Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើពន្ធប្រយោលគឺជាអ្វី ? ចូររៀបរាប់ពីប្រភេទរបស់ពន្ធប្រយោល ។

៥២- តើពន្ធមានមុខងារអ្វីខ្លះនៅក្នុងសេដ្ឋកិច្ច?

៥៣- តើនីតិបុគ្គលសំដៅដល់អ្វី ?

៥៤- តើគ្រឹះស្ថានអចិន្ត្រៃយ៍សំដៅដល់អ្វី ?

៥៥- តើក្រុមអាជីវកម្មសំដៅដល់អ្វី ?

ចម្លើយ

៥១- ពន្ធប្រយោល (Indirect Tax) គឺជាប្រភេទពន្ធដែលមានកម្មវត្ថុជាការប្រើប្រាស់ទំនិញឬសេវាកម្ម ។ បន្ថែមពីលើនេះ ពន្ធប្រយោលគ្របដណ្តប់លើសកម្មភាពផលិតផងដែរ ពីព្រោះទំនិញត្រូវបានដាក់ឱ្យឆ្លងកាត់ចលនាផលិតកម្ម ។ អ្នកប្រើប្រាស់ទំនិញ ឬសេវាកម្ម គឺជាបុគ្គលរងពន្ធ មានន័យថា គាត់ត្រូវជាប់កាតព្វកិច្ចបង់ពន្ធលើការប្រើប្រាស់ទំនិញឬសេវាកម្ម ដែលអ្នកលក់ឬអ្នកផ្គត់ផ្គង់ត្រូវប្រមូលនិងបង់ជូនរដ្ឋនាពេលក្រោយ ។ ជាវិបាក អ្នកលក់ឬអ្នកផ្គត់ផ្គង់ត្រូវបញ្ចូលពន្ធទៅក្នុងតម្លៃទំនិញឬតម្លៃសេវាកម្មនីមួយៗ ដោយបញ្ជាក់ប្រាប់អ្នកប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការប្រមូលពន្ធនេះបង់ជូនរដ្ឋនាពេលក្រោយ ។ ពន្ធប្រយោលត្រូវបង់ដោយមិនគិតពីកម្រិតនៃផលទុនរបស់អ្នកណាឡើយ។ ពន្ធនេះ ប្រែប្រួលទៅតាមប្រភេទនៃផលិតផល ឬសេវាដែលបានប្រើប្រាស់ ។

ពន្ធប្រយោលរួមមានជាអាទិ៍ ៖

  • អាករបំភ្លឺសាធារណៈ (Public Light Tax) គឺជាប្រភេទពន្ធប្រយោល ដែលគិតទៅលើតម្លៃស្រានិងបារីដែលអ្នកប្រើប្រាស់មានកាតព្វកិច្ចត្រូវបង់ ហើយដែលត្រូវកាត់ទុកដោយអ្នកលក់ ដើម្បីបង់ជូនរដ្ឋជាបន្តនាពេលក្រោយទៀត ។
  • អាករលើការស្នាក់នៅ (Accommodation Tax) គឺជាប្រភេទពន្ធប្រយោលដែលគិតលើតម្លៃសរុបនៃការជួលកន្លែងស្នាក់នៅ ដែលអ្នកប្រើប្រាស់សេវាស្នាក់នៅជាប់កាតព្វកិច្ចត្រូវបង់ និងដែលទទួលកាត់ទុកដោយអ្នកផ្គត់ផ្គង់ ដើម្បីបង់ជូនរដ្ឋជាបន្តនាពេលក្រោយទៀត ។
  • អាករលើផលរបរ (Turnover Tax) គឺជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដូចជា ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្ម ។ អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋដោយអ្នកលក់ ។ អាករនេះអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ ។
  • អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services) គឺជាប្រភេទពន្ធប្រយោល ដែលយកទៅលើមុខទំនិញនិងសេវាមួយចំនួន ដែលប្រែប្រួលទៅតាមប្រទេសនីមួយៗ ។ អ្នកលក់ ឬអ្នកផ្គត់ផ្គង់ ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជាបន្តនាពេលក្រោយ ។
  • អាករលើតម្លៃបន្ថែម (Value Add Tax) គឺជាប្រភេទពន្ធប្រយោលដែលយកទៅលើតម្លៃបន្ថែមលើទំនិញ សេវាកម្ម ដែលឆ្លងកាត់តាមដំណាក់កាលផលិតកម្មចរាចរ និងការប្រើទំនិញ ឬសេវាទាំងនោះ ។ អ្នកផលិត អ្នកលក់ ឬអ្នកផ្គត់ផ្គង់ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជាបន្តនាពេលក្រោយ ។ ផ្ទុយពីអាករលើផលរបរអាករលើតម្លៃបន្ថែមនេះ អនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស័្វយប្រកាសតែប៉ុណ្ណោះ ។
  • ពន្ធនាំចេញនាំចូលឬពន្ធគយ (Tax on import-export/ customs excise and duties) ដោយឆ្លងកាត់ច្រកព្រំដែន ។ អ្នកនាំចេញ-អ្នកនាំចូល ត្រូវប្រមូលពន្ធនេះពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋនាពេលក្រោយ ។

