សំណួរ
១០១- តើបុគ្គលដែលជាតំណាងអ្នកជាប់ពន្ធត្រូវមានសិទ្ធិជំនួសមុខឲ្យអ្នកជាប់ពន្ធដើម្បីអ្វីខ្លះ ?
១០២- តើការបង់ពន្ធត្រូវកំណត់ដូចម្តេច ?
១០៣- តើការរឹបអូសទ្រព្យសម្បត្តិអ្នកជាប់ពន្ធត្រូវបានកំណត់ដូចម្តេច ?
១០៤- តើចំនួនប្រាក់ពន្ធត្រូវកំណត់ដូចម្តេច ?
១០៥- តើការកំណត់ពន្ធឡើងវិញត្រូវបានដំណើរការតាមនីតិវិធីដូចម្តេច ?
ចម្លើយ
១០១- បុគ្គលដែលជាតំណាងអ្នកជាប់ពន្ធត្រូវមានសិទ្ធិជំនួសមុខឲ្យអ្នកជាប់ពន្ធដើម្បី ៖
- ដាក់លិខិតប្រកាសសារពើពន្ធ
- បង្ហាញរបាយការណ៍ ឬលិខិតស្នាមផ្សេងៗ
- បង់ពន្ធអាករទាំងឡាយដែលកំណត់ដោយបទប្បញ្ញត្តិស្តីពីពន្ធដារ
- ធ្វើបណ្តឹងតវ៉ា និងបណ្តឹងឧទ្ធរណ៍
- បំពេញរាល់កាតព្វកិច្ច ដែលអ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះមុខបទប្បញ្ញត្តិស្តីពីពន្ធដារ ។
១០២- ការបង់ពន្ធត្រូវកំណត់ដូចជា ៖
- ប្រាក់ពន្ធត្រូវដល់កំណត់ និងត្រូវបង់នៅក្នុងរយៈពេលដែលបទប្បញ្ញត្តិស្តីពីពន្ធដារបានតម្រូវឲ្យធ្វើការដាក់លិខិតប្រកាសសារពើពន្ធ ។
- បំណុលសារពើពន្ធត្រូវដល់កំណត់ និងត្រូវបង់ក្នុងរយៈពេល៣០ថ្ងៃក្រោយពីការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធ ។
- ប្រាក់ពន្ធត្រូវដល់កំណត់ និងត្រូវបង់ក្នុងរយៈពេល៣ថ្ងៃក្រោយពីការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធ ។
- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកំណត់ដោយប្រកាសនូវវិធាន និងនីតិវិធីដើម្បី ៖
ក- កំណត់កាលបរិច្ឆេទទារបំណុលពន្ធដើម្បីចៀសវាងការខាតបង់ដោយទារបំណុលពន្ធមិនបាន ។
ខ- ចាត់ទុកបំណុលពន្ធជាប្រាក់ពន្ធដែលមិនអាចប្រមូលបាន ។
១០៣- ការរឹបអូសទ្រព្យសម្បត្តិអ្នកជាប់ពន្ធត្រូវបានកំណត់ដូចជា៖
- ប្រសិនបើអ្នកជាប់ពន្ធមិនបានបង់បំណុលពន្ធក្នុងរយៈពេល១៥ថ្ងៃក្រោយពីបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ រដ្ឋបាលសារពើពន្ធអាចរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធដើម្បីធានាបំណុលពន្ធ ព្រមទាំងសោហ៊ុយចំណាយក្នុងការប្រមូលពន្ធនោះ ។ សម្រាប់គោលដៅនៃច្បាប់នេះ ពាក្យ “ការរឹបអូស” សំដៅដល់ការរឹបអូសតាមគ្រប់មធ្យោបាយ និងការលក់ទ្រព្យសម្បត្តិអ្នកជាប់ពន្ធដោយរដ្ឋបាលសារពើពន្ធ តែមិនត្រូវរឹបអូសទ្រព្យសម្បត្តិឲ្យហួសពីបំណុលពន្ធ និងចំណាយក្នុងការប្រមូលពន្ធឡើយ ។
