Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១០១- សូមបកស្រាយលំអិតអំពីស្ថានភាពពលករបច្ចុប្បន្ន នីតិវិធីដំណោះស្រាយ និងផែនការអនុវត្តបន្ត ?

១០២- តើអ្វីទៅជាគោលដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា តើយុទ្ធសាស្រ្តចតុកោណនេះ បានដាក់ចេញនូវគោលការណ៍ចម្បងអ្វីខ្លះ ក្នុងការអភិវឌ្ឍវិស័យ មុខរបរនិងការងារនៅកម្ពុជា ? ហើយអ្វីខ្លះជាចំណុចប្រឈមក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណនេះ ?

១០៣- តើអ្នកគិតថាអ្វីខ្លះជាមូលហេតុនៃការកកើតសហជីពដ៏ច្រើននៅកម្ពុជា ? តើសហជីពមានតួនាទីអ្វីខ្លះក្នុងការរក្សាស្ថេរភាពក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា  តើក្រសួងគួរធ្វើយ៉ាងដូចម្តេចដើម្បីសំណូមពរឱ្យសហជីពដើរតួនាទីកាន់តែតម្លាភាព និងទទួលខុសត្រូវចំពោះសមាជិករបស់ខ្លួនផង និងសង្គមផង ?

១០៤- តើអ្វីទៅជាការងាររដ្ឋបាល ? រដ្ឋបាលត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងយ៉ាងដូចម្តេច ? តើអ្នកយល់យ៉ាងដូចម្ដេចអំពីការងាររដ្ឋបាលនៅកម្ពុជា ? តើអ្នកមានគំនិតចង់កែទម្រង់កិច្ចការរដ្ឋបាលយ៉ាងដូចម្តេច ?

១០៥- តើអ្វីជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈនៅតាមបណ្តាក្រសួងស្ថាប័ន ? ចូររៀបរាប់។

ចម្លើយ

១០១- កន្លងមកប្រទេសថៃតែងតែមានចំណាត់ការចំពោះពលករ ដែលកំពុងធ្វើការដោយខុសច្បាប់នៅតាមសហគ្រាសគ្រឹះស្ថាននានានៅក្នុងប្រទេសថៃ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃប្រទេសទាំងពីរកម្ពុជ-ថៃ បានព្រមព្រៀង និងរៀបចំបែបបទជូនពលករខ្មែរដែលកំពុងធ្វើការខុសច្បាប់ ក្លាយជាពលករស្របច្បាប់។ ប៉ុន្តែនៅពេលថ្មីៗនេះរដ្ឋាភិបាលយោធាថៃបានបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញយ៉ាងតក់ក្រហល់ និងគំហុកដោយគ្មានការជូនដំណឹង និងពិភាក្សាជាមុនជាមួយកម្ពុជា។ គិតចាប់ពីថ្ងៃទី០៦ ដល់ ២៣ ខែមិថុនា ឆ្នាំ២០១៤ ចំនួន ពលករដែលបានត្រឡប់មកកម្ពុជាវិញមានចំនួនសរុប ២៤១ ៣៨៦ នាក់ ក្នុងនោះតាមច្រកខេត្តបន្ទាយមានជ័យចំនួន ១៩៤ ៤៨៧ នាក់ តាមច្រកខេត្តឧត្តរមានជ័យចំនួន ១២ ០៦២ នាក់ តាមច្រកខេត្តបាត់ដំបងចំនួន ២១ ៨០៣ នាក់ តាមច្រកខេត្តប៉ៃលិនចំនួន ៤ ៩៦៧ នាក់ តាមច្រករខេត្តកោះកុងចំនួន ៣ ០៦៧ នាក់។ ពលករដែលបានចាប់បញ្ជូន ទាំងអស់រួមមានពលករដែលកំពុងធ្វើការខុសច្បាប់ ចាស់ជរា ជនពិការ កុមារ និងស្ត្រីមានផ្ទៃពោះ។

         ក- ពលករកម្ពុជាដែលមានបំណងវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ៖

  • រដ្ឋាភិបាលយោធាថៃបានចេញសេចក្តីប្រកាសចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ តាមរយៈគណៈកម្មា ធិការជាតិរក្សាសន្តិភាព បានបង្កើតមណ្ឌលសម្របសម្រួល (Coordinating Center) នៅតាមព្រំដែន ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ដែលមានចំនួន ៤កន្លែង

