សំណួរ
៤១- តើលក្ខណៈពិសេសអ្វីខ្លះដែលធ្វើអោយអ្នកគ្រប់គ្រងក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់ ? ចូរលើកឡើងដោយសង្ខេបតាមចំណុចនិមួយៗ ។
៤២- ក្នុងនាមជាអ្នកដឹកនាំ តើត្រូវធ្វើដូចម្តេចដើម្បីអោយដឹងពីទឹកចិត្តរបស់បុគ្គលិកនិយោជិក ?
៤៣- តើការជំរុញទឹកចិត្តបែបវិជ្ជមាន និងអវិជ្ជមាន មួយណាសំខាន់ជាង ? ហេតុអ្វី ?
៤៤- ដូចម្តេចហៅថា ការត្រួតពិនិត្យ ?
៤៥- តើប្រភេទនៃការត្រួតពិនិត្យមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ចូររៀបរាប់ដោយសង្ខេប ។ ឬ តើគេច្រើនធ្វើការត្រួតពិនិត្យទៅលើអ្វីខ្លះចំពោះលទ្ធផលការងារនីមួយៗ ? ចូររៀបរាប់ដោយសង្ខេប ។
៤៦- តើការត្រួតពិនិត្យគេធ្វើឡើងនៅពេលណាខ្លះ ? ចូរអធិប្បាយដោយសង្ខេបតាមចំណុចពេលនិមួយៗ ។
៤៧- ហេតុអ្វីក៏គេចាំបាច់ធ្វើការត្រួតពិនិត្យមុន និងក្រោយពេលអនុវត្តផែនការ ?
ចម្លើយ
៤១- លក្ខណៈពិសេសនោះរួមមាន ៖
- លក្ខណៈពិសេសនៃបុគ្គលិកលក្ខណៈ ៖ សំដៅទៅលើសមត្ថភាព, ភាពអំណត់តស៊ូព្យាយាមក្នុងការសំរេចការងារ, ធ្វើការងារលំបាក, មានជំហរច្បាស់លាស់ ... ។ល។
- លក្ខណៈពិសេសក្នុងសង្គម ៖ មានកិត្យានុភាព, មានទំនាក់ទំនងការងារល្អទាំងខាងក្នុងនិងខាងក្រៅអង្គភាព, មានចរិតនឹងនមិនអួតអាង ... ។ល។
- លក្ខណៈនៃរូបកាយ ៖ មានកាយសម្បទា សុខភាពមាំមួនល្អ, មានថាមពលខាងផ្លូវកាយ, មានលក្ខណៈសមរម្យ...។ល។
- លក្ខណៈសម្បត្តិខាងជំនាញ ៖ មានបញ្ហាខាងគិត, ជំនាញអន្តរបុគ្គល, មានសមត្ថភាពបច្ចេកទេស, ជំនាញផែនការ-ចាត់តាំង-ដឹកនាំ, ច្បាប់, ចិត្តសាស្រ្ត ... ។ល។
៤២- ដើម្បីដឹងបានពីទឹកចិត្តរបស់និយោជិក គឺត្រូវប្រើវិធីវាស់ទឹកចិត្តតាមរយៈមធ្យោបាយមួយចំនួនដូចខាងក្រោម ៖
- ត្រួតពិនិត្យរបាយការណ៍ផលិតផលិតផល
- សិក្សាពីតួលេខនៃការផ្លាស់ប្តូរកំលាំងពលកម្ម
- ការត្រួតពិនិត្យមើលអវត្តមាននិងការយឺតយ៉ាវរបស់និយោជិក
- សិក្សាពីសតិអារម្មណ៍របស់និយោជិក និង
- ធ្វើការសិក្សាតាមរយៈការស្ទាបស្ទង់ទឹកចិត្ត និងអាកប្បកិរយារបស់និយោជិក។
៤៣- ការជំរុញទឹកចិត្តបែបវិជ្ជមាន មានសារៈសំខាន់ជាងសំរាប់ពេលបច្ចុប្បន្ន ហើយស្របទៅនឹងការវិវត្តន៍របស់សង្គមមនុស្ស ព្រោះវាធ្វើអោយនិយោជិកយល់ថាខ្លួនគេជាធនធានដ៏ចំបងសំរាប់អង្គភាព ធ្វើអោយគេមានស្មារតីស្វ័យភ្ញាក់រលឹកស្រឡាញ់ការងារ និងធ្វើការងារដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ ក៏ប៉ុន្តែមានពេលខ្លះអ្នកដឹកនាំក៏ត្រូវតែអនុវត្តនូវការជំរុញទឹកចិត្តបែបអវិជ្ជមានផងដែរ ដើម្បី ពញ្ញាក់ស្មារតីនិយោជិក និងដើម្បីចៀសវាងនូវការភ័ន្តច្រឡំដោយមិនសមហេតុផលដោយយល់ថាអ្នកដឹកនាំធូររលុង នៅក្នុងការងារគ្រប់គ្រងនិងដឹកនាំ ។
៤៤- ការត្រួតពិនិត្យ គឺជាវិធីសាស្ត្រដែលគ្រប់គ្រងធ្វើអោយប្រាកដថា សកម្មភាពការងារជាក់ស្តែងទាំងឡាយបានអនុវត្តទៅតាមទិសដៅរបស់ផែនការ ។
៤៥- ការត្រួតពិនិត្យរួមមាន ៤ ប្រភេទ គឺ ៖ ឬ ចំពោះលទ្ធផលការងារនីមួយៗ គេច្រើនធ្វើការត្រួតពិនិត្យទៅលើ ៖
- ត្រួតពិនិត្យបរិមាណ ៖ ត្រួតពិនិត្យលើចំនួនការងារ (ផលិតផល) តិចឬច្រើនក្នុងមួយឯកតាពេលវេលាក្នុងមនុស្សម្នាក់ ។
- ត្រួតពិនិត្យគុណភាព ៖ ពិនិត្យមើលគុណភាពការងារដែលសំរេចបាន (ល្អឬអាក្រក់, លឿនឬយឺត) ។
- ត្រួតពិនិត្យពេលវេណ ៖ ការងារមួយសំរេចបានត្រូវចំណាយពេលប៉ុន្មាន ?
