ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តាមទស្សនវិជ្ជា មនុស្ស និងសត្វខុសគ្នាត្រង់ណាខ្លះ ?
២. អ្វីជាការបង្កើតថ្មី ?
៣. អ្វីជារបកគំហើញ ?
៤. តើការបង្កើតថ្មី និងរបកគំហើញមានទំនាក់ទំនងគ្នាដូចម្តេច ?
៥. ឥន្រ្ទិយារម្មណ៍ជាអ្វី ?
៦. ដូចម្តេចដែលហៅថា រំញោច ?
៧. ដូចម្តេចដែលគេហៅថា ភ្ញោច ?
៨. តើភ្ញោចមានប៉ុន្មានប្រភេទ ? គឺអ្វីខ្លះ ?
៩ . តើឥន្រ្ទិយារម្មណ៍កើតឡើងតាមរបៀបណា ?
១០. តើដំនាក់សរីររវិទ្យានៃឥន្រ្ទីយារម្មណ៍មានដំណើរដូចម្តេច ?
១១. អ្វីជារេផ្លិច ? រេផ្លិចមានប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?
១២. តើមនុស្សមានសរីរាង្គប្រកបដោយសរសៃប្រសាទស្លាប់ អាចមានឥន្រ្ទិយាម្មណ៍ឬទេ ?
១៣. តើមនុស្សពិការសរីរាង្គឥន្រ្ទិយាណាមួយ អាចមានឥន្រ្ទិយារម្មណ៍ដែរឬទេ ?
១៤. តើឥន្រ្ទិយារម្មណ៍ ជារូបភាពមាននៅក្នុងឥន្រ្ទិយាណាច្រើនជាងគេ ?
១៥. តើឥន្រ្ទិយារម្មណ៍ មានចំណុចពិសេសដូចម្តេចខ្លះ ?
១៦. លេនីនពោលថា « អវត្តមាននៃឥន្រ្ទិយារម្មណ៍ ពុំអាចធ្វើអោយយើងស្គាល់ទំរង់ណាមួយ នៃរូបធាតុឬទំរង់នៃចលលនាបានឡើយ « ។ ចូរពន្យល់ ?
១៧. អ្វីជារូបភាព ?
១៨ . អ្វីជាលំនឹក ?
១៩. តើរូបភាព អាចវិលវិញត្រឡប់ចូលមកក្នុងញាណរបស់យើងដោយរបៀបណា ?
២០. តើច្បាប់បី នៃបណ្តុំគំនិតរបស់អារីស្តូតដូចម្តេចខ្លះ ?
២១. លំនឹកចែកជាប៉ុន្មានគឺអ្វីខ្លះ ?
២២. រូបបារម្មណ៍ជាអ្វី ? មានប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?
២៣ . តើរូបបារម្មណ៍បង្កើតចែកជាប៉ុន្មានសណ្ឋាន ? គឺអ្វីខ្លះ ?
២៤ . ការយល់សប្តិជាអ្វី ? មានប៉ុន្មានប្រភេទ ?
២៥. ពួកមនោនិយមយល់យ៉ាងណាដែរ អំពីការយល់សប្តិនេះ ?
២៦. តើមនុស្សខ្វាក់ពីកំណើតមានយល់សប្តិដែររឺទេ ? ព្រោះអ្វី ?
២៧ . អ្វីជាការរវើយរវាយ ?
២៨. ការបង្កើតថ្មី និងការរវើយរវាយខុសគ្នាដូចម្តេចខ្លះ ?
២៩. តើអ្វីខ្លះ ដែលជាធាតុនៃការបង្កើតថ្មី ?
៣០. តើកត្តានៃការបង្កើតថ្មីមានអ្វីខ្លះ ?
៣១. តើលំនាំគំនិតបង្កើតថ្មីត្រូវឆ្លងកាត់ប៉ុន្មានដំនាក់ ?
៣២. តើអ្នកបង្កើតថ្មី តែងជួបឧបសគ្គអ្វីខ្លះ ?