         - អារញ្ញ (ខេត្តស្រះកែវ) ទល់មុខក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

         - បានប៉ាកាត (ខេត្តច័ន្ទបុរី) ទល់មុខក្រុងប៉ៃលិន

         - កាត់ឆ្អឹង (ខេត្តសូរិន) ទល់មុខអូរស្មាច់ ខេត្តឧត្តរមានជ័យ និង

         - ហាតលឹក (ខេត្តត្រាត ) ទល់មុខចាំយាម ខេត្តកោះកុង

  • ពលករខ្មែរទាំងអស់ដែលបានចាកចេញពីប្រទេសថៃនាពេលថ្មីៗនេះ អាចទៅធ្វើការនៅកន្លែងដើមវិញ តាមមជ្ឈមណ្ឌលសម្របសម្រួលទាំងនេះ ដោយមាននិយោជកដែលខ្លួនបានធ្វើការពីមុននៅចាំទទួល។ ពលករខ្មែរដែលពុំមាន ឬមានឯកសារមិនគ្រប់គ្រាន់អាជ្ញាធរថៃទុកពេល ៦០ថ្ងៃ សម្រាប់ឱ្យពួកគេបែបបទឱ្យបានត្រឹមត្រូវនៅតាមមជ្ឈមណ្ឌលច្រកចេញចូលតែមួយ (One Stop Service) ដែលមាននៅ គ្រប់ខេត្តទាំង៧៧ របស់ថៃ សម្រាប់ផ្តល់សេវាកម្មពិនិត្យសុខភាព និងចេញប័ណ្ណការងារ (Work Permit) ប័ណ្ណស្នាក់នៅ (Stay Permit) ដែលមានរយៈពេលតាមកិច្ចសន្យាការងាររវាងពលករ និង និយោជិកថ្ងៃអាចពី ២ឆ្នាំ ហើយបន្តទៀតបាន២ឆ្នាំ។ ដើម្បីបានប័ណ្ណការងារ (Work Permit) និង ប័ណ្ណស្នាក់នៅ (Stay Permit) ពលករត្រូវមានឯកសាររបស់កម្ពុជារួមមាន៖ ប័ណ្ណពលករកម្ពុជាទៅធ្វើការបរទេស (Overseas Cambodia Worker Card) និងលិខិតឆ្លងដែន(Passport)។

         ខ. វិធានការរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ពលករដែលវិលត្រឡប់ពីប្រទេសថៃ និងពលករដែលមាន បំណងត្រឡប់ទៅធ្វើការនៅប្រទេសថៃ ៖

         អនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីកងកម្លាំង ប្រដាប់អាវុធ បានធ្វើប្រតិបត្តិការឆ្លើយតបទាន់ពេលវេលា ដើម្បីទទួលដំណើមាតុភូមិនិវត្តន៍ដ៏កំហុករបស់ពលករដោយធានាបាននូវសេវាសង្គ្រោះបន្ទាន់ ឧបត្ថម្ភស្បៀងអាហារ ការថែរក្សាសុខភាព ដឹកជញ្ជូនបងប្អូនពលករទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។

  • ដើម្បីជាការលើកទឹកចិត្ត និងដោះស្រាយបញ្ហានានារបស់ពលករទាំងនោះ ក៏ដូចជាការស្វែងយល់ពីជីវភាពរស់នៅបន្ទាប់ពីការវិលត្រឡប់ពីប្រទេសថៃទៅកាន់ភូមិដ្ឋានវិញ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានី ខេត្តបាន ៖
  • សហការជាមួយអាជ្ញាធរមូលដ្ឋានក្តាប់ជាប់ជាប្រចាំអំពីចំនួនស្ថិតិ និងស្ថានភាព (ជីវភាព សុខភាព និងការងារ) របស់ពលករទាំងអស់នោះ។
  • ឧបត្ថម្ភសម្ភារ ឬគ្រឿងឧបភោគ និងបរិភោគ។
  • ជួយគាំទ្រព្យាបាល និងឧបត្ថម្ភដល់ពលករដែលមានជម្ងឺ ឬដែលជួបប្រទះគ្រោះថ្នាក់នានា ឬទទួលមរណភាព។
  • ខិតខំសហការជាមួយក្រសួង ស្ថាប័ននានា និងអង្គការជាតិ-អន្តរជាតិដើម្បីស្វែងរកការងារជូនពលករ និងខិតខំជំរុញការបង្កើតការងារនៅតាមមូលដ្ឋានរបស់ខ្លួន។

         - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតគណៈកម្មការសម្រាប់ដោះស្រាយករណីពលករទេសន្តរប្រវេសន៍ខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងបានសហការជាមួយនឹងអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយ អំពីព័ត៌មានទីផ្សារការងារ និងចុះឈ្មោះពលករដើម្បីជួយរកការងារឲ្យធ្វើ និងជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ។

         - ចេញសេចក្តីជូនដំលឹងស្តីពីការផ្តល់សេវាការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានបំណងបង្កើននូវជំនាញរយៈពេលខ្លី និងមធ្យម (ពី១សប្តាហ៍ ទៅ ៤ខែ)។ កន្លងមកក្រសួង បានជូនដំណឹងដល់ពលករនូវឱកាសការងារក្នុងស្រុកជិត ៤ម៉ឺនកន្លែង។ ពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទៅរកការងារដោយផ្ទាល់នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានារួចទៅហើយ។

         - សហការជាមួយក្រុមហ៊ុនជ្រើសរើសឯកជន ជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលវិលត្រឡប់មកពីប្រទេសថៃវិញ និងរៀបចំបែបបទស្របច្បាប់ជូនពលករកម្ពុជា ក្នុងករណីពលករមានបំណងទៅធ្វើការនៅប្រទេសថៃវិញ។

         - ដើម្បីបន្ថយការចំណាយ និងជួយសម្រួលបែបបទជូនពលករកម្ពុជា ដែលមានបំណងទៅធ្វើការនៅបរទេស ពិសេសពលករដែលមានបំណងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញលិខិតឆ្លងដែនជូនពលករដោយអាករជាបន្ទុករបស់រដ្ឋ និងយកតម្លៃថតរូប ចំនួន ៤ដុល្លារ អាមេរិច។ រយៈពេលធ្វើលិខិតឆ្លងដែន ២០ថ្ងៃ នៃថ្ងៃធ្វើការតាមរយៈអនុក្រឹត្យលេខ ២០៥ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៤ ស្តីពីការផ្តល់លិខិតឆ្លងដែនជូនពលករ ពលការិនី និងសិស្សនិស្សិតខ្មែរ។

         - រៀបចំឱ្យមានច្រកចេញចូលតែមួយនៅគ្រប់នៅគ្រប់រាជធានី -ខេត្ត មន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាខាផ្តល់លិខិតឆ្លងដែន របស់ក្រសួងមហាផ្ទៃ ដើម្បីសម្រួលក្នុងការបំពេញបែបបទជូនពលករប្រកបដោយតម្លាភាព និងកាត់បន្ថយពេលវេលានូវការបំពេញបែបបទធ្វើលិខិតឆ្លងដែន ដែលអាករជាបន្ទុករបស់រដ្ឋ (ពលករអត់មានចំណាយថវិកា)។

         - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដោយកំណត់ឱ្យរាល់ការចំណាយផ្សេងៗជាបន្ទុករបស់ក្រុមហ៊ុនជ្រើសរើសឯកជនស្របច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពលករចំណាយតែ ២០ ដុល្លារអាមេរិច សម្រាប់បង់ថ្លៃទិដ្ឋាការងារទៅឱ្យស្ថានទូតថៃប្រចាំនៅកម្ពុជាតែប៉ុណ្ណោះ។

         - ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបញ្ជូនប្រតិភូបច្ចេកទេសដើម្បីទៅពិភាក្សាជាមួយភាគីថៃ ដើម្បី កំណត់នូវនិតិវិធីក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ជាពិសេសការរៀបចំច្រកចេញចូលតែមួយកម្ពុជា-ថៃ តាមស្មារតីអង្គប្រជុំដែលបានព្រមព្រៀងគ្នាកន្លងមករួចហើយ។