៥២- ពន្ធ មានមុខងារសំខាន់បីនៅក្នុងសេដ្ឋកិច្ចគឺ ៖

- មុខងារហិរញ្ញវត្ថុរបស់ពន្ធដារ

  • ពន្ធដារបានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការបង្កើតប្រភពចំណូលរបស់ថវិការជាតិ ។
  • រដ្ឋាភិបាលយកចំណូលពន្ធទៅទ្រទ្រង់ដល់ការចំណាយសាធារណៈនានា ដូចជា សង់សាលារៀន សង់មន្ទីរពេទ្យ ធ្វើផ្លូវថ្នល់ ធ្វើស្ពាន ធ្វើសួនច្បារ ធ្វើកន្លែងកំសាន្ត ។ល។
  • ការប្រមូលពន្ធបានច្រើនធានានូវនិរន្តរភាពនៃការចំណាយរបស់រដ្ឋ ។

- មុខងារសេដ្ឋកិច្ចរបស់ពន្ធដារ

  • ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍ សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរបស់រដ្ឋ ។
  • ពន្ធដារត្រូវបានគេចាត់ទុកថា ជាឧបករណ៍សម្រាប់ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយ ដើម្បីជាប្រយោជន៍រួមដល់សង្គម ។
  • ពន្ធដារក៏បានដើរតួនាទីសំខាន់ផងដែរក្នុងការពង្រឹង និងជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ព្រោះថាពន្ធដារបានជះឥទ្ធិពលដល់ការផលិត និងការប្រើប្រាស់នៅក្នុងខឿនសេដ្ឋកិច្ច ។
  • ពន្ធដារ ត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរដ្ឋ ។ ពន្ធត្រូវបានចាត់ទុកថា ជាឧបករណ៍ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយ ដើម្បីជាប្រយោជន៍រួមដល់សង្គម ។ ពន្ធដារជះឥទិព្វលដល់សេដ្ឋកិច្ចពីរផ្នែកជាអាទិ៍ ៖

- ផលិតកម្ម (Production) ៖ ពន្ធដារការពារឧស្សាហកម្មក្នុងស្រុក ។ ប្រសិនបើ អត្រាពន្ធត្រូវបង់ជូនរដ្ឋខ្ពស់នោះចំណងឬលទ្ធភាពនៃការវិនិយោគថយចុះ ក៏ប៉ុន្តែប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋថយចុះនោះចំណង ឬលទ្ធភាពនៃការវិនិយោគកើនឡើងដែរ ។

- ការប្រើប្រាស់ (Consumption) ៖ ពន្ធដារ ជះឥទិព្វលដល់បរិមាណប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗ ប្រសិនបើអត្រាពន្ធមានការប្រែប្រួល ។ ប្រពន្ធ័ពន្ធដែលល្អ គឺប្រព័ន្ធពន្ធដែលធ្វើឱ្យគម្លាតរវាងអ្នកមាននិងអ្នកក្រនៅជិតបំផុត ។ វត្ថុប្រើប្រាស់ចាំបាច់ខ្ពស់ ដូចជា គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ កម្រត្រូវបានគិតពន្ធ ។