៣៣.តើបញ្ញាមានមុខងារដូចម្តេចខ្លះ ក្នុងការបង្កើតថ្មី ?
៣៤. អព្ភន្តរញាណញទាយជាអ្វី ? មានលក្ខណៈសំគាល់ដូចម្តេច ?
ចម្លើយ
១. តាមទស្សនវិជ្ជាមនុស្ស និងសត្វខុសគ្នាត្រង់មនុស្សមិនមែនមានត្រឹមតែសភាវៈគតិ ទំលាប់បញ្ញាប្រតិបត្តិប៉ុននោះទេថែមទាំងមានបញ្ញាទ្រឹស្តីដែលអាចអោយខ្លួនទៅដល់បញ្ញត្តិកម្មនៃសច្ចៈទូទៅមានរូបបារម្មណ៍បង្កើតដែលអាចអោយខ្លួនបង្កើតថ្មីថែមទៀតផង ។ បញ្ញាសត្វជាបញ្ញាប្រតិបត្តិមានព្រំដែនជាពិសេសសត្វស្ថិតនៅក្រោមបញ្ជាសភាវៈគតិ ។
ដោយសារសមត្ថនេះ ទើបមនុស្សមានប្រវត្តិហើយផ្លាស់ប្តូរអរិយធម៌វប្បធម៌ ពីសម័យមូយទៅសម័យមានការជឿនលឿនលើគ្រប់វិស័យ ផ្ទុយពីសត្វ គ្មានប្រវត្តិ តែមានតែការវិវត្តន៍ផ្នែកជីវវិទ្យាប៉ុននោះ ។
ម៉្យាងទៀតមនុស្សមានវិចារញាណមានមនោសញ្ចេតនានេះវិនិច្ឆ័យរកហេតុផលធ្វើការងារ ប្រកបដោយគោលបំណងច្បាស់លាស់ ហើយចេះកែឆ្នៃធម្មជាតិមកបំរើផលប្រយោជន៍មនុស្សជាតិ ដែលសត្វពុំមាននិងពុំអាចធ្វើបាន ។
២.ការបង្កើតថ្មី គឺជាផលិតសំយោគថ្មីនៃជិវីត រឺរូបភាពជាពិសេសផលិតការផ្តុំថ្មីមួយនៃមធ្យោបាយចាស់ៗទាំងឡាយ សំដៅសំរេចគោលដៅថ្មី ។
មានន័យថា ការបង្កើតថ្មីគឺជា ការប្រើប្រាស់ធាតុចាស់ដែលមានរួចមកហើយមានតែសមាសឬសំយោគដែលថ្មី ។
ឧទាហរណ៍៖ ការបង្កើតមនុស្សយន្ត ម៉ាស៊ីព័ត៌មានវិទ្យា ....
៣. របកគំហើញ គឺការរកឃើញអ្វីៗដែលមានរួចមកហើយ មានលក្ខណៈជាអាថ៌កំបាំងដែលគេរកពុំទាន់ឃើញ ។ របកគំហើញ តែងនាំមកនូវទស្សនៈថ្មីលើវត្ថុទាំងឡាយ ។
ឧទាហរណ៍៖ ការរកឃើញទ្វីបអាមេរិករបស់គ្រឹស្តូសដីគូឡុំ ។
៤. ការបង្កើតថ្មី គឺជាការបង្កើតអ្វីៗដែលពុំធ្លាប់មាន ។ ឯរបកគំហើញ គឺរកឃើញអ្វីដែលមានរួចមកហើយ ។ តែនៅក្នុងរបកគំហើញ គេត្រូវការគំនិតបណ្តើមបង្កើតដែរ ។ ដូចនេះរបកគំហើញច្បាប់ស្យង់មួយ ក៏អាចចាត់ជាការបង្កើតថ្មីដែរព្រោះគំនិតយើង ពុំឋិតនៅអកម្មទេ ហើយតែងខិតខំសាងសម្មតិកម្មមួយ ។ ឯការបង្កើតថ្មី វាបង្កលក្ខណៈអោយគេអាចធ្វើរបកកំហើញថ្មីៗ ទៀតផងដែរ ។ ដូចនេះគេហាក់ដូចជាពុំអាចផ្តាច់របកគំហើញ ចេញពីការបង្កើតថ្មីកបានទេ ព្រោះវាមានទំនាក់ទំនងគ្នាជានិច្ច ។