- ត្រួតពិនិត្យចំណាយ ៖ ការងារ ឬផលិតផលមួយសំរេចបានត្រូវចំណាយទៅអ្វីខ្លះ ? អស់ប៉ុន្មាន ? មានគុណភាពដូចម្តេច ? មានប្រសិទ្ធិភាពដែរឬទេ ?... ។ល។
៤៦- ការត្រួតពិនិត្យគេធ្វើឡើងនៅ ៖
- មុនពេលធ្វើសកម្មភាព ៖ ធ្វើការពិនិត្យមើលថាតើប្រភពធនធានទាំង៣ = មនុស្ស មូលដ្ឋានសំភារៈ ហិរញ្ញវត្ថុដែលអង្គភាពផ្តល់អោយមានគ្រប់គ្រាន់, ងាយរកមកប្រើប្រាស់បានទាំងបរិមាណ, គុណភាព និងនៅទីកន្លែងណា ?
- ក្នុងពេលធ្វើសកម្មភាព ៖ គឺពិនិត្យមើលសកម្មភាពការងារដើម្បីធ្វើការកែតំរូវ និងតំរង់ទិសការងារដែលងាកចេញពីផែនការអោយវាងាកចូលមកក្នុងទិសដៅរបស់ផែនការវិញ ។
- ត្រួតពិនិត្យបាទ/ទេ ៖ គឺពិនិត្យមើលសំណូមពររបស់ការងារកំពុងអនុវត្ត ឬលក្ខខណ្ឌពិសេសណាមួយ ដែលជាឧបសគ្គដល់ការងារ ដើម្បីសុំសេចក្តីសំរេចពីថ្នាក់ដឹកនាំ បើគេសំរេចតាមសំណូមពរគឺ បាទ, បើគេមិនសំរេច គឺទេ ។
- ក្រោយពេលធ្វើសកម្មភាព ៖ គឺត្រួតពិនិត្យមើលលទ្ធផលការងារមួយដែលបានបញ្ចប់ហើយ តើវាមានបញ្ហាអ្វីខ្លះ ? ចំណុចខ្លាំងខ្សោយរបស់វាមានអ្វីខ្លះ ? ដើម្បីធ្វើការកែប្រែ ឬបំពេញបន្ថែមសំរាប់ការងារក្រោយៗ ទៀតដែលមានលំនាំប្រហាក់ប្រហែលគ្នា ។
៤៧- គេធ្វើការត្រួតពិនិត្យ ៖
- មុន ព្រោះគេចង់ដឹងថាតើការងារដែលនឹងត្រូវអនុវត្តនោះត្រូវការអ្វីខ្លះ (ដូចជា ៖ មនុស្ស សំភារៈ ហិរញ្ញវត្ថុ...។ល។) ? មានលក្ខណៈគ្រប់គ្រាន់សំរាប់ដំណើរការហើយ ឬនៅ ? តើងាយស្រួលក្នុងការប្រើប្រាស់ដែរឬទេ ? អាចរកបាននៅទីណា ? គុណភាពវាដូចម្តេច ?
- ក្រោយ ព្រោះគេចង់ដឹងពីការងារដែលសំរេចនោះមានលទ្ធផលដូចម្តេច ? មានបញ្ហាអ្វីខ្លះ ? ចំណុចខ្លាំង ខ្សោយរបស់វាដូចម្តេច ? តើត្រូវធ្វើការកែប្រែ ឬបំពេញបន្ថែមដូចម្តេច ? មានអ្វីសំរាប់ធ្វើជាបទពិសោធន៍សំរាប់ការងារក្រោយៗទៀតដែរឬទេ ?
តភាគ