សំណួរ
៤១- តើរំលស់ទ្រព្យសកម្មតាមវិធីរំលស់ស្មើភាគត្រូវអនុវត្តអ្វីខ្លះ ?
៤២- តើរំលស់ទ្រព្យសកម្មតាមវិធីរំលស់ថយចុះជាលំដាប់ត្រូវអនុវត្តអ្វីខ្លះ ?
៤៣- តើតម្លៃលើសឬតម្លៃខ្វះត្រូវបានកំណត់អ្វីខ្លះ ?
៤៤- តើករណីពិសេសមួយចំនួនទាក់ទិននិងតម្លៃលើសឬតម្លៃខ្វះត្រូវបានកំណត់អ្វីខ្លះ ?
៤៥- តើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានលើកលែងពីពន្ធកាត់ទុកចំពោះករណីអ្វីខ្លះ ?
៤៦- តើលក្ខខណ្ឌនៃការអនុញ្ញាតការខាតបង់មានអ្វីខ្លះ ?
ចម្លើយ
៤១- រំលស់ទ្រព្យសកម្មតាមវិធីរំលស់ស្មើភាគត្រូវអនុវត្តដូចជា ៖
ក- រំលស់ត្រូវធ្វើឡើងចាប់ពីពេលដែលទ្រព្យសកម្មត្រូវបានដាក់ប្រើប្រាស់ និងបញ្ចប់នៅពេលដែលទ្រព្យសកម្មត្រូវបានរំលស់អស់ (នៅពេលនោះទឹកប្រាក់រំលស់បូកយោងត្រូវស្មើនឹងថ្លៃដើមនៃទ្រព្យសកម្ម) ។ ចំណុចបញ្ចប់ក៏អាចកើតមានឡើងមុនកាលបរិច្ឆេទរំលស់អស់ ដូចក្នុងករណីនៃការបញ្ចេញទ្រព្យសកម្មរបស់សហគ្រាសដោយការលក់ ការដាក់ឲ្យទៅជាកាកសំណល់ឬបំផ្លាញចោលដែរ ។ ទ្រព្យសកម្មដែលបានដាក់ឲ្យប្រើប្រាស់ក្នុងអំឡុងពេលណាមួយនៃឆ្នាំជាប់ពន្ធ ត្រូវអនុញ្ញាតឲ្យគិតរំលស់ពេញមួយឆ្នាំ
ខ- ចំពោះឆ្នាំបញ្ចប់រំលស់ ៖
- ក្នុងករណីទ្រព្យសកម្មត្រូវបានបញ្ចេញពីសហគ្រាស ទឹកប្រាក់រំលស់ត្រូវស្មើនឹងសូន្យ
- ក្នុងករណីទ្រព្យសកម្មណាមួយបានបញ្ចប់អាយុកាលប្រើប្រាស់របស់វា ទឹកប្រាក់រំលស់ត្រូវស្មើនឹងសមតុល្យមិនទាន់រំលស់នៃគណនីទ្រព្យសកម្មនៃទ្រព្យនោះ ។ ប៉ុន្តែប្រសិនបើសមតុល្យនេះធំជាងទឹកប្រាក់រំលស់ប្រចាំឆ្នាំ (ឧទាហរណ៍ មានការកែលម្អជាប់លាប់) ទ្រព្យសកម្មជាប់ទាក់ទិនត្រូវបានចាត់ទុកថាបានកើនអាយុកាលប្រើប្រាស់ និងត្រូវបានធ្វើរំលស់ជាបន្តទៀតរហូតដល់សមតុល្យនេះតូចជាងទឹកប្រាក់រំលស់ប្រចាំឆ្នាំ ទើបធ្វើរំលស់ឲ្យអស់ដើម្បីបញ្ជប់រំលស់តែម្តង ។
៤២- រំលស់ទ្រព្យសកម្មតាមវិធីរំលស់ថយចុះជាលំដាប់ត្រូវអនុវត្តដូចជា ៖
- រំលស់ត្រូវធ្វើឡើងចាប់ពីពេលដែលទ្រព្យសកម្មត្រូវបានដាក់ប្រើប្រាស់ ។ ទ្រព្យសកម្មដែលបានដាក់ប្រើប្រាស់ក្នុងអំឡុងពេលណាមួយនៃឆ្នាំជាប់ពន្ធ ត្រូវអនុញ្ញាតឲ្យគិតរំលស់ពេញមួយឆ្នាំ
- ទឹកប្រាក់រំលស់ដែលអនុញ្ញាតឲ្យកាត់កងសម្រាប់ថ្នាក់នីមួយៗ ស្មើនឹងមូលដ្ឋានរំលស់គុណនឹងអត្រារំលស់សម្រាប់ថ្នាក់នីមួយៗ
