ចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា ៖
- ចេញបានទៅលើជនត្រូវចោទ និងបុគ្គលដែលមានតម្រុយពីពិរុទ្ធភាព ។
- បទល្មើសដែលត្រូវចោទប្រកាន់ ជាបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ (ត្រង់ចំណុចនេះ ក្រមនីតិវិធីព្រហ្មទណ្ឌ ពុំបានកំណត់អំពីកម្រិតទោសដាក់ពន្ធនាគារនោះទេ ពោលគឺទោសដាក់ពន្ធនាគារជាទូទៅ) ។ ក្នុងក្របខណ្ឌនេះ ចៅក្រមស៊ើបសួរពុំមានសិទ្ធិអំណាចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គល ដែលទទួលរងការចោទប្រកាន់ពីបទល្មើសមជ្ឈិមដែលមានទោសពិន័យជាប្រាក់នោះឡើយ ។
- បុគ្គលដែលពាក់ព័ន្ធបានគេចខ្លួន មិនដឹងជាស្ថិតនៅទីកន្លែណា ឬស្ថិតនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
- ចៅក្រមស៊ើបសួរត្រូវសុំយោបល់ពីព្រះរាជអាជ្ញាជាមុនសិន (យោបល់របស់ព្រះរាជអាជ្ញាមិនចងកាតព្វកិច្ចឲ្យចៅក្រមស៊ើបសួរត្រូវតែអនុវត្តតាមនោះឡើយ) ។