៥. ឥន្រ្ទីយារម្មណ៍ជាបាតុភូតចិត្តវីរៈវិទ្យា កើតឡើងដោយរំញ្ចោចទៅលើសរីរាង្គឥន្រ្ទីយណាមួយ ។ ពោលគឺសរីរាង្គឥន្រ្ទីយប្រាំរបស់យើង ជាអ្នកនាំបាតុភូតតនៃ ពិភពខាងក្រៅទៅអោយចិត្តទើបកើតបានជាឥន្រ្ទីយារម្មណ៍ ។
៦. រំញោចគឺជា លទ្ធផលនៃការប៉ះទង្គិច រវាងសរីរាង្គឥន្រ្ទិយាជាមួយវត្ថុបាតុភូត ឬការណ៍មួយដែលគេហៅថាភ្ញោច ។
៧ . ភ្ញោច គឺជាវត្ថុបាតុភូត ឬការណ៍មួយដែលបានប៉ះទង្គិចនឹងសរីរាង្គឥន្រ្ទិយណាមួយ ។ ប្រសិនបើវត្ថបាតុភូត ឬការណ៍នោះមិនបានប៉ះនឹងសរីរាង្គឥន្រ្ទិយណាមួយទេ វាមិនទាន់ក្លាយទៅជាភ្ញោចទេ គឺវានៅតែជាវត្ថុបាតុភុតឬការណ៍ដដែល ។ ឧទាហរណ៍៖ ចុងប៊ិច ជាវត្ថុមួយ ។ តែបើចុងប៊ចនោះ វាទៅប៉ះទង្កេះយើងពេលនោះចុងប៊ិចវាក្លាយទៅជាភ្ញោច ។
៨. ភ្ញោចមានបីប្រភេទធំៗ គឺ ៖
ភ្ញោចមេកានិច មានសម្ភស្ស និងសម្ពាធ ។ ឧទាហរណ៍ ៖ ពេលខ្សែរភ្លើងឆក់ដៃ អារម្មណ៍របស់យើងទទួលការញាក់ស្លុតស្រយង់ ។
ភ្ញោចរូបវិទ្យា មានកំដៅរស្មីសំលេងអគ្គិសនី ។ ឧទាហរណ៍ ៖ ពេលរលាកភ្លើង អារម្មណ៍របស់យើងទទួលការក្តៅ ពើតផ្សារ ។
ភ្ញោចគីមី មានរស់ជាតិជូរ រស់ជាតិចត់ ។ ឧទាហរណ៍៖ ពេលហូបស្វាយខ្ចី យើងសៀវទឹកមាត់ព្រោះអណ្តាតយើងទទួលរស់ជាតិជូរ ។
៩. ឥន្រ្ទិយារម្មណ៍ កើតឡើងដោយឆ្លងកាត់បីដំណាក់គឺ ៖
ដំនាក់រូបវិទ្យា គឺជាដំនាក់ដែលឥន្រ្ទិយារម្មណ៍កើតមកពីភ្ញោច ។
ដំនាក់កាលសរីវិទ្យា គឺជាដំនាក់កោសិកាចុង បញ្ចូនរំញោចតាមសរសៃប្រសាទ ទៅមជ្ឈមណ្ឌលប្រសាទ ។
ដំនាក់ចិត្តវិទ្យា ជាដំនាក់ចុងក្រោយ ជាដំនាក់ការនៃការវាយតំលៃរបស់ខួរក្បាល ទៅលើភាពនៃរំញោច ។
១០. ក្នុងដំនាក់សរីវិទ្យា មានមូលដ្ឋានសរីរវិទ្យាបីគឺ ៖