- មូលដ្ឋានរំលស់សម្រាប់ឆ្នាំទី១នៃអាជីវកម្ម គឺស្មើនឹងចំនួនសរុបនៃថ្លៃដើមនៃទ្រព្យសកម្មក្នុងគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាតាមថ្នាក់នីមួយៗដែលបានដាក់ប្រើប្រាស់
- ចំពោះឆ្នាំជាប់ពន្ធបន្តបន្ទាប់ មូលដ្ឋានរំលស់ស្មើនឹងសមតុល្យដើមគ្រានៃគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាបូកនឹងថ្លៃដើមទ្រព្យសកម្មដាក់ប្រើប្រាស់ក្នុងឆ្នាំជាប់ពន្ធ ដកថ្លៃទ្រព្យសកម្មដែលបានដកចេញឬលក់ក្នុងឆ្នាំជាប់ពន្ធ
- នៅក្នុងឆ្នាំជាប់ពន្ធ ប្រសិនបើទ្រព្យណាមួយនៅក្នុងគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាត្រូវបានដកចេញឬលក់ពីអាជីវកម្ម សហគ្រាសត្រូវដកចេញពីមូលដ្ឋានរំលស់នៃទ្រព្យសកម្មរួមបញ្ចូលគ្នានូវតម្លៃទ្រព្យដែលបានដកចេញឬលក់នោះ ។
- ប្រសិនបើការកត់ត្រាបែបនេះធ្វើឲ្យសមតុល្យគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាក្លាយជាអវិជ្ជមាន សហគ្រាសត្រូវកត់ត្រាជាប្រាក់ចំណូលជាប់ពន្ធនូវទឹកប្រាក់ស្មើនឹងសមតុល្យអវិជ្ជមាននេះ ហើយសមតុល្យគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាត្រូវកែតម្រូវមកសូន្យវិញ
- នៅចុងឆ្នាំជាប់ពន្ធ ប្រសិនបើក្នុងគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាណាមួយ ជាក់ស្តែងគ្មាននៅសល់ទ្រព្យសកម្មអ្វីទៀតទេនោះ សមតុល្យវិជ្ជមាននៃគណនីទ្រព្យសកម្មរួមបញ្ចូលគ្នានោះ ត្រូវបានកត់ត្រាជាការខាតបង់អាចកាត់កងបាន ហើយសមតុល្យនៃគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាត្រូវបានកែតម្រូវមកសូន្យវិញ ។
៤៣- តម្លៃលើសឬតម្លៃខ្វះត្រូវបានកំណត់ដូចជា ៖
ក- តម្លៃលលើសឬតម្លៃខ្វះដែលសម្រេចបាន តម្លៃនេះកើតមានឡើងតាមការបញ្ចេញទ្រព្យសកម្មរយៈពេលវែងណាមួយ ។ ការបញ្ចេញនេះអាចជាការលក់ (ករណីភាគច្រើន) ការធ្វើឧបហារិតទៅក្នុងសហគ្រាសមួយទៀត ការដោះដូរ ការបែងចែក ការផ្តល់ជាអំណោយ ការយកវិញរបស់ម្ចាស់សហគ្រាសពេលកំពុងធ្វើអាជីវកម្ម ឬនាពេលបញ្ចប់អាជីវកម្ម ការរុះរើចេញ ការបំផ្លាញ ការឈប់ប្រើប្រាស់...។ ការបញ្ចេញនេះអាចជាអំពើដោយចេតនារបស់ម្ចាស់សហគ្រាសឬអ្នកគ្រប់គ្រងសហគ្រាស ឬជាវិភាគនៃការដកហូតតាមផ្លូវច្បាប់ ឬគ្រោះមហន្តរាយ...
