2019-06-17 08:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មនុស្សក្នុងសាកលលោកគ្រប់ជាតិសាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នា គ្មានអ្នកណានៅស្ងៀមឡើយព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ ។ ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះ ដែលនិងចម្រើនកើនឡើងតាមលំដាប់ទៅបាន ដោយសារតែមានពេល ម៉ោង ថ្ងៃ ខែ ឆ្នាំ យប់ ជាគ្រឿងកត់សម្គាល់ដូចមានពេលព្រឹក ល្ងាច ថ្ងៃ យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ ខែ ឆ្នាំខានមិនបានដែរ ។ ហេតុនេះការចេះចាំថ្ងៃ ខែ ឆ្នាំមានប្រយោជន៍ជាច្រើនយ៉ាង។ បើប្រទេសណាមិនប្រើពេលម៉ោង ថ្ងៃ ខែ ឆ្នាំ ទេ ប្រទេសនោះនឹងធ្វើការអ្វីៗឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់សេមសាម គឺធ្វើការព្រឹកជាល្ងាចៗជាព្រឹក ខែនេះជាខែនោះឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែដូវថា រដូវភ្លៀង រដូវរាំង រដូវទឹកឡើង រដូវទឹកស្រក នឹងស្លឹកឈើជ្រុះជាដើម ។ ពុំនោះសោត គេទុកដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ គឺមនុស្សព្រៃ មនុស្សព្នង ដែលអាស្រ័យនៅក្នុងកោះតូចតាច ឆ្ងាយដាច់ស្រយោលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេមនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌កំណត់ឲ្យប្រើប្រើពេល ម៉ោង ថ្ងៃ ខែ ឆ្នាំ ហៅថា « សកលរាជ » ជាគ្រឿងចំណាំ ។
ឯសករាជ ដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ មាន៤យ៉ាងគឺ ១. ពុទ្ធសករាជ ២. គ្រិស្តសករាជ ៣. មហាសករាជ ៤. ចុល្លសករាជ ។ ឯសករាជទំាង៤យ៉ាងនេះគេរៀបរៀងតាមលំដាប់ដែលកើតមាន កើតក្រោយដូចតទៅនេះគឺៈ
១. ពុទ្ធសករាជ កើតមុនសករាជទាំង៣
២. គ្រិស្តសករាជ កើតក្រោយព.ស ៥៤៣ ឆ្នាំ
៣. មហាសករាជ កើតក្រោយព.ស ៦២១ ឆ្នាំ
៤. ចុល្លសករាជ កើតក្រោយព.ស ១.១៨១ ឆ្នាំ ។
ពុទ្ធសករាជ ក្នុងវចនានុក្រមខ្មែរ ភាគទី១ ទំព័រ៦២៩ប្រាប់ថា ពុទ្ធសករាជ គេកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃ អង្គារ ១៥កើត ខែ ពិសាខ ឆ្នាំ ម្សាញ់រាប់ត្រឹមថ្ងៃ១រោច ខែពិសាខ ឆ្នាំនោះមកជាពុទ្ធសករាជ ។
