Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. អ្វីជាទស្សនវិជ្ជា ?

២. អ្វីជាគតិវិញ្ញូ ?
៣. ដូចម្តេចដែឡហៅថា ពិចារណាតាមទស្សនវិជ្ជា ?

៤.តើបញ្ហាមនុស្សអ្វីខ្លះ ដែលទស្សនវិជ្ជាត្រូវគិតពិចារណា ?

៥.តើវត្ថុសិក្សារបស់ទស្សនវិជ្ជាមានវិវត្តិដូចម្តេចខ្លះ ?

៦. អ្វីដែលហៅថាពុទ្ធិ ?

៧. អ្វីជាអំពើ ?

៨. តើមែកធាងធំៗ ទាំងបួនរបស់ទស្សនវិជ្ជាសិក្សាពីអ្វីខ្លះ​?

៩.​គំនិតទស្សនវិជ្ជាមានលក្ខណៈពិសេសដូចម្តេចខ្លះ​ ?

១០. តើទស្សនវិជ្ជាមានគោលបំណងយ៉ាងណា ?

១១.​តើអាចនិយាយថា ទស្សនវិជ្ជាជាចំណេះទូទៅបានរឺទេ ?

១២.តើសព្វថ្ងៃនេះទស្សនវិជ្ជានៅតែជាចំណេះសកលទៀតដែររឺទេ ?

១៣.តើស្យង់ផ្តាច់ចេញពីទស្សនវិជ្ជានៅពេលណា ដោយអ្នកណា ?

១៤. សព្វថ្ងៃនេះ ទស្សនវិជ្ជានៅតែជាស្យង់ដែររឺទេ ?
១៥.តើទស្សនវិជ្ជាចាំបាច់ដែររឺទេសំរាប់ជីវីតមនុស្ស ?

១៦. តើមនុស្សគ្រប់រូបត្រូវមានទស្សនវិជ្ជាផ្ទាល់ខ្លួនឬទេ ។

១៧.​តើទស្សនវិជ្ជាទាក់ទង និងជីវិតដូចម្តេចខ្លះ ?

១៨. តើគតិវិញ្ញូ និងតិចនិចមានទំនាក់ទំនងនឹងដូចម្តេចខ្លះ ?

១៩.ពិភពលោកសព្វថ្ងៃកំពុងអភិវឌ្ឍន៍គ្រប់វិស័យតើត្រូវការពឹងផ្អែកលើទស្សនវិជ្ជាទៀតឬទេ ?

២០. តើអ្នកយល់យ៉ាងណាដែរ ចំពោះការសិក្សាទស្សនវិជ្ជានៅថ្នាក់ទី១១ ?

២១.ក្នុងនាមសិស្សថ្នាក់ទី១១ តើត្រូវពិចារណាលើអ្វីខ្លះ ?

ចម្លើយ

១.

+ តាមមពីតាគ័រ និងតាមន័យដើមជាភាសាក្រិចទស្សនវិជ្ជាគឺ ស្នេហាគតិវិញ្ញូ ។

+ សូក្រាតយល់ថា៖ ស្នេហាគតិវិញ្ញូ គឺស្វែងរកគតិវិញ្ញូ ចង់បានគតិវិញ្ញូព្រោះមនុស្សខ្វះគតិវិញ្ញូ ។

+ តាមន័យបច្ចុប្បន្ន ទស្សនវិជ្ជាគឺគិតពិចារណាលើបញ្ហាមនុស្សដើម្បីស្វែងរកន័យអោយជីវីត ។ ក្នុងក្របខណ្ឌគិតពិចារណា អាចកំណត់ន័យបានថា ៖

