សំណួរ
៤៦- តើគោលបំណងរបស់គោលនយោបាយពន្ធគឺដើម្បីប្រមូលថវិកាសម្រាប់ធ្វើអ្វី ?
៤៧- តើតម្លៃគិតពន្ធគយលើទំនិញនាំចូលត្រូវបានកំណត់ទៅតាមវិធានអ្វីខ្លះ ?
៤៨- តើរដ្ឋធ្វើដូចម្តេច ដើម្បីលើកកម្ពស់ប្រសិទ្ធភាពអត្រាពន្ធ ?
៤៩- តើអគ្គនាយកដ្ឋានគយ និងរដ្ឋារកមានតួនាទី និងភារកិច្ចដូចម្តេច ?
៥០- ដូចម្តេចដែលហៅថាទំនិញជាប់ពន្ធខ្ពស់ ?
ចម្លើយ
៤៦- គោលបំណងរបស់គោលនយោបាយពន្ធគឺដើម្បីប្រមូលថវិកាសម្រាប់ ៖
- ទ្រទ្រង់ស្ថាប័នរដ្ឋដូចជា ចំណាយរដ្ឋបាល ប្រាក់ខែមន្ត្រីរាជការ
- ទ្រទ្រង់ការអភិឌ្ឍសេដ្ឋកិច្ច (ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ)
- ការផ្តល់សេវាសាធារណៈចំពោះសង្គម
- ជំរុញការបែងចែកឡើងវិញរាល់ចំណូល
- កំណែទម្រង់សុក្រិតភាពទីផ្សារ
- ទ្រទ្រង់ការចំណាយរបស់រដ្ឋាភិបាល
- ទប់ស្កាត់វិស័យសេដ្ឋកិច្ចណាមួយដែលរដ្ឋទប់ស្កាត់
- ជំរុញការប្រកួតប្រជែង ។
៤៧- តម្លៃគិតពន្ធគយលើទំនិញនាំចូលត្រូវបានកំណត់ទៅតាមវិធានដូចជា ៖
- តម្លៃគិតពន្ធគយលើទំនិញនាំចូល គឺជាតម្លៃចម្លងការ មានន័យថាថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដលើទំនិញដែលបានលក់សម្រាប់នាំចេញមកព្រះរាជាណាចក្រកម្ពុជា ស្របតាមបញ្ញត្តិនៃប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងវាក្យខណ្ឌ ជ នៃមាត្រា២១ នៃច្បាប់ស្តីពីគយ ។
- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិ នៃវាក្យខណ្ឌ ក នៃមាត្រា២១ នៃច្បាប់ស្តីពីគយ តម្លៃគិតពន្ធគយគឺជាតម្លៃចម្លងការនៃទំនិញដូចគ្នា ។
- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិ នៃវាក្យខណ្ឌ ក និងវាក្យខណ្ឌ ខ នៃមាត្រា២១ នៃច្បាប់ស្តីពីគយ តម្លៃគិតពន្ធគយគឺជាតម្លៃចម្លងការនៃទំនិញប្រហាក់ប្រហែលគ្នា ។
- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យខណ្ឌ ខ និងវាក្យខណ្ឌ គ នៃមាត្រា២១ នៃច្បាប់ស្តីពីគយ តម្លៃគិតពន្ធគយត្រូវផ្អែកលើវិធីសាស្ត្រអនុមាន ។
- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យខណ្ឌ ខ វាក្យខណ្ឌ គ និងវាក្យខណ្ឌ ឃ នៃមាត្រា២១ នៃច្បាប់ស្តីពីគយ តម្លៃគិតពន្ធគយត្រូវផ្អែកលើវិធីសាស្រ្តគណនា ។
- លំដាប់នៃការអនុវត្តនៃវាក្យខណ្ឌ ឃ និងវាក្យខណ្ឌ ង នៃមាត្រា២១ នៃច្បាប់ស្តីពីគយ អាចត្រូវត្រឡប់ចុះឡើងបានតាមសំណើរបស់អ្នកនាំចូល ។
- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យខណ្ឌ ខ វាក្យខណ្ឌ គ វាក្យខណ្ឌ ឃ និងវាក្យខណ្ឌ ង នៃមាត្រា២១ នៃច្បាប់ស្តីពីគយ តម្លៃគិតពន្ធគយត្រូវផ្អែកលើ មូលដ្ឋានទិន្នន័យដែលមានស្រាប់ក្នុងដែនគយក្រោមលក្ខខណ្ឌច្បាស់លាស់ ។
- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬរដ្ឋមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ត្រូវចេញប្រកាសកំណត់ នូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយ ។
៤៨- ការធ្វើឲ្យមានប្រសិទ្ធភាពដល់អត្រាពន្ធពាក់ព័ន្ធនឹងផ្នែកជាច្រើន ៖
- កាត់បន្ថយចំនួន និងភាពរាយប៉ាយនៃអត្រាពន្ធគយ និងបញ្ចុះអត្រាពន្ធជាមធ្យម ដើម្បីកាត់បន្ថយសភាពដូចដើម ដែលបង្ករឡើងដោយគោលនយោបាយពាណិជ្ជកម្ម ។
- កំណត់អត្រាកណ្តាលសម្រាប់ VAT លើទំនិញនិងសេវា ក្នុងកម្រិតពី ១០% ទៅ ២០% ។
- កំណត់យកអត្រាពន្ធបីឬបួនលើមុខទំនិញប្រណិត ឬចាំបាច់ និងតម្លើង ។ អត្រាពន្ធលើមុខទំនិញដែលប្រើប្រាស់ ដោយអ្នកមានទ្រព្យសម្បត្តិច្រើន ។
- បញ្ចុះអត្រាពន្ធដែលមានអត្រាម៉ាជីណលខ្ពស់បំផុតលើពន្ធចំណូលរបស់បុគ្គលចន្លោះពី ៣០% ទៅ ៥០% ។
- ធ្វើឯកភាពនីកម្មរចនាសម្ព័ន្ធអត្រាពន្ធក្រុមហ៊ុន ឲ្យទៅជាអត្រាពន្ធសមស្របតែមួយគត់ ដែលសមមូលនឹងអត្រាពន្ធបុគ្គលខ្ពស់បំផុត ។
៤៩- អគ្គនាយកដ្ឋានគយ និងរដ្ឋារកមានតួនាទី និងភារកិច្ចមានដូចជា ៖
- ជាស្ថាប័នជំនាញពាក់កណ្តាលប្រដាប់អាវុធ
- មានសមត្ថកិច្ចតាមផ្លូវច្បាប់ត្រួតពិនិត្យប្រមូលពន្ធអាករ និងកម្រៃគ្រប់ប្រភេទលើទំនិញនាំចេញនិងនាំចូល
- គ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករគ្រប់ប្រភេទលើទំនិញនាំចេញនិងនាំចូល
- បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសគយ
- បង្កការងាយស្រួលដល់ពាណិជ្ជកម្មអន្តរជាតិ ។
៥០- ដែលហៅថាទំនិញជាប់ពន្ធខ្ពស់ គឺជាប្រភេទទំនិញដែលត្រូវជាប់កាតព្វកិច្ច និងអាករនាំចូលតាមអត្រាគរពូន លើសពី ២៧% ។
តភាគ