- បុគ្គលដែលមានភារៈកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធដែលត្រូវរដ្ឋបាលសារពើពន្ធរឹបអូស មិនអាចបង្វិលទ្រព្យសម្បត្តិនោះទៅឲ្យអ្នកជាប់ពន្ធវិញ ឬក៏យកទ្រព្យសម្បត្តិនោះទៅធ្វើការទូទាត់ផ្សេងៗបានទេ លើកលែងតែការទូទាត់ដែលរដ្ឋបាលសារពើពន្ធបានអនុញ្ញាត ។
- រដ្ឋបាលសារពើពន្ធ អាចអនុវត្តការរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធដែលកាន់កាប់ និងគ្រប់គ្រងដោយបុគ្គលដទៃទៀតយ៉ាងតិច១៥ថ្ងៃក្រោយពេលជូនដំណឹងដល់អ្នកកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិនោះ ។
- បុគ្គលអ្នកកាន់កាប់ និងគ្រប់គ្រងលើទ្រព្យសម្បត្តិដែលត្រូវរឹបអូស ត្រូវប្រគល់ទ្រព្យសម្បត្តិនោះ ឬក៏បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម ការប្រាក់ និងសោហ៊ុយចំណាយក្នុងការប្រមូលពន្ធជូនរដ្ឋបាលសារពើពន្ធ លើកលែងតែចំណែកទ្រព្យសម្បត្តិណាមួយដែលស្ថិតនៅក្នុងដំណើរការជម្រះបញ្ជីរំលាយសកម្មភាពអាជីវកម្ម ។
- បុគ្គលដែលមិនបានប្រគល់ទ្រព្យសម្បត្តិ ត្រូវទទួលខុសត្រូវលើចំនួនទឹកប្រាក់នៃតម្លៃទ្រព្យសម្បត្តិនោះ ប៉ុន្តែមិនលើសពីចំនួនទឹកប្រាក់ដែលជាកម្មវត្ថុនៃការរឹបអូសនោះទេ ។
- បុគ្គលណាដែលបានប្រតិបត្តិតាមការតម្រូវ ត្រូវបានរួចផុតអំពីការទទួសខុសត្រូវចំពោះអ្នកជាប់ពន្ធ ឬតតិយជនលើទ្រព្យសម្បត្តិ ប្រាក់ពន្ធ ឬកាតព្វកិច្ចផ្សេងទៀតដែលបានប្រគល់ជូនទៅរដ្ឋបាលសារពើពន្ធ ។
- ប្រសិនបើរដ្ឋបាលសារពើពន្ធមានមូលដ្ឋានត្រឹមត្រូវជឿជាក់ថា ការប្រមូលពន្ធអាចមានឧបសគ្គ រដ្ឋបាលសារពើពន្ធអាចទាមទារឲ្យអ្នកជាប់ពន្ធបង់ពន្ធភ្លាម ហើយបើអ្នកជាប់ពន្ធមិនបានបំពេញតាមការទាមទារនេះទេ អាចរឹបអូសទ្រព្យសម្បត្តិអ្នកជាប់ពន្ធភ្លាម ។
- ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចមានកំណត់ក្នុងអនុក្រឹត្យ ត្រូវបានរួចផុតពីការរឹបអូស ។
- ការលក់ទ្រព្យសម្បត្តិរឹបអូសត្រូវធ្វើឡើងតាមការដាក់ឲ្យដេញថ្លៃ ។ សោហ៊ុយចំណាយផ្សេងៗក្នុងការលក់ទ្រព្យសម្បត្តិ គឺជាបន្ទុករបស់អ្នកជាប់ពន្ធ ។
១០៤- ចំនួនប្រាក់ពន្ធត្រូវកំណត់ដូចជា ៖
- ក្នុងករណីដែលប្រាក់ពន្ធរបស់អ្នកជាប់ពន្ធត្រូវបានបង់តាមវិធីកាត់ទុក ហើយអ្នកជាប់ពន្ធគ្មានកាតព្វកិច្ចធ្វើប្រកាសសារពើពន្ធនោះ ការកំណត់ពន្ធរបស់អ្នកជាប់ពន្ធ គឺជាកំណត់ចំនួនប្រាក់ពន្ធដែលបានកាត់ទុកនៅក្នុងឆ្នាំប្រតិទិន ។
