Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ពុទ្ធិជាអ្វី ? ពុទ្ធិចែកជាប៉ុន្មានសណ្ឋាន ?

២. តើពួកនៃពុទ្ធិចែកជាប៉ុន្មានប្រភេទ ? គឺអ្វីខ្លះ ?

៣ . តើល្បិចនៃពុទ្ធិចែកជាប៉ុន្មានប្រភេទ ? គឺអ្វីខ្លះ ?

៤. តើវិភាគ និងសំយោគមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ​ ?

៥. តើវិភាគនិងសំយោគមានតំលៃ និងផលប្រយោជន៍ដូចម្តេចខ្លះ ?

៦. អព្ភន្តរញាណជាអ្វី ? មានលក្ខណៈដូចម្តេចខ្លះ ?

៧. តើអព្ភន្តរញាណ​មានប៉ុន្មានបែប ? គឺអ្វីខ្លះ ?

៨. ចូរធ្វើការសិក្សាពីមុខងារ និងតម្លៃរបស់អព្ភន្តរញាណ ?​

៩. តើអព្ភន្តរញាណ មានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ ?

១០. អ្វីទៅហៅថា វិចា​រ ?

១១. តើអំពើទាំងបីរបស់គំនិតមានអ្វីខ្លះ ? ចូរពន្យល់ និងបញ្ញាក់ដោយ ឧទាហរណ៍ ។

១២. តើវិចារមានប៉ុន្មានបែប ? គឺអ្វីខ្លះ ?

១៣. ដូចម្តេចគេហៅថាវិចារតូចតាច និងវិចារតាមដំនូច ?

១៤. អនុមានញែកជាអ្វី ? មានប៉ុន្មានបែប ? គឺអ្វីខ្លះ ?

១៥. តើអនុមានញែកមានមុខងារ និងតម្លៃដូចម្តេចមកខ្លះ ?

១៦. តើតក្ករូប ស្ថិតក្នុងវិចារបែបណា ? មានគោលការណ៍ដូចម្តេចខ្លះ ?

១៧. អនុមានរួមជាអ្វី ? មានប៉ុន្មានបែប ? គឺអ្វីខ្លះ ?

១៨. តើអនុមានរួមមានការងារនិងតម្លៃដូចម្តេ​ចខ្លះ ?

១៩. តើអនុមានញែក និងអនុមានរួមមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

២០. តើវិចារមានតំលៃនិង មានព្រំដែនដូចម្តេច ?

២១. តើអន្ភន្តរញាណនិងវិចារ មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

២២. សំយោគបញ្ញត្តិជាអ្វី ?

២៣. សំយោគគណិតវិទ្យាជាអ្វី ?

២៤. សំយោគបដិសំយោគជាអ្វី ?

២៥. ដូចម្តេចហៅថាអព្ភន្តរញាណខាងការបង្កើតថ្មី ?

២៦. ដូចម្តេចអព្ភន្តរញាណខាងបច្ចក្ខភាព ?

ចម្លើយ

១. ពុទ្ធិសំដៅយកចំណេះដឹងទូទៅរបស់មនុស្សស ទោះក្នុងខ្លួនយើងក្តីខ្លួនអ្នកដទៃក្តី ឬនៅលើធម្មជាតិក្រៅខ្លួនយើងក្តី ។ ប៉ុន្តែពុទ្ធិ ពុំមែនត្រឹមតែជាចំណេះដឹងស្រពេចស្រពិល ឬមានប្រព័ន្ធច្បាស់លាស់ដែលមនុស្សបង្កើតប៉ុននោះទេ​ តែវាជារបៀបដែលញុំាអោយចំណេះទាំងនោះកើតឡើងថែមទៀតផង ។ គេចែកពុទ្ធិជាបីសណ្ឋានគឺ ពួកនៃពុទ្ធិ ល្បិចនៃពុទ្ធិ និងទំរងនៃពុទ្ធិ ។

