សំណួរ
១៦- តើនរណាដែលជាអ្នកអាចជួយកិច្ចការពន្ធរបស់អ្នកជាប់ពន្ធបាន ?
១៧- តើកិច្ចការអ្វីខ្លះដែលអ្នកជាប់ពន្ធអាចរកអ្នកតំណាង ?
១៨- តើការទទួលខុសត្រូវរបស់អ្នកជាប់ពន្ធមានអ្វីខ្លះ ?
១៩- តើទទួលបានការអនុវត្តអ្វីខ្លះដោយមានតម្លាភាព និងមិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ ?
ចម្លើយ
១៦- អាចជាប់ពន្ធអាចស្វែងរកជំនួយក្នុងការធ្វើការងារជាមួយរដ្ឋបាលសារពើពន្ធ ។ អ្នកជាប់ពន្ធអាចជ្រើសរើសបុគ្គលណាម្នាក់តាមតម្រូវការ លើកលែងតែមន្ត្រីពន្ធដារ ។ ដូចមានចែងក្នុងមាត្រា ១០៦ នៃចសព ៖
- អ្នកជាប់ពន្ធត្រូវធ្វើការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរទៅឲ្យបុគ្គលម្នាក់ទៀត ឲ្យធ្វើសកម្មភាពជំនួសមុខខ្លួន ក្នុងបញ្ហាពន្ធដារ ។
- អ្នកជាប់ពន្ធអាចកំណត់ព្រំដែនសិទ្ធិអំណាចនៃការផ្ទេរសិទ្ធិ ។
- រដ្ឋបាលសារពើពន្ធតម្រូវឲ្យបុគ្គលដែលធ្វើសកម្មភាព ក្នុងនាមអ្នកជាប់ពន្ធលើមូលដ្ឋាននៃការផ្ទេរសិទ្ធិដាក់ជូនពិនិត្យនូវភស្តុតាងជាលាយលក្ខណ៍អក្សរនៃការផ្ទេរសិទ្ធិនោះ ។
- ទោះបីជាអ្នកជាប់ពន្ធមានអ្នកតំណាងមកធ្វើការជាមួយរដ្ឋបាលសារពើពន្ធក៏ដោយ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចទទួលខុសត្រូវដោយផ្ទាល់ចំពោះរាល់សកម្មភាពរបស់បុគ្គល ដែលជាតំណាងតាមផ្លូវច្បាប់ដែលបានទទួលការផ្ទេរសិទ្ធិពីខ្លួន រហូតដល់ពេលណាដែលរដ្ឋបាលសារពើពន្ធបានទទួលសេចក្តីបញ្ជាក់ជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធស្តីអំពីការលុបចោលនូវការផ្ទេរសិទ្ធិនោះវិញ ។
១៧- អ្នកជាប់ពន្ធអាចរកការផ្តល់ប្រឹក្សាយោបល់អំពីកិច្ចការគណនេយ្យហិរញ្ញវត្ថុ និងកិច្ចការសារពើពន្ធដែលពាក់ព័ន្ធ ។ អ្នកជាប់ពន្ធអាចជ្រើសរើសនរណាម្នាក់ជាតំណាងរបស់ខ្លួនក្នុងកិច្ចការនេះ ។ យោងតាមមាត្រា ១០៦ នៃចសព បុគ្គលដែលជាតំណាងរបស់អ្នកជាប់ពន្ធ ត្រូវចុះបញ្ជីនូវទំនាក់ទំនងរបស់ខ្លួននៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេឡ ១៥ថ្ងៃក្រោយពេលដែលទំនាក់ទំនងនោះបានកើតឡើង ។ បុគ្គលដែលជាតំណាងអ្នកជាប់ពន្ធមានសិទ្ធិជំនួសមុខឲ្យអ្នកជាប់ពន្ធស្របតាមមាត្រា ១០៦នៃចសព ដើម្បី ៖
- រៀបចំបញ្ជីការគណនេយ្យ ។
- ដាក់លិខិតប្រកាសសារពើពន្ធ ។
- ធ្វើការទំនាក់ទំនងឆ្លើយតបក្នុងនាមអ្នកជាប់ពន្ធ ចំពោះការស្នើសុំព័ត៌មានពីរដ្ឋបាលសារពើពន្ធ ។
- បង្ហាញរបាយការណ៍ ឬលិខិតស្នាមផ្សេងៗ ។
- បង់ពន្ធអាករទាំងឡាយដែលកំណត់ដោយបទប្បញ្ញត្តិស្តីពីពន្ធដារ ។
- ធ្វើបណ្តឹងតវ៉ា និងបណ្តឹងឧទ្ធរណ៍ ។
- តំណាងឲ្យអ្នកជាប់ពន្ធនៅតុលាការ ។
- បំពេញរាល់កាតព្វកិច្ចដែលអ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះមុខបទប្បញ្ញត្តិស្តីពីពន្ធដារ ។
១៨- ការទទួលខុសត្រូវរបស់អ្នកជាប់ពន្ធមានដូចជា ៖
- អ្នកជាប់ពន្ធជាអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះរាល់កិច្ចការរបស់ខ្លួន ។
- អ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះការថែរក្សាឯកសារនានា និងត្រូវផ្តល់ព័ត៌មានត្រឹមត្រូវដល់រដ្ឋបាលសារពើពន្ធ ។
- ទោះបីជាអ្នកជាប់ពន្ធជួលទីប្រឹក្សាឲ្យរៀបចំការប្រកាសសារពើពន្ធ ឬឯកសារផ្សេងៗក៏ដោយ អ្នកជាប់ពន្ធនៅតែត្រូវទទួលខុសត្រូវ ចំពោះភាពត្រឹមត្រូវរបស់ព័ត៌មានទាំងនោះតាមផ្លូវច្បាប់ ។
- ប្រសិនបើអ្នកជាប់ពន្ធជួលទីប្រឹក្សាឲ្យរៀបចំការប្រកាសសារពើពន្ធ អ្នកជាប់ពន្ធត្រូវតែរក្សាឯកសារចាំបាច់ និងត្រូវផ្តល់ជូនព័ត៌មានត្រឹមត្រូវ និងពេញលេញទៅឲ្យទីប្រឹក្សារបស់អ្នកជាប់ពន្ធ ដើម្បីឲ្យទីប្រឹក្សានោះរៀបចំលិខិតប្រកាសសារពើពន្ធបានត្រឹមត្រូវ ។
- មុនពេលអ្នកជាប់ពន្ធចុះហត្ថលេខាលើឯកសារណាមួយ អ្នកជាប់ពន្ធត្រូវពិនិត្យថាព័ត៌មានទាំងនេះត្រឹមត្រូវ ទោះជាទីប្រឹក្សារបស់អ្នកជាប់ពន្ធជាអ្នករៀបចំក៏ដោយ ។ អ្នកជាប់ពន្ធមិនត្រូវចុះហត្ថលេខាលើឯកសារដែលនៅចំហទេ ។
- ទោះជាអ្នកជាប់ពន្ធជួលទីប្រឹក្សាឲ្យរៀបចំការប្រកាសសារពើពន្ធ ឬឯកសារពាក់ព័ន្ធនឹងកិច្ចការសារពើពន្ធផ្សេងៗក៏ដោយ អ្នកជាប់ពន្ធត្រូវតែចុះហត្ថលេខានៅលើលិខិតប្រកាសនេះ ។
- ប្រសិនបើទីប្រឹក្សារបស់អ្នកជាប់ពន្ធមិនបានយកចិត្តទុកដាក់រៀបចំការប្រកាសត្រឹមត្រូវ អ្នកជាប់ពន្ធអាចបង់ពន្ធមិនត្រឹមត្រូវតាមច្បាប់ ។ រដ្ឋបាលសារពើពន្ធនឹងតម្រូវឲ្យអ្នកជាប់ពន្ធបង់បន្ថែមនូវប្រាក់ពន្ធ ដែលបង់ខ្វះព្រមទាំងប្រាក់ពន្ធបន្ថែម និងទោសទណ្ឌផ្សេងៗទៀត ដូចមានរៀបរាប់ក្នុងផ្នែកកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ។ ទោសទណ្ឌអាចនឹងធ្ងន់ធ្ងរ ប្រសិនបើទីប្រឹក្សារបស់អ្នកជាប់ពន្ធធ្វើការធ្វើធ្វេសប្រហែល ឬមិនគោរពច្បាប់ដោយចេតនា ។
១៩- ទទួលបានការអនុវត្តដោយមានតម្លាភាព និងមិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធមានដូចជា ៖
- ជួបប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ពន្ធដោយសុភាពរាបសា គោរពរាប់អាន និងអនុវត្តដោយមិនលម្អៀង ។
- ធ្វើសេចក្តីសម្រេចដោយមានតម្លាភាព និងសមធម៌តាមបទប្បញ្ញត្តិច្បាបជាធរមាន ។ ម្យ៉ាងវិញទៀត រដ្ឋបាលសារពើពន្ធទទួល និងពិចារណារាល់ការអះអាងរបស់អ្នកជាប់ពន្ធ ប្រសិនបើការអះអាងស្របនឹងច្បាប់ស្តីពីសារពើពន្ធ ។
- ដោះស្រាយនូវរាល់បញ្ហា ឬបណ្តឹងតវ៉ារបស់អ្នកជាប់ពន្ធឲ្យបានឆាប់រហ័ស ។
តភាគ