សំណួរ
៦- ចូរពន្យល់អំពីទំនាស់ផលប្រយោជន៍ ?
៧- ចូរពន្យល់អំពីការទទួលខុសត្រូវរបស់មេធាវី ?
៨- ចូរពន្យល់អំពីទំនាក់ទំនងមេធាវីជាមួយអតិថិជន ?
៩- តើក្រុមប្រឹក្សាគណៈមេធាវីមានមុខងារ និងភារកិច្ចអ្វីខ្លះ?
ចម្លើយ
៦- មេធាវីមិនត្រូវទទួលរឿងក្តីទាំងឡាយដូចខាងក្រោម ៖
- រឿងក្តីមួយដែលមេធាវីខ្លួនឯង ឬក្រុមមេធាវីរបស់ខ្លួនបានជួយបដិភាគីនៅក្នុងការផ្តល់យោបល់ ឬបានទទួលយល់ព្រមតំណាងឲ្យបដិភាគីរួចហើយ
- នៅពេលដែលផលប្រយោជន៍របស់អតិថិជនម្នាក់មានទំនាស់ជាមួយនឹងផលប្រយោជន៍អតិថិជនម្នាក់ទៀត នៅក្នុងរឿងក្តីដែលមេធាវី ឬក្រុមមេធាវីរបស់ខ្លួនកំពុងកាន់ ។
- នៅពេលដែលអតិថិជនទាំងពីរជាភាគីវិវាទនៅក្នុងរឿងក្តីតែមួយ ។
- នៅពេលដែលអតិថិជនម្នាក់ចងពឹងពាក់មេធាវី ឬក្រុមមេធាវីរបស់ខ្លួន តែមេធាវីឬក្រុមមេធាវីនេះធ្លាប់បានទទួលជួយបដិភាគីក្នុងរឿងក្តីដទៃ ឬមេធាវីបានយល់ព្រមផ្តល់យោបល់ផ្នែកច្បាប់បន្តទៀត លើកលែងតែរឿងក្តីចុងក្រោមដែលមេធាវី ឬក្រុមមេធាវីដែលធ្លាប់ពាក់ព័ន្ធនោះបានកន្លងផុតទៅអស់រយៈពេល២ឆ្នាំ ។
- រឿងក្តីមួយដែលមេធាវី ឬក្រុមមេធាវីរបស់ខ្លួនបានដើរតួជាអាជ្ញាកណ្តាល អ្នកផ្សះផ្សា ឬអ្នកសម្រេចសម្រួលក្នុងទម្រង់នីតិវិធីនៃការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ។
- ករណីដែលមេធាវី ឬក្រមមេធាវីជាទីប្រឹក្សា ឬធ្លាប់ជាទីប្រឹក្សារបស់អតិថិជនច្រើនគ្នានោះ មេធាវីនឹងអាចទទួលការពារប្រយោជន៍ភាគីណាមួយបាន លុះត្រាតែត្រូវជម្រាប់ទៅភាគីឯទៀត និងបន្ទាប់ពីទទួលបានការយល់ព្រមសិន ហើយត្រូវប្រុងប្រយ័ត្នកុំឲ្យបាត់បង់នូវភាពថ្លៃថ្នូរ កិត្តយស និងការសម្ងាត់វិជ្ជាជីវៈ ។
- មេធាវីដែលអ្នកតាក់តែងលិខិតស្នាមតែម្នាក់ឯងតាមការព្រមព្រៀងពីគូភាគីអាចធ្វើសកម្មភាព ឬការពារលើការអនុវត្តលិខិតនោះបាន នៅពេលដែលការទទួលខុសត្រូវរបស់ខ្លួនផ្ទាល់លើលិខិតស្នាមនោះលេចជាបញ្ហា តែមិនត្រូវធ្វើសកម្មភាពប្រឆាំងនឹងភាគីណាមួយដែលមាននៅក្នុងលិខិតស្នាមនោះឡើយ ។
- មេធាវីដែលបានចូលរួមក្នុងការតាក់តែងលិខិតស្នាមក្នុងឋានៈជាទីប្រឹក្សារបស់ភាគីម្ខាងអាចធ្វើសកម្មភាព ឬការពារលើការអនុវត្តន៍លិខិតនោះតទល់នឹងភាគីម្ខាងទៀតបាន ។
- មេធាវី ដែលជាអ្នកតាក់តែងលិខិតស្នាម ឬដែលជាអ្នកចូលរួមតាក់តែងមិនអាចបំពេញកិច្ចការ ឬការពារលើសុពលភាព ឬលើការបកស្រាយលិខិតស្នាមដែលខ្លួនបានសរសេរនោះទេ កាលបើការអន្តរាគមន៍របស់ខ្លួននាំឲ្យទៅជាសាក្សី ឬឲ្យប៉ះពាល់ដល់ការសម្ងាត់វិជ្ជាជីវៈ ។ មេធាវីនេះ ក៏មិនអាចធ្វើអន្តរាគមន៍ទៅកើតដែរ កាលណាការទទួលខុសត្រូវផ្ទាល់ខ្លួនត្រូវលេចជាបញ្ជាឡើង ។