  • ទស្សនវិជ្ជា គឺជាប្រព័ន្ធគំនិត ចំនេះ បញ្ញត្តិ ដែលបានចងក្រងទៅជាទ្រឹស្តីមួយ ឬជាលទ្ធិមួយ ។
  • ទស្សនវិជ្ជាគឺជាការភ្ញាក់នៃញាណ ការភ្ញាក់ខ្លួនឯងធ្វើអោយមនុស្សចេះស្គាល់ខ្លួនឯង ចេះកំណត់ខ្លួនឯងចេះខ្មាស់ខ្លួនឯង និងចេះធ្វើម្ចាស់លើខ្លួនឯង ។
  • តាមឧព្ភតតន័យៈ ទស្សនវិជ្ជា<ទស្សនៈ + វិជ្ជា = ការមើលឃើញឬគំនិត

+ វិជ្ជា ឬការសិក្សា មានន័យថាការសិក្សាលើគំនិតរបស់ទស្សនវិទូ ឬគតិវិទូធំៗដែលមានរួចមកហើយ ។

២.

  • បើតាមផ្លូវបញ្ញាគតិវិញ្ញូ គឺបញ្ញាញាណគឺវិនិច្ឆ័យត្រឹមត្រូវគឺទំលាប់ពិចារណារបស់មនុស្ស លើបញ្ហាមនុស្សនិងសង្គមដោយប្រើបញ្ញា ។
  • បើតាមផ្លូវសីលធម៌វិជ្ជា គតិវិញ្ញូគឺជាលក្ខណៈប្រកបដោយវិចារណញាណ នៃអាកប្បកិរិយាគឺការចេះប្រមាណកំលាំងទំនងរបស់ខ្លួន ជាមួយអំណាចត្រួតត្រាលើខ្លួនឯង ។

៣.ដែលហៅថាពិចារណាតាមទស្សនវិជ្ជា គឺ

  • ពិចារណាតាមបែបទស្សនវិជ្ជា គឺជាការពិចារណាមួយ ដែលទាមទារនូវអំណត់ខន្តីជំនះគ្រប់តណ្ហា គ្រប់ឧបសគ្គនិងការលំបាកដែលផ្តើមចេញពីចំងល់ទៅសង្ស័យដើម្បីឈានទៅដល់ការពិចារណា ។
  • តាមសូក្រាត ពិចារណាតាមបែបទស្សនវិជ្ជាគឺ ហាត់ស្លាប់មានន័យថាសូក្រាត ពិចារណាលើន័យជីវីតរបស់ខ្លួនផ្ទាល់សិនរួចហើយទើបពិចារណាដល់បញ្ហាអ្នកដទៃ ។
  • តាមកង់ ពិចារណាតាមបែបទស្សនវិជ្ជា គឺពិចារណាលើបញ្ហាធំៗបី ៖ តើយើងអាចស្គាល់អ្វីខ្លះ ? តើយើងត្រូវធ្វើអ្វីខ្លះ ? តើយើងអាចសង្ឃឹមលើអ្វីខ្លះ ?

៤.      យើងដឹងហើយថាទស្សនវិជ្ជា ពិចារណាលើបញ្ហាមនុស្សនិងបញ្ហាធំៗដែលទាក់ទង និងមនុស្ស ។ ដូចនេះបញ្ហាដែលទស្សនវិជ្ជា ត្រូវគិតពិចារណាមានបញ្ហាកំណើតមនុស្សលោក បញ្ហាវាសនាបញ្ហាន័យនៃជីវីតបញ្ហាអកុសលបញ្ហាសហអត្តិភាពនៃរបៀបនិងកង្វះរបៀបបញ្ហារបៀបរៀបរយនៃពិភពលោកបញ្ហាពុទ្ធិបញ្ហាភាវៈបញ្ហាសុខៈជាដើម ។

៥. ពីបុរាណកាលទស្សនវិជ្ជាជាពុទ្ធិសកល ជាស្យង់នៃស្យង់ទស្សនវិជ្ជាសិក្សាគ្រប់ស្យង់ក្តោបគ្រប់ស្យង់ទាំងអស់ ។ មកដល់សតវត្សរ៍ទី១៩ស្យង់បានឯករាជ្យវត្ថុសិក្សារបស់ទស្សនវិជ្ជា ត្រូវបានវបង្រួមមកត្រឹមសិក្សាពីចិត្តវិទ្យា សីលវិជ្ជាកត្តវិជ្ជានិងបរមត្ថវិជ្ជា ។ ចាប់ពីឆ្នាំ ១៩៦០មកមុខវិជ្ជាទាំងបួនត្រូវបាន​បង្រួមចូលគ្នាជាពីរ គឺពុទ្ធិ និងអំពើដែលជាមុខសញ្ញាសិក្សារបស់ទស្សនវិជ្ជា ។

៦. .