សរីរាង្គទទួល ៖ សំរាប់ទទួលរំញោច ។ ភ្ញោចទាំងបីប្រភេទ បង្កើតអោយមានរំញោចលើកោសិកាចុង នៃសរីរាង្គឥន្រ្ទិយ ។ ឧទាហរណ៍ ៖ ភ្នែកទទួលរំញោចពណ៌ និងទំរង់ដោយសាររេទីន ។
សរសៃប្រសាទប្រទាញចូល ៖ សំរាប់បញ្ចូនរំញោចទៅមណ្ឌលប្រសាទ គឺខួរក្បាល ។ ឧទាហរណ៍ ៖ សរសៃប្រសាទអុបទិច បញ្ចូនររំញោចពណ៌ និងទំរង់ទៅខួរក្បាល ។
មណ្ឌលប្រសាទ ៖ ទឹកបញ្ចប់ខួរក្បាល ក៏បានទទួលអារម្មណ៍ ។ ឧទាហរណ៍ ៖ កំពយពតនៃសំបកខួរ ទទួលរំញោចពណ៌និងទំរង់ពីសរសៃប្រសាទ ។
បើគ្មានទទួលអារម្មណ៍ពីខួរក្បាលទេ គេមិនអាចចាត់ថាជាឥន្រ្ទិយារម្មណ៍បានឡើយ គឺវាមានត្រឹមរេផ្លិចតែប៉ុននោះ ។
១១. រេផ្លិច គឺជាសកម្មភាពប៉ះទង្គិចដោយចៃដន្យ រវាងសរីរាង្គឥន្រ្ទិយនិងវត្ថុហើយសកម្មភាពនេះ ពុំបានឆ្លងកាត់ខួរក្បាលទេ គឺជាសកម្មភាពដែលបញ្ហាដោយខួរឆ្អឹងខ្នង ។ រេផ្លិច គឺជាសកម្មភាពឆ្លើយតបចំពោះពិភពក្រៅវិញ ដោយបញ្ជាខួរឆ្អឹងខ្នង ។ រេផ្លិចមានពីរយ៉ាង គឺ រេផ្លិចមានលក្ខ័ខណ្ឌ និងរេផ្លិចឥតល័ក្ខខ័ណ្ឌ ។
រេផ្លិចមានល័ក្ខខ័ណ្ឌ ៖ គឺជារេផ្លិចដែលមានអន្តរការី មានអ្វីជាកន្តោល នាំអោយធ្វើសកម្មភាពដដែល ។ រេផ្លិចនេះអាចកើតមានពីការធ្លាប់ បើទុកចោលយូរវានឹងបាត់បង់ចោលវិញ ។ ឧទាហរណ៍ ៖ ពេលឮសូរលោកទូងស្គរ ឆ្កែវត្តលូនិងនាំគ្នារត់ទៅសាលាឆាន់ ។
រេផ្លិចឥតលក្ខខ័ណ្ឌ ជារេផ្លិចលើតឯង ដោយគ្មានអន្តរការីគ្មានស្ពានកន្តោល ។ ឧទាហរណ៍ ៖ ជិះកង់ គេចដំថ្ម ។
១២. មនុស្សមានសរិរាង្គប្រកបដោយសរសៃប្រសាទស្លាប់ គេពុំអាចចាត់ទុកថាមានឥន្រ្ទិយារម្មណ៍ទេ ព្រោះមនុស្សនោះពុំទទួលនូវសម្ភស្សផ្សេងៗ ។ ហេតុនេះភ្ញោច ក៏ឥតកើតមានដែរ តែគេអាចមានរេផ្លិច ។
១៣. មនុស្សដែលពិការសរីរាង្គឥន្រ្ទិយណាមួយ អាចមានឥន្រ្ទិយរម្មណ៍ប៉ុន្តែមានលក្ខណៈជាតន្រ្ទិយារម្មណ៍ ដែលមានសភាពជារូបភាពនៅក្នុងអារម្មណ៍របស់ខ្លួនប៉ុននោះ ។
១៤. ឥន្រ្ទិយារម្មណ៍ ជារូបភាពមាននៅក្នុងចក្ខិន្រ្ទិយ និងសោតិន្រ្ទិយច្រើនជាងគេ ។ ព្រោះចក្ខុបានទទួលនូវរូបភាពជាយូរយាណាស់មកហើយ ។ ចក្ខុបានឃើញរូបភាពជា អនុស្សាវរីយ៍ដិតជាប់នៅក្នុងអារម្មណ៍មិនងាយរលត់ជាប់ក្នុងអារម្មណ៍បានយូរអង្វែងដែរ ។