២. ពួកពុទ្ធិចែកជាបីប្រភេទគឺ ៖

     ពុទ្ធិសាមញ្ញាជាពុទ្ធិធម្មតា ដែលអ្នកផងមានគ្រប់គ្នាជាពុទ្ធិដែលកើតពីការឮតៗគ្នា ស្រពេចស្រពិលមិនច្បាស់លាស់ឬកើតពីគំហើញវត្ថុនានាដោយផ្ទាល់ឬពីកិច្ចសន្ទនាជាមួយអ្នកដទៃ ។ ពុទ្ធិនេះ តែងមានការខុសឬច្រឡំ ឬល្អៀងហើយគ្មានសណ្ឋាប់ធ្នាប់ គ្មានទំនាក់ទំនងនឹងជិតស្និទ្ធិនិងគ្មានការត្រួតពិនិត្យម៉ត់ចត់ឡើយ ។ ប៉ន្តែមនុស្សយើងនៅតែត្រូវការពុទ្ធិសាមញ្ញាលជាចាំបាច់ សំរាប់ការរស់នៅ ។

       ពុទ្ធិស្យ​ង់ កើតចេញពីការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ ហើយត្រូវបានត្រួតពិនិត្យដោយពិសោធន៍ និងប្រតិបត្តិផង ។

        ពុទ្ធិទស្សនៈវិជ្ជា ជាពុទ្ធិដែលមានភាពទូទៅជ្រៅជ្រះ ល្អិតតល្អន់ ជាពុទ្ធិសាមញ្ញា និងពុទ្ធិស្យង់ ព្រោះពុទ្ធិនេះកើតពីការត្រិះរិះពិចារ​ណាលើគ្រប់បញ្ហាទាំងពុទ្ធិសាមញ្ញាទាំងពុទ្ធិស្យង់ពិសេស គឺលើបញ្ហាជីវីតបញ្ហាភាវៈ និងបញ្ហាពិភពលោក ។

៣. ល្បិចនៃពុទ្ធិចែកជាពីរប្រភេទ គឺវិភាគ និងសំយោគ ។

វិភាគ គឺការបំបែកអង្គធាតុមួយអោយទៅជាធាតុផ្សំផ្សេងៗ រឺបំបែកអ្វីមួយដែលសុំាញុំាអោយទៅជាការងាយស្រួល ។ វិភាគចែកចេញជាពីរផ្នែកទៀត គឺវិភាគពិត និងវិភាគក្នុងគំនិត ។

    វិភាគពិត គឺជាការបំបែករកធាតុផ្សំ មានស្រាប់ក្នុងអង្គវត្ថុ ភាវ ឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍ និងលើការពិចារណា ។ ឯវិភាគក្នុងគំនិត គឺការបំបែកកត្តាផ្សេងៗ នៃបាតុភូតដោយប្រើគំនិត ។ វិភាគក្នុងគំនិតមិនអាចផ្តល់ដល់យើងនូវការដឹងជាក់លាក់ទេ  តែផ្តល់អោយយើងបានត្រឹមសម្មតិកម្មប៉ុណ្ណោះ ។

សំយោគ គឺការប្រមូលធាតុផ្សេងៗ អោយបានជាវត្ថុមួយ ។ សំយោគមានពីរបែប គឺសំយោគពិត និងសំយោគក្នុងគំនិត ។ សំយោគពិត​ គឺជាការប្រមូលផ្តុំធាតុផ្សំចាំបាច់ទាំងឡាយក្នុងលក្ខខណ្ឌជាក់លាក់ បង្កើតអោយបានអង្គវត្ថុមួយ ។ ឯសមយោគក្នុងគំនិត ជាសំយោគជាសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ តែជាសំយោគមួយ ដែលប្រព្រឹត្តឡើងតែក្នុងចិត្តប៉ុននោះ ។ សំយោគក្នុងគំនិត ចែកជាសំយោគបញ្ញាត្តិសំយោគគណិតវិទ្យា និងសំយោគបដិសំយោគ ។