១០២- + គោលដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់ទី ៣ គឺ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។

+ យុទ្ធសាស្ត្រចតុកោណនេះបានដាក់ចេញនូវគោលការណ៍ចម្បងដូចជា ៖

  • បន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ
  • ការបណ្តុះបណ្តាល វិជ្ជាជីវៈឱ្យស្របតាមសេចក្តីត្រូវការទីផ្សារ
  • រៀបចំ និងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ
  • ពង្រឹងយន្តការវេទិកាការងារ និងពង្រីកសេវារកការងារ និងការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារក្នុងនិងក្រៅប្រទេសឱ្យបានទូលំទូលាយ
  • បន្តអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យកាន់តែល្អប្រសើរ
  • បន្តអភិវឌ្ឍធនធានមនុស្សលើផ្នែកបច្ចេកទេស ឱ្យឆ្លើយតបតាមសំណូមពរនៃការអភិវឌ្ឍសង្គម
  • បន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ
  • បន្តសិក្សាប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត
  • បន្តពង្រីកសេវាធានារ៉ាប់រងហានិភ័យការងារ រៀបចំអនុវត្តធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិត ព្រមទាំងធានារ៉ាប់រងប្រាក់សោធន

+ បញ្ហាប្រឈមក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ មានដូចជា ៖

  • មិនសូវមានការចូលរួមខ្ពស់ និងមោះមុតពីសាធារណជន មន្ត្រី អ្នកនយោបាយ និងថ្នាក់ដឹកនាំគ្រប់អង្គភាព ឬស្ថាប័ន
  • ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងហរិញ្ញវត្ថុពិភពលោក
  • ការធ្វើវិសោធនកម្ម និងពង្រឹងយន្តការច្រើន ដើម្បីជម្រុញការអនុវត្ត
  • ភាពជឿទុកចិត្តលើការផ្តល់សេវាសាធារណៈ និងសេវាយុត្តិធម៌នៅមានកម្រិត
  • សមត្ថភាពធនធានមនុស្សនៅមានកម្រិត

១០៣- + មូលហេតុនៃការកកើតសហជីពដ៏ច្រើននៅកម្ពុជា៖

         - កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី

         - រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺស្របតាមគោលដៅសកលនៃសិទ្ធិមនុស្ស និងមានលក្ខណៈសេរីនិយម

         - មានច្បាប់ការងារដែលស្របតាមអនុសញ្ញានានារបស់អង្គការអន្តរជាតិខាងការងារ ILO

         - រាជរដ្ឋាភិបាល មានសុឆន្ទៈឱ្យមានសន្ទនាសង្គម

+ សហជីពមានតួនាទី ៖

         - ជាតំណាង ឬសម្លេង របស់កម្មករ និយោជិត

         - ជាដៃគូសន្ទនា (ចរចារ ) សង្គមរបស់និយោជិក និងរាជរដ្ឋាភិបាលក្នុងការចរចារលក្ខខណ្ឌការងារទំនាក់ ទំនងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ និយោជិត

         - ជាអ្នកនាំពាក្យពីនិយោជក ឬរាជរដ្ឋាភិបាលដល់កម្មករនិយោជិត

+ ក្រសួងគួរមានវិធានការណ៍​ ៖

         - បើកវគ្គបណ្តុះបណ្តាល បំពាក់បំប៉នដល់ថ្នាក់ដឹកនាំសហជីព ឱ្យមានការយល់ដឹងពីតួនាទីរបស់សហជីព

         - ផ្សព្វផ្សាយឱ្យកម្មករនិយោជិត យល់ដឹងពីកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំសហជីព ក្នុងការធ្វើជាតំណា របស់ខ្លួន ប្រកបដោយភាពស្មោះត្រង់

         - ផ្សព្វផ្សាយអំពីច្បាប់ បទបញ្ញត្តិ គោលការណ៍ ដែលពាក់ព័ន្ធ និងសិទ្ធិសេរីភាពក្នុងការចូលរួម និងមិនចូលរួមសហជីព

         - ផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃស្ថេរភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈដល់ការវិនិយោគទុនជនបរទេស