១៥. ឥន្រ្ទិយារម្មណ៍មានចំណុចពិសេសពីរគឺ ៖
តាមទស្សនៈវេទនា ឥន្រ្ទិយារម្មណ៍ជាអ្នកណែនាំនិងផ្លាស់ប្តូរជីវភាព « ជីវិតក្នុង « របស់មនុស្ស ។ វាជាការណ៍វេទនាកើតឡើងដោយរំញោចលើសសរីរាង្គឥន្រ្ទិយមួយហើយផ្តល់ដល់មនុស្ស នូវការត្រេកត្រអាលការរន្ធត់ ការឈឺចាប់ជាដើម ។
តាមទស្សនៈបញ្ញា ឥន្រ្ទិយារម្មណ៍ ដែលទាក់ទងនិង វត្ថុមួយនោក្រៅចិត្តយើង គឺជាពុទ្ធិមួយ ។ វាជាពុទ្ធិកើតឡើងដោយរំញោចលើសសរីរាង្គឥន្រ្ទិយមួយ ។
១៦. ពិតមែបនតែឥន្រ្ទិយារម្មណ៍ ដែលយើងបានទទួលពីវត្ថុមួយ ពុំបានប្រាប់យើងអោយអស់លក្ខណៈពិតនៃវត្ថុតែវាក៏ជាដំនកស្រាយឬជាបំនកប្រែគ្រប់គ្រាន់មួយអំពីភារៈសំរាប់អោយយើងស្គាល់ពិភពលោកនិងបង្កើតស្យង់ព្រមទាំងសំរាប់ការរស់នៅរបស់យើង ។ ដូចនេះ បើគ្មានឥន្រ្ទិយារម្មណ៍ឬអវត្តមានឥន្រ្ទិយារម្មណ៍នោះយើងពុំអាចដឹងអ្វីទាំងអស់ព្រោះវាជាអ្នកដើមដំបូងបង្អស់នៃដំណើរបង្កើតពុទ្ធិ ។
១៧. រូបភាពជាលំនឹងគិត នៃចិត្តចំពោះវត្ថុមួយដែលសរីរាង្គឥន្រ្ទិយមិនជួបប្រទះក្នុងពេលបច្ចុប្បន្ន ។ មានន័យថានៅពេលដែលគ្មានហេតុបង្កើតវាឥន្រ្ទិយារម្មណ៍ អាចកើតមានឡើងក្នុងចិត្ត ក្នុងសភាពរូបភាព ។
១៨. លំនឹក គឺជាសកម្មភាពរបស់ចិត្ត ដែលរំលឹកឬគិតទៅលើអ្វីមួយដែលធ្លាប់កើតមានឡើងហើយដែលបានកន្លងផុតហួសទៅហើយ ។ ដោយសារ លំនឹកទើបមនុស្សអាចរក្សាទុករំលឹកឡើងវិញ ឬស្គាល់ឡើងវិញនូវអតីតកាល ។
១៩. ការវិលត្រឡប់មកវិញនៃរូបភាព មកក្នុងញាណរបស់យើងពុំមែនកើតឡើងដោយចៃដន្យនោះឡើយ ប៉ុន្តែវាសុទ្ធតែគោរពច្បាប់បីនៃច្បាប់បណ្តុំគំនិតរបស់ អារីស្តូត ។
២០. ច្បាប់បី នៃបណ្តុំគំនិតរបស់អារីស្តូ គឺជាការប្រមូលផ្តុំនៃគំនិត បីប្រភេទគឺ ៖ កាលណាវត្ថុពីរធ្លាប់បានឃើញនៅពេលជាមួយគ្នា ឬបន្តបន្ទាប់គ្នាហើយដែលមានលក្ខណៈដូចគ្នា ឬមានទំនាក់ទំនងអាចថាដូចគ្នាឬមានលក្ខណៈផ្ទុយគ្នាការវិលត្រឡប់មកក្នុងញាណនូវវត្ថុណាមួយនាំអោយវត្ថុមួយទៀតត្រឡប់មកវិញដោយស្វ័យប្រវិត្ត ។