ការរាប់ពុទ្ធសករាជ ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងសាសនា ដែលហៅថា « បកសករាជ » ។ របៀបនេះ រាប់យកចំណែកខាងរនោចខែមួយមុនមកប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែ គឺមត្រូវរាប់ពីថ្ងៃ១រោច ខែ ពិសាខ មកដល់ថ្ងៃ១៥កើត ខែ ជេស្ឋ ជា១ខខែ ។ល។ ពីថ្ងៃ១រោច ខែ ចេត្រ មកដល់ថ្ងៃ១៥កើត ខែពិសាខ ជា១ខែ ( ពេញជា១ឆ្នាំ ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែនោះជាបច្ចុប្បន្នកាលមិនទាន់ពេញថាជាសករាជដែលកន្លងទៅហើយទេ ដូចជាកាលពីថ្ងៃ១៥រោច ខែស្រាពណ៍ ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ឌសករឲរាជកន្លងទៅហើយទេ ដូចជាកាលពីក្នុងថ្ងៃ១៥រោច ខែស្រាពណ៍ ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់នតែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួង ឬនិយាយស្តីប្រាប់គ្នាតាមធម្មតានោះត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមីដែលចូលក្នុងរវាងឆ្នាំគម្រប់២ នុះឯងថាពុទ្ធសករាជ២ឆ្នាំ ឬពុទ្ធសករាជ ២បើប្រើអក្សរសង្ខេបត្រូវប្រើអក្សរជា ព.ស ២ ។
ពុទ្ធសករាជនេះចាប់ផ្តើមកើតមានឡើងជាដំបូងនៅក្នុងប្រទេសឥណ្ឌា ដោយពួកពុទ្ធបរិស័ទមានព្រះសង្ឃជាដើម ក្នុងប្រទេសនោះកំណត់ឲ្យប្រើឡើង ចាប់រាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ឌអង្គទ្រង់ចូលបរិនិព្វានទៅបាន១ថ្ងៃ គឺកំណត់រាប់តាំងពីត្រឹមថ្ងៃពុទ្ធ ១រោច ខែពិសាខ ឆ្នាំម្សាញ់នោះមកឲ្យឈ្មោះថាជាពុទ្ធសករាជ ដោយមានថ្ងៃបរិនិព្វាននៃព្រះពុទ្ធជាគោលចារឹក ហើយតមកក្នុងប្រទេសនានា ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូចប្រទេសខ្មែរជាដើមក៏និយមប្រើតៗគ្នាមករហូតដល់សព្វថ្ងៃនេះ ។
ឯប្រទេសឥណ្ឌា កាលពីសម័យមុន ដែលពុំទាន់មានពុទ្ធសករាជនៅឡើយគេនិយមប្រើបុរាណសករាជ គឺសករាជខាងសាសនាព្រាហ្មណ៍ជាច្រើនពាន់ឆ្នាំមកហើយ ។ លុះដល់មានពុទ្ធសករាជ ប្រទេសឥណ្ឌាក៏ចាប់ប្រើពុទ្ឌសករាជជាប់ឡើង ។ ក្នុងសម័យបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាឈប់ប្រើពុទ្ធសករាជទៅហើយ តែគេប្រើសករាជអ្វីយើងមិនបាច់និយាយ ។
គ្រិស្តសករាជ ក្នុងវចនានុក្រមខ្មែរ ភាគទី២ ទំព័រ៧៩៧ប្រាប់ថា គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សានៃសាស្តាម្នាក់ឈ្មោះ យេស៊ូឬហ្ស៊េហ៊ុយគ្រិស្ត ជាអ្នកបង្កើតលទ្ធិ ឬសាសនាមួយហៅថា សាសនាគ្រិស្ត ក្នុងកាលសតវត្សន៍ទី៦នៃពុទ្ធសករាជ ( ព.ស.៥៤៣ ) ។ ពិតមែនតែព្រះហ្ស៊េហ្ស៊ុយគ្រិស្ត ទទួលមរណភាពក្នុង ព.ស ៥៧៦ ក្នុងអាយុគម្រប៣៣ឆ្នាំ តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើតគឺក្នុងព.ស ៥៤៣ ហៅថាគ្រិស្តសករាជសរសេរអក្សរសង្ខេបថាគ.ស គឺសករាជដែលគេនិយមប្រើក្នុងប្រទេសអឺរ៉ុបនឹងប្រទេសអាស៊ីដោយច្រើន ក្នុងសម័យសព្វថ្ងៃនេះ ។
