សំណួរ
១- អ្វីទៅជាបណ្តាញចែកចាយ ?
២- តើច្រកបែងចែកទំនិញឲ្យអ្នកប្រើប្រាស់មានប៉ុន្មាន ? អ្វីខ្លះ ?
៣- អ្វីទៅជាអ្នកលក់ដុំ ?
៤- តើអត្ថប្រយោជន៍សម្រាប់ផលិតករមានអ្វីខ្លះ ?
៥- តើអត្ថប្រយោជន៍សម្រាប់អ្នកលក់រាយមានអ្វីខ្លះ ?
ចម្លើយ
១- បណ្តាញចែកចាយ គឺជាផ្លូវដែលរបស់របរត្រូវប្រកាន់យក នៅពេលដែលវាធ្វើចលនាពីអ្នកផលិតទៅកាន់អ្នកប្រើប្រាស់ ។ នៅពេលដែលរបស់របរធ្វើដំណើរឆ្ពោះទៅរកផ្សារ វាអាចកាត់តាមបណ្តាញចែកចាយយ៉ាងទូលំទូលាយដែលកើតឡើងដោយឈ្មួញកណ្តាល ។ ឈ្មួញកណ្តាលទាំងនោះអាចជាអ្នកលក់ដុំ ឬអ្នកលក់រាយដែលត្រូវបញ្ជូនទំនិញបន្តពីរោងចក្រទៅកាន់អ្នកប្រើប្រាស់ ។ អ្នកលក់ដុំ និងអ្នកលក់រាយ ពួកគេនឹងជួយបំពេញចន្លោះរវាងរោងចក្រនិងអ្នកប្រើប្រាស់ ដោយទាញយកចំណេញបន្តតាមរយៈបណ្តាញផ្នែកម៉ាឃីធីង ។ និងបន្ថែមតម្លៃឲ្យផលិតផលដោយបង្កើតសារៈប្រយោជន៍នៃពេលវេលា ទីកន្លែង និងកម្មសិទ្ធិ ។ និយាយឲ្យចំ ពួកគេសំដែងនាទីទិញ លក់ ដឹកនាំ ទុកដាក់ ប្រថុយគ្រោះថ្នាក់ កំណត់ថ្លៃ និងព័ត៌មានអំពីទីផ្សារជាដើម ។
២- ច្រកបែងចែកទំនិញឲ្យអ្នកប្រើប្រាស់មានចំនួន៤គឺ ៖
- បណ្តាញពីផលិតករទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ (Direct from the manufacturer to the consumer) ការបង្ហូរផលិតផលដោយត្រង់ឲ្យអ្នកប្រើប្រាស់ គឺជាប្រឡាយចែកចាយងាយជាងគេ ។ ដំណើរការនេះអាចសម្រេចបានតាមរយៈ (១)ហាងជាកម្មសិទ្ធិរបស់ផលិតករ (២)ការដើរលក់តាមផ្ទះ ឬ(៣)ការផ្ញើរតាមប្រៃសណីយ៍ដោយត្រង់ ។ សណ្តានទាំងបីនេះ ផ្តល់អត្ថប្រយោជន៍ការងាយស្រួលក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ម្ចាស់ ។
- បណ្តាញពីផលិតករទៅកាន់អ្នកលក់ដុំបន្តទៅអ្នកប្រើប្រាស់ (From the manufacturer, via the wholesaler, to the consumer) ជួនកាលការបង្ហូរផលិតផលតាមរយៈអ្នកលក់ដុំ គឺមិនចាំបាច់ឆ្លងកាត់អ្នកលក់រាយនោះទេ ព្រោះអ្នកលក់ដុំអាចបោះដុំផង និងលក់រាយបានផងដែរ ប្រសិនបើអ្នកទិញជាអ្នកប្រើប្រាស់មកសុំទិញដល់កន្លែងក្នុងបរិមាណច្រើនដូចជាអ្នកលក់រាយដែរនោះ ។
- បណ្តាញពីផលិតករទៅកាន់អ្នកលក់ដុំបន្តទៅអ្នកលក់រាយ ហើយបន្តទៅអ្នកប្រើប្រាស់ (From the manufacturer via wholesaler and the retailer, to the consumer) ការបង្ហូរផលិតផលតាមរយៈអ្នកលក់ដុំ គឺជាសណ្តានចែកចាយ គេនិយមជាងគេ ហើយមានជាទូទៅសព្វថ្ងៃនេះ ។ ផលិតករភាគច្រើនផ្តោតយកចិត្តទុកដាក់លើកិច្ចការរបស់គេតែរឿងផលិតកម្ម ពីព្រោះក្រុមហ៊ុនខ្លះខ្វះសមត្ថភាពផ្នែកទីផ្សារ ឬខ្វះមូលធន ។ ដូច្នេះពឹងផ្អែកលើសេវារបស់អ្នកលក់ដុំ ដែលទិញក្នុងបរិមាណច្រើន ហើយធ្វើការលក់បន្ត ។