  • ពុទ្ធិ គឺជាចំណេះដឹង ដែលជាលទ្ធផលនៃការសិក្សាពីមុខយ៉ាងច្រើនដូចជា ចិត្តវិទ្យា ស្យង់ សីលវិជ្ជា និងបរមត្ថវិជ្ជា ។
  • ពុទ្ធិ គឺជាការរៀ​​​នតាមចិត្តវិទ្យា​ អំពីមុខងារទូទៅរបស់ពុទ្ធិអំពីស្យង់ផ្សេងៗដែលជាលទ្ធផលរបស់ពុទ្ធិ និងជាទីបញ្ចប់អំពីពុទ្ធិបរមត្ថវិជ្ជាដែលជាធម្មវត្ថុសិក្សាសំខាន់របស់ទស្សនវិជ្ជា ។

៧.

  • អំពើ គឺអ្វីដែលមនុស្សធ្វើ ហើយបានលទ្ធផលមកពីគ្រប់វិស័យ ដូចជាវិស័យឧស្សាហកម្ម សិល្បៈសីលវិជ្ជាសង្គមវិទ្យា ។​ល។
  • អំពើ គឺជាការសិក្សាតាមចិត្តវិទ្យា អំពីល័ក្ខខ័ណ្ឌនៃទង្វើរបស់មនុស្សអំពីវិស័យផ្សេងៗរបស់ទង្វើមនុស្ស ។

៨. បច្ចុប្បន្នមែកធាងធំៗ ទាំងបួនរបស់ទស្សនវិជ្ជាដែលត្រូវចាត់ទុកថាជាវត្ថុសិក្សារបស់ទស្សនវិជ្ជារួមមាន ៖

  • ចិត្តវិទ្យាដែលជាស្យង់ សិក្សាពីបញ្ហាចិត្តគឺសិក្សាពីចិត្តការណ៍ និងពីមុខងារធំៗរបស់ចិត្តដូចជាឥន្រ្ទិយារម្មណ៍ ប្រត្យក្សារម្មណ៍ លំនឹក បញ្ញា ការរំភើបជាដើម ។ និយាយរួម គឺសិក្សាពីជិវីតនៃចិត្តទូទៅ ។
  • តក្កវិទ្យា សិក្សាតំលៃសច្ចៈរិះរកច្បាប់នានា ដើម្បីអោយបានវិចារត្រឹមត្រូវហើយនៅក្នុងនោះមានពុទ្ធិស្យង់វិជ្ជា និងវិធីសាស្រ្តផង ។
  • សីលវិជ្ជាសិក្សាតំលៃ កុលសរិះរកគន្លង រឺមាគ៌ាចរិយារបស់មនុស្សដើម្បីរស់នៅអោយ​បានសមរម្យក្នុងសង្គម ។
  • បរមត្ថវិជ្ជា រឺអស្តិរូបវិជ្ជា រឺអរូបវិជ្ជា ដែលយើងនិយមហៅថាទស្សនវិជ្ជាទូទៅ រឺ ទស្សនវិជ្ជាពិតប្រាកដដោយវត្ថុសិក្សារបស់វាមានលក្ខណៈទូទៅនិងអរូបី ដូចជាបញ្ហាភាវៈ បញ្ហាអទិទេពជាអាទិ៍ ដែលសុទ្ធតែជាបញ្ហាចំបងប្រកបដោយអាថ៌កំបាំង ។ និយាយរួម បរមត្ថវិជ្ជាសិក្សាលើគ្រប់បញ្ហាណាដែលស្យង់មិនអាចដោះស្រាយបាន ។​

