Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-08 14:54

ចំណោទគតិយុត្តខាងលើនេះ បានបើកផ្លូវឲ្យបេក្ខជនជ្រើសរើសយកសំណួរណាមួយ ដើម្បីធ្វើជាកម្មវត្ថុនៃការបកស្រាយ ។ ដូច្នេះ ឯកសារជំនួយស្មារតីនេះ យើងនឹងធ្វើការបកស្រាយអំពី (ក.) មូលហេតុនៃការមិនទទួសខុសត្រូវព្រហ្មទណ្ឌ និង (ខ.) ការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ។

  • ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ

របបគតិយុត្តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានក្រមនីតិវិធីព្រហ្មទណ្ឌអនុញ្ញាតឲ្យជនល្មើសរួចផុតពីការទទួលខុសត្រូវ ដោយកើតចេញពីស្ថានភាពចំនួន ០៦ (ប្រាំ) ករណី ៖

- ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបល្លាសស្មារតី ៖ កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលធ្វើឲ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ឧទាហរណ៍ ៖ ជនវិកលចរិត ជាដើម មិនមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌទេ ។

- ការអនុញ្ញាតដោយច្បាប់ ឬដោយអាជ្ញាធរស្របច្បាប់ ៖ អ្នកប្រព្រឹត្តអំពើល្មើស ដោយមានការអនុញ្ញាតពីច្បាប់ ឬដោយមានបញ្ជាពីអាជ្ញាធរស្របច្បាប់ មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ។ ឧទាហរណ៍ ៖ ទាហាន ដែលសម្លាប់គូសត្រូវក្នុងសមរភូមិមិនត្រូវជាប់ទោសពីបទឃាតកម្មទេ។ ប៉ូលិស ដែលទម្លុះទម្លាយទ្វារ ចូលទៅឆែកឆេរលំនៅដ្ឋានឯកជន ទៅតាមសាលក្រមតុលាការ ក៏មិនត្រូវជាប់ទោសពីបទរំលោភលើលំនៅដ្ឋានដែរ ។

- ការការពារស្របច្បាប់ ៖ ក្នុងករណីដែលបទល្មើសត្រូវបានប្រព្រឹត្ត ដើម្បីការពារខ្លួនឯង ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ពីការរំលោភឈ្លានពានណាមួយ អ្នកប្រព្រឹត្តល្មើស ត្រូវរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ។ ឧទាហរណ៍៖ “ក” កំពុងតែវាយ “ខ”។ ស្រាប់តែ “គ” បានឃើញបែបនេះ “គ” ក៏រុញឲ្យ “ក” ដួលបែកក្បាល។ ក្នុងករណីនេះ “គ” មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ព្រោះច្បាប់អនុញ្ញាឲ្យពលរដ្ឋគ្រប់រូបអាចការពារខ្លួន ឬអ្នកដទៃ ស្របពេលកំពុងឈ្លានពាន ។

- ស្ថានភាពចាំបាច់ ៖ ករណីនេះស្រដៀងគ្នានឹងការការពារស្របច្បាប់ដែរ ប៉ុន្តែ ខុសត្រង់ មិនមានអំពើឈ្លានពានណាមួយនោះទេ។ អ្នកប្រព្រឹត្តល្មើស ត្រូវប្រឈមមុខនឹងស្ថានភាពចាំបាច់ ដែលកើតចេញពីលក្ខខណ្ឌធម្មជាតិ ឬហេតុការណ៍ណាមួយ ដូចជាក្នុងករណី មិនមានអ្វីទទួលទានឃ្លានខ្លាំងជិតដាច់ពោះស្លាប់ ហើយចាំបាច់ត្រូវលួចចំណីអាហារមកទទួលទាន ។ អ្នកបើកឡានដាច់ហ្វ្រាំងចុះជម្រាល ហើយបង្ខំចិត្ត បើកចេញពីផ្លូវ ទៅបុកផ្ទះអ្នកស្រុក ដើម្បីចៀសវាងកុំឲ្យបុកមនុស្សនៅខាងមុខ ។ល។

ដូច្នេះ ការលួច ឬការបំផ្លាញផ្ទះអ្នកស្រុក សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ដោយសារតែអំពើល្មើសនេះត្រូវបានប្រព្រឹត្តក្នុងស្ថានភាពចាំបាច់ ដើម្បីជួយសង្រ្គោះខ្លួនឯង ឬជួយសង្រ្គោះអ្នកដទៃ អ្នកប្រព្រឹត្តអំពើល្មើសត្រូវរួចផុតពីការទទួលខុសត្រូវ។ យើងត្រូវកត់ចំណាំផងដែរ ស្ថានភាពចាំបាច់ធ្វើឡើងដើម្បីបញ្ចៀសពីស្ថានភាពមួយដែលនឹងបង្កព្យសនកម្មធ្ងន់ធ្ងរ មកត្រឹមព្យសនកម្មធួនល្មម ដែលទស្សនៈសង្គមយល់ឃើញថាត្រឹមត្រូវ សមហេតុសមផល។