៤. វិភាគ និងសំយោគជាចលនាពីររបស់ចិត្ត ដែលត្រូវការគ្នាទៅវិគទៅមក ។ ព្រោះដើម្បីធ្វើសំយោគអង្គធាតុមួយបាន លុះត្រាតែគេស្គាល់ធាតុបង្ករបស់អង្គធាតុនោះសិន ។ ដើម្បិស្គាល់អ​ង្គធាតុ ឬធាតុផ្សំនៃអង្គធាតុនោះ ចាំបាច់ត្រូវធ្វើវិភាគ ។ ដូចនេះ វិភាគមិនអាចប្រព្រឹត្តទៅដោយគ្មានសំយោគ និងច្រាលមកវិញ​ ។ កំហុសដែលជួបប្រទះក្នុងសំយោគ សុទ្ធតែលទ្ធផលនៃកង្វះវិភាគ  ។

៥.    វិភាគជាឧបករណ៍នៃរបកគំហើញធាតុកប់ខ្លួនមានស្រាប់ក្នុងអង្គវត្ថុ ។​ ឯសំយោគជា ឧបករណ៍សំរាប់បង្ហាញញាណ និងពន្យល់អោយបានច្បាស់នូវរបកគំហើញមួយ ព្រោះសំយោគជាអ្នកបង្រួមមកវិញ នូវការណ៍ទាំងអស់ដែលវិភាគជាអ្នករកឃើញ ។

       តំលៃវិភាគ ឋិតនៅលើការស្រាវជ្រាវ រីឯតំលៃសំយោគឋិតលើរបាយការណ៍ ប៉ុន្តែជួនកាលអាចជាការស្រាវជ្រាវ ឯវិភាគក៏អាចចាត់ជារបាយការណ៍ដែរ ។

៦.    អព្ភន្តរណាញ ជាភាពរបស់ពុទ្ធិដំបូងបង្អស់ជាគំហើញផ្ទាល់ ឬជាចំនាប់ភ្លាមដោយពុំមានអ្នកកណ្តាលពោលគឺជាពុទ្ធិកើតឯងដោយមិនបាច់ពឹងជំនួយ ។

       អព្ភន្តរញាណ ជាពុទ្ធិដែលបានមកពីចំនាប់ផ្ទាល់ និងភ្លាមៗដោយឥតប្រើវិធាន ។

        អព្ភន្តរញាណ មានលក្ខណៈជាចំនេះដឹ​ងផ្ទាល់ ហើយភ្លាមៗនិង គ្មានបញ្ញត្តិជាអវិចារណភាព ជាប្រធានវិស័យភាពជាពុទ្ធិដែលមិនអាចពន្យល់បានជាពុទ្ធិដែលកើតមុនគេបំផុតនិងជាពុទ្ធិកើតឡើងដោយអាថ៌កំបាំង ។  និយាយរួម អព្ភន្តរញាណជាពុទ្ធិ គ្មានតិចនិច គ្មានវិធី គ្មានកណ្តាល និងកើតឡើងដោយអាថ៌កំបាំង ។

៧. គេអាចចែកអព្ភន្តរញាណជាបួនបែបគឺ ៖

អព្ភន្តរញាណចិត្តវិទ្យា៖ ជាអព្ភន្តរញាណពិតតែមួយគត់ ក្នុងនោះគំហើញផ្ទាល់របស់ចិត្តដោយចិត្ត គឺជាគំហើញដែលខុសតិចតួចស្តួចស្តើងណាស់ពីវត្ថុពិតហើយជាពុទ្ធិកើតឡើងដោយការប៉ះផ្ទាល់ រឺដោយតម្រូវស៊ីគ្នា ។ ឧទាហរណ៍៖ ឥន្រ្ទិយារម្មណ៍ឈឺចាប់មួយ ដែលកើតឡើងក្នុងញាណបុគ្គលម្នាក់ ត្រូវបានដឹងលឺផ្ទាល់ភ្លាមៗ​ដោយចិត្តសាម៉ីបុគ្គល ។

អព្ភន្តរញាណឥន្រ្ទិយ ដូចអព្ភន្តរញាណចិត្តវិទ្យាដែរ ព្រោះលក្ខណៈដែលបានអោយទៅវត្ថុខាងក្រៅមួយ សុទ្ធតែទទួលដោយឥន្រ្ទិយារម្មណ៍ ។ អព្ភន្តរញាណឥន្រ្ទិយ ជាសរសរទ្រទ្រង់ពុទ្ធិរបស់យើង និងជាឬសគល់នៃពិសោធន៍ ។