៩. គំនិតទស្សនវិជ្ជាមានលក្ខណៈពិសេស គឺ ៖

  • គំនិតរិះគិត ជាគំនិតដែលព្យួរទុកសិន នូវវិនិច្ឆ័យដើម្បីទុកពេលពិចារណាជាគំនិតមួយ ដែលបានពិចារណាត្រឹមត្រូវរួចហើយ
  • គំនិតអធ្យាស្រ័យ ៖ ជាគំនិតនិយមការពិចារណារបស់ខ្លួនផង និងការពិចារណារបស់អ្នកដទៃផងដោយមិនរឹងមិនមានថាមានតែខ្លួនឯងម្នាក់ទេ ដែលនូវគំនិតណាមួយដែលជំទាស់និងគំនិតខ្លួន ដោយមិនបានពិចារណាល្អិតល្អន់នោះឡើយ ។

១០.ទស្សនវិជ្ជា មានគោលបំណងស្វែងរកសច្ចៈ និងញុំាអោយប្រតិបត្តិ ។

មានន័យថា ទស្សនវិជ្ជាមានបំណងស្វែងរកសច្ចៈដើម្បីបង្ហាញអវិជ្ជា ។ កាលបើបានសច្ចៈហើយ ទស្សនវិជ្ជាញុំាងអោយប្រតិបត្តិទៀត គឺមិនមែនស្ថិតនៅត្រឹមតែលើទ្រឹស្តីនោះឡើយ ។

១១. គេអាចនិយាយថា ទស្សនវិជ្ជាជាចំណេះទូទៅបាន ព្រោះទស្សនវិជ្ជាបានក្រសោបវិជ្ជាក្នុងលោកផង និងក្រៅលោកផងក៏ប៉ុន្តែចំណេះទូទៅនោះត្រូវប្រកបដោយវិចារណញាណផង​ ។

១២. សព្វថ្ងៃនេះ ទស្សនវិជ្ជាលែងមានតួនាទីជាពុទ្ធិសកលទៀតហើយ ព្រោះថាស្យង់លូតលាស់ ហើយបានផ្តាច់ខ្លួនចេញផុតពីទស្សនវិជ្ជានិងមានវត្ថុសិក្សាជាក់លាក់របស់វារៀងៗខ្លួន ។ ទស្សនវិជ្ជាលែងក្តោបស្យង់ដូចកាលពីមុនទៀតហើយ ។ សព្វថ្ងៃ ទស្សនវិជ្ជាគ្រាន់តែមានតួនាទីជាអ្នកពិចារណាលើគុណភាព នៃគ្រប់ចំនេះប៉ុនោះ ។ មានន័យថា ស្យង់ជាអ្នកស្ថាបនាទស្សនវិជ្ជាជាអ្នកជីករករឺសគល់ ព្រោះថាស្យង់។

១៣. ស្យង់បានផ្តាច់ចេញពីទស្សនវិជ្ជាបណ្តើៗ ម្តងមួយៗដូចជាតារាវិទ្យានិងគណិតវិទ្យានៅសត្តវត្សទី៣ មុនគ.សដោយអឺគ្លីនរូបវិទ្យា ស.វ ទី១៧ដោយញូតុនគីមីវិទ្យានៅស.វទី១៨ ដោយឡាវ៍រសេ្យ ជីវវិទ្យានៅស.វទី១៩ដោយក្លូតប៊ែរណា សង្គមវិទ្យានៅស.វទី១៩ដោយអូតូសកុង ។

១៤.សព្វថ្ងៃនេះ ទស្សនវិជ្ជាលែងជាស្យង់ទៀតហើយព្រោះថាស្យង់ជាចំណេះជាក់លាក់មានភស្តុតាង មានលក្ខណៈវត្ថុវិស័យភាពពិសេសចំណេះស្យង់ជាចំណេះដែលមិនអាចពិភាក្សាបាន ឯចំណេះទស្សនវិជ្ជាជាចំណេះអាចពិភាក្សាបានជួនកាលក្នុងបញ្ហាតែមួយដូចគ្នា  អ្នកទស្សនវិជ្ជាអាចមានទស្សនៈប្លែកគ្នារហូតដល់មានទំនាស់រវាងទស្សនវិទូដូចគ្នាផង ដោយទស្សនាវិជ្ជាមានលក្ខណៈប្រធានវិស័យភាព ។