- បណ្តាញពីផលិតករទៅអ្នកលក់រាយហើយបន្តទៅអ្នកប្រើប្រាស់ (From the manufacturer via the retailer, to the consumer) ការបង្ហូរផលិតផលដំបូងទៅអ្នកលក់រាយ ដែលបន្តមកទៀតអ្នកលក់រាយក៏បង្ហូរទៅអ្នកប្រើប្រាស់ ។ បណ្តាញនេះគេប្រទះឃើញទូទៅពិសេសក្នុងករណីរបស់របរត្រូវដើរទិញ ពីព្រោះវាផ្តល់ឲ្យផលិតករនូវកម្រិតការត្រួតពិនិត្យផលិតផលខ្ពស់ ហើយនិងផ្តល់ឲ្យគេនូវព័ត៌មានទីផ្សារ ពីអ្នកទទួលមកគណៈចាត់ចែងការយ៉ាងឆាប់រហ័ស ។
៣- អ្នកលក់ដុំ គឺជាស្ថាប័នដែលទិញរបស់របរ ហើយបន្ទាប់មកក៏លក់របស់ទាំងនោះជាថ្មីទៅឲ្យអ្នកលក់រាយ ទៅអ្នកប្រើប្រាស់របស់របរ ឬទៅអ្នកលក់ដុំដទៃទៀត ។
៤- អត្ថប្រយោជន៍សម្រាប់ផលិតករមានដូចជា ៖
- ផលិតករភាគច្រើនមានលក្ខណៈតូច ហើយមានឯកទេសម្យ៉ាងៗ ដោយមានមូលធនកំណត់ និងបច្ចេកទេសម៉ាឃីធីងមិនទូលំទូលាយ ។ គេផ្តោតទៅលើការផលិត ដោយទុកឲ្យអ្នកដទៃចាត់ចែងមុខនាទីចែកចាយវិញ ។
- ការពឹងផ្អែកទៅលើអ្នកលក់ដុំជារឿយៗ ធ្វើឲ្យផលិតករអាចបង្រួមសោហ៊ុយក្នុងការចែកចាយទាំងអស់របស់គេឲ្យនៅតិចបំផុត ។
- ការពឹងផ្អែកទៅលើអ្នកលក់ដុំ ធ្វើឲ្យដំណើរការម៉ាឃីធីងងាយហើយធ្វើឲ្យកិច្ចការលក់ដូរខ្លះទៅជាការចាំបាច់ ។ ផលិតករចាំបាច់ត្រូវប្រឈមមុខជាមួយអ្នកលក់ដុំមួយចំនួនតូច ប្រសើរជាងប្រឈមមុខជាមួយអ្នកលក់រាយរាប់ពាន់នាក់ ។
- អ្នកលក់ដុំផ្តល់ការធានាយ៉ាងខ្លាំងក្លាអំពីច្រកលក់ចេញទាំងអស់ដែលអាចមាននៅក្នុងតំបន់របស់គេ ។
- អ្នកលក់ដុំជាញឹកញាប់ បញ្ជូនព័ត៌មានសំខាន់ៗអំពីទីផ្សារដែលទាក់ទងទៅនឹងការពេញចិត្តទិញផលិតផល អំពីការអភិវឌ្ឍន៍ថ្មីនៃទីផ្សារ និងនិន្នាការដែលនឹងមានក្នុងថ្ងៃអនាគត ។ល។
៥- អត្ថប្រយោជន៍សម្រាប់អ្នកលក់រាយមានដូចជា ៖
- ការពឹងផ្អែកទៅលើអ្នកលក់ដុំ ធ្វើឲ្យមុខនាទីទិញរបស់អ្នកលក់រាយរិតតែងាយស្រួល ដោយគេត្រូវការទាក់ទងតែជាមួយនឹងអ្នកលក់ដុំមួយចំនួនតូចប៉ុណ្ណោះ ជាជាងទាក់ទងជាមួយនឹងផលិតកររាប់រយ ឬរាប់ពាន់នាក់ ។
- ការពឹងពាក់ទៅលើអ្នកលក់ដុំ ជាញឹកញាប់ធ្វើឲ្យអ្នកលក់រាយអាចបន្ថយសោហ៊ុយទាំងអស់របស់គេដែលចាយសម្រាប់ការទិញ ។ អ្នកលក់ដុំតែងតែអាចផ្តល់អត្ថប្រយោជន៍នៃការបញ្ចុះថ្លៃរបស់ និងការសន្សំថ្លៃដឹកនាំ ដែលអ្នកលក់រាយភាគច្រើនមិនមានសមត្ថភាពធ្វើបាន ។
- អ្នកលក់ដុំផ្តល់នូវមុខនាទីស្តុករបស់របរទុក ដូច្នេះធ្វើឲ្យអ្នកលក់រាយអាចប្រតិបត្តិបានដោយការប្រថុយគ្រោះថ្នាក់នឹងមូលធនតិច ។
- អ្នកលក់ដុំភាគច្រើនផ្តលការលក់បណ្តាក់ ។ ការនេះបន្ថយនូវសេចក្តីត្រូវការមូលធនរបស់អ្នកលក់រាយ ។
- អ្នកលក់ដុំផ្តល់ឲ្យអ្នកលក់រាយនូវព័ត៌មានអំពីទីផ្សារ ។
តភាគ