ព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យកប្រព័ន្ធវជ្ជាជីវៈ មុខងារសាធារណៈក្របខណ្ឌតាមការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៤។ មូលហេតុមួយចំនួន ដែលនាំឱ្យប្រទេសកម្ពុជាទទួលប្រព័ន្ធនេះមកអនុវត្ត រួមមាន៖
- ប្រទេសកម្ពុជា គឺធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្ស(១៨៦៣ -១៩៥៣)។ ហើយប្រទេសកម្ពុជា យើងក៏ធ្លាប់អនុវត្តប្រព័ន្ធវិជ្ជាជីវៈក្របខណ្ឌនេះតាំងពីពេលនោះមក ហើយចាក់ឬសគល់យ៉ាងជ្រៅក្នុងការគ្រប់គ្រងរាជការរហូតមក។ ពោលគឺ ធ្លាប់មានប្រពៃណីតាំងពីយូរយាណាស់មកហើយ ដែលថាពេលចូលធ្វើការមានការធានាអំពីប្រាក់បៀវត្ស ដល់ចាស់ទៅមានប្រាក់សោធននិវត្តន៍។
- នៅដើមទស្សវត្ស ៩០ ប្រទេសកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពបង្រួបបង្រួមជាតិ និងកំពុងអនុវត្តគោលនយោបាយសមាហរណកម្មមន្ត្រីរាជការ នៃភាគីនយោបាយនានា ក្នុងពេលនោះយើងមិនអាចអនុវត្តប្រព័ន្ធនិយោជន៍បានទេ ព្រោះយើងមិនអាចរំសាយមន្រ្តីរាជការ ឱ្យទៅជាបុគ្គលិកជាប់កិច្ចសន្យាភ្លាមក្នុងចំនួន ១៥០ ០០០ នាក់ឡើយ។
- ការជ្រើសរើសប្រព័ន្ធនេះសមស្របតាមស្ថានភាពរបស់ប្រទេសកម្ពុជាយើង ជាប្រទេសកំពុងអភិវឌ្ឃន៍ និងវិស័យឯកជនមិនទាន់រីកចម្រើន ជាពិសេសវិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម នៅមានកម្រិតទាបរួមផ្សំនិងចំណេះដឹង ជំនាញរបស់មន្ត្រីរាជការនៅមានកម្រិតទាប។ បើយើងអនុវត្តប្រព័ន្ធនិយោជន៍ធ្វើឱ្យមានផលវិបាកយ៉ាងច្រើនដល់សង្គម ពោលគឺមានចំនួនអ្នកអត់ការងារធ្វើច្រើន ព្រោះធនធានមនុស្សរបស់យើងមិនទានឆ្លើយតបនិងទីផ្សារការងារ។ លើសពីនេះទៅទៀត អត្ថប្រយោជន៍នៃប្រព័ន្ធវិជ្ជាជីវៈក្របខណ្ឌ គឺធានាបរិមាណ និងម៉្យាងទៀត ប្រព័ន្ធនេះធានាស្ថិរភាពរបស់មន្រ្តីរាជការស៊ីវិល ចាប់ពីពេលចូលមប្រើរដ្ឋរហូតដល់ពេលចូលនិវត្តន៍ ស្របតាមច្បាប់សហលក្ខន្តិក់មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។