បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺជាតិសាសនាព្រះមហាក្សត្រជាបាវចនារបស់ជាតិឬជាសរណដ្ឋានដែលប្រជាពលរដ្ឋប្រជាពលរដ្ឋប្រកាន់យកយ៉ាងខ្ជាប់ព្រោះ
ក. ជាតិ សំដៅយកបរិវេទនៃកំណើតរបស់មនុស្ស ដែលកើតមានក្នុងប្រទេស ឬរដ្ឋរបស់ខ្លួន ។ មនុស្សច្រើនរស់នៅលាយឡំគ្នាក្នុងប្រទេសតែមួយមានលក្ខណៈរួមគ្នាតែមួយគេហៅថា ជាតិ ។ ជាតិសម្គាល់ ៖
- ជនជាតិផ្សេងៗរស់នៅក្នុងប្រទេសរបស់ខ្លួន ពីបុព្វបុរសដើមតរៀងមក
- ភាសាកំណើតផ្សេងៗគ្នា តែគោរពតាមភាសាដើមតែមួយគឺភាសាខ្មែរ
- មានមុនរបរផ្សេងៗគ្នាតែមានការរស់នៅប្រមូលផ្តុំលក្ខណៈជាខ្មែរ
- មានប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា អរិធម៌ វប្បធម៌ជាជាតិខ្មែរ ។ និយាយរួម ដែលមានការបន្តពូជពង្ស និងទទួលមរតករួមពីបុព្វបុរសដើម ជាជាតិខ្មែរតែមួយ ។
ខ. សាសនា គឺជាវិន័យបញ្ញត្តិប្រព័ន្ធជំនឿសម្រាប់អប់រំទូន្មានប្រៀបប្រដៅមនុស្សឱ្យដើរតាមគន្លងល្អ ។ សាសនា ជាជំនឿមួយដែលដក់ជាប់ស្ថិតក្នុងផ្នត់គំនិតខ្មែរ មានដូចជា ៖
- អប់រំមនុស្សឱ្យស្គាល់បុណ្យ បាប កម្មផល និងសម្មាធិបញ្ញា
- អប់រំមនុស្សមិនឱ្យលោភៈ ទោសៈ មោហៈ និងវៀរចាកបច្ច័យដែលនាំទៅរកសេចក្តីទុក្ខជាដើម
- អប់រំមនុស្សទាំងផ្លូវកាយ ចិត្ត វាចា ឱ្យចេះខន្តី សច្ចៈ កត្តញ្ញ
- អប់រំមនុស្សឱ្យមានព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា
- អប់រំមនុស្សឱ្យចេះគោរពសក្ការៈ និងប្រតិបត្តិនូវជំនឿ ដើម្បីបំភ្លឺផ្លូវទៅរកសេចក្តីសុខចម្រើនក្នុងបច្ចុប្បន្នកាល និងអនាគត ។ ដោយសារប្រជាពលរដ្ឋមានជំនឿលើព្រះពុទ្ធសាសនា បានជារដ្ឋធម្មនុញ្ញកំណត់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។
គ. ព្រះមហាក្សត្រ គឺជាអង្គដែលមានវីរភាពដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ដឹកនាំប្រទេស និងប្រជានុរាស្រ្តទៅរកភាពរីកចម្រើនរុងរឿងក្នុងសង្គម ។ ព្រះមហាក្សត្រជាអង្គដែលមានបារមីខ្ពស់ដែលប្រជាពលរដ្ឋថ្វាយអំណាចឱ្យធ្វើជាប្រមុខរដ្ឋ សម្រាប់ដឹកនាំកសាង ការពារទឹកដីឱ្យគង់វង្ស ។ ព្រះមហាក្សត្រ ជាអំណាចកំពូលគឺ ៖
- ព្រះមហាក្សត្រ ជានិមិត្តរូបរបស់ជាតិ ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាស្ត្រ
- ព្រះមហាក្សត្រ ធានាឱ្យមានយុត្តធម៌ជូនកូនចៅប្រជារាស្រ្ត
- ព្រះមហាក្សត្រ ជាអគ្គមេបញ្ជាប់ការជាន់ខ្ពស់
- ព្រះមហាក្សត្រ ជាការធានានូវរាជានិយម ។ ដូច្នេះព្រះមហាក្សត្រជាប្រមុខរដ្ឋអស់មួយជីវិត ។ អំណាចព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញមិនធ្វើនយោបាយ ។អំណាចនីតិប្រតិបត្តិប្រគល់ឱ្យប្រមុខរាជរដ្ឋាភិបាលដែលមាននាយករដ្ឋមន្រ្តីជាអ្នកដឹកនាំ ។ ទំនាក់ទំនងគ្នារវាង ជាតិសាសនាព្រះមហាក្សត្រមានភាពស្អិតរមួត មិនអាចខ្វះបាន ពីព្រោះសង្គមមួយដែលបង្កើតជារដ្ឋនៃប្រទេសមួយត្រូវមាន ៖
- ប្រជាជន ទឹកដី ភូមិសាស្រ្តរបស់ខ្លួនច្បាស់លាស់
- ប្រព័ន្ធជំនឿសាសនា ទំនៀមទម្លាប់ និងច្បាប់របស់សង្គមសម្រាប់គ្រប់គ្រង
- រដ្ឋដែលជាប្រមុខរដ្ឋមានសិទ្ធិធ្វើទំនាក់ទំនងអន្តរជាតិ
- មានភាពជាម្ចាស់លើខ្លួនឯង ឯករាជ្យភាព ឯកភាពអំណាចដើម្បីឱ្យប្រទេសមានភាពរីកចម្រើន ។