Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-13 08:48

ក្រមព្រហ្មទណ្ឌ​ខ្មែរ​អាច​អនុវត្ត​បានចំពោះ​បទល្មើស​ ដែល​ប្រព្រឹត្ត​នៅ​បរទេស ប្រសិន​បើ​ជនល្មើស ឬ​ជនរងគ្រោះមាន​សញ្ជាតិខ្មែរ ។

  • បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​ខ្មែរ (មាត្រា ១៩)

បទល្មើសដែល​ប្រព្រឹត្ត​នៅ​បរទេស ដោយពលរដ្ឋ​ខ្មែរអាច​យក​ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បាន តែ​ចំពោះ​បទឧ ក្រិដ្ឋ និង​បទ​មជ្ឈិម​ប៉ុណ្ណោះ ។ ចំពោះ​បទលហុគឺ​មិន​អាច​យក​ទៅ​អនុវត្ត​បានទេ។ ចំពោះ​បទឧក្រិដ្ឋនិង​បទមជ្ឈិម បទប្បញ្ញ ត្តិ​​ត្រូវ​បែងចែក​​ជា​ពីរ​ករណី ​​៖ ១- បើសិន​ជា​បទល្មើស​នោះ ជា​បទឧក្រិដ្ឋក្រមព្រហ្មទណ្ឌ​ខ្មែរ​ត្រូវ​យក​ទៅ​អនុវត្ត​ ទោះជា​បទឧក្រិដ្ឋ​​នោះមានចែង ឬ​គ្មាន​ចែងក្នុង​ច្បាប់​​របស់​​ប្រទេស​ ដែល​​ជា​ទី​កន្លែង​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ ។ ២- ផ្ទុយ​ទៅវិញប្រសិន​បើ​បទល្មើស​នោះ ជា​បទ​មជ្ឈិម​ទាល់​តែ​បទមជ្ឈិមនោះមាន​ចែង​នៅ​ក្នុង​ច្បាប់​​របស់​ប្រទេស ដែល​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ទើប​​គេ​អាច​យក​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បាន ។ បទល្មើស​ខ្លះ ដូចជា “បទ​ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ” ជាដើម គឺ​ជា​បទមជ្ឈិមក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរត្រង់មាត្រា ៥០៨ ។ ក៏ប៉ុន្តែ ក្នុង​​​ប្រទេស​ខ្លះទៀត ដែល​មិនកាន់​ពុទ្ធសាសនា​ បទល្មើស​បែបនេះ​​​​មិនមាន​ចែង​​ក្នុង​ច្បាប់​ទេ ។ ដូច្នេះ ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​មិនអាច​យក​ទៅ​អនុវត្ត​បានទេចំពោះ​បទ​ល្មើស ដែល​ប្រព្រឹត្ត​ក្នុង​ប្រទេស​នោះ បើទោះជា​ជនល្មើស​មាន​សញ្ជាតិ​ខ្មែរ​ក៏ដោយ ។ គួរ​​បញ្ជាក់បន្ថែម​ថា ចំពោះ​ករណី​ទាំងពីរ​ខាងលើ (បទឧក្រិដ្ឋ និង​បទមជ្ឈិម)  ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​នៅ​តែ​អាច​យក​ទៅ​អនុវត្ត​បាន ទោះបី​ជា​ជនល្មើស​ទទួល​បាន​សញ្ជាតិខ្មែរ ក្រោយ​ពេល​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ ។ ឧបមាថា ជនបរទេស​ម្នាក់​ប្រព្រឹត្ត​បទឧក្រិដ្ឋ នៅ​ក្រៅ​ទឹកដី​កម្ពុជា ។ ក្រោយ​មក​ជនល្មើស​នេះ ទទួល​បាន​សញ្ជាតិខ្មែរ ។ ក្នុងករណីនេះ ជនល្មើស​អាច​ត្រូវ​តុលាការ​កម្ពុជា​​​យក​មក​កាត់ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​បាន ។

  • បទល្មើស​ដែល​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរ (មាត្រា ២០)

ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​​អាច​អនុវត្ត​បាន​ទៅលើ​គ្រប់បទឧក្រិដ្ឋ​ ដែល​ប្រព្រឹត្ត​នៅ​បរទេស បើសិន​ជា​ជនរងគ្រោះ​មាន​សញ្ជាតិ​ខ្មែរ បើទោះជា​ជនល្មើស​ជា​ពលរដ្ឋ​ខ្មែរ ឬ​ក៏​ជា​ពលរដ្ឋ​បរទេស​ក៏ដោយ ។ តាមរយៈ​​មាត្រា​នេះ យើងអាច​សន្និដ្ឋាន​បាន​​ថាចំពោះ​បទល្មើស ដែល​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរ ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​អាច​យក​ទៅ​អនុវត្ត​បាន តែ​ចំពោះ​បទឧក្រិដ្ឋ​ប៉ុណ្ណោះ មិនអាច​យក​ទៅ​អនុវត្ត​ចំពោះ​បទមជ្ឈិម​បានទេ (ខុស​ពី​ច្បាប់​បារាំងដែល​ក្រមព្រហ្មទណ្ឌ​អាច​យក​ទៅ​អនុវត្ត​បាន​ចំពោះ​បទមជ្ឈិម ប្រព្រឹត្ត​នៅបរទេសទៅលើ​ពលរដ្ឋ​បារាំង) ។ ក្រៅ​ពី​បទល្មើស​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​អាច​យក​ទៅ​អនុវត្ត​​បាន ចំពោះ​បទល្មើស​​​ផ្សេងទៀត ដែល​ប្រព្រឹត្ត​នៅ​បរទេស បើទោះជាជនល្មើស ឬ​ជនរងគ្រោះ​មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ក៏ដោយ (មាត្រា ២២) ៖

- បទល្មើស​ប្រឆាំង​នឹង​សុវត្ថិភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

- បទល្មើស​ក្លែងត្រា​ផ្លូវការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

- បទល្មើស​ក្លែងរូបិយវត្ថុ និង​ធនបត្រ​ជាតិ​ ដែល​មាន​តម្លៃ​ស្របច្បាប់​នៅ​​កម្ពុជា

- បទល្មើស​ប្រឆាំង​នឹង​​ទីតាំង ឬ​ភ្នាក់ងារ​ទូត ឬ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login