ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាពិធីបុណ្យប្រពៃណីជាតិដែលប្រជាជនកម្ពុជាប្រារព្ធធ្វើរៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក នៅក្នុងទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង។ តាមប្រវត្តិបុណ្យអុំទូកមានការបកស្រាយខុសៗគ្នា ៖
- នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧មានចម្បាំងតាមជើងទឹកដេញចាម (១១៧៧ដល់១១៨១)។ រឿងចម្បាំងពេលនោះមានកត់ត្រានៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាតឹកតាង។
- នៅសម័យលង្វែក ១៥២៨ ក្នុងរជ្ជកាល ព្រះបាទអង្គចន្ទទី ទ្រង់បានតែងតាំងពញាយ៉ាតធ្វើជាស្តេចក្រាញ់នៅស្រុកបាសាក់ឱ្យរៀបចំទាហានជើងទឹកការពារស្រុកជា៣ក្រុម ៖
- ក្រុមទី១ ៖ ទូកអុំទ័ពស្រួចហាត់ច្បាំង និងទូកង មានទ្រង់ទ្រាយដូចទូកអុំប្រណាំងសព្វថ្ងៃ។
- ក្រុមទី២ ៖ ទូកចែវហៅថាទូកជំនួយ ហាត់ច្បាំងនិងទូកចែវ ២ ជួរដូចទូកចែវប្រណាំងសព្វថ្ងៃ។
- ក្រុមទី៣ ៖ ទូកប៉ុកចាយសំរាប់ដឹកជញ្ជូនស្បៀង។ស្តេចត្រាញ់កម្ពុជាក្រោម កំណត់យកថ្ងៃពេញបូណ៌មីខែកក្តិកអកអំបុក ដើម្បីកែនទាហានជើងគោក ជើងទឹកធ្វើ “សមយុទ្ធ” មួយថ្ងៃ មួយយប់រៀងរាល់ឆ្នាំ នៅទន្លេពាមកន្ថោខេត្តឃ្លាំង។ ចំណែកទូកប៉ុកចាយគ្មានក្នុងកម្មវិធីប្រណាំងក្នុងពេលសព្វថ្ងៃនេះទេ។
- ឯកសារខ្លះបកស្រាយថា បុណ្យនេះធ្វើឡើងរំលឹកគុណព្រះគង្គា និងព្រះធរណីដែលផ្តល់ជីវភាពរស់នៅ និងសូមខុមាលទោស ចំពោះទឹកដីដែលគេធ្វើឱ្យកករល្អក់ក្នុងពេលកន្លងមក។
- ពិធីនេះគេប្រារព្ធធ្វើអស់វេលា ៣ថ្ងៃគឺ ថ្ងៃ ១៤ដល់១៥កើត និងថ្ងៃ១រោចខែកក្តិក។ គេធ្វើពិធីប្រណាំងទូកនៅពេលថ្ងៃ បណ្តែតប្រទីបនៅពេលយប់ដើម្បីបូជាព្រះចង្កូមកែវនៅពិភពនាគ និងព្រះពុទ្ធបាទនៅស្ទឹងនម្មទា។ ចំពោះពិធីប្រណាំងទូកក្តោង ទូកចែវ និងទូកអុំ នៅក្នុងប្រទេសអ៊ីតាលីគេផ្តើមឡើងនៅក្រុងវែនីស ដោយកំណត់ថ្ងៃ ២៥ ខែមេសា ឆ្នាំ ១៣១៥។ ពិធីនេះរំលឹកពីការបង្ហាត់បង្រៀនសំរាប់ សង្គ្រាមជើងទឹកដល់មនុស្សជំនាន់ក្រោយ។ ចំពោះការប្រណាំងប្រជែងឆ្លងកាត់មហាសមុទ្រអាត្លង់ទិចដ៏ល្បីល្បាញមួយទៀត ផ្តើមធ្វើក្នុងឆ្នាំ ១៨៦៦ ជ័យលាភីលេខ ១ ទទួលរង្វាន់ប្រាក់មួយលានដូលា ឧបត្ថម្ភដោយជនជាតិអាមេរិច។ ក្រោយមកនៅឆ្នាំ១៩០៥ ពិធីប្រណាំងទូកត្រូវធ្វើឡើងជាផ្លូវការ និងជាសកលជ័យលាភីទទួលពានរង្វាន់ពីសហរដ្ឋអាមេរិច។ នៅរយៈពេលកន្លងមកការប្រណាំងប្រជែងជំរើសល្បឿនលឿនបំផុតចំរុះជាតិសាសន៍នេះក្រុមដែលទទួលពានរង្វាន់ច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិច។