សំណួរ
៩៦- តើគោលការណ៍អនុវត្តចំពោះកិច្ចសន្យាដែលបានធ្វើមុនកាលបរិច្ឆេទចូលជាធរមាននៃអាការត្រូវបានកំណត់យ៉ាងដូចម្តេច ?
៩៧- តើឥណទានអាករចំពោះទំនិញស្តុកត្រូវបានកំណត់ដូចម្តេច ?
៩៨- តើអំណាចរបស់រដ្ឋបាលសារពើពន្ធមានអ្វីខ្លះ ?
៩៩- តើរដ្ឋបាលសារពើពន្ធមានកាតព្វកិច្ចអ្វីខ្លះ ?
១០០- តើស្ថាប័នទាំងឡាយដែលទទួលខុសត្រូវគ្រប់គ្រងការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារមានអ្វីខ្លះ ?
ចម្លើយ
៩៦- គោលការណ៍អនុវត្តចំពោះកិច្ចសន្យាដែលបានធ្វើមុនកាលបរិច្ឆេទចូលជាធរមាននៃអាករត្រូវបានកំណត់ដូចជា ៖
- ត្រូវដាក់ឲ្យអនុវត្តនូវអាករតាមមាត្រា៥៥នៃច្បាប់នេះ លើការផ្គត់ផ្គង់ជាប់អាករនានាក្រោមកិច្ចសន្យាដែលបានធ្វើឡើងមុនកាលបរិច្ឆេទចូលជាធរមាននៃអាករនេះ បើសិនជាការផ្គត់ផ្គង់ត្រូវបានធ្វើឡើងនៅចំ ឬនៅក្រោយកាលបរិច្ឆេទចូលជាធរមាននៃអាករ ។
- ចំពោះការផ្គត់ផ្គង់ជាប់អាករដូចមានចែងក្នុងកថាខណ្ឌ១នៃមាត្រានេះ ប្រាក់អាករលើតម្លៃបន្ថែមដែលបានកត់ត្រាក្រៅពីកិច្ចសន្យា ត្រូវចាត់ទុកជាសំណងបន្ថែមចំពោះមុខទំនិញ ឬសេវាដែលបានទិញ និងជាកាតព្វកិច្ចតាមផ្លូវច្បាប់របស់អ្នកទិញចំពោះអ្នកលក់ ។
៩៧- ឥណទានអាករចំពោះទំនិញស្តុកត្រូវបានកំណត់ដូចតទៅ ៖
- ចំពោះបុគ្គលទើបបានចុះបញ្ជី ហើយនៅថ្ងៃចុះបញ្ជីនោះមានស្តុកទំនិញដែលបានជាប់អាករលើតម្លៃបន្ថែម ឬអាករលើផលរបរ រួចហើយបុគ្គលនោះអាចដាក់ពាក្យសុំឲ្យរដ្ឋបាលសារពើពន្ធអនុញ្ញាតនូវឥណទានអាករចំពោះប្រាក់អាករដែលបានបង់លើស្តុកទាំងនោះ បន្ទាប់ពីរដ្ឋបាលសារពើពន្ធបានត្រួតពិនិត្យឃើញថាវិក្កយបត្រ ឬច្បាប់ចម្លងនៃប្រតិវេទន៍គយរបស់ទំនិញទាំងនោះមានលក្ខណៈត្រឹមត្រូវ ។
- បើមានការឯកភាពចំពោះលក្ខណៈត្រឹមត្រូវនៃឯកសារទាំងនោះហើយ រដ្ឋបាលសារពើពន្ធអាចអនុញ្ញាតនូវឥណទានអាករចំពោះការផ្គត់ផ្គង់ដែលបានធ្វើក្នុងអំឡុង៦០ថ្ងៃ មុនថ្ងៃចុះបញ្ជី ឬមុនថ្ងៃដែលច្បាប់នេះចូលជាធរមាន ។ ឥណទានអាករនេះអាចយកទៅប្រើក្នុងប្រកាសសារពើពន្ធទាំងឡាយសម្រាប់អាករនេះ ទៅតាមលក្ខខណ្ឌដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ។
៩៨- អំណាចរបស់រដ្ឋបាលសារពើពន្ធមានដូចជា៖
- កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ។
- តម្រូវឲ្យអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកបង្ហាញខ្លួន ។
- កំណត់បញ្ជី ឯកសារចាំបាច់នានា និងលិខិតយុត្ថិការដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់រក្សាទុក និងផ្តល់ជូនរដ្ឋបាលសារពើពន្ធ ។
- ទាមទារឲ្យអ្នកជាប់ពន្ធ ឬតតិយជនផ្តល់ពត៌មានទាក់ទិននឹងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ។
- ចូលលំនៅដ្ឋាន ឬគ្រឹះស្ថានអាជីវកម្មរបស់អ្នកជាប់ពន្ធ ភ្នាក់ងារកាត់ទុក ឬតតិយជនដើម្បីទទួលបាននូវពត៌មានទាក់ទិន និងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ។
- ទទួលពីស្ថាប័នរដ្ឋទាំងឡាយនូវពត៌មានស្តីពី ឬដែលទាក់ទិននឹងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ។
- អនុវត្តវិធានការតឹងទារចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកនៅពេលដែលបុគ្គលនោះមិនបានបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗតាមការតម្រូវនៃច្បាប់នេះ ។
- កំណត់ឡើងវិញនូវកិច្ចការជំនួញរវាងអ្នកជាប់ពន្ធទាំងឡាយដែលមានជាប់ទាក់ទង ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ។
៩៩- រដ្ឋបាលសារពើពន្ធមានកាតព្វកិច្ចដូចជា ៖
- ប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗ ។
- រក្សាការសម្ងាត់នូវពត៌មានដែលអ្នកជាប់ពន្ធ ឬតតិយជនបានផ្តល់ឲ្យ ហើយផ្តល់ពត៌មានទាំងនេះឲ្យដល់តែបុគ្គលណាដែលបទប្បញ្ញត្តិស្តីពីពន្ធដារបានកំណត់ប៉ុណោ្ណះ
- ផ្តល់ពត៌មានដល់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក សំដៅធានាឲ្យការអនុវត្តបានសមស្របទៅតាមបទប្បញ្ញត្តិស្តីពីពន្ធដារ ។
- បង្វិលសងវិញ ឬចាត់ជាឥណទានពន្ធនូវប្រាក់ពន្ធដែលបង់លើស ដូចដែលមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ។
- ផ្តល់លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឲ្យអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ។
១០០- ស្ថាប័នទាំងឡាយដែលទទួលខុសត្រូវគ្រប់គ្រងការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារមានដូចជា ៖
- នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាលដែលបទប្បញ្ញត្តិស្តីពីពន្ធដារបានផ្តល់អំណាចឲ្យ ។
រដ្ឋបាលសារពើពន្ធមានកាតព្វកិច្ចប្រមូលពន្ធ អនុវត្តទោសទណ្ឌតាមការកំណត់នៃបទប្បញ្ញត្តិស្តីពីពន្ធដារ និងប្តឹងទៅតុលាការ ក្នុងករណីមានការរំលោភច្បាប់ ។
តភាគ