Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសន្ធិសញ្ញាទីក្រុងប៉ារីសមានប្រទេសណាខ្លះចូលរួម ?

២. តើសង្រ្គាមស៊ីវិល (១៩៧០-១៩៧៥) បានផ្តល់ផលវិបាកអ្វីខ្លះ ?

៣. តើជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាអ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថាវប្បធម៌ ? ហើយតើវប្បធម៌បរទេសបានជះឥទ្ធិពលដូចម្តេចខ្លះចំពោះយុវជនខ្មែរ ? តើយើងត្រូវមានវិធានការបែបណាដើម្បីទប់ស្កាត់ ?

៥. ដូចម្តេចដែលហៅថាអំពើហិង្សា ? តើអំពើហិង្សាក្នុងគ្រួសារបណ្តាលមកពីមូលហេតុអ្វីខ្លះ ?

ចម្លើយ

១. សន្ធិសញ្ញាទីក្រុងប៉ារីសមានប្រទេសចូលរួមដូចជា ៖

  • ប្រទេសចំនួន១៨គឺ ៖ ប្រទេសអូស្រ្តាលី ចិនប្រ៊ុយណេ កាណាដា យូហ្គោស្លាវី សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ភីលីពីន អង់គ្លេស ថៃ សហភាពសូវៀត និងវៀតណាម ។
  • លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ។
  • តំណាងចលនាមិនចូលបក្សសម្ព័ន្ធជាសក្ខីកម្ម ។

២. សង្រ្គាមស៊ីវិល (១៩៧០-១៩៧៥) បានផ្តល់ផលវិបាកដូចតទៅ ៖

  • បំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្មែរ និងក្តីសុខរបសស់រាស្រ្ត
  • វាលស្រែចម្ភារត្រូវបានគេបោះបង់ចោល
  • ប្រជាជនព្រាត់ប្រាសពីគ្រួសារ
  • អសន្តិសុខ ចោរកម្ម ភាពអនាធិបតេយ្យ អំពីហិង្សា ការអត់ឃ្លាន និងជំងឺ
  • ទំនិញឡើងថ្លៃ និងកង្វះគ្រឿងឧបភោគបរិភោគ
  • ស្លាប់ប្រជាជនកម្ពុជាជាងមួយលាននាក់
  • អន្តរាយផ្លូវថ្នល់ និងស្ពានពី៧០% ដល់៨០%
  • វាលស្រែក្លាយជាចម្ការមីន និងរណ្តៅបេ៥២
  • រោងចក្រឧស្សាហកម្ម៧៥%ត្រូវបំផ្លិចបំផ្លាញ
  • ចម្ការកៅស៊ូត្រូវបានបាត់បង់
  • គ្រឹះស្ថានសិក្សានៅតំបន់រំដោះ និងតំបន់ប្រទាញប្រទង់ទាំងអស់ត្រូវបានបិទទ្វារ
  • គ្រូ និងសិស្សត្រូវភៀសខ្លួនមករៀននៅតាមបណ្តាខេត្តក្រុង
  • សិស្ស និងនិស្សិតមួយចំនួនធ្វើការសូកប៉ាន់ដើម្បីគេចផុតពីការចាប់បង្ខំឱ្យចូលកំណែន
  • បំផ្លាញហេដ្ឋានរចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមថែមទាំងបានឫសគល់ប្រព័ន្ធអប់រំ សាលារៀនគ្រឹះស្ថានសិក្សា វត្តអារាម និងធនធានមនុស្សធ្វើការអភិវឌ្ឍជាតិមិនបាន
  • បង្កវិនាសកម្មគ្រប់វិស័យ និងជាឳកាសឱ្យក្រុមខ្មែរក្រហមមកាន់អំណាច ។

៣. ជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាដូចខាងក្រោម ៖

  • គ្មានសិទ្ធិសេរីភាព បំបិទសិទ្ធិសេរីភាពផ្នែកជំនឿសាសនា
  • គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន
  • ត្រូវគេបង្ខំឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរគ្មានពេលឈប់សម្រាក និងផ្តល់របបអាហារមិនគ្រប់គ្រាន់
  • គ្មានសន្តិសុខផ្ទាល់ខ្លួន រស់នៅក្នុងភាពភ័យខ្លាច
  • បង្ខំឱ្យរៀបអាពាហ៍ពិពាហ៍តាមអង្គការជាអ្នកកំណត់ សាម៉ីខ្លួនគ្មានសិទ្ធិសម្រេចឡើយ
  • ប្រជាជនស្លូតត្រង់ត្រូវគេធ្វើទារុណកម្មដាក់ គុក ឬសម្លាប់ចោលដោយគ្រាន់តែមានកំហុសបន្តិចបន្តួច ឬចោទប្រកាន់ថាជាខ្មាំងរបស់អង្គការ
  • ត្រូវព្រាត់ប្រាសចាកគ្រួសារសាច់ញាតិបង​ប្អូនមិត្តភក្តិ
  • បន្សល់ទុកស្រ្តីមេម៉ាយ និងកុមារកំព្រាជាច្រើនណាស់ ។

