សំនួរ
១. ដូចម្តេចដែលហៅថាការរើសអើង ? ចូរបង្ហាញពីរូបភាពនៃការរើសអើង ។
២. តើមានផលប៉ះពាល់យ៉ាងណាខ្លះចំពោះការរើសអើងនៅក្នុងសង្គម ?
៣. តើជនពិការត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើវិស័យអប់រំត្រង់ចំណុចណាខ្លះ ?
៤. ចូររៀបរាប់ពីកល្យាណមិត្រ និងបច្ចាមិត្រ ។
៥. តើទំនាស់កើតចេញពីមូលហេតុអ្វី ?
ចម្លើយ
១. ការរើសអើងគឺជាការប្រកាន់យកបែងចែកការផាត់ចេញការរឹតត្បិតឬការនិយមផ្អែកលើពូជសាសន៍ ពណ៌សម្បុរ បុព្វជាតិ ឬដើមកំណើតជាតិ ឬជាតិបន្ធដែលមានទិសដៅបំផ្លិចបំផ្លាញ ឬបន្ថយការទទួលស្គាល់នូវសិទ្ធិសេរីភាពជាមូលដ្ឋានខាងវិស័យនយោបាយសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌ឬវិស័យផ្សេងៗទៀតដែលប៉ះពាល់នឹងជីវភាព ។ រូបភាពនៃការរើសអើងរួមមានពីរគឺ ៖
ក. ការរើសអើងដោយផ្ទាលល់
ការរើសអើងដោយផ្ទាល់គឺជាការប្រព្រឹត្តិចំពោះបុគ្គលឬក្រុមមនុស្សមួយផ្សេងទៀតដោយផ្អែកលើអាយុ ភេទ ពណ៌សម្បុរ ពិការភាពយេនឌ័រ ស្ថានភាពអាពាហ៍ពិពាហ៍ សញ្ជាត្តិសាសនា...។
ខ. ការរើសអើងដោយប្រយោល
ការរើសអើងដោយប្រយោលកើតឡើងនៅពេលតម្រូវការជាគោលការណ៍ឬលក្ខខណ្ឌដាក់ចេញលើកដំបូងហាក់បីដូចជាមានលក្ខណៈយុត្តិធម៌ប៉ុន្តែនៅពេលតម្រូវការជាគោលការណ៍ឬលក្ខខណ្ឌទាំងនោះត្រូវបានយកទៅអនុវត្តវាបានធ្វើឱ្យមនុស្សមួយក្រុមមិនទទួលបានផលប្រយោជន៍ទៅវិញ ។
២. ផលប៉ះពាល់នៃការរើសអើងបានជះឥទ្ធិពលដល់សង្គមដូចតទៅ ៖
- មនុស្សខ្លះការជឿទុកចិត្តគ្នា
- មានជំងឺសតិអារម្មណ៍ តូចចិត្ត ប្រេះឆា
- បង្កើតឱ្យមានវណ្ណៈនៅក្នុងសង្គម
- រស់នៅក្នុងស្ថានភាពក្រីក្រ លំបាក
- គ្មានការខ្នះខ្នែងយកចិត្តទុកដាក់ឡើយ
- កង្វះការទទួលសេវាថែទាំសុខភាព
- បាត់សិទ្ធិក្នុងការចូលរួមអភិវឌ្ឍរបស់ពួកគេ
- បុគ្គលិកខ្លះគ្មានការលើកទឹកចិត្ត បាត់ឳកាស
- សហគមន៍មានការចុះខ្សោយ ម្ចាស់ស្រុក
- ត្រូវបាត់សមភាពក្នុងការចូលរួមសកម្មភាព
- ជនជាតិភាគតិចបាត់បង់ឳកាសធ្វើការ
- សង្គមបង្កើតឱ្យមានបញ្ហាមិនចុះសម្រុងគ្នា
- បង្កើតឱ្យមានទំនាស់ក្នុងសង្គមឡើង ។
