ការសម្ងាត់នៃវិជ្ជាជីវៈមេធាវី គឺជាវិធាននៃកាតព្វកិច្ចអកម្ម ដែលកំណត់មិនឲ្យធ្វើសកម្មភាព ផ្តល់ព័ត៌មាន ឬការសម្ងាត់ណាមួយក្នុងការបំពេញមុខងាររបស់ខ្លួន ដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់អតិថិជន ឬផលប្រយោជន៍សាធារណៈ ដែលច្បាប់បានកំណត់ លើកលែងតែមានការអនុញ្ញាតដោយច្បាប់ ឬមានការយល់ព្រមពីអតិថិជន ចំពោះការសម្ងាត់ដែលអតិថិជនអាចចាត់ចែងបាន ។ ដែលត្រូវចាត់ទុកជាការសម្ងាត់នៃវិជ្ជាជីវៈមេធាវីរួមមាន ៖
- ត្រូវទុកជាការសម្ងាត់នៃវិជ្ជាជីវៈ ការពិគ្រោះយោបល់ និងការផ្តល់យោបល់ ឯកសារក្រៅផ្លូវការទាំងឡាយដែលមេធាវីតាក់តែងឡើងសម្រាប់អតិថិជនរបស់ខ្លួន លិខិតស្នាមទាំងឡាយដែលមេធាវី និងអតិថិជនរបស់ខ្លួន លិខិតស្នាមទាំងឡាយដែលមេធាវី និងអតិថិជនផ្ញើទាក់ទងគ្នា ។
- មេធាវីត្រូវតែរក្សាការសម្ងាត់ជាដាច់ខាត ។ ការសម្ងាត់នេះមិនត្រូវអាចឲ្យជនណាស្រង់យកបានឡើយ ទោះបីជាអតិថិជនក៏ដោយ ។
- មេធាវីកំណត់តាមសតិសម្បជញ្ញៈរបស់ខ្លួន និងដោយមានការយល់ព្រមពីអតិថិជនផងនូវអ្វីដែលខ្លួនត្រូវលើកឡើង ដើម្បីការពារផលប្រយោជន៍របស់អតិថិជនដែលខ្លួនទទួលបន្ទុក ។
- មេធាវីមិនអាចបំពាារបំពានលើការសម្ងាត់នៃវិជ្ជាជីវៈបានឡើយ ហើយក៏មិនអាចត្រូវបានបង្ខំឲ្យបំពារបំពានលើការសម្ងាត់នៃវិជ្ជាជីវៈរបស់ខ្លួនទោះបីនៅមុខតុលាការក៏ដោយ ។
- ពុំមានកាតព្វកិច្ចលាក់អាថ៌កំបាំងទេ ល្ពឹកណាមេធាវីត្រូវឆ្លើយតបទៅនឹងបណ្តឹងរបស់អតិថិជនរបស់ខ្លួន ប៉ុន្តែត្រូវស្ថិតត្រឹមនៃការចាំបាច់នៃការការពាររបស់ខ្លួនតែប៉ុណ្ណោះ ។
- មេធាវីគ្រប់រូបមានកាតព្វកិច្ចរក្សាការសម្ងាត់ជូនអតិថិជនរបស់ខ្លួនជាដាច់ខាត ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។ មេធាវីមិនត្រូវបង្ហាញការសម្ងាត់របស់អតិថិនជនខ្លួនឡើយ លើកលែងតែមានការជូនដំណឹងនិងយល់ព្រមពីអតិថិជន ឬកាលណាមានការអនុញ្ញាតដោយច្បាប់ឬតម្រូវដោយច្បាប់ ។
- មិនអាចចាត់ទុកជាការសម្ងាត់នៃវិជ្ជាជីវៈមេធាវីទេ បើគ្រាន់តែជានីតិវិធីរបស់តុលាការនៅក្នុងរឿងក្តីណាមួយនោះ ។
- ការឆ្លងឆ្លើយតាមលិខិត ឬតាមសំដីរវាងមេធាវី និងមេធាវីធម្មតាត្រូវជាការសម្ងាត់ ។ ទោះក្នុងប្រការណាក៏ដោយ ការឆ្លងឆ្លើយនេះមិនអាចរឹបអូស ឬមិនអាចបង្ហាញជាសក្ខីកម្មក្នុងតុលាការ និងមិនអាចទុកជាកម្មវត្ថុនៃការលើកភាពសម្ងាត់ចេញបានឡើយ ។
- ក្នុងការទំនាក់ទំនងជាមួយមេធាវីបរទេសណាមួយ មេធាវីមុននឹងប្តូរព័ត៌មានសម្ងាត់គ្នាទៅវិញទៅមក ត្រូវដឹងឲ្យច្បាស់អំពីភាពវិជ្ជមាននៃវិធានក្នុងការរក្សាការសម្ងាត់នៃការឆ្លងឆ្លើយនៅក្នុងប្រទេសដែលមានមេធាវី បរទេសប្រកបមុខការ ។
- នៅក្នុងករណីអវិជ្ជមានវិញ មេធាវីត្រូវសួរអតិថិជនរបស់ខ្លួនថា តើគាត់យល់ព្រមហ៊ានប្រថុយឲ្យការសម្ងាត់នៃការឆ្លងឆ្លើយប្តូរព័ត៌មាននោះឬអត់ ។