១៥. បើក្រលេកមួយភ្លែត ទស្សនវិជ្ជាហាក់មិនចាំបាច់សំរាប់ជីវីតមនុស្សទេ ។ តែបើពិចារណាអោយជិតដល់ទៅ យើងឃើញថាទស្សនវិជ្ជាចាំបាច់ណាស់ចំពោះជីវីតមនុស្ស កាលណាយើងចង់ធ្វើខ្លួនអោយទៅជាមនុស្សប្រកបដោយវិចារណាញ្ញាណនិងគតិវិញ្ញូ ។ ព្រោះទស្សនវិជ្ជាជួយយើងអោយស្តាប់ខ្លួនឯងអោយស្តាប់លោកនេះ ពិសេសអោយចេះរៀបចំអាកប្បកិរិយាអោយសមស្រប សំដៅដឹកនាំខ្លួនទៅរកសុខ ។ ម្នាក់ៗត្រូវការទស្សនវិជ្ជាជាចាំបាច់ ដើម្បីត្រួសត្រាយជីវភាពរបស់ខ្លួនរហូតអាឡាំងចាត់ទុក « ទស្សនវិជ្ជាជា បាយប្រចាំថ្ងៃរបស់ខួរក្បាល « ។ ដោយសារទស្សនវិជ្ជា មនុស្សចេះស្គាល់ខ្លួនឯង ចេះខ្មាស់ខ្លួនឯង ចេះកំណត់ខ្លួនឯង និងចេះធ្វើម្ចាស់លើខ្លួនដោយខ្លួនឯង ។

១៦. មនុស្សជាសត្វដែលបរិភោគមនោសញ្ចេតនាហារ ។ ដូចនេះ មនុស្សគ្រប់រូបសុទ្ធតែមានមនោសញ្ចេតនា ។ បើមនុស្សមានមនោសញ្ចេតនា មនុស្សតែងត្រូវការវិចារណញាណ ហើយមនុស្សត្រូវតែមានទស្សនវិជ្ជាផ្ទាល់ខ្លួនជាចាំបាច់ ។

១៧.  ទស្សនវិជ្ជា មានទំនាស់ទំនងយ៉ាងជិតស្និតជាមួយជីវីត​មនុស្ស ។ ដើម្បីយល់ទស្សនវិជ្ជាត្រូវចេញដំណើរក្នុងជីវីត ព្រោះជីវីតជាអ្នកបង្កើតបញ្ហាទស្សនវិជ្ជា ។ ហេតុនេះ ទស្សនវិជ្ជាកើតក្នុងជីវីតនិងដើម្បីជីវិតដូចជា ការរស់នៅ សេចក្តីស្លាប់ ការអត់ឃ្លាន សាសនា សេរីភាព ស្នេហា សុភមង្គល ឧត្តមគតិ យុត្តិធម៌ អាទិទេព វាសនា បុណ្យបាប... ទាំងនេះសុទ្ធតែជាបញ្ហាដែលទាក់ទង់នឹងជីវីត ។

១៨. នៅបុរាណកាល វិញ្ញូ ឬអ្នកទស្សនវិជ្ជាតែងនិយមមើលងាយកិច្ចការទាំងឡាយដែលធ្វើដោយដៃ ហើយតិចនិចត្រូវបានគេចាត់ទុកថាជាកិច្ចការថោកទាបសំរាប តែវណ្ណៈទាសករតែប៉ុណ្ណោះ ។ ប៉ុន្តែតាំងពី ស.វ ទី១៦មកតិចនិចបានរីកលលូតលាស់ខ្លំាងជាពិសេសបច្ចុប្បន្ននេះ មហិទ្ធិរិទ្ធិតិចនិចមានភាពអស្ចារ្យពេកណាស់ រហូតដល់ធ្វើអោយអ្នកគិតធំៗ  ខ្វល់ខ្វាយយ៉ាងខ្លំាង ។ ដូចនេះ ដើម្បីអោយស្របកំរិតអភិវឌ្ឍន៍តិចនិច អ្នកទស្សនវិជ្ជាត្រូវតេខិតខំ  បំពេញបេសកកម្មថ្មីៗទៀត

