦០ ០០០រៀល។
- ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី២០០ ០០០ដល់៥០០ ០០០រៀល ចំពោះជនដែល ទទួលជនបរទេសឱ្យធ្វើការហើយមិនគោរពច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។
៣. ជនអន្តោប្រវេសន៍ដែលមិនអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ត្រូវមានទោសដូចតទៅ ៖
ក. ទោសជាប់ពន្ធនាគារ
- ត្រូវផ្តន្ទាទោសដាក់គុកពី៣ដល់៦ខែមុននឹងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណាដែលចូលមកកម្ពុជាដោយលបលាក់បន្លំឬដោយល្បិចកល់ផ្សេងៗផ្ទុយនឹងច្បាប់។
- ត្រូវផ្តន្ទាទោសដាក់គុកពី៥ដល់១០ឆ្នាំចំពោះជនដែលក្លែងបន្លំសរសេរត្រួតកោសលប់ឬឱ្យគេខ្ចីឬមួយសរសេរឈ្មោះក្លែងក្លាយ ក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារ កិច្ចសន្យា ឬមួយក៏ប្រើប្រាស់ឯកសារទាំងនោះដែលមានឈ្មោះផ្សេងៗពីខ្លួន ឬធ្វើបណ្តឹងក្លែងបន្លំសុំឯកសារ។
ខ. ទោសពិន័យជាប្រាក់
- ត្រូវពិន័យជាប្រាក់ពី ៥០ ០០០ដល់១០០០ ០០០រៀលចំពោះជនអន្តោប្រវេសន៍ណាដែល
- មិនបង្ហាញខ្លួននិងដាក់ពាក្យសុំស្នាក់នៅបន្ទាប់ពីមកដល់ប្រទេសកម្ពុជា
- មិនបានសុំបញ្ជាក់លើប័ណ្ណស្នាក់នៅ ពីសមត្ថកិច្ចមូលដ្ឋានមុនពេលផ្លាស់ប្តូរទីលំនៅ
- មិនបានបង្ហាញប័ណ្ណស្នាក់នៅពេលសមត្ថកិច្ចឆែកឆេរឬមិនព្រមប្រគល់ប័ណ្ណពេលសមត្ថកិច្ចធ្វើការដកហូតក្នុងករណីមិនគោរពតាមបទបញ្ញត្តិនៃច្បាប់អន្តោប្រវេសន៍
- ការធ្វើដំណើរជិត ឬចូលក្នុងតំបន់ដែលសមត្ថកិច្ចហាមឃាត់
- ប្រើប្រាស់ប័ណ្ណស្នាក់នៅ ហួសរយៈពេលកំណត់
- មិនបានសុំការអនុញ្ញាតចេញ និងវិលត្រលប់មកវិញពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងរយៈពេលស្នាក់នៅ។
- ករណីមិនរាងចាលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី១០០០ ០០០ដល់២០០០ ០០០រៀល។
គ. ទោសបណ្តេញចេញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបណ្តេញចេញរាល់ជនបរទេសអន្តោប្រវេសន៌ណាដែល ៖
- រំលោភលើបញ្ញត្តិច្បាប់អន្តោប្រវេសន៍
- មានអាកប្បកិរិយានិងសកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រសួងមានសមត្ថកិច្ច មានភស្តុតាងជាក់លាក់ថាជននោះជាអ្នកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា។
- មកធ្វើការនៅប្រទេសកម្ពុជាដោយគ្មានប័ណ្ណការងារ។
៤. កាតព្វកិច្ចត្រូវបំពេញមានដូចជា ៖
- បង្ហាញនូវសម្បទាមានផលប្រយោជន៍ដល់សេដ្ឋកិច្ចឬសង្គមកិច្ចឬវិទ្យាសាស្ត្របច្ចេកទេស ឬវប្បធម៌សម្រាប់ប្រទេសកម្ពុជា
- តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញឬមានប្រាក់ធានាថាអាចរស់នៅដោយសារទ្រព្យសម្បត្តិរបស់ខ្លួន
- មានកាយសម្បទា បំពេញវិជ្ជាជីវៈខ្លួនបានដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសរបស់ខ្លួននិងមានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ
- មានលិខិតថ្កោលទោសដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ខ្លួន
- ត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌសន្តិសុខដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឱ្យមាន។