ក. ជំនឿកើតឡើងនៅពេលដែលមនុស្ស ៖
- ភ័យខ្លាចចំពោះបាតុភូតធម្មជាតិ និងអសន្តិសុខ ឬគ្រោះថ្នាក់ចំពោះមុខជាយថាហេតុ
- មិនអាចប្រើកម្លាំងរបស់ខ្លួនទប់ទល់បាន
- យល់ថាមានអភិធម្មជាតិ ឬកម្លាំងក្រៅខ្លួនដែលអាចជួយ និងទប់ទល់បាន
- សន្មត់ឱ្យឈ្មោះកម្លាំងទាំងនោះដោយបង្កើតជារូបរាងផ្សេងៗតាមសមត្ថភាព និងការឧបកិច្ចរបស់ពួកគេ
- យល់ថាកម្លាំងទាំងនោះក្លាយជាទីពឹង ជាទីរលឹកនឹងជួយពួកគេឱ្យបានសុខសប្បាយតាមរយៈការបន់ស្រន់ និងពិធីសក្ការៈបូជាផ្សេងៗដែលបុព្វបុរសបានកំណត់ ។
ខ. ខ្មែរមានជំនឿច្រើនយ៉ាងដូចជាជឿលើ ៖
- ជំនឿលើព្រលឹង ៖ បុព្វបុរស ឪពុក ម្តាយ ដូនតា អារក្ខ អ្នកតា ខ្មោចព្រាយ បិសាច
- ជំនឿលើដូនតា ខ្មែរយើងជឿថា អ្នកតាមានកម្លាំងពូកែណាស់មានមហិទ្ធិឫទ្ធិអសា្ចរ្យ ។ អ្នកតា គឺជាបុព្វជន ជាមេកន្ទ្រាញ មេទ័ពខ្លាំងពូកែដែលបានស្លាប់ទៅក្នុងបុព្វហេតុជាតិ មាតុភូមិជាដើម ។ គេច្រើនសង់ រោង ឬខ្ទមសម្រាប់អ្នកតា ដើម្បីបានគោរពបូជា ។ តំបន់ខ្លះគេធ្វើពិធីឡើងអ្នកតាប្រាំឆ្នាំយ៉ាងគគ្រឹកគគ្រេង ដើម្បីសុំសេចក្តីសុខ ។
- ជំនឿលើព្រលឹងម្តាយឪពុក ម្តាយឪពុកមានគុណធ្ងន់លើកូន ហើយ
ចាត់ទុកគាត់ជាព្រះក្នុងផ្ទះ ។ ក្រោយពេលឪពុកម្តាយធ្វើមរណកាលទៅកូនៗចូលចិត្តយកធ្មេញឪពុកម្តាយមកឆ្លាក់ជារូបព្រះដើម្បីឱ្យព្រលឹងរបស់គាត់តាមជួយថែរក្សា ។
- ជំនឿលើព្រលឹងមេបា ជំនឿចំពោះកំហុសឆ្គងលើព្រលឹងមេបា នៅតែដក់ជាប់ក្នុងអារម្មណ៍ខ្មែររហូតមកដល់សព្វថ្ងៃនេះ ។
កំហុសមេបាមាន ៣គឺ ៖
- ខុសមេបាចាស់ទុំ ដោយសារកូនចៅទាស់ទែងគ្នារហូតដល់ឈប់និយាយរកគ្នា ហើយធ្វើឱ្យការរស់នៅមិនមានសេចក្តីសុខ
- ខុសមេបាក្រមុំកំលោះ ដោយសារក្រមុំកំលោះបំពានលើសីលធម៌មេបា ហ៊ានប្រព្រឹត្តលួចលាក់ទាក់ទងរួមសង្វាសជាមួយគ្នាមិនឱ្យម្តាយឪពុកដឹងឮ ។ បើមានហេតុការណ៍នេះកើតឡើងនោះទាស់តែរៀបចំពិធីសែនព្រេនទើបបានសេចក្តីសុខទាំងសងខាង បើពុំដូច្នោះទេ ព្រលឹងមេបាកាច់រហូតដល់ស្លាប់សាច់ញាតិណាមួយពុំខានឡើយ ។
- ខុសមេបាផ្កាប់មុខ ដោយសារតែមានអំពើផិតក្បត់រវាងប្តីប្រពន្ធធ្វើឱ្យព្រលឹងមេបាខឹងខ្លាំង ។ ដើម្បីសេចក្តីសុខចម្រើន សមាជិកក្រុមញាតិទាំង៧សន្តានត្រូវរួបរួមសាមគ្គីគ្នា និងធ្វើបុណ្យបញ្ជូនកុសលជូនលោកអ្នកទាំងនេះ ។
ជំនឿលើព្រលឹងវង្សត្រកូល មាន២យ៉ាងគឺ ៖
- ជំនឿលើល្បាក់សាខាងម្តាយឬគ្រូអារក្យខាងម្តាយ
- ជំនឿលើល្បាក់សាខាងឪពុកឬគ្រូអារក្សខាងឪពុក ។
- ជំនឿលើបារមី ៖ ខ្មែរយើងកាលណាទុក្ខលំបាក គេតែងតែទៅកាន់កន្លែងដែលគេជឿថាមានបារមី ដើម្បីបន់ស្រន់ជួយរំដោះទុក្ខ ។ កាលណាបានសម្រេចហើយ គេទៅលាបំណន់ចំពោះបារមីនោះវិញដោយមានកង្វាយ ដូចដែលគេសន្យាថានឹងថ្វាយជូន ។
