សិទ្ធិអ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ចំពោះ ៖
ក- ការសម្តែងស្នាដៃជាឯកជនដោយមិនគិតជាកម្រៃ ជាការសម្តែងក្នុងរង្វង់គ្រួសារ ឬញាតិមិត្ត ។
ខ- ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកឲ្យបានគង់វង្ស ឬដើម្បីទុកសម្រាប់ធ្វើការស្រាវជ្រាវ ។
គ- ការប្រើប្រាស់ស្នាដៃសម្រាប់ការសិក្សាដោយគ្មានរកប្រាក់កម្រៃ ។
ឃ- ការបកប្រែស្នាដៃពីភាសាខ្មែរទៅជាភាសាជនជាតិភាគតិច ឬបកប្រែពីភាសាជនជាតិភាគតិចមកជាភាសាខ្មែរ ។
ប្រសិនបើមានការបញ្ជាក់យ៉ាងច្បាស់លាស់នូវឈ្មោះរបស់អ្នកនិពន្ធ និងប្រភពនៃស្នាដៃ អ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ ចំពោះកិច្ចការទាំងឡាយដូចជា ៖
- ការវិភាគ និងអាគតដ្ឋានខ្លីៗនៃស្នាដៃដែលបញ្ជាក់ពីការរិះគន់ សង្រាមប៉ាកកា គរុកោសល្យ វិទ្យាសាស្ត្រ ឬព័ត៌មានស្តីពីស្នាដៃនោះ
- ការផ្សាយទស្សនៈសារពត៌មាន
- ការផ្សាយទាំងស្រុង ឬភាគខ្លះនៃសន្ទរកថានានា ដែលបានថ្លែងជាសាធារណៈក្នុងសារព័ត៌មានឬទូរផ្សាយ
- ការត្រាប់កំប្លែង ការត្រាប់តាមគំរូ ឬគំនូរត្លុក ដោយផ្អែកតាមលំនាំដើមនៃស្នាដៃ ។
- ការចម្លងរូបភាពល្អស្នាដៃសិល្បៈក្រាហ្វិក ឬសិល្បៈសូន្យរូប ដែលស្ថិតនៅទីកន្លែងសាធារណៈមួយ លើកលែងតែរូបភាពនោះ ត្រូវបានចាត់ទុកថាជាកម្មវត្ថុសំខាន់នៃការចម្លងបន្ត ។ ច្បាប់ក៏អនុញ្ញាតឲ្យស្រង់អាគតដ្ឋានពីស្នាដៃណាមួយជាស្នាដៃ ដែលបានផ្សព្វផ្សាយត្រឹមត្រូវតាមច្បាប់ បញ្ចូលក្នុងស្នាដៃមួយផ្សេងទៀត ដោយពុំចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ធ និងពុំចាំបាច់បង់ប្រាក់កម្រៃ ។ ការស្រង់អាគតដ្ឋានត្រូវបញ្ជាក់អំពីប្រភព និងឈ្មោះអ្នកនិពន្ធ បើនៅក្នុងប្រភពនោះមានឈ្មោះអ្នកនិពន្ធច្បាស់លាស់ ។ ការស្រង់អាគតដ្ឋាននេះ មិនត្រូវធ្វើឲ្យហួសពីគោលដៅដែលត្រូវបំពេញនោះឡើយ ។