សំណួរ
១. តើកម្មសិទ្ធិសាធារណៈសំដៅលើអ្វីខ្លះ ? ហើយបែងចែកជាប៉ុន្មានប្រភេទ ?
២. ចូរពិពណ៌នាពីរដ្ឋបាលថ្នាក់ឃុំ សង្កាត់ ។
៣. ចូរពិពណ៌នាពីប្រព័ន្ធតុលាការនៅកម្ពុជាបច្ចុប្បន្ន ។
៤. តើបុណ្យបច្ច័យបួនបានឆ្លើយតបទៅនឹងសចក្តីសុខណាមួយក្នុងទស្សនៈពុទ្ធនិយមនិងឆ្លើយតបតម្រូវការណាមួយរបស់ម៉ាស្លូ ។ ចូររៀបរាប់ពន្យល់ ។
ចម្លើយ
១. កម្មសិទ្ធិសាធារណៈគឺសំដៅទៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលជារបស់រដ្ឋហើយស្ថិតនៅលើការគ្រប់គ្រងចាត់ចែងរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈផ្សេងៗដូចជា ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ទីរពេទ្យ សាលារៀន ។ កម្មសិទ្ធិសាធារណៈចែកចេញជា២ប្រភេទគឺ
- កម្មសិទ្ធិសាធារណៈរបស់រដ្ឋ
- កម្មសិទ្ធិឯកជនរបស់រដ្ឋ ។
២. ពិពណ៌នាពីរដ្ឋបាលថ្នាក់ឃុំសង្កាត់មានដូចជា ៖
- រដ្ឋបាលថ្នាក់ឃុំសង្កាត់ ឬក្រុមប្រឹក្សាឃុំសង្កាត់រៀបចំឡើងដោយដោយការបោះឆ្នោតជាសកលនិងតាមប្រព័ន្ធបោះឆ្នោតសមាមាត្រមានអាណត្តិ៥ឆ្នាំ និងផុតកំណត់នៅពេលក្រុមប្រឹក្សាឃុំសង្កាត់ថ្មីចូលកាន់តំណែង ។ ក្នុងតំណាក់កាលអន្តរកាលក្រុមប្រឹក្សាឃុំសង្កាត់ដែលផុតអាណត្តិមានភារកិច្ចសម្រួលកិច្ចការប្រចាំថ្ងៃតែប៉ុណ្ណោះ ។
- ក្រុមប្រឹក្សាឃុំសង្កាត់មានសមាជិកពី៥ ទៅ១១ រូបផ្អែកតាមប្រជារាស្រ្ត និងភូមិសាស្រ្តរបស់ខ្លួនដែលចំនួនជាក់ស្តែងត្រូវបានកំណត់ដោយអនុក្រឹត្យតាមសំណើររបស់ក្រសួងមហាផ្ទៃ ។
- ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវមានប្រធានម្នាក់ហៅថាប្រធានក្រុមប្រឹក្សាសឃុំសង្កាត់ ឬមេឃុំ ចៅសង្កាត់ អមជំទប់ ឬចៅសង្កាត់រង២នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ។ ដោយឡែកស្មៀនឃុំ សង្កាត់តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានភារកិច្ចជួយកិច្ចការឃុំសង្កាត់ និងធានានិន្តរភាពកិច្ចការរដ្ឋបាល ។
- រដ្ឋបាលឃុំសង្កាត់មានតួនាទី ២ប្រភេទគឺ ៖
- តួនាទីបម្រើកិច្ចការមូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍ឃុំសង្កាត់ និងប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន ។