៤. ដែលហៅថាវប្បធម៌ គឺជាធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជឱ្យលេចចេញជាលទ្ធផល ផ្លែផ្កាតាមរយៈវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ ។ ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរគឺ ៖

  • តន្ត្រីញាក់ញ័រកន្រ្តាក់អារម្មណ៍ខុសពីខ្មែរ និងសម្ភារៈបរទេសនិយម
  • ភាពយន្តអាសអាកាស ឆក់ប្លន់កាប់ចាក់ឃោរឃៅ ល្បិចកល់ដ៏អាក្រក់
  • ម៉ូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ
  • ឫកពារ មាយាទបរទេស (និយាយភាសាបរទេស ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ និងដើរលោត)
  • ចម្រៀងតន្ត្រី (ចម្លងពីបរទេស)
  • អត្តចរិត ទំនៀមទម្លាប់ ឥរិយាបថបរទេសខុសពីខ្មែរ

វិធានការដើម្បីទប់ស្កាត់មានដូចខាងក្រោម ៖

  • បណ្តុះស្មារតីស្រលាញ់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិទៅដល់យុវជនទាំងអស់នៅក្នុងសាលារៀន ទីសាធារណ និងទប់ស្កាត់វប្បធម៌ឥត​ប្រយោជន៍ ។
  • បង្កើតស្នាដៃខ្មែរដែលមានគុណភាពល្អ ជាទីពេញចិត្ត ជាទីពេញនិយម និងរួមគ្នាលើកតម្កើងសិល្បៈវប្បធម៌ជាតិ ។
  • ស្រាវជ្រាវស្វែងយល់កែលម្អសិល្បៈវប្បធម៌ជាតិឱ្យសុក្រិត ​និងអប់រំសីលធម៌ក្នុងការរស់នៅឱ្យថ្លៃថ្នូរ ឧត្តុង្គឧត្តម ។
  • អប់រំសីលធម៌ឱ្យបានជ្រាលជ្រៅដល់យុវជន ។
  • អប់រំព្រំដែនសិទ្ធិ និងច្បាប់ដល់យុវជនព្រមទាំងទំនួលខុសត្រូវដើម្បីលុបបំបាត់អនាធិតេយ្យក្នុងសង្គម ។
  • បំផុសយុវជនឱ្យស្គាល់ និងស្រឡាញ់លក្ខណៈ និងអត្តសញ្ញាណជាតិព្រមគ្នាជាមួយការទប់ស្កាត់ការវាយបកលើវប្បធម៌បរទេសមិនល្អ ។

៥. ដែលហៅថាអំពើហិង្សា គឺជាការបៀនបៀន ការធ្វើអាក្រក់ ការវាយដំ ការរំលោភបំពាន ដែលកើតមានឡើងធ្វើឱ្យឈឺចាប់ប៉ះពាល់ផ្លូវកាយ ផ្លូវវាចា ផ្លូវចិត្ត និងផ្លូវភេទ ។ ហើយអំពើហិង្សាក្នុង គ្រួសារបណ្តាលមកពីមូលហេតុដូចខាងក្រោម ៖

  • កត្តាធម្មជាតិ ៖ ស្រ្តីភេទមានកម្លាំងខ្សោយមានកាយសម្បទាទន់ខ្សោយជាងបុរស ។
  • កត្តាបុគ្គល ៖ ប្តីមានអំណាចហើយចាត់ទុក​ប្រពន្ធជាអ្នកបម្រើ ឬជាទាសី និងជាមនុស្សឆាប់ខឹង ឆេវឆាវ ច្រឡោតច្រលោងកាង មួម៉ៅ មាន ៖ មើលងាយស្រ្តីភេទ មិនទទួលខុសត្រូវលើភារកិច្ចហើយគិតថាអំពើហិង្សាជារឿងធម្មតា ជាដំណោះស្រាយ ជាការអប់រំទូន្មាន ។
  • កត្តាទំនៀមទម្លាប់ប្រពៃណី ៖ ការមិនតម្លៃស្រ្តី ការអប់រំស្រ្តីឱ្យខ្លាចប្តី គោរព និងស្តាប់បង្គាប់ប្តីគ្រប់ដប់ដោយសុខចិត្តរងទុក្ខអត់ធ្មត់គ្រប់យ៉ាង ។
  • កត្តាសង្គម ៖ គិតថាជាបញ្ហាឯកជន មិនហ៊ានលូកដៃចូលក្នុងរឿងគ្រួសារគេ មិនហ៊ានធ្វើការអន្តរាគមន៍ ជារឿងតូចតាច ។
  • កត្តាច្បាប់ ៖ ពុំមានការអនុវត្តច្បាប់ពីអំពើហិង្សាក្នុងគ្រួសារឱ្យបានតឹងរ៉ឹនៅឡើយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login