អព្ភន្តរញាណបញ្ញា ជាអព្ភន្តរញាណអាចអោយយើងចាប់បាន និងយល់នូវទំនាក់ទំនង ។ អព្ភន្តរញាណបញ្ញា ចែកជាពីរពួកទៀត គឺអព្ភន្តរញាណបង្កើតថ្មី និងអព្ភន្តរញាណប្រាកដ ។

អព្ភន្តរញាណបរមត្ថវិជ្ជា ជាអព្ភន្តរញាណដែលអាចអោយលយើងចាប់បានតថភាពភាពមួយ ដែលជាអត្ថិភាពផង ជាសារភាពផង ។ « វាអាចអោយយើងយល់ដោយផ្ទាល់ នូវសភាពខ្លះៗនៃពិភពអស្តិរូប « ។

៨. អព្ភន្តរញាណ ជាសត្តិមួយក្នុងចំណោមសត្តិទាំងឡាយនៃបញ្ញា ដែលអាចអោយយើងចាប់បាននូវពុទ្ធិប្រភេទខ្លះ ដែលវិចា​រមិនអាចធ្វើបានផ្តល់គោលការណ៍ដំបូងអោយវិចារ ព្រោះពុទ្ធិដំបូងដែលវិចារត្រូវការសុទ្ធតែជាពុទ្ធិបានមកដោយអព្ភន្តរញាណ ។ ម៉្យាងទៀតអព្ភន្តរញាណដើរមុខវិធាន និងបង្រួមឡើងវិញ នូវវិចារមួយ ។ វាជាវិធីផ្ទាល់​ប្រសើរជាង និងសុក្រឹតជាង វិចារ ដែលជាវិធីប្រយោល និងជាមធ្យោបាយតែមួយគត់ដើម្បីចាប់ «តថៈ « បានជាពិសេសវាមិនអាចអោយច្រលំបានទៀតតផង ។

៩ ក. គុណសម្បត្តិ ៖

ចំនេញពេល ៖ ព្រោះគ្មានអ្នកកណ្តាល អាចប្រព្រឹត្តទៅបានលឿនជាងវិចារ ។

ពុំផ្តល់ការនឿយហត់មកអោយអ្នកប្រព្រឹត្ត ៖ ព្រោះអ្នកប្រព្រឹត្តមិនបាច់ខំប្រមើលមើល រឺខំជញ្ជឹងគិត ។

អាចជៀសពីកំហុសបានច្រើន ព្រោះជាគំហើញផ្ទាល់ មិនបាច់ប្រើលំនឹក ។

ចាប់បានតថភាព ដឹងច្បាស់លាស់នូវសច្ចភាព ដោយពុំបាច់ពិសោធន៍និងពិចារណា ។

ខ. គុណវិបត្តិ៖

      អាចខុស កាលបើយើងណែនាំវាមិនអាច អាចមានការភ្លាំងភ្លាត់អាចច្រលំ ។

      មិនត្រូវទុកចិត្តទាំងស្រុងទេ ព្រោះយើងមិនទា​ន់ស្គាល់ឬសគល់់វាច្បាស់ ។

      មិនអាចពិនិត្យវាសាជាថ្មីបានទេ ។

១០. វិចារគឺជា តំណជាប់ឥតដាច់នៃគំនិតច្រើន ដើម្បីទៅដល់សន្និដ្ឋានមួយ ។ អាចនិយាយថា វិចារជាចំនងនៃគំនិតដែលនៅក្នុងតំណជាប់គ្នានេះ គំនិតត្រូវគោរពច្បាប់ឯកភាពដូចជាច្បាប់ជា « គំនិតទីពីរមិនត្រូវប្រឆាំង និងគំនិតទីមួយដែលស្ថិតនៅក្នុងវិចារតែមួយ « ។