៧- នៅក្នុងការប្របកបវិជ្ជាជីវៈរបស់ខ្លួនមេធាវីត្រូវទទួលខុសត្រូវ បើឃើញថាបើមេធាវីមានកំហុស ។ ការទទួលខុសត្រូវរបស់មេធាវីមានដូចតទៅ ៖
- ការទទួលខុសត្រូវចំពោះអតិថិជន មេធាវីមានកំហុសក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនអាចត្រូវទទួលខុសត្រូវចំពោះអតិថិជនពីរយ៉ាងគឺ ៖
ក- ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី បើមេធាវីមានកំហុសក្នុងការប្រកបវិជ្ជាជីវៈអាចត្រូវទទួលខុសត្រូវសងការខូចខាតចំពោះអតិថិជន ។ មេធាវីនោះអាចត្រូវអតិថិជនប្តឹងទៅគណៈមេធាវី និងតុលាការដើម្បីទាមទារការខូចខាតដោយសារកំហុសរបស់មេធាវី ។ ហេតុនេះហើយបានជាតម្រូវឲ្យមេធាវីបង់ប្រាក់ធានារ៉ាប់រងការទទួលខុសត្រូវរបស់ខ្លួនក្នុងវិជ្ជាជីវៈ ។ ដើម្បីឲ្យមេធាវីទទួលខុសត្រូវចំពោះការខូចខាតរបស់អតិថិជនបានលុះត្រាតែអតិថិជនអាចបង្ហាញនូវធាតុបីសំខាន់គឺ ៖
- មានកំហុសរបស់មេធាវី (ដោយចេតនា ឬអចេតនា) ធ្វើឲ្យអតិថិជនខូចផលប្រយោជន៍
- មានការខូចខាត ឬខូចផលប្រយោជន៍ពិតប្រកដ
- ការខូចផលប្រយោជន៍របស់អតិថិជន កើតចេញពីកំហុសរបស់មេធាវី ។
ខ- ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ មេធាវីប្រឈមមុខក្នុងការទទួលខុសត្រូវ ផ្នែកព្រហ្មទណ្ឌក្នុងករណីដែលមេធាវីរំលោភលើការសម្ងាត់នៃវិជ្ជាជីវៈ ។
- ការទទួលខុសត្រូវចំពោះសហភាព
- មេធាវីត្រូវបែងចែកកម្រៃសេវាជូនមេធាវីផ្សេងទៀតតាមកិច្ចព្រមព្រៀងសហការគ្នា ។
- មេធាវីដើមត្រូវទទួលខុសត្រូវចំពោះមេធាវីដែលទទួលធ្វើ ជាអ្នកឆ្លើយឆ្លងនូវការចេញសោហ៊ុយ បរិលាភ និងកម្រៃធានាក្នុងលក្ខខណ្ឌដែលមានសំអាងពិតប្រាកដ ។
- ការទទួលខុសត្រូវចំពោះគណៈមេធាវី មេធាវីត្រូវទទួលទណ្ឌកម្មជាបទវិន័យចំពោះការរំលោភបំពានវិធានវិជ្ជាជីវៈនូវអំពើដូចខាងក្រោម ៖
- មានចេតនាបំពានវិធានវិជ្ជាជីវៈ
- ជួយសហការផ្តល់មធ្យោបាយ ឬសម្រួលដល់មេធាវីបរទេស ឬបុគ្គលដទៃទៀតឲ្យរំលោភបំពានវិធានវិជ្ជាជីវៈ
- ប្រើប្រាស់ទំនាក់ទំនងជាមួយមេធាវីបរទេស ឬបុគ្គលដទៃទៀតដើម្បីរំលោភបំពានវិធានវិជ្ជាជីវៈ ។
- ចូលរួមបង្កើត និងសហការជាមួយនឹងរូបវន្តបុគ្គល ឬនីតិបុគ្គល ឬមេធាវីបរទេសដែលមិនមែនជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើការិយាល័យមេធាវី ឬក្រុមហ៊ុនមេធាវី ឬប្រកបវិជ្ជាជីវៈមេធាវីយកកម្រៃ ។
- ការមិនបង់ភាគទានជូនគណៈមេធាវី ។
៨- ការពន្យល់អំពីទំនាក់ទំនងមេធាវីជាមួយអតិថិជនមានដូចជា ៖
- មេធាវី និងអតិថិជនបង្កើតទំនាក់ទំនងរវាងគ្នាតាមរយៈកិច្ចសន្យា ដែលអតិថិជនបង្ហាញឆន្ទៈចង់ឲ្យមេធាវីផ្តល់សេវាកម្មផ្នែកច្បាប់ឲ្យខ្លួន ហើយមេធាវីក៏បង្ហាញឆន្ទៈយល់ព្រម ។