- ជំនឿវត្ថុស័ក្តិសិទ្ធិ ៖ ចែកាច់ ខ្នាយតាន់ នាងពួន សក់កណ្តាញ់
- ជំនឿលើធម្មជាតិ ៖ ព្រះអគ្គី ព្រះគង្គាព្រះពាយ ព្រះភិរុណ
- ជំនឿលើគ្រូទាយ ៖ វេទមន្ត អូមអាម អាគមស្តោះផ្លុំ
- ជំនឿលើគ្រូបាធ្យាយ ៖ បើគ្រូទាយថាអ្នកជំងឺត្រូវខ្មោចគ្រូបាធ្យាយប្រកាន់ធ្វើឱ្យឈឺ គេត្រូវលៀងគ្រូ ឬអារក្សដោយឱ្យចំណីដើម្បីឱ្យដកពិសពរចេញពីអ្នកជំងឺ
- ជំនឿលើប្រផ្នូល ៖ កំរើកសរីរាង្គ ញាក់ភ្នែក មាត់
- ជំនឿលើសត្វ ៖ ខ្មែរយើងក៏ដូចជាជនជាតិដទៃដែរ ជឿថាមានតំណខ្សែស្រឡាយពីដូនតា ដែលជាសត្វ ។ កាលណាគេមានជំនឿលើសត្វណាមួយហើយ ពួកគេត្រូវគោរពបូជា ព្រោះសត្វនោះផ្តល់សេចក្តីសុខឱ្យគេ ។ ឧទាហរណ៍ ៖ តុកកែ ដំរី ក្អែកបូល
- ជំនឿលើសត្វនាគឬពស់ ខ្មែរយើងជឿថា សត្វនាគឬសត្វពស់ជាសត្វស័ក្តិសិទ្ធិព្រោះមានអំណាចខ្លាំងពូកែក្នុងលោក ។ នៅតាមបង្កាន់ដៃស្ពាន ឬច្រកចូលប្រាសាទបុរាណគេតែងឆ្លាក់រូបនាគជានិមិត្តរូប ។
- ជំនឿលើសត្វដំរី ខ្មែរយើងជឿថា ដំរីជាសត្វស័ក្តិសិទ្ធិមួយប្រភេទដែរព្រោះវានាំមកនូវសេចក្តីសុខ និងជ័យជំនះក្នុងសមរភូមិ ។ នៅតំបន់ខ្លះក្នុងការសាងសង់ផ្ទះ ឬកសាងភូមិស្រុកគេតែងតែយកដំរីមកផ្សងដើម្បីរើសតាំង ។ បើដំរីឈប់កន្លែងណា គេជឿថា អ្នកតាម្ចាស់ទឹកម្ចាស់ដីយល់ព្រមឱ្យសាងសង់នៅទីនោះហើយ ។
- ជឿលើព្រះគោ (គោនន្ទិព្រះឥសូរ ឬព្រះគោតម) ។
ជំនឿលើសិរីសួស្តី ជ័យមង្គលកើតឡើងដោយសារ ៖
+ ការប្រព្រឹត្តតាមវេលា
- ពេលព្រឹក សិរីសួស្តីស្ថិតត្រង់មុខ
- ពេលថ្ងៃត្រង់ សិរីសួស្តីត្រង់ទ្រូង
- ពេលយបប់ សិរីសួស្តីត្រង់ចុងជើង ។
+ ការប្រើពណ៌តាមថ្ងៃមានសិរីសួស្តី
- ថ្ងៃអាទិត្យ ប្រើពណ៌ក្រហម
- ថ្ងៃចន៌្ទ ប្រើពណ៌លឿង ឬលឿងទុំ
- ថ្ងៃអង្គារ ប្រើពណ៌ស្វាយ
- ថ្ងៃពុធ ប្រើពណ៌ស៊ីលាប
- ថ្ងៃព្រហស្បតិ៍ ប្រើពណ៌បៃតង ត្រួយចេក
- ថ្ងៃសុក្រ ប្រើពណ៌ខៀវ
- ថ្ងៃសៅរិ៍ ប្រើពណ៌ស្វាយព្រឹងក្រម៉ៅ (ព្រឹងទុំ) ។
+ គោពដង្ហើមរស់ប្រចាំថ្ងៃ
- ថ្ងៃអាទិត្យ នៅទិសឧត្តរ
- ថ្ងៃចន៌្ទ នៅទិសនិរតី
- ថ្ងៃអង្គារ នៅទិសឦសាន
- ថ្ងៃពុធ នៅទិសឦសាន
- ថ្ងៃព្រហស្បតិ៍ នៅទិសបូព៌ា
- ថ្ងៃសុក្រ នៅទិសអាគ្នេយ៍
- ថ្ងៃសៅរិ៍ នៅទិសទក្សិណ ។
+ ឬក្ស ថ្ងៃនឹងខែ ប្រចាំតាមមហាសង្រ្កានដូចជា ពេលវេលានៃតម្រាស្លៀកសំពត់អាវថ្មី តម្រាទទូលដំណឹង តម្រាទិញរបស់តម្រាយល់សប្តិ ពិធីបញ្ចុះសព្វសារពើ លើកផ្ទះ រៀបការ សូត្រមន្តរំដោះគ្រោះ ។
+ ការដើរព័ទ្ធជុំវិញវត្ថុអ្វីមួយប្រព្រឹត្តិទៅដើម្បីឱ្យមានមង្គល សិរីសួស្តី ឬដើម្បីសម្តែងសេចក្តីគោរពស្រលាញ់ ។