១១. អំពើទាំងបីរបស់គំនិតគឺ ៖                                                               

     បញ្ញាត្តិ ជាន៍យរបស់ពាក្យមួយជាអ្វីដែលគេនឹកដល់ កាលណាគេប្រើពាក្យមូយ ។ គ្រប់បញ្ញត្តិសុទ្ធតែអរូបីព្រោះវាជាអំពើរបស់គំនិតវាស្ថិតនៅក្នុងគំនិតទោះបីបញ្ញត្តិនោះ ទាក់ទងនឹងវត្ថុមានរូបរាងក៏ដោយ ។ ឧទាហហរណ៍៖ បញ្ញត្តិ តុ គឺសំដៅតុទូទៅ ។

       វិនិច្ឆ័យ ជាអំពើមួយរបស់គំនិត ដែលតែងអោយលក្ខណៈទៅបញ្ញត្តិ ។ វាជាចំនងដែលចងបញ្ញាត្តិពីរ ឬបញ្ញត្តិច្រើនអោយជាប់គ្នា ។  ឧទាហរណ៍  ផ្កា ពណ៌ក្រហម ប្រុសខ្លាំងជាងស្រី ។

       វិចារ ជាអំពើមួយរបស់គំនិត ដែលប្រមូលផ្តុំនូវវិនិច្ឆ័យចាប់ពី ពីរឡើងទៅ ។ ឧទាហរណ៍ ខ្ញុំគ្មានបាយស៊ី ។ ខ្ញុំឃ្លានបាយ ។ ខ្ញុំលួចបាយគេស៊ី ។

១២. វិចារមានបួនបែប គឺវិចារតូចតាច វិចារតាមដំនូច វិចារអនុមានញែក និងវិចារអនុមានរួម ។

១៣ . វិចារតាមសំនូច ៖ ជាវិចារដែលសន្និដ្ឋាន កើតចេញពីគំហើញដំនូចខ្លះ ដែលគេសំគាល់ឃើញទៅដំនូចខ្លះទៀត ដែលគេសំគាល់មិនបាន ។ វិចារដំនូចខ្វះ តម្លៃសមហេតុ​ផល តែក៏មានតម្លៃមហិមាក្នុងឋានៈជាប្រភពសកម្មតិកម្មក្នុងការពិនិត្យបញ្ជាក់សច្ចភាពអ្វីមួយ ។ វាជាវិចារ « សាយ « មានតម្លៃខាងការរុករកឥតគណនាសំរាប់ស្យង់ពិសោធន៍ ។

១៤.

     អនុមានញែកជាវិចារ ដែលចេញពីគោលការណ៍ទៅវិបាក រឺញែកសន្និដ្ឋានចេញពីគោលើការណ៍ទូទៅ ។ អនុមានញែកមានពីរបែបគឺ ៖ អនុមានញែកសាររូប រឺអនុមានញែកវិភាគដែលអោយតម្លៃទៅលើទម្រង់ឥតគិតពិន័យខុស ឬត្រូវឡើយ ។ វាជាវិនិច្ឆ័យ ដែលញែកពីវិន័យច្ឆ័យមួយទៀត សំដៅចាត់ថ្នាក់បុគ្គល រឺវត្ថុអោយស្ថិតក្នុងប្រភេទណាមួយ ។

     អនុមានញែកគណិតវិទ្យា រឺអនុមានញែកសំយោគ ៖ មានកម្មវត្ថុជាចំនួន ។ វាមានភាពរីកចំរើន និងភាពសាយ ។ ឯសន្និដ្ឋាន គឺជាសំនើដែលខុសប្លែកពីមូលបដិញ្ញា ។

១៥.  អនុមានញែក ជាវិចារដែលគេនិយមប្រើច្រើនជាងគេ ក្នុងគណិតវិទ្យាព្រោះ វាជាវិចារគំរូ ដែលមានភាពល្អិតល្អន់ជាងគេ ។ វាមានមុខងារសំខាន់ប​ង្គួរក្នុងស្យង់ពិសោធន៍ ។ វាជាអ្នកទស្សន៍ទាយ នូវលទ្ធផលរបស់ច្បាប់មួយ រឺច្បាប់មួយចំនួ​នក្នុងកាលៈទេសៈមួយ ។ វាជាវិចារដែលត្រឹមត្រូវជាងគេ ហើយត្រូវបានអ្នកតក្កវិជ្ជាសិក្សាជាយូរយារណាស់មកហើយ ។ ប៉ុន្តែដើម្បីទទួលបាននូវសន្និដ្ឋានត្រឹមត្រូវអនុមានញែកត្រូវចេញពីគោលការណ៍ត្រឹមត្រូវជាចាំបាច់ ។

