ស្រ្តីដែលទទួលបានការអប់រំខ្ពស់មានសមត្ថភាពដូចតទៅ ៖
ក. កសាង និងអនុវត្តផែនការគ្រួសារ
- ផែនការចំណូល ចំណាយក្នុងគ្រួសារមានតុល្យភាព ផែនការរកប្រាក់ចំណូល ផែនការចំណាយសោហ៊ុយលើដំណើរ ធ្វើការងារ ការចំណាយលើឳសថព្យាបាល សម្លៀកបំពាក់ប្រាក់សន្សំ និងការចេះសន្សំសំចៃជាដើម ។
- ផែនការពន្យាកំណើត និងការកំណត់ចំនួនសមាជិកគ្រួសារតាមបំណងប្រាថ្នា គឺ ការមានកូនតាមផែនការមិនមែនមានកូនដោយចៃដន្យ ។
- បន្ស៉ី ឬផ្សារភ្ជាប់ផែនការក្នុងគ្រួសារជាមួយសកម្មភាពសង្គម ឬផែនការការងារធានាឱ្យបានភាពរលូនដើម្បីធ្វើឱ្យសម្រេចទាំងផែនការគ្រួសារទាំងផែនការការងារ ទាំងសកម្មភាពសហគមន៍ ឬសកម្មភាពសង្គម ។
ខ. អប់រំគ្រួសារ
- អប់រំប្តីដោយផ្ទាល់ ឬប្រយោលដើម្បីឱ្យប្តីដើរតាមគន្លងសីលធម៌សង្គមបានត្រឹមត្រូវ និងស្របតាមគោលដៅ និងបំណងប្រាថ្នារបស់ខ្លួន ពិសេសចេះការពារខ្លួនកុំឱ្យមានជំងឺអេដស៍ ។
- អប់រំកូនចៅឱ្យទម្លាប់អនុវត្តវិន័យគ្រួសារ ប្រពៃណីទំនៀមទម្លាប់ ការប្រតិបត្តិផ្នែកសាសនា ច្បាប់សង្គម សីលធម៌សង្គម វិន័យការងារ អប់រំអនាម័យសុខភាពដល់សមាជិកគ្រួសារ ។
- ជួយសង្ហាត់បង្រៀនកូនចៅ ឬយ៉ាងហោចណាស់ក៏ត្រូវឆ្លៀតពេលពិនិត្យតាមដានការសិក្សារបស់កូនចៅ នឹងអាចឈានទៅដល់ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈដល់កូនចៅសម្រាប់ទុកជាអាជីពនាពេលអនាគត ។
គ. រក្សាសុភាពគ្រួសារ
- ចេះថែរក្សាសុខភាពផ្ទាល់ខ្លួនជាប្រចាំ ជាពិសេសត្រូវចេះថែរក្សាសុខភាពមុន និងក្រោយពេលសម្រាលកូន ។
- ចេះចាត់ចែងចាក់ថ្នាំបង្កាឱ្យកូន ថែរក្សាសុខភាពសមាជិកគ្រួសារឱ្យចេះអនាម័យខ្លួនប្រាណ និងចេះអនុវត្តតាមវេជ្ជបញ្ជា ។
- ចេះរក្សាអនាម័យសុខភាពក្នុងគ្រួសារដូចជាអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ ម្ហូបអាហារ ផ្ទះសម្បែង សហគមន៍ជាដើម ។
ឃ. អនុវត្តសិទ្ធិអំណាច
- សិទ្ធិស្មើភាពគ្នារវាងប្តីនិងប្រពន្ធក្នុងការចាត់ចែងទុកដាក់ ។
- ការប្រើប្រាស់ទ្រព្យធន ការគ្រប់គ្រងប្រើប្រាស់ប្រាក់ចំណូលចំណាយ ការចាត់ចែងឱ្យកូនសិក្សារៀនសូត្រ និងការឱ្យកូនបន្តការសិក្សាលើជំនាញឯកទេស ។
- ការសម្រេចកិច្ចការក្នុងគ្រួសារលើអចលនទ្រព្យ ការទុកដាក់កូនចៅឱ្យមានគ្រួសារ និងការចេករំលែកទ្រព្យសម្បត្តិដល់កូននៅពេលដែលមានគ្រួសារ ។
- ធ្វើឱ្យសា្វមី និងសង្គមទទួលស្គាល់ពីតម្លៃ និងសិទ្ធិអំណាចរបស់ខ្លួន ព្រមទាំងស្គាល់ពីសមត្ថភាពរបស់ខ្លួនជាភរិយា ។
- សិទ្ធិអំណាចជ្រើសរើសមុខរបរ ឬការងារ ឬចូលរួមសេវាកម្មសាធារណៈក្នុងការរកប្រាក់ ចំណូលបន្ថែមដោយភាពម្ចាស់ការ ដើម្បីផ្គត់ផ្គង់គ្រួសារ ឬដោះស្រាយបញ្ហាចំពោះមុខដែលកើតឡើងជាយថាហេតុ ។
- ដូចនេះ ស្រ្តីដែលមានការអប់រំខ្ពស់ពិតជាមានសមត្ថភាព និងមានគុណប្រយោជន៍យ៉ាងច្រើនចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។