២១. លំនឹកចែកជាពីរ គឺលំនឹកទំលាប់ និងលំនឹកសុទ្ធសាធ ។
លំនឹកទំលាប់ គឺជាការនឹកផ្ទួនៗ ដើម្បីអោយចាំនូវប្រត្តិការណ៍មួយ ។ ដូចនេះវា កើតឡើងពីការស្ទួនញយៗក្នុងលំនឹក ។
លំនឹកសុទ្ធសាធ គឺជាការផ្តិតរូបភាព ឬប្រតិបត្តិការណ៍អោយជាប់ជាប្រចាំនៅក្នុងចិត្តគំនិតដោយមិនប្រើការស្ទួនញយៗឡើយ ។
២២. រូបបារម្មណ៍ ជាសត្តិសំរាប់នឹកគិតដោយរូបភាព ។ រូបបារម្មណ៍មានពរគឺ ៖
រូបបារម្មណ៍ រំលឹកឡើងវិញ គឺជាសកម្មភាពរបស់ចិត្ត ដែលនឹកប្រមូលយកព្រឹត្តិការណ៍ទាំងឡាយ ពីអតីតកាលអោយលេចចេញមកជារូបភាពហើយវិលត្រឡប់មកវិញសាជាថ្មីមានលក្ខណៈហាក់ដូចជារូបភាពបច្ចុប្បន្ន ។
រូបបារម្មណ៍ បង្កើតគឺជាសកម្មភាពរបស់ចិត្តដែលប្រមូលរូបភាពទាំងឡាយ ដើម្បីបំបែករូបភាពនោះក្នុងលំនឹកសំដៅយកមកធ្វើសំយោគបញ្ចូលគ្នាអោយបានជារូបភាពថ្មី ។
២៣. រូបបារម្មណ៍ចែក ជាបីសណ្ឋានគឺ ៖
សណ្ឋានឈឺរួមមានការមមាល និងទេវនិទានទំលាប់
សណ្ឋានទាប រួមមានការយល់សប្តិនិង ការរវើរវាយ
សណ្ឋានខ្ពស់ គឺជាការបង្កើតថ្មី ។
២៤ ការយល់សប្តិជាសំនង់រូបភាព ប្រកបដោយលក្ខណៈវត្ថុវិស័យភាពនៅពេលដែលកំពុងលង់លក់ក្នុងដំណេក ។ សំណង់រូបភាពនេះ កើតឡើងនៅពេលដែលសរីរាង្គឥន្រ្ទិយឈប់ដើរ ។
យល់សប្តិមានពីរប្រភេទ ៖
យល់សប្តិប្រត្យក្សកើតឡើងដោយឥន្រ្ទិយារម្មណ៍បច្ចុប្បន្នដែលគ្រាន់តែជារូបរាងមិនមែនជាអំពើនៃតថៈមួយទេ ។ វាកើតឡើងដោយសារធ្លាប់បានជួបប្រទះពីថ្ងៃ ។
យល់សប្តិរូបបារម្មណ៍កើតមានឡើងដោយសារអនុស្សាវរីយ៍ទាំងឡាយ ឬដោយសារគំនិតផ្សេងៗដែលមានទំនាក់ទំនងជាមួយបច្ចុប្បន្ន ។ វាកើតឡើងដោយការគិតពីថ្ងៃ ។
ការយល់សប្តិភាគច្រើនជាការយល់សប្តិប្រត្យក្សផង រូបបារម្មណ៍ផង ។