- អនុភាពនៃកម្លាំង ឬការបង្ខំ ៖ ជនល្មើស ដែលប្រព្រឹត្តទង្វើល្មើស ក្រោមអានុភាពនៃកម្លាំងណាមួយ ឬក្រោមការបង្ខំពីអ្នកដទៃ ដូចជា ក្នុងករណីមានគេចាប់កូនភ្ជង់នឹងចុងកាំភ្លើង ហើយបង្ខំឲ្យឳពុកចូលទៅលួចលុយគេ ជាដើម មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌចំពោះទង្វើល្មើសនេះទេ ។

- អនីតិជនក្រោម ១៤ឆ្នាំ ៖ ជនល្មើស ដែលជាអនីតិជនក្រោម ១៤ឆ្នាំ មិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទេ ។ ដូច្នេះ មូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌកើតចេញពីបទបញ្ញត្តិច្បាប់ជាធរមាន ដែលស្របទៅនឹងស្ថានភាពណាមួយដែលជនល្មើសបានប្រព្រឹត្តបទល្មើស ប៉ុន្តែច្បាប់ចាត់ទុកថាវាជាអំពើត្រឹមត្រូវដែល

ទស្សនៈសង្គមយល់ឃើញថាសមហេតុសមផល។

  • ការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ

របបគតិយុត្តនៃការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានក្រមនីតិវិធីព្រហ្មទណ្ឌអនុញ្ញាតឲ្យជនជាប់ចោទទទួលបានការសម្រាលទោសពីចៅក្រមជំនុជម្រះ ដោយផ្អែកលើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈនៃជនជាប់ចោទតម្រូវ តុលាការអាចសម្រេចឱ្យជនជាប់ចោទបានទទួលនូវស្ថានសម្រាលទោសនេះ។ ស្ថានសម្រាលទោសអាចត្រូវផ្ដល់ឱ្យជនជាប់ចោទបានដែរ ទោះបីជាជននោះ ត្រូវបានប្រកាសថា ស្ថិតនៅក្នុងភាពមិនរាងចាលក៏ដោយ ។ កាលណាតុលាការផ្ដល់ឱ្យជនជាប់ចោទនូវស្ថានសម្រាលទោសអប្បបរមានៃមូលទោសចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវបន្ថយតាមខ្នាតដូចខាងក្រោម ៖

- ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១០ (ដប់) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ២ (ពីរ) ឆ្នាំ ។

- ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ៥ (ប្រាំ) ឆ្នាំ ហើយតិចជាង ១០ (ដប់) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ១ (មួយ) ឆ្នាំ ។

- ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ២ (ពីរ) ឆ្នាំ ហើយតិចជាង ៥ (ប្រាំ) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ៦ (ប្រាំមួយ) ខែ ។

- ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ៦ (ប្រាំមួយ) ថ្ងៃ ហើយតិចជាង ២ (ពីរ) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ១ (មួយ) ថ្ងៃ ។

- អប្បបរមានៃទោសពិន័យ ត្រូវបន្ថយមកត្រឹមពាក់កណ្ដាល ។

រីឯការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចៅក្រម ដែលផ្ដល់ស្ថានសម្រាលទោស អាចប្រកាសទោសដាក់ពន្ធនាគារ ក្នុងចន្លោះរវាង ១៥ (ដប់ប្រាំ) និង ៣០ (សាមសិប) ឆ្នាំ ។

សរុបមក របបគតិយុត្តនៃការសម្រាលនូវការទទួលខសុត្រូវព្រហ្មទណ្ឌ បានផ្តល់នូវឆន្ទានុសិទ្ធិជូនចៅក្រមជំនុំជម្រះក្នុងការសម្រេចសេចក្តី។ ជាគោលការណ៍ចៅក្រមជំនុំជម្រះនឹងពិចារណាលើចរិកលក្ខណៈ របស់ជនជាប់ចោទ តាមរយៈការស្តាយក្រោយសកម្ម ឬការស្តាយក្រោយអកម្ម ឬការដឹងអំពីទោសកំហុសតាមការសារភាព ឬជនជាប់ចោទទើបតែប្រព្រឹត្តបទល្មើសលើកដំបូង​ជាអាទិ៍។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login