- តួនាទីជាភ្នាក់ងារតំណាងរដ្ឋ ក្រោមការចាត់តាំង ឬការប្រគល់អំណាចរបស់អជ្ញាធររដ្ឋ ។ ក្រុមប្រឹក្សាឃុំ សង្កាត់អាចធ្វើប្រតិកម្មអំណាចឱ្យដល់មេឃុំ ចៅសង្កាត់ លើកលែងតែកិច្ចការទាំងឡាយណាដែលកំណត់ក្នុងច្បាប់ និងបញ្ហាដទៃទៀតដែលកំណត់ដោយក្រសួងមហាផ្ទៃ ។ រដ្ឋបាល ឃុំសង្កាត់គ្មានអំណាចសម្ពាធលើវិស័យទាំងឡាយដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ។
៣. ពិពណ៌នាអំពីប្រព័ន្ធតុលាការនៅកម្ពុជាបច្ចុប្បន្ន ៖ ច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្តីបានចែងសាលាជម្រះក្តីដូចខាងក្រោម ៖
ក. សាលាជម្រះក្តីជាន់ទាប (តុលាការជាន់ទាប)
- តុលាការខេត្តក្រុង ៖ នៅតាមខេត្តក្រុង មានសមត្ថកិច្ចលាតសន្ធឹងលើដែនដីខេត្តក្រុងរបស់ខ្លួនទាំងមូល ។ តុលាការនេះទទួលជំនុំជម្រះបើកផ្លូវឧទ្ធរណ៍នូវរឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី វិវាទរដ្ឋបាល រឿងពាណិជ្ជកម្ម និងវិវាទការងារដែលកើតឡើងក្នុងរង្វង់ដែនដីខេត្តក្រុងសាមី ហើយដែលល្មើសនឹងច្បាប់សាមញ្ញទោះអ្នកប្រព្រឹត្តជាជនស៊ីវិល ឬជាយោធិនក៏ដោយ ។
- តុលាការយោធា ៖ តាំងនៅភ្នំពេញមានសមត្ថកិច្ចលាតសន្ធឹងលើដែនដីនៃព្រះរាជាណាច្រកម្ពុជា ។
- តុលាការនេះជំនុំជម្រះបើកផ្លូវឧទ្ធរណ៍នូវរាល់បទល្មើសមានលក្ខណៈយោធាបង្កឡើងដោយយោធិន ។
ខ. សាលាជម្រះក្តីជាន់ខ្ពស់ (តុលាការជាន់ខ្ពស់)
- សាលាឧទ្ធរណ៍ ៖ តាំងនៅរាជធានីភ្នំពេញមានសមត្ថកិច្ចគ្របដណ្តប់លើប្រទេសកម្ពុជាទាំងមូល ហើយទទួលជំនុំជម្រះតែបណ្តឹងឧទ្ធរណ៍ដែលប្តឹងមិនសុខចិត្តនឹងសាលក្រមរបស់សាលាជម្រះក្តីជាន់ទាបតែប៉ុណ្ណោះ ។ កូនក្តីត្រូវប្រើសិទ្ធិនោះដោយខ្លួនឯង ។ អំណាចដែលប្រគល់ឱ្យអាជ្ញានុធាវីនោះត្រូវធ្វើជាពិសេស ។ ចំពោះអនីតជនឪពុកម្តាយ ឬអាណាព្យាបាយអាចប្តឹងឧទ្ធរណ៍ជំនួសបានដោយមិនចាំបាច់ប្រគល់អំណាចពិសេសឡើយ ។ ក្នុងការជំនុំជម្រះសាលាឧទ្ធរណ៍ពុំអាចបន្ថែមទម្ងន់ទោសទៅលើជនជាប់ចោទឡើយ ។
