សំណួរ
១- តើទំនិញនាំចូលតាមរបបអាគារលក់ទំនិញរួចពន្ធមានបែបបទអ្វីខ្លះ ?
២- តើការស្នើសុំផ្ទៀងផ្ទាត់តម្លៃពន្ធគយត្រូវមានឯកសារអ្វីខ្លះ ?
៣- តើអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបំពេញមុខងារជាសេនាធិការឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើបេសកកម្មមានអ្វីខ្លះ ?
៤- តើអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានតួនាទីនិងភារកិច្ចអ្វីខ្លះ ?
៥- តើអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានទស្សនៈវិស័យដូចម្តេច ?
ចម្លើយ
១- ទំនិញនាំចូលតាមរបបអាគារលក់ទំនិញរួចពន្ធមានបែបបទដូចជា ៖
- ត្រូវមានលិខិតអនុញ្ញាតនាំចូលដែលចេញដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ (នាយកដ្ឋានរដ្ឋាករ) រាល់ពេលនាំចូល
- ត្រូវមានឃ្លាំងសម្រាប់ស្តុក និងអាគារលក់ទំនិញរួចពន្ធដើម្បីដំណើរការអាជីវកម្មស្របតាមកិច្ចសន្យា
- ការបំពេញបែបបទនាំចូល ការបង់កម្រៃ Duty Free ត្រូវធ្វើនៅមាត់ច្រកនាំចូលតាមបណ្តាការិយាល័យសាខាគយ និងរដ្ឋាករពាក់ព័ន្ធតាមច្បាប់និងនីតិវិធីជាធរមាន ។
២- ការស្នើសុំផ្ទៀងផ្ទាត់តម្លៃពន្ធគយត្រូវមានឯកសារដូចជា ៖
- វិក្កយបត្រពាណិជ្ជកម្ម បញ្ជីវេចខ្ចប់ និងអញ្ញត្តិប័ណ្ណ ចំនួន៣ច្បាប់
- វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម ប័ណ្ណប៉ាតង់ លិខិតផ្ទេរសិទ្ធិ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនម្ចាស់ទំនិញនិងអ្នកតំណាង
- លិខិតអនុញ្ញាត (ប្រសិនបើតម្រូវ)
ក្នុងករណីខ្លះ មន្រ្តីគយមានសមត្ថកិច្ចអាចតម្រូវឲ្យធុរជនពាក់ព័ន្ធផ្តល់ឯកសារគាំទ្របន្ថែមទៀតដូចជា ៖
- កិច្ចសន្យាលក់ បណ្ណបញ្ជាទិញ លិខិតបញ្ជាក់ប្រតិបត្តិការតាមធនាគារ តារាងតម្លៃសាធារណៈ និងឯកសារផ្សេងទៀតដែលពាក់ព័ន្ធនិងកិច្ចចម្លងការឬការទូទាត់
- ឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណ ឬយថាប្រភេទលម្អិតច្បាស់លាស់នៃទំនិញ ។
៣- អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបំពេញមុខងារជាសេនាធិការឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើបេសកកម្មមានដូចជា ៖
- ទទួលខុសត្រូវក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ ឬនាំចូល ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគយ ព្រមទាំងច្បាប់និងបទប្បញ្ញត្តិផ្សេងទៀត ដែលពាក់ព័ន្ធនឹងការនាំចេញ នាំចូល ការធ្វើចរាចរ និងការធ្វើសន្និធិទំនិញ
- ការដាប់បទប្បញ្ញត្តិលើការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនឆ្លងកាត់នៃទំនិញនាំចេញ ឬនាំចូល
- ជំរុញការបង្ការ និងការបង្រ្កាបអំពើល្មើស និងអំពើឥពន្ធ
- ចូលរួមអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
- ជំរុញការអនុវត្តតាមស្តង់ដារអន្តរជាតិ និងឧត្តមានុវត្តន៍ដែលពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យគយ និងការសម្រួលពាណិជ្ជកម្ម ជាពិសេសការអនុវត្តគោលនយោបាយនៃកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការគ្រប់គ្រងហានិភ័យ និងការធ្វើស្វ័យប្រវត្តិកម្មគយ ។
៤- អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានតួនាទីនិងភារកិច្ចមានដូចជា ៖
- លើកសំណើគោលនយោបាយ ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ រៀបចំសេចក្តីបទប្បបញ្ញត្តិពាក់ព័ន្ធនឹងការងារប្រមូលពន្ធ និងអាករនាំចេញ នាំចូលគ្រប់ប្រភេទ ជាពិសេសពិនិត្យពិចារណាក្នុងការកសាង និងអនុវត្តតារាងពន្ធគយនិងនីតិវិធីទាំងឡាយ ដែលទាក់ទងនឹងការងារគយនិងរដ្ឋាករ លើមុខទំនិញគ្រប់ប្រភេទឲ្យបានសមស្របទៅតាមដំណាក់កាលនីមួយៗនៃការវិវត្តសេដ្ឋកិច្ច
- ជាស្ថាប័ននាំមុខតែមួយគត់ដែលទទួលខុសត្រូវលើការត្រួតពិនិត្យទំនិញនាំចេញឬនាំចូល នៅមាត់ច្រកព្រំដែន និងមានភារកិច្ចសម្របសម្រួលឲ្យមានការត្រួតពិនិត្យរួមគ្នាតែមួយលើក ក្នុងករណីដែលតម្រូវឲ្យមានការត្រួតពិនិត្យដោយស្ថាប័នផ្សេងទៀត ស្របតាមការកំណត់រកឃើញហានិភ័យ
- គ្រប់គ្រង ត្រួតពិនិត្យ និងអនុវត្តការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ ឬនាំចូលគ្រប់ប្រភេទ
- លើកវិធានការរាំងខ្ទប់ និងចាប់ឃាត់ទំនិញរត់ពន្ធគយគ្រប់ប្រភេទ
- ត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងការនាំចេញ នាំចូលទំនិញគ្រប់ប្រភេទ ទោះមានឬគ្មានលក្ខណៈពាណិជ្ជកម្មក្តីដោយរាប់បញ្ជូលទាំងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ ឬផ្លាស់ប្តូរលំនៅដ្ឋាន រូបិយបណ្ណ លោហធាតុត្បូងថ្មមានតម្លៃ បេតិភណ្ឌវប្បធម៌និងភណ្ឌកាប្រៃសណីយ៍ ព្រមទាំងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ
- លើកគម្រោងជ្រើសរើស និងបណ្តុះបណ្តាលជំនាញបច្ចេកទេស មន្ត្រី បុគ្គល និងភ្នាក់ងារគយនិងរដ្ឋាករ
- អនុវត្តគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនិងការងារគយនិងរដ្ឋាករ
- ចូលរួមរៀបចំគម្រោងថវិការជាតិប្រចាំឆ្នាំ ដើម្បីបញ្ជូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ
- អនុវត្តនូវភារកកិច្ចផ្សេងទៀតតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
៥- អគ្គនាយកដ្ឋានគយនិងរដ្ឋាករ មានទស្សនវិស័យក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជារដ្ឋបាលគយទំនើបមួយ ស្របតាមបមាណីយ និងឧត្តមានុវត្តន៍ជាអន្តរជាតិ ដោយមានការទទួលស្គាល់ពីថ្នាក់ជាតិនិងអន្តរជាតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងកិច្ចប្រតិបត្តិការព្រមទាំងជាស្ថាប័នផ្តល់សេវាយ៉ាងមានប្រសិទ្ធិភាពដល់សហគមន៍ធុរកិច្ចនិងភាគីពាក់ព័ន្ធ ។