នៅក្នុងពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ត្រូវសរសេរនូវចំណុចដូចខាងក្រោម (ក្រមនីតិ/មាត្រា ៥០៩) ៖
- សញ្ញាណនៃម្ចាស់បំណុលនៃការអនុវត្ត កម្មសិទ្ធិករនៃអចលនវត្ថុដែលជាកូនបំណុលនៃការអនុវត្ត កូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានា និងអ្នកតំណាង ។
- សញ្ញាណនៃសិទ្ធិប្រាតិភោគ និងសិទ្ធិលើបំណុលដែលត្រូវបានធានា ៖ ត្រូវសរសេរឲ្យបានច្បាស់អំពីថ្ងៃបង្កើត ថ្ងៃចុះបញ្ជី លេខចុះបញ្ជីសិទ្ធិប្រាតិភោគជាអាទិ៍ ហើយត្រូវសរសេរឲ្យបានច្បាស់អំពីប្រភេទនៃកិច្ចសន្យា ថ្ងៃបង្កើតកិច្ចសន្យា ចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលដែលត្រូវបានធានាជាអាទិ៍។ យ៉ាងណាមិញ ក្នុងករណីដែលទាមទារការប្រាក់ និងប្រាក់សំណងនៃការខូចខាតដោយសារការយឺតយ៉ាវ នោះត្រូវសរសេរអំពីចំនួនទឹកប្រាក់ និងការប្រាក់នោះ ព្រមទាំងថ្ងៃចាប់ផ្តើមផងដែរ ។
- សញ្ញាណនៃអចលនវត្ថុដែលជាកម្មវត្ថុនៃការអនុវត្តសិទ្ធិប្រាតិភោគ ៖ គឺធ្វើការបញ្ជាក់ដោយផ្អែកតាមទីតាំង ដែលអចលនវត្ថុនោះតាំងនៅលេខក្បាលដីជាអាទិ៍ ហើយត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងឯកសារចម្លង ដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ និងត្រូវសរសេរឲ្យដូចគ្នាជាមួយនឹងឯកសារចម្លងដែលមាន សេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីនោះ ។
- ហេតុការណ៍ និងទំហំនៃផ្នែកនៃសិទ្ធិលើបំណុលដែលត្រូវបានធានា បើធ្វើការអនុវត្តសិទ្ធិប្រាតិភោគចំពោះផ្នែកមួយនៃសិទ្ធិលើបំណុលដែលត្រូវបានធានា ៖ ទោះបីជាក្នុងករណីដែលបានអនុវត្តហ៊ីប៉ូតែកតែចំពោះផ្នែកមួយនៃសិទ្ធិលើបំណុលដែលត្រូវបានធានាក៏ដោយ ក៏សិទ្ធិប្រាតិភោគត្រូវរលត់ដែរ (ក្រមនីតិ/ណី មាត្រា ៥១០ កថា.២) ហើយម្ចាស់បំណុលនៃការអនុវត្តត្រូវប្រុងប្រយ័ត្ន ដោយសារតែផ្នែកដែលនៅសល់នៃសិទ្ធិលើបំណុលដែលត្រូវបានធានានោះ ក្លាយទៅជាសិទ្ធិលើបំណុលដែលមិនត្រូវបានធានាដោយប្រាតិភោគ ។
ឧទាហរណ៍ ក្នុងករណីដែលធ្វើការអនុវត្តហ៊ីប៉ូតែកតែចំពោះផ្នែកមួយនៃសិទ្ធិលើបំណុលដែលត្រូវបានធានា ៖ ឧបមាថា តម្លៃនៃអចលនវត្ថុហ៊ីប៉ូតែកទាបជាងចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលដែលត្រូវបានធានា នោះក៏អាចមានករណី ដែលអាចដាក់ពាក្យសុំបន្ថយនូវចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលដែលត្រូវបានធានាត្រឹម ទំហំនៃតម្លៃរបស់អចលនវត្ថុហ៊ីប៉ូតែក ។