តាមប្រកាសលេខ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១១ ពន្ធលើអចលនទ្រព្យនេះ ត្រូវបានលើកលែង ដូចខាងក្រោម ៖
- អចលនទ្រព្យដែលជាដីធ្លីកសិកម្ម ។ ក្នុងករណ៏ចំណែកណាមួយនៃដីធ្លីកសិកម្មត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ ដែលមិនបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម ចំណែកដីនោះមិនត្រូវបានលើកលែងពន្ធនេះទេ ។
- អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្តាប័នរាជរដ្ឋាភិបាល ។ ក្នុងករណីអចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសកម្មរបស់សហគ្រាសសាធារណៈ ឬក្រុមហ៊ុនចម្រុះរដ្ឋ អចលនទ្រព្យនោះមិនត្រូវបានលើកលែងពន្ធនេះទេ ។
- អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយ ដែល ៖
- ត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌
- គ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន ។
ការលើកលែងពន្ធនេះ មិនរាប់បញ្ចូលទេ ចំពោះ ៖
- អចលនទ្រព្យដែលត្រូវបានជួល ឬផ្តល់ឱ្យបណ្តោះអាសន្ន សម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌
- អចលនទ្រព្យជាកម្មសិទ្ធិរបស់អង្គការសាសនា ឬអង្គការសប្បុរសធម៌ ដែលបានជួល ឬផ្តល់ជាបណ្តោះអាសន្ន ឱ្យទៅសហគមន៍ ឬបុគ្គលណាមួយ ដែលប្រើប្រាស់អចលនទ្រព្យនោះក្រៅពីគោលដៅសាសនា និងសប្បុរសធម៌ ។
- អចលនទ្រព្យជាកម្មសិទ្ធិរបស់ ៖
ក- បេសកកម្មការទូត ឬកុងស៊ុលបរទេស
ខ- អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ។
- អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយានរួមបញ្ចូលទាំងអគារ និងការិយាល័យ ដែលបម្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ។
- ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសាងសង់លើដីធ្លីកសិកម្ម ដែលបម្រើផ្ទាល់និងជាអចិន្ត្រៃយ៍ ដល់សកម្មភាពកសិកម្ម ។
- អចលនទ្រព្យដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្តិ ដែលជាបាតុភូត ឬជាព្រឹត្តិការណ៍កើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជំនះបាន ដូចជា គ្រោះធម្មជាតិ ( ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី) សង្គ្រាម កុប្បកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយ ជាយថាហេតុ ។
- ផ្ទះ អគារ និងសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% (ប៉ែតសិបភាគរយ) និងមិនទាន់បានប្រើប្រាស់ ។
- អចលនទ្រព្យដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម ។