ការគណនាប្រាក់ពន្ធត្រូវបង់ ឬឥណទានពន្ធសម្រាប់ឆ្នាំជាប់ពន្ធត្រូវបានកំណត់ដូចតទៅ ៖
- ក្នុងករណីដែលលទ្ធផលគណនាតាមមាត្រា ៣៧នៃច្បាប់នេះ មានចំនួនច្រើនជាងផលបូកនៃចំនួនប្រាក់ពន្ធដែលបានកាត់ទុកក្នុងនាមអ្នកជាប់ពន្ធ តាមមាត្រា២៥នៃច្បាប់នេះ និងចំនួនប្រាក់រំដោះពន្ធលើប្រាក់ចំណេញដែលអ្នកជាប់ពន្ធបានបង់ប្រចាំឆ្នាំ តាមមាត្រា២៨នៃច្បាប់នេះ អ្នកជាប់ពន្ធត្រូវបង់បន្ថែមចំនួនដែលលំអៀងនោះជូនរដ្ឋបាលសារពើពន្ធ ។
- ប្រសិនបើលទ្ធផលគណនាតាមមាត្រា ៣៧នៃច្បាប់នេះ មានចំនួនតិចជាងផលបូកនៃចំនួនប្រាក់ពន្ធដែលបានកាត់ទុកក្នុងនាមអ្នកជាប់ពន្ធតាមមាត្រា ២៥នៃច្បាប់នេះ និងចំនួនប្រាក់រំដោះពន្ធលើប្រាក់ចំណេញដែលអ្នកជាប់ពន្ធបានបង់សម្រាប់ឆ្នាំជាប់ពន្ធ តាមមាត្រា២៨នៃច្បាប់នេះ ក្រោយពីបានគិតបំណុលពន្ធអប្បបរមារួចហើយ អ្នកជាប់ពន្ធអាចសុំបង្វិលសងវិញនូវចំនួនដែលលំអៀង ឬយោងទៅប្រើជាប្រាក់រំដោះសម្រាប់ឆ្នាំបន្ទាប់ ។
- មុននឹងធ្វើការទូទាត់ប្រាក់ពន្ធតាមកថាខណ្ឌ១ ឬក៏សុំបង្វិលសងតាមកថាខណ្ឌ២ អ្នកជាប់ពន្ធត្រូវតែកំណត់ជាមុននូវបំណុលពន្ធអប្បបរមា តាមនីតិវិធីដែលមានចែងក្នុងមាត្រា៣៩នៃច្បាប់នេះ ។