៣. ជនពិការត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យអប់រំយ៉ាងខ្លាំងពោលគឺបង្កើតឱ្យមានសិទ្ធិចូលសិក្សាក្នុងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនដូចនិស្សិតដទៃទៀតដែរ ។ ម្យ៉ាងទៀតរដ្ឋយកចិត្តដាក់សម្របសម្រួលជាពិសេសដូចជា ៖
- អគារនិងកន្លែងសិក្សា
- ភាសាសញ្ញា និងអក្សរស្ទាប
- បច្ចេកទេសអប់រំ និងគរុកោសល្យវិទ្យាតាមប្រភេទពិការភាព
- សម្ភារៈសិក្សា ឧបករណ៌ផ្សេងៗសម្រាប់ជាជំនួយដល់សិស្សនិស្សិត
- សម្ភារៈបង្រៀនសម្រាប់គ្រូ សាស្រ្តាចារ្យ ស្របតាមការជាក់ស្តែង របស់និស្សិតម្នាក់ៗជនពិការក៏មានសិទ្ធិ ធ្វើសមាហរណកម្មជាមួយសិស្សធម្មតាដែរ ។
តាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡាបានយកចិត្តទុកដាក់ខាងក្រោម ៖
- កុមារពិការគ្រប់រូប និងគ្រប់ទីកន្លែងឱ្យចូលរៀនប្រកបដោយសមធម៌
- ផ្តល់សេវាអប់រំប្រកបដោយគុណភាពតាមរយៈអន្តរាគមន៍ផ្សេងៗនិងសេវាសុខភាព
- កុមារពិការទទួលបាន ការការពារទាំងសុខភាព និងសុវត្ថិភាពក្នុងជីវភាពរស់នៅ ក្នុងសាលារៀន គ្រួសារ សហគមន៍
- ផ្តល់ភាពងាយ ស្រួលយ៉ាងទូលំទូលាយដល់គ្រប់អ្នកពាក់ព័ន្ធដើម្បីជួយជនពិការ
- គាំទ្រកម្មវិធីកុមារពិការប្រកបដោយប្រសិទ្ធភាពពីគ្រប់ឋានានុក្រមអប់រំ ។
៤. កល្យាណមិត្រ គឺជាមិត្រដែលមានសណ្តានចិត្តល្អនាំអ្នកទៅរកផ្លូវល្អ ចេះជួយគ្នានៅពេលកុមារអាសន្នអន់ក្រ ។ លក្ខណៈសម្គាល់មិត្រភកិ្តដែលល្អគឺ ៖
- ចេះការពាមិត្រ ពេលមានគេរិះគន់ ឬមានគំនិតអាក្រក់ចំពោះមិត្រ
- ពេលមិត្ររុងរឿងជួយអបអរលើតម្កើងពេលមិត្រជួបការលំបាកជួយជ្រោមជ្រែងឈឺឆ្អាល
- កាលណាមិត្រពឹងពាក់អ្វីមួយចេញមុខជួយដោយភាពជ្រះថ្លាបរិសុទ្ធ មិនចង់បានគុណស្រ័យ
- ប្រាប់ពីបទពិសោធន៍ល្អៗដល់មិត្រ
- មិនប្រកាន់វណ្ណៈរើសអើង មានក្រ ឬឋានៈ
- ធ្វើអ្វីៗដើម្បីផលប្រយោជន៍ទាំងអស់គ្នា
- ស្រលាញ់រាប់អានគ្រួសារមិត្រភកិ្តដូចជាគ្រួសារខ្លួន
- ជួយបំពេញកង្វះខាតដល់គ្នាទៅវិញទៅមកតាមលទ្ធភាព
- ចេះសណ្តោសប្រោសប្រណី ចំពោះកំហុសឆ្គងរបស់មិត្រ
- ជាមនុស្សចេះឈឺឆ្អាលជួយយកអាសារគ្នា
- មិនបោកប្រាស់លួងលោម មិត្រឱ្យប្រព្រឹត្តិអំពើអបាយមុនផ្សេងៗ
- ចេះអប់រំគុណធម៌ដល់មិត្ររបស់ខ្លួន ។