២៥. ពួកមនោនិយមយល់ថា ការយល់សប្តិកើតឡើងពីព្រលឹងធំរបស់មនុស្ស បានចេញខ្លួនមនុស្សនៅពេលមនុស្សកំពុងដេកលក់ ហើយបានទៅជួបព្រលឹងធំរបស់អ្នកដទៃដែលចេញពីខ្លួនអ្នកដទៃដូចគ្នា ។ ព្រោះថាព្រលឹងធំអាចចេញពីខ្លួនមនុស្សបាន នៅពេលមនុស្សដេកលក់ ។ លុះដល់ព្រលឹងធំនោះវិលចូលមករូបរាងខ្លួនវិញក៏នឹកឃើញពីសកម្មភាពរបស់ខ្លួនកាលនៅពេលលួចចេញពីខ្លួន បង្កើតបានជាយល់សប្តិ ។
២៦. មនុស្សខ្វាក់ពីកំណើត ក៏មានយល់សប្តិដែរព្រោះថាមនុស្សខ្វាក់ពីកំណើតបាត់បង់តែសរីរាង្គឥន្រ្ទិយមួយតែប៉ុណ្ណោះគឺចក្ខុញ្ញាណ ហើយសរីរាង្គឥន្រ្ទិយបួនទៀតនៅដំណើរការធម្មតាធ្លាប់មានឥន្រ្ទិយធម្មតា និងធ្លាប់មានរូបភាពនិងលំនឹកធម្មតាដែរ ។
២៧ . ការរវើយរវាយជាសកម្មភាពមួយនៃចិត្ត ដែលរង់ចាំទទួលនូវរូបភាពទាំងឡាយ ដែលកើតឡើងតាមរបៀបបណ្តុំគំនិត ។ វាអាចកើតមានឡើងអាស្រ័យលក្ខខណ្ឌបីគឺ លក្ខខណ្ឌសរីរាង្គកាយ លក្ខខណ្ឌរូបរាងកាយ និងលក្ខខណ្ឌចិត្តវិទ្យា ។ ការរវើយរវាយនាំមកនូវគុណវិបត្តិយ៉ាងច្រើន តែវាក៏អាចមានគុណសម្បត្តិខ្លះដែរ គឺវាអាចក្លាយទៅជាប្រភពនៃការបង្កើតថ្មី ។
២៨. ការរវើយរវាយ ជាអ្នករៀបចំដំបូងរបស់ការបង្កើតថ្មី ។ តែការបង្កើតថ្មីខុសស្រឡះពីការរវើយរវាយ ដោយសារការបង្កើតថ្មីនៅក្រោមការត្រួតពិនិត្យរបស់វិចារណាញាណ និងត្រូវបានទទួលការវិនិច្ឆ័យពីចិត្តទៀតផង ។ ឯការរវើយរវាយគឺគ្មានចង់កែដំនើររបស់រូបភាពឡើយ ។
២៩. ការបង្កើតអ្វីមូយតែងតែត្រូវការបំនានវប្បធម៌ពីមុនៗ ទាំងអស់ពោលគឺការបង្កើតថ្មីពុំមែនកើតចេញពីអ្វីដែលទទេនោះទេ តែវាជាបាតុភូតនៃអ្វីដេលរួចចាកផុតពីការវិនាស ។ ដូចនេះក្នុងការបង្កើតថ្មី ធាតុទាំងឡាយដែលគេយកមកប្រើសុទ្ធតែជាធាតុចាស់ ហើយមានតែសមាសឬសំយោគទេដែលថ្មី ។
៣០. កត្តានៃការបង្កើរថ្មីមាន ៖
កត្តាចៃដន្យដែលជាកត្តាមិនអាចទាយទុកជាមុនបាន
ភាគនៃទេពកោសល្យ ដែលជានិស្ស័យរបស់ចិត្តពីធម្មជាតិ
ពុទ្ធិរបកគំហើញចុងក្រោយទាំងឡាយរបស់ស្យង់
តំរូវការចាំបាច់របស់សមូហៈមួយ
៣១. លំនាំគំនិត ដែលនាំទៅដល់ការបង្កើតថ្មីត្រូវឆ្លងកាត់បួនដំនាក់គឺ ៖