១៦ . តក្ករូប ស្ថិតក្នុងអនុមានញែកសាររូប ។ តក្ករូបជាវប្រភេទនៃវិចារមួយមានបំនងបង្ហាញបដិញ្ញាថ្មី ដោយបដិញ្ញាពីរដែលគេបានទទួលស្គាល់រួចហើយ ហៅថាមូលបដិញ្ញា ។

តាមការីស្តូត តក្ករូបដើម្បីអោយមានលក្ខណៈត្រឹមត្រូវ ត្រូវបំពេញល័ក្ខខ័ណ្ឌពីរគឺ ៖

        ល័ក្ខខ័ណ្ឌន័យ ៖ មូលបដិញ្ញានីមួយៗ មិនត្រូវមានន័យខុសគ្នាទេ ។

        ល័ក្ខខ័ណ្ឌរូបរាង ៖ តក្ករូប ត្រូវប្រព្រឹត្តទៅតាមនិយមទាំងឡាយ របស់តក្កវិជ្ជាសាររូប ។

 . ១៧អនុមានរួមជាវិចារមួយ ដែលចេញពីការណ៍ពិសេស ដើម្បីរួមអោយបានជាច្បាប់ទូទៅមួយ ។ អនុមានរួម មានពីរបែបគឺ ៖

      អនុមានរួមសាររូប ៖ អះអាងភាពទូទៅមួយ ពីការណ៍ពិសេសច្រើនដែលគេស្គាល់រួចហើយ តែវាពុំបានបង្កើតអ្វីអោយប្លែកទេ ។ ឧទាហរណ៍ ៖ ក្រោយពីសួរអាយុសិស្សម្នាក់ៗ ដែលរៀននៅថ្នាក់ទី ១១ រួចហើយខ្ញុំដឹងថាម្នាក់ៗមានអាយុលើសពី ១៦ឆ្នាំ ។ ដូចនេះខ្ញុំសន្និដ្ឋានថាសិស្សទាំង អស់ដែលរៀនថ្នាក់ទី១១ មានអាយុលើសពី ១៦ឆ្នាំ ។

      អនុមានរួមពង្រីក ៖ គឺជាវិចារពិសោធន៍ ដែលគេនិយមប្រើក្នុងរូបវិទ្យាជាវិចារមួយ ដែលអនុញ្ញាតិអោយចេញ ពីការណ៍ខ្លះៗដែលគេស្គាល់ទៅច្បាប់ទូទៅដើម្បីពន្យល់ការណ៍ទាំងនោះ ។ ឧទាហរណ៍៖ មនុស្សឈ្មោះសុខ បានលួចខោខ្ញុំ ។ ម្សិលមិញ សុខបានលួចអាវខ្ញុំ ។ ដូចនេះ សៀវភៅដែលខ្ញុំបាត់ថ្ងៃនេះ គឺសុខជាអ្នកលួច  ។

        គួរ​កត់សំគាល់ថា ៖ អនុមានរួមពង្រីក គ្មានភាពត្រឹមត្រូវល្អិតល្អន់ទេ ព្រោះជួនកាលជាសន្និដ្ឋាន ជាទង្វើទូទៅផ្តេសផ្តាស ។ ដូចនេះហើយ​ ទើបក្នុងស្យង់ពិសោធន៍អនុមានរួមពង្រីក មិនត្រូវធ្វើដោយខ្វះការត្រួតពិនិត្យតឹងរ៉ឹងនោះឡើយ ។

១៨. អនុមានរួម ជាវិចារណាសំរាប់តែស្យង់ពិសោធន៍ប៉ុនោះ ។ គេមិនសូវយកថាវាទៅប្រើក្នុងគណិតវិទ្យាទេ ។ ប៉ុន្តែក្នុងការរស់នៅធម្មតា អនុមានរួមតែងធ្វើឡើងដោយស្វ័យប្រវត្តិ ដូចជាយើងមានទំលាប់ទាញច្បាប់ទូទៅចេញពីពិសោធន៍របស់យើងក្នុងជីវីតជាដើម ។ តែអនុមានរួមធ្វើឡើងភ្លាមៗ តែងជួបនឹងកំហុសហើយពុំសូវត្រឹមត្រូវផង ។ ឯអនុមានរួមសាររូប ត្រឹមត្រូវ សុក្រិត មិនដែលច្រឡំទេ ប៉ុន្តែក៏មិនបានការដែរ ។ ឯអនុមានរួមពង្រីក មិនត្រឹមត្រូវល្អិតល្អន់ មិនសុក្រឹ​តអាចច្រឡំជារើយៗ ប៉ុន្តែមានប្រយោជន៍សំខាន់ណាស់ក្នុងស្យង់ពិសោធន៍ បើចេះយកតិចនិចត្រឹមត្រូវមកត្រួតពិនិត្យ ។

១៩. អនុមានរួម និងអនុមានញែកជាចលនាពីរផ្ទុយគ្នារបស់គំនិត ប៉ុន្តែវាជួយបំពេញកង្វះខាតអោយគ្នាទៅវិញទៅមក ។ អនុមានរួមផ្តល់ឫសគល់អោយអនុមាន ញែក និងជាទីដែលអនុចេញដំណើរ ។ ព្រោះអនុមាន ជាអ្នកស្វែករកច្បាប់ទូទៅនៅក្នុងស្យង់ពិសោធន៍ និងរកគោលការណ៍អោយគណិតវិទ្យា ។ អនុមានញែក មានលក្ខណៈជាក់ច្បាស់ជាអ្នកដឹកនាំអនុមានរួម ។ គេតែងត្រូវការអនុមានញែកជាចាំបាច់ កាលណាគេចង់យកច្បាប់ទូទៅមួយ ដែលគេរកឃើញទៅប្រតិបត្តិ ។

២០. ក្នុងបណ្តាវិចារទាំងអស់ មានតែអនុមានញែកទេ ដែលគេចាត់ទុកថាជាវិចារពិតប្រាកដ ។ អនុមានរួមក្តី វិចារតាមដំនូចក្តីមិនអាចចាត់ទុកជាវិចារពេញលក្ខណៈទេ ។ យើងយល់ថា វិចារនីមួយៗទោះពេញលក្ខណៈក្តីមិនពេញលក្ខណៈក្តីក៏នៅតែមានតំលៃដោយឡែកៗ របស់វាដែរ ។ គឺជាអនុមានញែក មានតំលៃត្រង់មានភាពត្រឹមត្រូវជាក់លាក់​អនុមានរួមពង្រីកមានតំលៃក្នុងការរាវរកឥតប្រៀបបាននៅក្នុងស្យង់ពិសោធន៍ វិចារតាមដំនូចមានតំលៃខាងការស្រាវជ្រាវ ។

ប៉ុន្តែបើវិចារជាឧបករណ៍យ៉ាងសំខាន់ ក្នុងរបកគំហើញនិងសំរាយបំភ្លឺសច្ចៈភាពក៏ដោយក៏ត្រូវតែមានព្រុំដែនដែរ ព្រោះវិចារមិនមែនជាវិធីមួយ ដែលមានលក្ខណៈគ្រប់គ្រាន់ខ្លួនឯង ក្នុងការខិតទៅជិតសច្ចភាពនោះឡើយ ។ ម៉្យាងទៀតក្នុងគ្រប់វិចារតែងតែមានធាតុខ្លះ ដែលគេមិនអាចស្រាយបំភ្លឺបានដាច់ខាត ។

