គោលការណ៍ស្តីពីការចុះបញ្ជីត្រូវបានកំណត់ដូចជា ៖
- បុគ្គលជាប់អាករដូចមានចែងក្នុងមាត្រា៥៩នៃច្បាប់នេះ ត្រូវធ្វើការចុះបញ្ជីសម្រាប់អាករលើតម្លៃបន្ថែមឲ្យបានស្រេចបាច់ក្នុងរយៈពេល៣០ថ្ងៃក្រោយថ្ងៃដែលបុគ្គលនោះក្លាយជាបុគ្គលជាប់អាករ ។ វិធាន និងនីតិវិធីសម្រាប់ការចុះបញ្ជីនេះត្រូវកំណត់ដោយអនុក្រឹត្យ ។
- ចំពោះបុគ្គលដែលមានការតម្រូវឲ្យធ្វើការចុះបញ្ជី ហើយដែលមិនបានធ្វើការចុះបញ្ជីនោះ រដ្ឋបាលសារពើពន្ធអាចធ្វើការចុះបញ្ជីបុគ្គលនោះចាប់តាំងពីពេលដែលបុគ្គលនោះត្រូវមកធ្វើការចុះបញ្ជី ។ បុគ្គលដែលត្រូវបានចុះបញ្ជីតាមបែបនេះត្រូវមានការទទួលខុសត្រូវចំពោះប្រាក់អាករទាំងអស់ក្នុងមាត្រា៦៤នៃច្បាប់នេះ ចាប់តាំងពីកាលបរិច្ឆេទដែលបុគ្គលនោះត្រូវមកធ្វើការចុះបញ្ជី ។
- បើសិនជាបុគ្គលជាប់អាករណាមួយដែលបានចុះបញ្ជីតាមមាត្រានេះយល់ឃើញថា ខ្លួនមិនត្រូវជាបុគ្គលជាប់អាករសម្រាប់ឆ្នាំចរន្ត និងឆ្នាំបន្ទាប់ទេ បុគ្គលនោះអាចដាក់ពាក្យសុំលុបការចុះបញ្ជីវិញ ។
- សម្រាប់ក្រុមបុគ្គលទាក់ទិន២នាក់ ឬច្រើននាក់ ដែលក្នុងនោះបុគ្គលម្នាក់ ឬច្រើននាក់ មិនមែនជាបុគ្គលជាប់អាករទេនោះ រដ្ឋបាលសារពើពន្ធអាចចាត់ទុកបុគ្គលជាប់អាករណាមួយថាបានចុះបញ្ជីសម្រាប់សកម្មភាពសេដ្ឋកិច្ចទាក់ទិនទាំងមូល ឬភាគណាមួយ ។ បើសិនជាគ្មានបុគ្គលទាក់ទិនណាម្នាក់ជាបុគ្គលជាប់អាករទេនោះ រដ្ឋបាលសារពើពន្ធអាចចុះបញ្ជីនូវបុគ្គលក្នុងក្រុមម្នាក់ ឬច្រើននាក់សម្រាប់ សកម្មភាពសេដ្ឋកិច្ចទាក់ទិនទាំងមូល ឬភាគណាមួយ ។
- សម្រាប់គោលដៅនៃការចុះបញ្ជី និងដោយមានការយល់ព្រមពីរដ្ឋបាលសាពើពន្ធ ចំពោះបុគ្គលជាប់អាករមួយក្រុមដែលជាប់ទាក់ទិនគ្នាដូចមានចែងក្នុងមាត្រា៥៦នៃច្បាប់នេះ សកម្មភាពរបស់សមាជិកនានានៅក្នុងក្រុម អាចចាត់ទុកជាសកម្មភាពរបស់សមាជិកជ្រើសតាំងតែម្នាក់ប៉ុណោ្ណះ ។ ក្នុងករណីនេះ សមាជិកម្នាក់ៗនៅក្នុងក្រុមត្រូវមានការទទួលខុសត្រូវរួមគ្នា និងយ៉ាងពេញលេញចំពោះការប្រតិបត្តិតាមបទប្បញ្ញត្តិ ។