នីតិវិធីគ្រប់គ្រងទំនិញក្នុងភណ្ឌាគារគយមានដែនគឺ ៖
- ទំនិញអាចរក្សាទុកក្នុងភណ្ឌាគារគយមានដែនកំណត់ រហូតដល់រយៈពេលពីរ (២) ឆ្នាំគិតពីថ្ងៃចុះ បញ្ជិកាប្រតិវេទន៍គយ ។ ប្រសិនបើទំនិញស្ថិតក្នុងសភាពល្អ រយៈពេលកំណត់នេះអាចត្រូវបានពន្យារហូតដល់ដប់ពីរ (១២) ខែដោយរដ្ឋបាលគយ តាមការស្នើសុំរបស់ប្រតិបត្តិករភណ្ឌាគារគយមានដែនកំណត់ ។
- ទំនិញដែលស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានលក់ឬផ្ទេរ ។ អ្នកនាំចូលឬម្ចាស់ទំនិញត្រូវជូនដំណឹងជាលាលក្ខណ៍អក្សរដល់រដ្ឋបាលគយពីការផ្ទេរកម្មសិទ្ធិនេះ ។ ទំនិញដែលស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានផ្ទេរទៅភណ្ឌាគារគយមានដែនកំណត់មួយទៀត ក្រោមការត្រួតពិនិត្យគយ ។ សំណុំឯកសារពាក់ព័ន្ធនឹងការផ្ទេរទំនិញនេះត្រូវដាក់ជូនរដ្ឋបាលគយ ។
- ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់សម្រាប់នាំចេញ ត្រូវជាកម្មវត្ថុនៃការតម្កល់ប្រតិវេទន៍គយនាំចេញ ហើយពុំត្រូវជាប់ពន្ធអាករនាំចូល ឬនាំចេញទេ លើកលែងតែទំនិញក្នុងស្រុកដែលអាចជាប់អាករនាំចេញ ។ ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់ សម្រាប់ដាក់ឲ្យប្រើប្រាស់ក្នុងស្រុកត្រូវជាប់ពន្ធ និងអាករតាមអត្រាពន្ធ និងអាករជាធរមាននៃថ្ងៃចុះបញ្ជិកាប្រតិវេទន៍គយ ដើម្បីយកទំនិញចេញពីភណ្ឌាគារ ។
- ម្ចាស់ទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ដើម្បីពិនិត្យមើលទំនិញដកគម្រូទំនិញនិងធ្វើប្រតិបត្តិការចាំបាច់នានា ក្នុងគោលបំណងថែរក្សាទំនិញ ទាំងនោះដោយមិនផ្លាស់ប្តូរលក្ខណៈសំខាន់នៃទំនិញនេះ រួមមានការបាញ់ថ្នាំសម្លាប់សត្ថល្អិត ការសម្ងួត ការសម្អាត ការសាកល្បង ការដេរប៉ះស្រោមសម្បករហែក ការបិទស្លាកសម្គាល់ ការសរសេចំណាំ ការរៀបចំកញ្ចប់ទំនិញ ឡើងវិញ ការជ្រើសរើស ឬវេចខ្ចប់ឡើងវិញជាដើម ។