សំណួរ
៥៦- តើកាលៈទេសៈអ្វីខ្លះ ដែលតម្រូវឲ្យមានការតម្កល់និមុត្តិធានា ?
៥៧- តើការដាក់ទំនិញចូលកន្លែងសន្និធិគយត្រូវអនុលោមតាមនីតិវិធីដូចម្តេចខ្លះ ?
៥៨- ដើម្បីក្លាយជាដើមសារគយ តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?
៥៩- តើមានលក្ខខណ្ឌអ្វីខ្លះ ដែលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុមានសិទ្ធិលុបអាជ្ញាបណ្ណសន្និធិគយបណ្តោះអាសន្ន ?
៦០- តើនីតិបុគ្គលដែលត្រូវចាត់ទុកជាជើងសារគយត្រូវមានលក្ខណៈអ្វីខ្លះ ?
ចម្លើយ
៥៦- កាលៈទេសៈដែលត្រូវតម្កល់និមុត្តិធានាមានដូចជា ៖
- ការយកទំនិញចេញពីដែនគយមុនពេលបង់ពន្ធ ឬអាករ
- ដឹកជញ្ជូនទំនិញក្នុងរង្វង់ដែនគយ ឬឆ្លងកាត់ដែនគយក្រោមរបបឆ្លងកាត់
- ការប្រកបធុរកិច្ចជាជើងសារគយ ប្រតិបត្តិករភណ្ឌាគារគយមានដែនកំណត់ និងប្រតិបត្តិករទីកន្លែងសន្និធិគយបណ្តោះអាសន្ន
- ការយកទំនិញចេញពីគយដោយរងចាំសេចក្តីសម្រេចតវ៉ាលើទំនិញ ដែលត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន
- កាលៈទេសៈផ្សេងៗទៀតដែលរដ្ឋបាលគយបានកំណត់ ។
៥៧- ការដាក់ទំនិញចូលកន្លែងសន្និធិគយត្រូវអនុលោមតាមនីតិវិធីដូចខាងក្រោម ៖
- ទំនិញទំាងឡាយត្រូវបង្ហាញជូនមន្រ្តីគយមុនដាក់ទំនិញចូល
- ត្រូវតម្កល់ប្រតិវេទន៍បម្រួញ និងមានចុះហត្ថលេខាដោយប្រតិបត្តិការកន្លែងសន្និធិគយ
- ប្រតិវេទន៍ដែលបានកំណត់ត្រូវមាន ៖
- លេខនិងកាលបរិច្ឆេទចុះបញ្ជិកា
- បរិមាណ ប្រភេទ សញ្ញា និងលេខភណ្ឌិកា
- ទម្ងន់ទាំសម្បក
- នាមរបស់អ្នកនាំចូល ឬអ្នកនាំចេញ
- ប្រទេសផ្គត់ផ្គង់ ឬនាំចេញ និងប្រភេទនាំចូល
- របៀបនិងមធ្យោបាយដឹកជញ្ជូន
- ឯកសារយោងដែលចង្អុលបង្ហាញអំពីប្រភេទ លេខ កាលបរិច្ឆេទនៃឯកសារដឹកជញ្ជូននាពេលនាំចូល ឬឯកសារផ្សេងទៀតនាពេលនាំចេញ ។
៥៨- ដើម្បីក្លាយជាជើងសារគយត្រូវមានលក្ខណៈសម្បត្តិដូចជា ៖
- មានសញ្ជាតិខ្មែរ ឬជានិរាសនជនដែលមានលំនៅដ្ឋាននៅកម្ពុជា
- មានអាយុយ៉ាងតិច១៨ឆ្នាំ
- មានសញ្ញាបត្រយ៉ាងតិចត្រឹមមធ្យមសិក្សាទុតិយភូមិ
- មានលិខិតថ្កល់ទោសដែលចេញដោយស្ថាប័នមានសមត្ថកិច្ច
- មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីធ្វើធុរកិច្ច
- មានប្រវត្តិអនុលោមភាពសារពើពន្ធស្អាតស្អំ
- បានប្រឡងជាប់ជាជើងសារគយ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមការរៀបចំ និងចាត់ចែងដោយទីចាត់ការគយនិងរដ្ឋាករ ។
៥៩- រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុមានសិទ្ធិលុបអាជ្ញាបណ្ណសន្និធិគយបណ្តោះអាសន្នក្នុងករណីដូចជា ៖
- លែងជាម្ចាស់ ឬលែងជាអ្នកជួលទីកន្លែងសន្និធិគួបណ្តោះអាសន្ននោះ
- ស្នើសុំលុបអាជ្ញាបណ្ណជាលាយលក្ខអក្សរទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ត្រូវបានក្ស័យធន
- ជាកម្មវត្ថុនៃភាពដែលមិនអាចសងបំណុលរបស់ខ្លួនបាន
- ខកខានមិនបានអនុវត្តតាមច្បាប់ ឬបទញ្ញត្តិនានាដែលពាក់ព័ន្ធនឹងការនាំចេញនាំចូលទំនិញ
- បានប្រព្រឹត្តិអំពើមិនត្រឹមត្រូវក្នុងការបំពេញធុរកិច្ចរបស់ខ្លួនជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ជើងសារគយ អ្នកនាំចេញនាំចូល និងអ្នកដឹកជញ្ជូន
- គ្មានសមត្ថភាពដើម្បីធ្វើប្រតិបត្តិការទីកន្លែងសន្និធិបណ្តោះអាសន្ន ។
៦០- នីតិបុគ្គលដែលត្រូវចាត់ទុកជាជើងសារគយមានលក្ខណៈសម្បត្តិដូចជា ៖
- ត្រូវបង្កើតក្រុមហ៊ុន និងមានបញ្ជិកានៅក្រសួងពាណិជ្ជកម្ម
- មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីធ្វើធុរកិច្ច
- មានប្រវត្តិអនុលោមសារពើពន្ធស្អាតស្អំ
- មានវិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម
- ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ត្រូវមានលិខិតថ្កោលទោសដែលចេញដោយក្រសួងយុត្តិធម៌
- ជាសមាជិកក្រុមប្រឹក្សាក្រុមហ៊ុន ត្រូវមានប្រវត្តិអនុលោមភាពសារពើពន្ធស្អាតស្អំ
- ជាសមាជិកក្រុមប្រឹក្សាភិបាល ត្រូវមានសញ្ជាតិខ្មែរឬជានិរាសនជនដែលមានលំនៅដ្ឋាននៅកម្ពុជា ។
តភាគ