- តុលាការកំពូល ៖ តាំងនៅរាជធានីភ្នំពេញមានសមត្ថកិច្ចគ្រប់គ្រងលើគ្រប់សាលាជម្រះតែបណ្តឹងសារទុក្ខដែលប្តឹងមិនសុខចិត្តនឹងសាលដីកាសាលាឧទ្ធរណ៍ប៉ុណ្ណោះ ។ តុលាការកំពូកជំនុំជម្រះអង្គច្បាប់តែមិនជំនុំជម្រះអង្គហេតុទេ លើកលែងទេបណ្តឹងសេរីរើ (បណ្តឹងសារទុក្ខលើកទីពីរ) ក្នុងករណីមួយចំនួនដែលមានកំណត់ក្នុងច្បាប់ ។ ករណីនេះតុលាការកំពូលនឹងចេញសាលដីកាធិបតេយ្យគឺបិទផ្លូវប្តឹងតវ៉ា ។
៤.បុណ្យបច្ច័យបួនឆ្លើយតបទៅនឹងអត្ថិសុខក្នុងទស្សនៈពុទ្ធនិយម ព្រោះទេយ្យទានដែលបានរៀបចំនៅពេលប្រារព្ធពិធីបុណ្យមាន ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានភេសជ្ជៈ ដែលសុទ្ធតែជាវត្ថុជំនួយសម្រាប់បំពេញតម្រូវការរបស់នៅគ្រប់គ្រាន់របស់មនុស្ស ។
- ចីវរៈ គឺមានសម្លៀកបំពាក់ សំពត់អាវស្បង់ជីពរ សម្រាប់បិទបាំងរាងកាយឱ្យបានសមរម្យនិងសមស្របទៅតាមរដូវកាល តាមស្ថានភាពបរិយាកាស ។
- បិណ្ឌបាត គឺមានម្ហូបអាហារ បាយទឹកស្រូវអង្ករ មើមឈើ ផ្លែឈើ បង្អែមចំអាបសម្រាប់បំបាត់ការស្រេកឃ្លាន និងធ្វើឱ្យសរីរាង្គកាយលូតលាស់ធំធាត់ ។
- សេនាសនៈ គឺមានទីជម្រក ផ្ទះសម្បែងសមរម្យអាចស្នាក់នៅបានសូមគួរ រួមទាំងប្រដាប់ប្រដារប្រើប្រាស់ផ្សេងទៀតដែលចាំបាច់ដូចជា គ្រែ ពូកកន្ទេល ខ្នើយ កៅអី តុ ទូ ចាន ឆ្នាំងជាដើម ។
- គិលានភេសជ្ជៈ គឺមានថ្នាំសង្កូវសម្រាប់ព្យាបាល បំបាត់ការឈឺចាប់ ។ តែបច្ច័យមួយនេះតាមធម្មតាគេនិយមផ្តល់ជាថវិកាដើម្បីឱ្យអ្នកកទទួលមានសិទ្ធិចាត់ចែងប្រើប្រាស់តាមតម្រូវការ ។
- តម្រូវការសរីរៈតាមទស្សនៈម៉ាស្លូ ព្រោះប្រដាប់ប្រដារសំភារបរិក្ខាដែលគេនឹងធ្វើទានទៅពេលនោះសុទ្ធតែទាក់ទងនឹង ៖
- ការហូបចុក សម្រាប់ចម្អែតក្រពះ និងចិញ្ចឹមសរីរាង្គកាយឱ្យបានរស់រានមានជីវិតរីកចម្រើនធំធាត់ព្រោះមនុស្សមិនអាចរស់នៅដោយអត់អាហារបានឡើយ ។
- ការស្នាក់នៅសមរម្យ មានទីជម្រកជ្រកពួនលាក់ខ្លួន ការពារនឹងសត្វសាហាវ ធាតុអាកាសព្រោះមនុស្សមិនអាចរស់នៅហាលវាលខ្យល់ គ្មានទ្រនំជ្រកបានឡើយ ។
- ឳសថសម្រាប់ព្យាបាលដែលគេនាំគ្នាឧបកិច្ចជាបច្ច័យ ជាថវិកា ដោយប្រគល់សិទ្ធិអំណាចឱ្យអ្នកទទួលចាត់ចែងប្រើប្រាស់តាមតម្រូវការនិងតាមការគួរ ។