- មុខងារសង្គមរបស់ពន្ធដារ

  • ពន្ធដារក៏បានដើរតួនាទីផងដែរក្នុងការជួយលើកកម្ពស់សុខមាលភាពសង្គម ជូនប្រជាពលរដ្ឋវិញទៅតាមលទ្ធភាពរបស់ប្រទេសនីមួយៗ ។
  • ពន្ធជំរុញឱ្យមានការអភិវឌ្ឍរដ្ឋបាលកណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ចំណូលពន្ធ ត្រូវបានចំណាយសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (ដូចជា សាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន វត្តអារាមទីធ្លាសាធារណៈ...) ការពង្រឹងសន្តិសុខជាតិ ការបម្រើឱ្យវិស័យការពារជាតិ និងពង្រឹងប្រសិទ្ធភាពនៃសេវាសាធារណៈផ្សេងៗទៀត ។
  • ជាវិបាកពន្ធដារ ជំរុញការអភិវឌ្ឍរដ្ឋបាលកណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ បន្ថែមពីលើសពីនេះទៀត ពន្ធដារការពារសុខភាពរបស់មនុស្សបាន ជាក់ស្តែងទំនិញដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សដូចជា ស្រា បារី ត្រូវបានយកពន្ធច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ ។
  • សរុបមកពន្ធដារបានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។ រដ្ឋាភិបាលប្រមូលពន្ធ ដើម្បីយកជាប្រាក់ចំណូលសម្រាប់ចំណាយលើការគ្រប់គ្រងរដ្ឋ រួមទាំងសងបំណុលបរទេសផងដែរ ។
  • ពន្ធដារបានមកពីការបែងចែកប្រាក់ចំណូលរបស់អ្នកជាប់ពន្ធ ពោលគឺអ្នកមានចំណូលច្រើន ត្រូវបង់ពន្ធច្រើនចំណែកឯអ្នកមានចំណូលតិច ត្រូវបង់ពន្ធតិច ។

៥៣- នីតិបុគ្គល សំដៅដល់សហគ្រាស ឬអង្គាការនានាដែលប្រកបអាជីវកម្ម ទោះបីជាបាន​ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋភិបាលក្តី ។ ពាក្យ​ នីតិបុគ្គល រួមបញ្ជូលផលដែរនូវស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរធម៌ ឬអង្គការមិនស្វែងរកប្រាក់ចំណេញ ។

៥៤- គ្រឹះស្ថានអចិន្ត្រៃយ៍ សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅព្រះរាជាណាចក្រ​កម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះបុគ្គលអនិវាសនជនប្រកបអាជីវកម្មរបស់ខ្លួន ។ ពាក្យ គ្រឹះស្ថានអចិន្ត្រៃយ៍​ រួមបញ្ជូលផងដែរនូវសមាគម ឬរូបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះបុគ្គលអនិវាសនជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។

៥៥- ក្រុមអាជីវកម្ម សំដៅដល់ក្រុមសមូហនាម ដែលមានម្ចាស់ភាគទុនជារូបវន្តបុគ្គលនិវាសនជនយ៉ាងច្រើន១០នាក់ ហើយក្នុងនោះចំណែកសមមាត្រារបស់ម្ចាស់ភាគទុននៅក្នុងខ្ទង់មូលធន ប្រាក់ចំណេញ និងការខាតបង់ ត្រូវស្របតាមលក្ខណៈវិនិច្ឆ័យដែលត្រូវកំណត់ដោយអនុក្រឹត្យ ។ ក្នុងនិយមន័យនេះ ក្រុមអាជីវកម្ម មិនអាចជាសមាជិករបស់ក្រុមហ៊ុនបុគ្គលណាមួយ ហើយក៏មិនរាប់បញ្ជូលផងទេនូវក្រុមហ៊ុនដើមទុនគ្រឹះស្ថានអចិន្ត្រៃយ៍ ឬសហគ្រាសឯកបុគ្គល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login