ខ- តម្លៃលើសបានកត់ត្រា ការវាយតម្លៃឡើងវិញនូវទ្រព្យសកម្មដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យនូវតម្លៃបច្ចុប្បន្នរបស់ទ្រព្យទាំងនោះជំនួសឲ្យតម្លៃចាស់នាំឲ្យកើតឡើងនូវតម្លៃលើស ។ តម្លៃលើសនេះជាតម្លៃគណនេយ្យសុទ្ធសាធ និងមិនមានឥទ្ធិពលលើប្រាក់ចំណូលជាប់ពន្ធឡើយ ក្នុងករណីដែលតម្លៃនេះមិនត្រូវបានប្រើប្រាស់ក្នុងគោលដៅរំលស់សារពើពន្ធ
គ- តម្លៃខ្វះក្រោមរូបភាពជាសំវិធានធនមិនត្រូវបានអនុញ្ញាតឲ្យកាត់កងជាចំណាយទេ វៀរលែងតែតម្លៃខ្វះដែលសម្រេចបាន ដូចមានចែងក្នុងវាក្យខណ្ឌ ក នៃកថាខណ្ឌនេះប៉ុណោ្ណះ ។
៤៤- ករណីពិសេសមួយចំនួនទាក់ទិននិងតម្លៃលើសឬតម្លៃខ្វះត្រូវបានកំណត់ដូចជា ៖
- ការខាតបង់ពីការលក់ ឬដោះដូរទ្រព្យសម្បត្តិ ទោះដោយផ្ទាល់ឬប្រយោលក្តី រវាងបុគ្គលទាក់ទិនដែលមិនអនុវត្តតាមគោលការណ៍ជំហោងដៃ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃប្រកាសលេខ ៩៨៦ សហវ.ប្រក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីវិធាននិងនីតិវិធីសម្រាប់ចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន ។
- ចំពោះឧបហារិតចូលក្រុមហ៊ុន តម្លៃលើសឬតម្លៃខ្វះត្រូវគណនាតាមតម្លៃគិតនៃសន្លឹកហ៊ុនឬភាគហ៊ុនដែលបានប្រគល់សម្រាប់ជាថ្នូរនៃឧបហារិត ។ ជាធម្មតា តម្លៃពិតនៃសន្លឹកហ៊ុនឬភាគហ៊ុន ត្រូវស្មើនឹងតម្លៃប៉ាន់ស្មាននៃទ្រព្យសកម្ម ដែលបានយកមកបញ្ចូលដោយឧបហារិតទៅក្នុងបញ្ជីគណនេយ្យរបស់សហគ្រាសដែលទទួលឧបហារិត ។
- ចំពោះការដោះដូរ ទោះបីមានឬគ្មានការបន្ថែមប្រាក់ក៏ដោយ ត្រូវបានចាត់ទុកជាប្រតិបត្តិការលក់ និងប្រតិបត្តិការទិញជាធម្មតា ។ តម្លៃលើសឬតម្លៃខ្វះ គឺស្មើនឹងទឹកប្រាក់លម្អៀងរវាងតម្លៃទីផ្សារនៃទ្រព្យសកម្មដែលបានទទួលក្នុងការដោះដូរ និងតម្លៃនៅសល់មិនទាន់រំលស់នៃទ្រព្យសកម្មដែលបានដោះដូរ ។ ការដោះដូរត្រូវជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធដែលកើតមានការដោះដូរនេះ ។
- ចំពោះការធ្វើអំណោយ ឬការដកយកវិញនូវទ្រព្យពីទ្រព្យសកម្មរបស់សហគ្រាស ឬការបញ្ឈប់សកម្មភាពអាជីវកម្មតម្លៃលើសឬតម្លៃខ្វះនៃអំណោយឬទ្រព្យ ត្រូវគណនាតាមតម្លៃទីផ្សារនាថ្ងៃធ្វើអំណោយ ឬថ្ងៃដកយកវិញ ឬថ្ងៃបញ្ឈប់សកម្មភាព ។
៤៥- ការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានលើកលែងពីពន្ធកាត់ទុកចំពោះករណីដូចជា ៖
ក- ប្រាក់ចំណូលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល
ខ- ប្រាក់ចំណូលពីការផ្គត់ផ្គង់ ៖
- កញ្ចប់សូហ្វវែរដែលអនុញ្ញាតឲ្យប្រើប្រាស់ដោយភ្ជាប់លក្ខខណ្ឌ
- សូហ្វវែរសម្រាប់ប្រើប្រាស់ដោយអង្គភាពមានការកំណត់
- សូហ្វវែរដែលអាចទាញយកមកប្រើប្រាស់