រយៈកិច្ចការអផល គឺជាដំនាក់ចាប់ផ្តើមដោយមានបំណងច្បាស់លាស់
រយៈកិច្ចការអផលគឺជា ដំនាក់បោះបង់កិច្ចការចោលជាបណ្តោះអាសន្នមួយរយៈសិន តែញាណនៅតែបន្តសកម្មភាពខ្លួនដដែល ។
រយៈកិច្ចការផុសគំនិត លទ្ធផលនៃកិច្ចការអញាណ លេចចូលមកក្នុងញាណវិញដោយឯង ។
រយៈកិច្ចការគិតពិចារណា ជាដំនាក់ដែលត្រូវយកលទ្ធផលទៅអោយវិចារណញាណត្រួតពិនិត្យ ។
៣២ ឧបសគ្គដែលអ្នកបង្កើតថ្មីតែងជួបប្រទះនោះគឺ ៖
ការច្រណែនពីសំណាក់អ្នកស្រាវជ្រាវដទៃទៀត ដោយអ្នកប្រាជ្ញាខ្លះមិនព្រមទទួលស្គាល់តំលៃនៃការបង្កើតថ្មី របស់អ្នកជំនាន់ក្រោយ ។
បុរេវិនិច្ឆ័យខុសឆ្គង អ្នកខ្លះទទួលស្គាល់អ្វីដែលខ្លួនធ្លាប់ជឿ បដិសេធការបង្កើតថ្មី
ទំនាស់ជាមួយអ្នកកាន់អំណាច អ្នកកាន់អំណាចខ្លះ មានគំនិតអភិរក្សចាត់ទុក អ្នកបង្កើតថ្មី ជាអ្នកបដិវត្តជាសត្រូវ
ទំលាប់របស់ប្រជារាស្រ្ត មិនអាចផ្លាស់ប្តូរទម្លាប់ដែលខ្លួនធ្លាប់មានតាំងពីយូររមកហើយ ។
៣៣. យើងទទួលស្គាល់ថា ការបង្កើតថ្មីទាំងអស់បឹងផ្អែកសំភារៈដែលមានពីមុន ហើយចាប់កំណើតចេញពីតំរូវការរបស់មនុស្ស ។ ដូចនេះរាល់អំពើនៃការបង្កើតថ្មីជាអំពើរបស់បញ្ញាពោលគឺ ជាអព្ភន្តរញាណ នៃទំនាក់ទំនងនិយាយអោយចំ គឺជាសម្បទាក្នុងការកសាងទំនាក់ទំនងថ្មីៗ ។ មួយវិញទៀតអំពើនៃការបង្កើតថ្មីគឺ ជាអំពើសំយោគ ។ និយាយរួមការបង្កើតថ្មីឋិតនៅត្រង់ការបង្ខិតអោយជិតគ្នានូវ គំនិតនានាដែលអាចចង់ភ្ជាប់គ្នាបាន គឺជាអំពើនៃបញ្ញា ។
៣៤. អព្ភន្តរញាណទាយ ជាអព្ភន្តរញាណកើតឡើងយ៉ាងរហ័សក្រោយពីបានផ្អាកការគិតពិចារណាអស់មួយរយៈមកហើយស្រាប់តេរកឃើញដោយមិនបាច់គិត ។ លក្ខណៈសំគាល់អព្ភន្តរញាណទាយ គឹមុនមានអព្ភន្តរញាណទាយបញ្ញា យើងបានខិតខំរកយ៉ាងខ្លាំងក្លា និងយ៉ាងយូរទៀតផងតែរកពុំទាន់ឃើញនោះវិញ ។
ប៉ុន្តែអព្ភឡន្តរញាណទាយអាចមានលក្ខណៈគ្រប់គ្រាន់លុះត្រាតែមានបញ្ហាជួយបណ្តុះបណ្តាល ជួយពង្រីកនិងជួយរៀបចំវាផង ។