មហាសករាជ ក្នុងវចនានុក្រមខ្មែរភាគទី១ ទំព័រ៧២២នឹងភាគទីទំព័រ១០៨១ ប្រាប់ថា ស័ក ប្រែថា កាល សម័យយុគ...រាជប្រែថា « ស្តេច » ។ ការរាប់ថ្ងៃខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់ ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំហៅថា «សករាជ » សករាជនេះកើតឡើងអំពីជនមួយពួកហៅថា « សករាជ » សករាជនេះកើតឡើងអំពីជនមួយពួកហៅថា ពួកតាតិ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា ក្នុងកាលលុកលុយចូលមកបាតអំណាចក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈឬសាលិវាហនៈ ហើយក៏ចាប់ផ្តើមរាប់ឆ្នាំតាំងពីមួយរៀងមកហៅរបៀបការរាប់ឆ្នាំនោះថា « ស័កឬសករាជ » ដែលចំណេរតតមក ហៅថា « មហាសករាជ» ប្រែថា « សករាជធំ» នេះកើតមុនចុល្លសករាជ៥៦០ ឆ្នាំ ជាប់មានប្រើក្នុងប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី១០នៃពុទ្ធសករាជ ( ព.ស ៩២១) រហូតមកដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម.ស ។
មហាសករាជ ប្រាកដថាកើតឡើងក្នុងប្រទេសឥណ្ឌាជាដំបូងក្នុងព.ស ៦២១ ឆ្នាំអំពីជនពួកមួយ ដែលមានរៀបរាប់ខាងលើនេះ មិនមែនកើតឡើងជាដំបូងនៅប្រទេសខ្មែរដោយព្រះកេតុមាលាតាំងឡើងក្នុងព.ស ៦២១ នោះទេ ។
ក្នុងព្រះរាជពង្សាវតារខ្មែរភាគទី២ ថា ព្រះកេតុមាលា កាលស្តេចឡើងគ្រងរាជសម្បត្តិក្នុងព.ស ៦២១ឆ្នាំមែន ជាមួយនឹងឆ្នាំដែលប្រទេសឥណ្ឌា បង្កើតឲ្យប្រើមហាសករាជប៉ុន្តែទ្រង់ពុំទាន់បញ្ញត្តឲ្យប្រើមហាសករាជ ក្នុងឆ្នាំនោះនៅឡើយទេ ។ លុះដល់មកព.ស ៦២៣ ឆ្នាំព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ក៏តាំងជាមហាសករាជដរាបមក ។ ( ត្រង់នេះហើយប្រហែលជា ព្រះកេតុមាលាបញ្ញត្តិឲ្យប្រើមហាសករាជ តាមប្រទេសឥណ្ឌា ហើយគេនិយមថា ព្រះកេតុមាលាផ្តើមបង្កើតមហាសករាជជាប្រឋមនៅប្រទេសខ្មែរ ) ។
ចុល្លសករាជ ក្នុងវចនានុក្រមខ្មែរភាគទី១ ទំព័រ១៥២ ប្រាប់ថាចុល្លសករាជ ប្រែថា « សករាជតូច » សករាជតូចនេះចាប់ផ្តើមតាំងឡើងនៅថ្ងៃច័ន្ទ ១២កើត ខែខែត្រ ឆ្នាំកុរឯកស័ក ព.ស ១.១៨១ ។
ក្នុងវចនានុក្រមខ្មែរ ភាគទី២ទំព័រ១.០៨១ប្រាប់ថាក្នុងព្រះរាជពង្សាវតារខ្មែរ ថាព្រះបាទសម្តេចព្រះអរិដ្ឋពលពាហនោ ( ព្រះកេតុមាលា ) បានតាំងមហាសករាជ១ក្នុងកាលព.ស ៦២១ ។ ព្រះបាទសម្តេចសន្ធិពអមរិន្ទបរមព្រហ្មកិល ( ពញាក្រែក ) បានតាំងចុល្លសករាជ១ ក្នុងកាលព.ស ១.១៨១ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យនៅនគរធំ ។