ខ. បច្ចាមិត្រ គឺជានៃមិត្រដែលនាំឱ្យខូចបង់នូវផលប្រយោន៍ នៃឱ្យមានសេចក្តីវិនាស ជាមិត្រ ដែលគ្មានគុណធម៌តែងតែកេងចំណេញលើមិត្រជានិច្ច ហើយមិនចេះគោរពសិទ្ធិអ្នកដទៃឡើយ ។ លក្ខណៈសម្គាល់មិត្រភក្តិដែលមិនល្អគឺ ៖
- គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន រាប់អានគេសម្លឹងមើលទ្រព្យសម្បត្តិរបស់គេ មានសេចក្តីលោភលន់ ឱ្យរបស់របរបន្តិចបន្តួចចង់បានមកវិញច្រើន
- និយាយល្អតែមាត់ខាងក្រៅ តែក្នុងចិត្តគិតផ្សេងទៅវិញ
- ប្រើគ្រប់កលល្បិចបោកបញ្ឆោតមិត្រភកិ្ត
- ពេលគេពឹងឱ្យជួយច្រើននិយាយដោះសារថាជាប់រវល់នេះជាបរវល់នោះ
- ចូលចិត្តនិយាយដើមមិត្រភក្តិ
- លះបង់មិត្រភក្តិក្នុងគ្រាមានអាសន្ន
- ច្រណែនឈ្នានីស ចំពោះមិត្រភក្តិមិនចង់ឃើញគេមានជាងខ្លួនច្បាប់
- ជំរុញមិត្រឱ្យធ្វើអំពើខុសច្បាប់
- នៅចំពោះមុខសរសើរមិនដាច់ពីមាត់ ប៉ុន្តែក្រោយខ្នងវិញត្មះតិះដៀល
- គ្មានគំណិតកែលម្អមិត្រភកិ្ត
- នាំមិត្រប្រព្រឹត្តិអំពើអបាយមុខ ដែលនាំឱ្យគ្រួសារមានការព្រួយបារម្ភ
- មូលបង្កាច់ទម្លាក់កំហុស គឺមិនចង់ឱ្យមិត្រទទួលបានជាងខ្លួន ។
៥. ទំនាស់កើតចេញពីមូលហេតុដូចតទៅ ៖
- ភាគីទំនាស់ទាំងសងខាង ប្រកាន់ខ្ជាប់តែរៀលខ្លួនថា គំណិតរបស់គេត្រឹមត្រូវ
- ភាគីទំនាស់មានអត្តចរិតរឹងរុះ ប្រកែកយកខាងតែឈ្នះរៀងខ្លួន គំណិតអត្តនោម័តមិនសម្របសម្រួលតាមគំណិតភាគច្រើន ឬគំណិតក្រុម
- អ្នកមានអំណាច អ្នកមានកម្លាង ឈ្លានពានទៅលើអ្នកមានចំណេះដឹងតិចជាង ពុំអាចបញ្ចេញគំណិតយោបល់បាន
- ការវាយបកប្រឆាំងទល់នឹង ការរំលោភបំពានរបស់បុគ្គលម្នាក់ទៅបុគ្គលដទៃឬពីក្រុមមួយទៅក្រុមមួយទៀត ។
ទំនាស់ខ្លះកើតឡើងដោយសារ វណ្ណៈគ្រួសារមានក្ររវាងគ្រួសារមន្ត្រី រាស្រ្តសាមញ្ញ និងភាពមិនស៊ីចង្វាក់គ្នានិងដោយសារនូលហេតុផ្សេងៗទៀតដូចជា ៖
- ប្រកាន់ភ្ជាប់ប្រពៃណីជ្រុលនិយម
- ការរើសអើង វង្សត្រកូល ពូជពង្ស
- អ្នកមានចំណេះដឹងខ្ពស់ ទាប
- សង្គមនិយមរាប់អាន អ្នកមានមុខមាត់ ឬកិត្តិយស
- គ្រួសារមានទំនោរទៅរកគ្រួសារមានជីវភាពថ្កុំថ្កើងខាងសេដ្ឋកិច្ច ចៀសវាងការយោគយល់គ្នា
- បញ្ហាជំនឿ សាសនា និងវប្បធម៌ ។