សំណួរ
១. តើការបង្កើតពាក្យខ្មែរមានប៉ុន្មានប្រភទ ? អ្វីខ្លះ ?
២. តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះ ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ ?
៣. តើរបាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរខុសគ្នាដូចម្តេច ? ចូររកឧទាហរណ៍មកបញ្ជាក់ឱ្យបានយ៉ាងតិចចំនួនបី ។
៤. តើប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើងដោយស្តេចអង្គណាខ្លះ ? ហើយការសាងសង់នេះដើម្បីឧទ្ទិសថ្វាយដល់អ្វី ?
៥. តើលក្ខណៈពិសេសអក្សរសិល្ប៍ខ្មែរមានអ្វីខ្លះ ?
ចម្លើយ
១. ការបង្កើតពាក្យខ្មែរមាន៤ប្រភេទដែលរួមមានដូចខាងក្រោម ៖
- វិធីកម្លាយ (កម្លាយដោយផ្នត់ដើម និងផ្នត់ជែក)
- វិធីបន្សំ
- វិធីកម្ចី
- វិធីសំនួនវោហាស័ព្ទ ។
២. ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឱ្យអ្នកដឹកនាំសាលា ឬគណៈគ្រប់គ្រងសាលាមាននាយក និងនាយករងចេះរៀបចំសាលារៀនឱ្យក្លាយជាបរិស្ថានអប់រំ ជាថ្នាលសម្រាប់បណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគៅលដៅអប់រំដូចតទៅ ៖
- រៀបចំបរិស្ថានសាលារៀនឱ្យក្លាយជាបរិសា្ថនកុមារមេត្រី រៀបចំការតុងតែងទាំងក្នុងថ្នាក់ទាំងក្រៅថ្នាក់ឱ្យក្លាយជាទីចំណាប់អារម្មណ៍របស់សិស្ស
- រៀបចំសម្ភារបរិក្ខាទាក់ទងការសិក្សាឱ្យបានគ្រប់គ្រាន់ និងមានសុវត្ថិភាពល្អ
- រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង និងអនុវត្តឱ្យបានល្អប្រសើរ
- ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងមនសិការវិជ្ជាជីវៈ
- យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស ការធ្វើថ្នាក់និទស្ស ការផលិតសម្ភារឧបទេសការធ្វើកិច្ចតែងការបង្រៀន និងរៀនឱ្យបានទៀងទាត់
- បង្កើតទំនាក់ទំនងសហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងសម្បុរសជននានាដើម្បីរៀបចំផែនការអនុវត្តសាលារៀន និងដោះស្រាយបញ្ហាចំពោះមុខក្នុងស្មារតីសាមគ្គីយោគយល់គ្នា
- លើកទឹកចិត្តគ្រូ និងសិស្សឱ្យអនុវត្តភារកិច្ចឱ្យបានល្អព្រមទាំងផ្តល់រង្វាន់ ប័ណ្ណសរសើរចំពោះអ្នកមានស្នាដៃល្អ
- ទទួលផែនការថ្នាក់លើ និងបន្តផ្សព្វផ្សាយអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ។
៣. របាំប្រពៃណីគឺជារបាំដែលសម្តែងជាផ្លូវការមានតាំងពីបុរាណកាលហើយមានក្បួនខ្នាតត្រឹមត្រូវ ។របាំប្រជាប្រិយ គឺជារបាំដែលប្រជាជននិយមចូលចិត្តនៅតាមតំបន់ ។ លក្ខណៈខុសគ្នានៃរបាំទាំងពីរមានដូចជា ៖
ក. របាំប្រពៃណី
- ហាត់តាមរៀនតាមក្បួនខ្នាតត្រឹមត្រូវ
- ទាក់ទងនឹងជំនឿសាសនា
- ឧបករណ៍ភ្លេងបែបបុរាណ
- មានទីតាំងពិសេសសម្រាប់សម្តែង
- សម្លៀកបំពាក់ និងគ្រឿងអលង្ការបុរាណ
- មានកម្មវិធីសម្តែងច្បាស់លាស់
- មានលក្ខណៈផ្លូរការ (លក្ខណៈជាតិ)
- ឧទាហរណ៍ ៖ របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា របាំព្រះរាជទ្រព្យ ។
ខ. របាំប្រជាប្រិយ
- ហាត់រៀនតៗគ្នា
- ទាក់ទងនឹងជីវភាពរស់នៅ
- ឧបករណ៍ភ្លេងចម្រុះ
- មានទីតាំងសម្តែងសាមញ្ញ
- សម្លៀកបំពាក់តាមការនិយមចូលចិត្ត
- សម្តែងតាមឳកាសផ្តល់ឱ្យ
- លក្ខណៈរបាំត្រុដិ របាំគោះត្រឡោក របាំក្ងោក របាំគោះអង្រែ ។
៤. ប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើងដោយស្តេចអង្គគឺ ៖
- ព្រះបាទយសោវរ្ម័នទី ១ (៨៨៩ -៩០០)
- ព្រះបាទសុរិយាវរ្ម័នទី១ (១០០២ -១០៥០)
- ព្រះបាទជ័យវរ្ម័នទី ៦ (ចុងសតវត្សទី១១ ដល់ដើមសតវត្សទី១២)
- ព្រះបាទសុរិយាវរ្ម័នទី២ (១១១៣ -១១៥០) ជាអ្នកសាងសង់បន្តរហូតបានដល់សម្រេចជាស្ថាពរ ។ ការកសាងប្រាសាទព្រះវិហារសម្រាប់ជាទីសក្ការៈ ឧទ្ទិសថ្វាយទៅដល់ព្រះសិវៈ ឬព្រះឥសូរ និងបារមីនៅទីនោះដែលមានព្រះនាមថា “ព្រះសិខារេស្វរៈ” និងឧទ្ទិសដល់អាទិទេពទាំងអស់នៅក្នុងព្រហ្មញ្ញសាសនា ។
៥. លក្ខណៈពិសេសអក្សរសិល្ប៍ខ្មែរមានដូចជា ៖
- លក្ខណៈជាតិនិយមជាស្នាដៃទាំងឡាយដែលឆ្លុះបញ្ចាំងនិងរក្សាបានយ៉ាងល្អនូវអ្វីៗដែលជារបស់ជាតិផ្ទាល់ហើយបើមានការជះឥទ្ធិពលពីបរទេសក៏ខ្មែរបានច្នៃកាឡៃឱ្យទៅជាលក្ខណៈជាតិផ្ទាល់ដោយពុំបានរក្សាលក្ខណៈបរទេសនិយម ឡើយដូចជា រឿង ទុំទាវ រឿងធនញ្ជ័យ អក្សរសិល្ប៍ប្រជាប្រិយ ។
- លក្ខណៈតថនិយមបានដល់ស្នាដៃដែលឆ្លុះបញ្ចាំងពីភាពពិតៗដែលមាននៅក្នុងជីវិតពិត ឬសង្គមជាក់ស្តែងបានល្អ ឥតកែកាឡៃពីការពិត ។ ខ្មែរមានចរិតពិសេសមួយគឺពុំសូវមានចំណូលចិត្តនូវអ្វីដែលខ្ពង់ខ្ពស់ហួសពីនិស្ស័យរបស់មនុស្សជាតិហើយបើសិនជាអសា្ចរ្យប្លែកវិញគឺ អសា្ចរ្យបម្រើការពិតដូចជារឿង ព្រះវេស្សន្តរ រឿងធនញ្ជ័យ ។