២១. អព្ភន្តរញាណ និងវិចារជាទំរង់ពីរនៃគំនិតដែលត្រូវការគ្នាទៅវិញទៅមក ។ អព្ភន្តរញាណតែងកើតមុននិងក្រោយវិចារ ។ អព្ភន្តរញាណដេលកើតមុនវិចារជាអ្នកផ្តល់គោលការណ៍អោយយើង ដូចជានៅក្នុងគណិតវិទ្យាជាដើម ។ អព្ភន្តរញាណសរុបជាអ្នកបង្រួមគំនិតទាំងអស់របស់វិចារដើម្បីស្រួចចាប់យកនិងស្រួលយល់ ។ ចំណែកឯវិចារវិញ ជាអ្នកផ្តល់ភស្តុតាងអោយអព្ភន្តរញាណ ។ ក្នុងមកធាងនានានៃពុទ្ធិអន្ភន្តរញាណ ជាអ្នកផ្តល់សំភារៈសំណង់រីឯវិចារជាអ្នកចំរាញ់ការប្រើប្រាស់សំភារៈនេះ ។ អាចនិយាយថា អព្ភន្តរញាណបានរកឃើញនូវទំនាក់ទំនង ឯវិចារផ្តល់ភស្តុតាងនៃទំនាក់ំនងនេះ ។ អព្ភន្តរញានមានភាពរហ័សពេក ប៉ុន្តែខ្វះហេតុផលដូចនេះត្រូវការវិចារដែលមានភាពយឺតៗ ប៉ុន្តែម៉ឹងម៉ាត់មាំទាំកំរនឹងភ្លាត់ភ្លាំងណាស់ ហើយ​មានការចាំបាច់ខាតមិនបានផង ។

២២. សំយោគបញ្ញត្តិ គឺជាបន្តុំគោលគំនិតធំៗ ដូចដែលគេបានធ្វើនៅក្នុងសន្ទរកថា ។ សំយោគនៃប្រវត្តិវិទ្យា ទស្សនវិជ្ជា ឬមនុស្សវិទ្យា ជាសមយោគបញ្ញត្តិដែលជាកិច្ចការមួយដ៏លំបាកខាងមូលវិចារ ក្នុងការង្វាយតំលៃ ។

២៣ សំយោគគណិតវិទ្យា ជាសំយោគមួយបែបដែលចាប់ផ្តើមពីអ្វីដែលងាយ ទេអ្វីដែលសុំាញុំាពីអ្វីដែលស្រួលទៅអ្វីដែលពិបាកស្មុគស្មាញ ។

២៤. សំយោគបដិសំលយោគកើតពីបដិបក្ខភាពរវាងមតិ និងបដិមតិ ។ សំយោគបដិសំយោគភ្ជាប់មតិនិងបដិមតិដើម្បីបង្កើតច្រកថ្មីមួយគឺសំយោគ ។

២៥. អព្ភន្តរញាណនេះ មានភាពដូចជាពន្លឺមួយ​ដែលចាំងចូលក្នុងញាណរបស់អ្នកប្រាជ្ញហើយបានទទួលភា្លមនូវពុទ្ធិជាក់ច្បាស់មួយ គឺការដឹងមុននូវទំនាក់ទំនងប៉ុន្តែអព្ភន្តរញាណខាងការបង្កើតថ្មី តែងតែនាំមកនូវការភាន់ច្រឡំំញឹកញយណាដែរ ទោះបីគេមានសញ្ចេតនាភ្លឺស្វាងយ៉ាងណាក៏ដោយ ។  

២៦. អព្ភន្តរញាណខាងបច្ចក្ខភាព អាចអោយយើងចាប់បានពន្លឺយ៉ាងច្បាស់ នៃគំនិតមួយអាចអោយយើងចាប់បាននូវសច្ចភាពមួយ ឬក៏ភាពចាំបាច់នៃអាក់ស្យូមគណិតវិទ្យាមួយ ។ វាជាភាពអព្ភន្តរញាណមួយ ដែលអោយយើងចាប់បាននូវទំនាក់ទំនងសមហេតុផលនៃតំណផ្សេងៗ របស់វិចារណាមួយ ។ គេអាចអោយឈ្មោះអព្ភន្តរញាណនេះថា អព្ភន្តរញាណសង្ខេ​ប ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login