១០៤- ការងាររដ្ឋបាល គឺជាការគ្រប់គ្រង ថែរក្សា មើលការខុសត្រូវទៅលើអង្គភាពដែលខ្លួនបំពេញការងារឱ្យមានសណ្តាប់ធ្នាប់ និងចរន្តឯកសារបានល្អប្រសើរ។

  • រដ្ឋបាលត្រូវបានប្រើប្រាស់ក្នុងគោលបំណង ដើម្បីគ្រប់គ្រងនូវចរន្តការងាររបស់អង្គភាពនីមួយៗ សម្រួល ដល់ការរៀបចំចាត់ចែងការងារអង្គភាពកុំឱ្យមានភាពអនាធិបតេយ្យការងារ។
  • ការងាររដ្ឋបាលនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាល ផ្តោតអាទិភាពជាចំណុចស្នូលក្នុងការធ្វើកំណែទម្រង។ តាមរយៈកម្មវិធីកំណែទម្រង់នេះ នឹងធ្វើឱ្យកិច្ចការរដ្ឋបាលនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរឡើង ឆ្លើយតបបាន តាមកម្មវិធីអភិបាលកិច្ចល្អ។
  • គំនិតដែលខ្ញុំចង់កែទម្រង់កិច្ចការរដ្ឋបាលមានដូចខាងក្រោម ៖

         - សុំឱ្យមានច្រកចេញចូលតែមួយ

         - យន្តការ និងនីតិវិធីកាន់តែច្បាស់លាស់

         - សេវាល្អ រួសរាយ រាក់ទាក់

         - មានព័ត៌មានគ្រប់បែបយ៉ាងដល់សាធារណជន

         - មានតម្លាភាពក្នុងការទទួលខុសត្រូវ

         - មានក្រមសីលធម៌វិជ្ជាជីវៈ និងរក្សាការសម្ងាត់ក្នុងពេលបំពេញបំពេញ

១០៥- គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ត្រូវបានរៀបចំឡើងដើម្បីសម្របសម្រួល នឹងជួយ ដល់ក្រសួង ស្ថាប័នឱ្យសម្រេចនូវគោលដៅដូចខាងក្រោម៖

  • កែលម្អរបៀបរបបគ្រប់គ្រងការងារ តាមរយៈការរៀបចំប្រព័ន្ធការងារច្បាស់លាស់ ការកំណត់ភារកិច្ចរបស់មុខតំណែងសំខាន់ៗមួយចំនួន និងកំណត់ចំនួនមន្រ្តីឱ្យ (រៀបចំការពិពណ៌នាមុខតំណែង) សមស្រប ប្រកបដោយគុណភាពទៅតាមទំហំការងារ។
  • ពង្រឹងការគ្រប់គ្រង ការជ្រើសរើស ការរៀបចំចាត់ចែងមន្ត្រីតាមសមត្ថភាពជំនាញ ឱ្យបំពេញការងារចំកន្លែងឬចំមុខតំណែង និងឱ្យទាន់ពេលវេលា ដោយផ្អែកលើគោលការណ៍សមធម៌ តម្លាភាព និង គុណសម្បត្តិស័ក្តិសម។
  • ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ធនធានមនុស្ស ដែលមានស្រាប់ឱ្យអស់លទ្ធភាពដោយធ្វើការគ្រប់គ្រងប្រសិទ្ធភាពការងារ និងធ្វើការវាយតម្លៃការអនុវត្តការងាររបស់មន្ត្រី ដោយផ្អែកលើលក្ខខណ្ឌ ប្រតិបត្តិ និងសូចនាករដែលបានកំណត់។
  • លើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពការងារថ្មីៗដល់មន្ត្រីរាជការនៅក្នុងក្រសួង ស្ថាប័ន ព្រមទាំងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់មន្ត្រីរាជការជាបណ្តើរៗ តាមរយៈការបណ្តុះបណ្តាល ដោយផ្តោតលើតម្រូវការចាំបាច់ និងការធ្វើកម្ពុជានីយកម្មលើការបណ្តុះបណ្តាល។
  • ពង្រឹងក្រមសីលធម៌ និងវិន័យមន្ត្រីរាជការ ដោយធ្វើការអនុវត្តប្រកបដោយសមភាព និងមានភាពវាងវៃ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login