- ក្នុងករណីដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកមានកាតព្វកិច្ចត្រូវដាក់លិខិតប្រកាសសារពើពន្ធ ការកំណត់ពន្ធរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក គឺជាការកំណត់ពន្ធដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកបានគណនានៅលើលិខិតប្រកាសសារពើពន្ធ ដែលដាក់ជូនរដ្ឋបាលសារពើពន្ធ ។
- ក្នុងករណីដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ ប៉ុន្តែមិនបានធ្វើលិខិតប្រកាស មិនបានរក្សាទុកឲ្យបានត្រឹមត្រូវនូវបញ្ជីការគណនេយ្យ ឬឯកសារផ្សេងទៀតតាមការតម្រូវ ឬមិនបានផ្តល់ពត៌មានចាំបាច់ជូនរដ្ឋបាលសារពើពន្ធ ដើម្បីកំណត់ពន្ធឲ្យបានត្រឹមត្រូវ ការកំណត់ពន្ធរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកគឺជាការកំណត់ពន្ធជាឯកតោភាគីដែលរដ្ឋបាលសារពើពន្ធបានធ្វើ និងបានប្រគល់ឲ្យបុគ្គលនោះ ។ ការកំណត់ពន្ធជាឯកតោភាគីត្រូវផ្អែកលើ ៖
ក- ពត៌មានដែលមានចុះនៅក្នុងលិខិតប្រកាសសារពើពន្ធនានា ឬឯកសារផ្សេងទៀតដែលអ្នកជាប់ពន្ធបានដាក់ជូនរដ្ឋបាលសារពើពន្ធ ។
ខ- ពត៌មានដែលមានចុះក្នុងលិខិតប្រកាសពត៌មាន ។
គ- ពត៌មានផ្សេងទៀតដែលរដ្ឋបាលសារពើពន្ធបានទទួល ។
- បើសិនជាមានមូលដ្ឋានបញ្ជាក់ថា ការប្រមូលពន្ធអាចមានឧបសគ្គ រដ្ឋបាលសារពើពន្ធអាចធ្វើការកំណត់ពន្ធលើអ្នកជាប់ពន្ធនៅពេលណាមួយក៏បាន ។
១០៥- ការកំណត់ពន្ធឡើងវិញត្រូវបានដំណើរការតាមនីតិវិធីដូចជា ៖
- រដ្ឋបាលសារពើពន្ធត្រូវជូនលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញដល់អ្នកជាប់ពន្ធ ។
- អ្នកជាប់ពន្ធមានរយៈពេល៣០ថ្ងៃ ដើម្បីឆ្លើយតបចំពោះការកំណត់ពន្ធឡើងវិញទៅការិយាល័យរបស់នាយកដ្ឋានពន្ធដារ ដែលទទួលបន្ទុកធ្វើការកំណត់ពន្ធឡើងវិញនោះ ។ ក្នុងរយៈពេលនេះអ្នកជាប់ពន្ធអាចទទួលយក ឬជំទាស់ចំពោះការកំណត់ពន្ធឡើងវិញ ។ អ្នកជាប់ពន្ធត្រូវចាត់ទុកថាយល់ព្រមចំពោះការកំណត់ពន្ធឡើងវិញបើសិនជាពុំបានឆ្លើយតប ។
- បើសិនជាមានការជំទាស់ចំពោះការកំណត់ពន្ធឡើងវិញ អ្នកជាប់ពន្ធត្រូវដាក់ពាក្យតវ៉ាទៅប្រធាននាយដ្ឋានពន្ធដារតាមនីតិវិធី ។
- ការិយាល័យទទួលបន្ទុកការកំណត់ពន្ធឡើងវិញរបស់នាយកដ្ឋានពន្ធដារ ត្រូវបញ្ជូនលទ្ធផលនៃការកំណត់ពន្ធឡើងវិញ ទៅការិយាល័យប្រមូលពន្ធក្នុងរយៈពេល៣០ថ្ងៃ ក្រោយការចេញលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ។
តភាគ