- សូហ្វវែរដែលភ្ជាប់ជាមួយកុំព្យូទ័រ
គ- ប្រាក់ចំណូលពីការជួលចលនទ្រព្យឬអចលនទ្រព្យ ។
៤៦- លក្ខខណ្ឌនៃការអនុញ្ញាតការខាតបង់មានដូចជា ៖
ក- ភ័ស្តុតាងបញ្ជាក់ពីការខាតបង់ ៖
- ដើម្បីអាចកាត់កងបាន សហគ្រាសត្រូវគណនាការខាតបង់ស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ ហើយការខាតបង់នោះបានបំពេញក្នុងលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដែលបានដាក់ជូនរដ្ឋបាលសារពើពន្ធ
- សហគ្រាសដែលត្រូវទទួលរងការកំណត់ពន្ធជាឯកតោភាគីរបស់រដ្ឋបាលសារពើពន្ធក្នុងឆ្នាំជាប់ពន្ធណាមួយ មិនត្រូវអនុញ្ញាតឲ្យយោងការខាតបង់ពីឆ្នាំជាប់ពន្ធមុន មកកាត់កងក្នុងឆ្នាំជាប់ពន្ធដែលមានការកំណត់ពន្ធជាឯកតោភាគី ឬយោងការខាតបង់ក្នុងឆ្នាំដែលមានការកំណត់ពន្ធជាឯកតោភាគីទៅកាត់កងទៅឆ្នាំជាប់ពន្ធបន្ទាប់បានទេ ។ ចំពោះការខាតបង់ដែលកើតមានមុនឆ្នាំជាប់ពន្ធដែលមានការកំណត់ពន្ធជាឯកតោភាគី ត្រូវបានអនុញ្ញាតឲ្យយោងទៅកាត់កងនៅឆ្នាំជាប់ពន្ធបន្ទាប់ពីឆ្នាំជាប់ពន្ធដែលមានការកំណត់ពន្ធជាឯកតោភាគីបាន ប្រសិនបើមិនទាន់ហួសអាយុកាលយោងខាត ៥ឆ្នាំ
- ការខាតបង់ដែលត្រូវបានអនុញ្ញាតឲ្យយកមកកាត់កង ត្រូវតែមានការបញ្ជាក់អះអាងដោយឯកសារនិងបញ្ជីគណនេយ្យស្របតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា និងបានធ្វើនិយ័តកម្មស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ ។
ខ- អត្តសញ្ញាណនៃសហគ្រាស ៖
- ការខាតបង់របស់សហគ្រាសណាមួយអាចអនុញ្ញាតឲ្យយោងបានសម្រាប់តែសហគ្រាសនោះប៉ុណោ្ណះ
- ក្នុងករណីផ្លាស់ប្តូរសកម្មភាពអាជីវកម្ម ដែលក្នុងនោះជាការបញ្ឈប់សកម្មភាពចាស់ និងចាប់ផ្តើមសកម្មភាពថ្មីទៀត ។ (ឧទាហរណ៍ សហគ្រាសឈប់ធ្វើសកម្មភាពខាងលក់ដូរ មកធ្វើសកម្មភាពខាងការងារសំណង់...) ការខាតបង់ដែលសហគ្រាសបានទទួលរងក្នុងសកម្មភាពចាស់របស់ខ្លួន មិងត្រូវបានអនុញ្ញាតឲ្យយកមកកាត់ចេញទេពីប្រាក់ចំណូលដែលសហគ្រាសសម្រេចបានក្នុងសកម្មភាពថ្មីរបស់ខ្លួន
គ- ឆ្នាំជាប់ពន្ធដែលត្រូវអនុវត្តការយោងការខាតបង់ ៖
- ការខាតបង់ក្នុងឆ្នាំជាប់ពន្ធណាមួយ ត្រូវយោងមកកាត់កងជាដាច់ខាតពីលទ្ធផលចំណេញនៃឆ្នាំជាប់ពន្ធបន្តបន្ទាប់ដោយមិនអនុញ្ញាតឲ្យរំលងឆ្នាំជាប់ពន្ធដែលមានលទ្ធផលចំណេញណាមួយទេ
- ប្រសិនបើដោយមូលហេតុណាមួយ សហគ្រាសមិនបានយោងការខាតបង់ទាំងអស់ ឬយោងតែចំណែកណាមួយទៅកាត់កងនឹងលទ្ធផលចំណេញនៃឆ្នាំជាប់ពន្ធបន្ទាប់ណាមួយ ដែលបទប្បញ្ញត្តិស្តីពីពន្ធដារបានអនុញ្ញាតឲ្យកាត់កង ការខាតបង់នេះមិនអាចយោងទៅកាត់កងពីលទ្ធផលចំណេញនៃឆ្នាំជាប់ពន្ធបន្ទាប់ៗទៀតបានទេ
- ការយោងការខាតបង់ត្រូវអនុវត្តរៀងៗគ្នាទៅតាមលំដាប់ឆ្នាំដែលការខាតបង់បានកើតឡើងដោយមិនឲ្យលើសពី ៥ឆ្នាំ ។
តភាគ