ជាចាំបាច់គឺសីលគតិវិញ្ញូដើម្បីបង្វែរការប្រើប្រាស់សមិទ្ធផលតិចនិច និងវឌ្ឍនភាពនៃតិចនិចអោយមកបំរើផលប្រយោជន៍មនុស្សជាតិវិញ ព្រោះថាស្យង់ក្តី តិចនិចក្តីសុទ្ធតែជាអាវុធមុខពីរ ពោលគឺគុណ និងទោស អាស្រ័យលើការប្រើប្រាស់វាក្នុងផ្លូវត្រូវ ឬខុស ។

១៩. ជាមួយគ្នានឹងការរីកចម្រើនជឿនលឿនរបស់ស្យង់ និងនតិចនិចបណ្តោយអោយមានការអភិវឌ្ឍន៍គ្រប់វិស័យ ប៉ុន្តែសង្គមលោកសព្វថ្ងៃ មិនគ្រាន់តែបានទទួលផលវិបាកបណ្តាលមកពីស្យង់ខ្វះញាណប៉ុណ្ណោះទេ ថែមទាំងកំពុងភ័យបារម្ភខ្លាចបាត់បង់ពិភពលោកនេះថែមទៀតផង ។ ព្រោះថាឥទ្ធិពលនៃគ្រាប់បែកណណឺត្រុង អាចប្រល័យលោកក្នុងរយៈពេលយ៉ាងខ្លីបំផុត ។ ដូចនេះចាំបាច់ត្រូវការទស្ស​នវិជ្ជា ជានិច្ចដើម្បីទប់កំលាំងជឿនលឿន​​ ដែលឆ្ពោះទៅរកការវិនាសនេះ ឬដើម្បីបង្វែរពីកាងារប្រើប្រាស់ស្យង់និង តិចនិចដើម្បីបំផ្លាញ់មនុស្សលោកមកបំរើផលប្រយោជន៍មនុស្សលោកវិញ ។

២០. ការសិក្សាទស្សនវិជ្ជានៅថ្នាក់ទី១១ គឺជាការបើកផ្លូវ ឬត្រួសត្រាយផ្លូវជាលើកដំបូងសំរាប់សិស្ស ។ ព្រោះតាមរយការសិក្សាទស្សនវិជ្ជា សិស្សអាចបានដឹងនិង ស្គាល់មែកធាងទាំងឡាយរបស់ទស្សនវិជ្ជាផង និងមានលក្ខណៈងាយស្រួលក្នុងការឈោងចាប់នូវមុខវិជ្ជាធំៗទាំងឡាយ នៅឧត្តមសិក្សាផង ។ ម៉្យាងទៀតសិស្សអាចមានសមត្ថភាព ត្រិះរិះពិចារណាវែកញែកពិភាក្សាហើយអាចយល់បាននូវបញ្ហាសង្គមថែមទៀតផង ។

២១. ក្នុងនាមសិស្សថ្នាក់ទី១១ ត្រូវពិចារណាលើកម្មវត្ថុនៃការសិក្សាដែលរួមមាន ៖

  • ឧបករណ៍គំនិតដែលជាផលនៃការពិសោធន៍របស់់មនុស្សជំនាន់មុនៗ
  • ស្យង់ និងវត្តន៍របស់ស្យង់
  • ពិចារណា និងឆ្លុះបញ្ចាំងលើខ្លួនឯងដោយខ្លួនឯងដើម្បីស្គាល់ខ្លួនឯង ។
  • ពិចារណាទៅលើអ្វីដែលនៅជុំវិញខ្លួនយើង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login