- កិច្ចសន្យារវាងមេធាវី និងអតិថិជនជាកិច្ចសន្យាមធ្យោបាយមានន័យថា នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន មេធាវីត្រូវស្ថិតនៅជាម្ចាស់នៃមធ្យោបាយការពារ ។
- មេធាវីមិនត្រូវផ្តល់ការធានាចំពោះអតិថិជនទាក់ទងនឹងលទ្ធផលវិជ្ជមាមនៃរឿងក្តីឡើយ ។
- ក្នុងគ្រប់រឿងអ្វីក៏ដោយ មេធាវីត្រូវមានលិខិតប្រគល់សិទ្ធិ ឬលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ ឬពាក្យពឹងពាក់ពីអតិថិជនរបស់ខ្លួន ។
- ខ្លឹមសារនៃលិខិតទាំងអស់នេះ ត្រូវសរសេរលំអិតអំពីសិទ្ធិ និងតួនាទីរបស់មេធាវីដែលអតិថិជនប្រគល់ឲ្យស្របតាមច្បាប់ និងតម្រូវដែលគណៈមេធាវីកំណត់ ។
- ការទាក់ទងជាមួយអតិថិជនត្រូវធ្វើដោយចំពោះនឹងផ្ទាល់ខ្លួន ។ មេធាវីមិនអាចទទួលរឿងក្តីមួយតាមរយៈគតិយជនបានឡើយ បើខ្លួនគ្មានសេរីភាពនិងចូលទាក់ទងផ្ទាល់ខ្លួនជាមួយអតិថិជនដែលមានរឿងនោះបាន ។
- វិធានខាងលើនេះមិនអាចត្រូវប្រតិបត្តិតាមបាន ល្គឹកណាមេធាវីដើរតួជាអ្នកឆ្លើយឆ្លងរបស់មេធាវីម្នាក់ទៀត ។
៩- ក្រុមប្រឹក្សាគណៈមេធាវី ជាអ្នកសម្រេចកំណត់នូវគោលនយោបាយសំខាន់ៗ ដើម្បីឲ្យប្រធានគណៈមេធាវីដឹកនាំ អនុវត្តជាប្រចាំ ។ ក្រុមប្រឹក្សាគណៈមេធាវីមានភារកិច្ចដូចតទៅ ៖
- ធ្វើបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌
- សម្រេចឲ្យចុះឈ្មោះធ្វើកម្មសិក្សា និងចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី
- សម្រេចលើការស្នើសុំអនុញ្ញាតទាំងឡាយដែលធ្វើឡើងដោយមេធាវី
- ពិនិត្យកិច្ចព្រមព្រៀង និងឯកសារទាំងឡាយដែលមេធាវីមានកាតព្វកិច្ចត្រូវដាក់ឲ្យពិនិត្យហើយបញ្ចេញមតិណែនាំលើកិច្ចព្រមព្រៀង និងឯកសារទាំងនោះ
- ត្រួតពិនិត្យការកាន់កាប់ទៀងទាត់នៃបញ្ជីគណនេយ្យរបស់មេធាវី ។
- ធានាការគោរពវិន័យនិងការដាក់វិន័យ
- ធានារ៉ាប់រងការរៀបចំនិងការគ្រប់គ្រងសេវាទូទៅរបស់គណៈមេធាវី
- គ្រប់គ្រងទ្រព្យសម្បត្តិ និងថវិការរបស់គណៈមេធាវី
- កំណត់ចំនួនទឹកប្រាក់ភាគទានរបស់មេធាវីម្នាក់ៗ និងបង់ប្រាក់ធានារួមសម្រាប់វិជ្ជាជីវៈមេធាវី ។
- គ្រប់គ្រងបេឡានៃមូលនិធិរបស់គណៈមេធាវី
- បញ្ចេញមតិលើបញ្ហាទាំងឡាយ ដែលទាក់ទងនឹងវិស័យយុត្តិធម៌ និងសិទ្ធិរបស់មេធាវីនៅក្នុងវិស័យការពារជាអាទិ៍ នៅពេលមានការអញ្ជើញពីអាជ្ញាធរសាធារណៈ ។
- កិច្ចការសំខាន់ៗផ្សេងទៀតពាក់ព័ន្ធវិជ្ជាជីវៈមេធាវីទោះបីមិនបានចែងក្នុងមាត្រ១៩នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីក៏ដោយ ។