ក្នុងច្បាប់រាជពង្សាវតារក្រុងកម្ពុជាធិបតីខ្សែ២ ប្រាប់ថាគ.ស ៦៣៩ ព្រះបាទសម្តេចព្រះបទុមសុរិយាវង្ស ស្តេចតាំងឲ្យមានជាចុល្លសករាជឡើងរាប់១រៀងមក ។
ក្នុងច្បាប់ព្រះរាជពង្សាវតារក្រុងកម្ពុជា ដែលលោកទេពពិទូរ ឈឹន ក្រសេម បានរួបរួមឡើងជាថ្មីថាក្សត្រមនបានតាំងឡើងជាដំបូងក្នុងប្រទេសមននោះក៏បាន ។ បើនឹងយល់ថា ក្សត្រខ្មែរ បានតាំងចុល្លសករាជឡើងជាដំបូងក្នុងប្រទេសខ្មែរក៏បានដែរ ។ ប៉ុន្តែត្រូវយល់ថា មានតែព្រះបាទជយវរ្ម័នទី១ ទ្រង់បានតាំងចុល្លសករាជឡើងជាដំបូង ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យ ក្នុងព.ស ១.១៨១នេះឃើញគួរជាងព្រោះក្សត្រអង្គនេះសោយរាជ្យនៅនគរវត្ត ហើយបានតាំងប្រើចុល្លសករាជដរាបមក ( ដែលថាយ៉ាងនេះដោយអាងច្បាប់ព្រះរាជពង្សាវតារដែលលោកទេពពិទូរ ឈឹម ក្រសេម រួបរួមជាន់ក្រោយ ) ។
ការប្រើសករាជ ក្នុងប្រទេសកម្ពុជាប្រើសករាជ៤យ៉ាងគឺពុទ្ធសករាជ មហាសករាជចុល្លសករាជ និងគ្រិស្តសករាជ ។
ឯពុទ្ធិសករាជនិងមហាសករាជប្រាកដជាមានដើមកំណើតកើតឡើងក្នុងប្រទេសឥណ្ឌា ដោយសារជនជាតិឥណ្ឌាសាយភាយចូលមកក្នុងប្រទេសខ្មែរយើងផង បានជាខ្មែរយើងចាប់និយមប្រើពុទ្ធសករាជ នឹងមហាសករាជខ្លះតាមអារ្យធម៌ឥណ្ឌាតាំងពីសម័យនោះមក ។
តែកាលពីសម័យនគរភ្នំជាដំបូង រហូតមកទល់គ្នានឹងសម័យនគរធំ ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជនិងចុល្លសករាជជាផ្លូវការនៅឡើយទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ខាងចុងសម័យនគរធំ ទើបមានប្រើចុល្លសករាជផងជាផ្លូវការ រួមជាមួយពុទ្ធសករាជនិងមហាសករាជរឿងនេះដឹងបានដោយសារមានសិលាចារិកជាភស្តុតាង ។
ចំណែកគ្រិស្តសករាជ ចាប់ផ្តើមប្រើក្នុងប្រទេសកម្ពុជាតាំងពីរជ្ជកាលនៃ ព្រះបាទសម្តេចព្រះហិររក្សរាមាឥស្សរាធិបតី ( ព្រះអង្គឌួង ) គឺតាំងពី ព.ស ២៣៩១ គ.ស ១៨៤៧ រៀងមកដោយសារប្រទេសបារាំងសែស និងប្រទេសកម្ពុជាមានការទាក់ទងគ្នាតាំងពីសម័យនោះមក ។
ការរៀបរៀងអត្ថបទសករាជដូចខាងលើនេះឃើញថាត្រឹមត្រូវល្មមទុកជាគិតទៅអនាគតបានដោយមានក្បួនតម្រាជាភស្តុគ្រប់សករាជប៉ុន្តែបើពិនិត្យអំពីការប្រើសករាជនៅប្រទេសខ្មែរយើង ក្នុងសម័យបច្ចុប្បន្ននេះជាផ្លូវការក្តីជាសាធារណៈក្តីឃើញច្រើនតែប្រើគ្រិស្តសករាជពុំសូវមានប្រើពុទ្ធសករាជឡើយ ។
ហេតុនេះក្នុងសម័យនេះគួរលើកយកពុទ្ធសករាជមកចុះប្រើជាផ្លូវការ និងប្រើជាសារធារណៈទុកជាសរណៈដល់ពុទ្ធសករាជ នេះឃើញថាជាទីសមរម្យដល់ប្រទេសកាន់ពុទ្ធសាសនា ដូចជាប្រទេសថៃជាដើម ។