គោលដៅសំខាន់មួយនៃការបង្កើតផ្សារហ៊ុន គឺដើម្បីប្រមែប្រមូលសាច់ប្រាក់ទំនេររបស់ប្រជាជនទូទៅយកទៅឱ្យ ក្រុមហ៊ុនអាជីវកម្មនានាប្រើប្រាស់ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ។ ចរាចរណ៍កើនឡើងនៃសាច់ប្រាក់ទាំងនេះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកើនឡើង ។ នេះគឺជាសារប្រយោជន៍មួយសម្រាប់ម៉ាក្រូសេដ្ឋកិច្ច ។ ប្រសិនបើយើងនិយាយមួយបែបផ្សេងសម្រាប់ប្រជាជនម្នាក់ៗជាវិនិយោគិនវិញ ការបង្កើតផ្សារហ៊ុនគឺផ្តល់ឱ្យពួកគាត់នូវឱកាសយកសាច់ប្រាក់ទំនេររបស់ខ្លួន (សល់ពីការចាយវាយនិងវិនិយោគដទៃទៀត) មកចូលរួមវិនិយោគជាមួយក្រុមហ៊ុនអាជីវកម្មដែលចុះបញ្ជីនៅលើផ្សារហ៊ុន ។ វិនិយោគិនអាចទទួលបានឱកាស និងផលប្រយោជន៍ផ្សេងៗទៀតដូចខាងក្រោម ៖
- ឱកាសវិនិយោគមួយបន្ថែមទៀត (ជាមួយក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុន) បន្ថែមលើការបើកអាជីវកម្មរកស៊ីខ្លួនឯង ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយបងប្អូនឬមិត្តភ័ក្ត្រ ។
- ឱកាសក្លាយជាម្ចាស់ម្នាក់នៃក្រុមហ៊ុនចុះបញ្ជី (ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗ) ដោយមិនចាំបាច់មានប្រាក់ច្រើន និងមិនចាំបាច់ចំណាយពេលវេលាច្រើន ដូចការគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន ។
- ជាប្រភពចំណូលទីពីរបន្ថែមលើប្រាក់បៀវត្ស (ឬក៏ប្រាក់ចំណេញពីអាជីវកម្មដែលមានស្រាប់) ក្នុងទម្រង់ជាភាគលាភ ឬប្រាក់ចំណេញពីការទិញលក់ភាគហ៊ុន ។
- ជាជម្រើសមួយបន្ថែមទៀត សម្រាប់ការធ្វើសំណុវិនិយោគដែលមានស្រាប់ គឺបន្ថែមលើការវិនិយោគលើវិស័យអចលនទ្រព្យ ឬការសន្សំមានកាលកំណត់នៅធនាគារជាដើម ។
- មានភាពងាយស្រួលនិងរហ័សក្នុងការចូលវិនិយោគ (ទិញហ៊ុន) ក៏ដូចជាការដកខ្លួនចេញវិញ (លក់ហ៊ុន) នៅពេលដែលត្រូវការសាច់ប្រាក់វិញ ។
- មិនមានពន្ធប្រថាប់ត្រាលើការជួញដូរហ៊ុននៅលើផ្សារហ៊ុនទេ ។
- មិនមានពន្ធកាត់ទុកលើភាគលាភដែលទទួលដោយនិវេសនជនកម្ពុជាទេ (រួមទាំងជនបរទេសផងដែរ) ហើយមានការបន្ធូរបន្ថយ ៥០% លើពន្ធកាត់ទុក(១៤%) លើភាគលាភទទួលដោយអនិវេសនជនសម្រាប់រយៈពេលបីឆ្នាំដំបូង ដោយរាប់ចាប់ពីកាលបរិច្ឆេទប្រតិបត្តិការដំបូងរបស់ផ្សារមូលបត្រកម្ពុជា ។